សម្លប្រហើរ​ម្សៅ

សម្លប្រហើរ​ម្សៅ គ្រាន់តែ​ឮឈ្មោះ​ក៏​ចង់​ទទួលទាន​បាត់ទៅហើយ ព្រោះ​វា​ជា​មុខម្ហូប​ដ៏​ល្បី​របស់​ប្រជាជន​កម្ពុជា​យើង​តាំងពី​យូរណាស់​មកហើយ។ ទោះជា​មុខម្ហូប​នេះ​មាន​គ្រឿងផ្សំ​ច្រើន​មុខ និង​មាន​របៀប​ចម្អិន​ស្មុគស្មាញ​បន្តិច​មែន តែ​បន្ទាប់ពី​មុខម្ហូប​នេះ​ចម្អិន​ឆ្អិន​វិញ​នោះ​គឺ​ពិតជា​គាប់ចិត្ត​សមាជិក​នៅក្នុង​ផ្ទះ​ជាមិនខាន។ ដូច្នេះ សូម​ស្ត្រី​មេផ្ទះ​ទាំងអស់​រីករាយ​ជាមួយនឹង​ការ​ស្វែង​យក​ពី​គ្រឿងផ្សំ និង​របៀ​ប​ធ្វើ​សម្លប្រហើរ​ម្សៅ​នេះ​ទាំងអស់គ្នា ជាមួយនឹង​អ្នកស្រី Sakorak Thonn ដូចតទៅ។

+ គ្រឿងផ្សំ
* ត្រី​ផ្ទក់​អាំង
* កំពឹស
* ត្រីឆ្អើរ​បុក
* ពងត្រី
* ប្រហុក​ចិញ្ច្រាំ
* អង្ករ 3ស្លាបព្រា​បាយ (ត្រាំ​ទឹក រួច​បុក)
* គ្រឿង​បុក (គល់​ស្លឹកគ្រៃ ជីលីងល័ក្ខ រមៀត ខ្ជាយ និង​ខ្លឹម​ស)
* បន្លែ ៈ ល្ពៅ ត្រាវ ផ្សិត​ម្ជុល ផ្សិត​បំបើង  ត្រួយ​ល្ពៅ ស្លឹក​ងប់ ស្លឹក​បាស ផ្ទី ពោត  ននោង និង​ម្ទេស
* គ្រឿងផ្សំរសជាតិ

+ របៀប​ចម្អិន
ជាដំបូង​ត្រូវដាក់​ដាំទឹក​នៅក្នុង​ឆ្នាំង​ឱ្យ​ពុះ​ជាមុនសិន រួច​សឹមបង់​ប្រហុក​ចិញ្ច្រាំ​ចូល ហើយ​កូរ​ឱ្យចេញ​ជាតិ​ល្អ សឹម​បន្ត​ដោយដាក់​បន្លែ​គ្រប់មុខ​ដូចជា ល្ពៅ ត្រាវ ផ្សិត​បំបើង ពោត និង​ននោង​ចូលទៅក្នុង​ឆ្នាំង។ បន្ទាប់មក​ដាក់​សាច់​ត្រី​ផ្ទក់​អាំង​ដែល​បាន​បេះ​រួច ត្រីឆ្អើរ​បុក កំពឹស​ចូលទៅក្នុង​ឆ្នាំរួច​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ចូល។ បង់​មើម​ខ្ជាយ​ចូល និង​យក​ស្លឹកគ្រៃ​មក​ញី​ឱ្យចេញ​ក្លិន រួច​បង់​ចូល​ទៅ​ក្នុង​ទឹកស​ម្ល បន្ទាប់មក​ដាក់​បន្លែ​ប្រភេទ​ស្លឹក​ដូចជា ត្រួយ​ល្ពៅ ផ្សិត​ម្ជុល ស្លឹក​ងប់ ស្លឹក​បាសស្លឹក​ផ្ទី និង​ពងត្រី​ចូល ហើយបន្ថែម​ដោយ​គ្រឿង​ដែល​បុក​ហើយ និង​អង្ករ​ចូលជា​បន្តទៀត។ ពេលដែល​ទឹកស​ម្ល​ពុះ សឹម​កូរ​សម្ល​បន្តិចហើយ​បង់​ដុំ​ស៊ុប​ខ្នរ​ចូល ដើម្បី​បង្កើន​រសជាតិ​នៃ​សម្ល​ឱ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់​ឡើង​មួយកម្រិត​ទៀត។ ជា​ចុងក្រោយ​ដាក់​ម្ទេស​គ្រាប់​ចូលរួច​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច៕

Advertisement