ជួយត្រេកអរ! វ៉ាក់សាំង​ COVID-19 ដែល​បាន​ពិសោធលើក​សត្វ​ដំបូង​គេ​បង្អស់ បាន​កកើត​ អង់ទីគ័រហើយ

ប្រទេស​ចិន​៖ ការ​ចាក់​វ៉ាក់សាំង​កូរ៉ូណា COVID-19 ពិសោធ​នៅ​លើ​សត្វ​កណ្ដុរ​ អាច​​ទប់​ស្កាត់​មេរោគ​បាន​យ៉ាង​ល្អ​ ដោយ​វា​បាន​កកើត​អង្គ​បដិប្រាណ (អង់ទីគ័រ/antibody) ដែល​នេះ​ត្រូវបាន​អ្នក​វិទ្យា​សាស្ត្រ​សង្ឃឹម​ថា នឹង​ទទួល​បាន​ជោគ​ជ័យក្នុងការ​បង្កើត​វ៉ាក់​សាំង​សម្រាប់​ទប់ស្កាត់​វីរុសកូរ៉ូណា​។

កាល​ពី​ល្ងាច​ម្សិល​មិញ (22កុម្ភៈ) មន្ទីរ​វិទ្យា​សាស្ត្រ និងបច្ចេក​វិទ្យា​ខេត្ត Zhejiang បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន​​មួយ​ ប្រកាស​ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​គ្រប់​គ្រង​អាសន្ន​រោគ​រលាក​សួត​​ COVID-19។ តំណាង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ក្រុម​ទីមួយនៃ​ខេត្ត​នេះ បាន​កកើត​អង្គ​បដិប្រាណហើយ។ បច្ចុប្បន្ន វ៉ាក់សាំង​នេះ​ត្រូវ​បាន​ពិសោធ​នៅ​លើ​សត្វ​។

យោង​តាម​ក្រុម​អ្នក​ជំនាញ ជា​ធម្មតា​ នៅ​ក្នុង​វ៉ាក់​សាំង​​មួយ​តែង​​មា​នផ្ទុក​អង់ទីហ្សែន (Antigen) ក្នុង​កម្រិត​ណា​មួយដែល​វា​អាច​បង្កើត​ជា​ជំងឺ ហើយ​នៅ​ពេល​ចាក់បញ្ចូល​​វា​ទៅ​ក្នុង​សត្វ​ បើសិន​រាង​កាយ​សត្វនោះ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ល្អ នោះ​វា​នឹង​បង្កើត​អង់ទីគ័រ សម្រាប់​​ប្រឆាំង​ទៅ​នឹង​អង់ទីហ្សែន​នោះ​ដើម្បី​ការ​ពារ​រាង​កាយ​។ លទ្ធ​ផល​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យអ្នក​វិទ្យា​សាស្ត្រ​ បង្កើត​បាន​វ៉ាក់​សាំង​ល្អ​មួយបាន​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Sina។

លោក​ Song Zhiheng អនុប្រធាន​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ខេត្ត Zhejiang បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​អាសន្ន​រោគ​បាន​ផ្ទុះ​ឆ្លង ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ក៏បាន​​ចាប់​ផ្ដើម​ប្រឹង​ប្រែង​ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ប្រភព​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ និង​រក​ថ្នាំ​ព្យា​បាល អភិវឌ្ឍវ៉ាក់​សាំង​ទប់​ស្កាត់ ព្រម​ទាំង​​បាន​អនុវត្ត​គម្រោង​ស្រាវ​ជ្រាវ​ចំនួន​6អំពី​មេរោគ​កូរ៉ូណា​ COVID-19 និង​មាន​មូល​និធិ​វិទ្យា​សាស្ត្រ​ចំនួន​3 បាន​គាំទ្រ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​។

លទ្ធ​ផល​ដ៏ល្អ​នៃ​វ៉ាក់​សាំង​ក្រុម​ដំបូង​នេះ នឹង​ជួយ​បង្កើន​ភាព​ជឿ​ជាក់​ទៅ​លើ​សមត្ថ​ភាព​យក​ជ័យ​ជំនះទៅ​លើ​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 ដែល​កំពុង​មាន​វត្ត​មាន​នៅ​លើ​ប្រទេស​ និង​តំបន់​ចំនួន​30ក្នុង​ពិភពលោក​ ហើយ​វា​​បាន​សម្លាប់​មនុស្ស​ជិត 2,500នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement