ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​556នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 គិត​មក​ដល់​ល្ងាច​នេះ

កូរ៉េខាង​ត្បូងថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 បន្ថែម​123នាក់ ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ឡើង​ដល់​556នាក់ ក្នុង​នោះ​មាន​4នាក់​បាន​បាត់​បង់ជីវិត។

ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ គិត​ត្រឹម​តែ​ក្នុង​ថ្ងៃ​ទី​22កុម្ភៈ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន។​ អ្នក​បាន​ឆ្លង​មេរោគ​នេះ ​ស្ទើរ​តែ​ទាំង​អស់ មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​សាសនា​មួយ​ដែល​មាន​ឈ្មោះថា Shincheonji មាន​ទី​តាំង​នៅ​ក្នុងតំបន់​ Daegu ដែល​ជា​ទី​ក្រុងទំបំផុត​លំដាប់​ទី​4​នៅ​កូរ៉េខាង​ត្បូង។

កាល​ពី​ថ្ងៃទី​21កុម្ភៈ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា ទីក្រុង​ Daegu និង​ស្រុក​ Cheongdo គឺជា​ “តំបន់​ដែល​ត្រូវ​តាម​ដាន​ជា​ពិសេស”។

បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​33 នៅ​ក្នុង​ពិភព​លោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាលដាល​ចេញ​ពី​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ មក​ដល់​ល្ងាច​​ថ្ងៃទី​23កុម្ភៈ​នេះ មេរោគ​កូរ៉ូណា បាន​សម្លាប់​មនុស្ស​សរុបជាង 2,459នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 78.000​នាក់នៅ​ទូទាំង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ចិនដីគោក) សរុប​​ចំនួន​​20នាក់ រួម​មាន​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង បារាំង ហ្វីលីពីន តៃវ៉ាន់ ហុង​កុង អ៊ីរ៉ង់ និង​អ៊ីតាលី៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement