លេង​ទាយ​បញ្ហា​ជាមួយ​កូន បង្កើន​ជំនាញ និង​សតិបញ្ញា​គ្រប់ផ្នែក

ការលេង​ទាយ​បញ្ហា មានន័យ​ពី​កិច្ចការងារ​ដែល​គ្រូ ឬ​ឪពុកម្ដាយ​នាំយក​ប្រស្នា​ទាយ​ដែលមាន​សារៈ​ខ្លឹមសារ​ស័ក្តិសម​នឹង​សមត្ថភាព និង​វ័យ​របស់​ក្មេង​មកលេង​ទាយ​ជាមួយ​កូន ដើម្បីឱ្យ​កូន​មាន​ភាពសប្បាយ​រីករាយ ធូរស្រាល​អារម្មណ៍ ជួយ​បង្កើន​ការគិត​យ៉ាង​មាន​ហេតុផល មាន​ភាពវាងវៃ សតិបញ្ញា និង​សមត្ថ-ភាព​ខាង​ផ្នែក​ភាសា​ជាដើម។

ការលេង​បែបនេះ​សំខាន់​យ៉ាងណា?

ការលេង​ទាយ​បញ្ហា ឬ​ប្រស្នា (Riddle Activities) ជាមួយ​កូន ជា​កិច្ច-ការដែល​សំដៅ​តបស្នង​ដល់​តម្រូវការ​ខាង​ផ្នែក​អារម្មណ៍ និង​ផ្លូវចិត្ត។ ជា​ការជំរុញឱ្យ​កូន​មាន​អារម្មណ៍​សប្បាយ​ជាមួយ​ការលេង​ទាយ​ប្រស្នា ធ្វើឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​ថែមទាំង​បង្កើន​វិវឌ្ឍនាការ​ខាង​ផ្នែក​ភាសា និង​សតិបញ្ញា​ដល់​កូន​ទៀតផង។ ហ្វឹកហាត់​ភាពវាងវៃ ការ​រិះគិត​រក​ចម្លើយ​និង​បង្កើន​ភាព​ចំណាន​ក្នុងការ​ប្រើពាក្យ​ដែល​ហុច​ផល​ល្អ​ដល់​ការអភិវឌ្ឍ​ផ្នែក​សតិបញ្ញា។ ក្រៅពីនេះ ការលេងកម្សាន្ត​បែបនេះ​នឹង​ជួយ​បង្ហាត់​ឱ្យ​កូន​ក្លាយជា​មនុស្ស​មាន​ហេតុផល ជា​មនុស្ស​ប៉ិន​សង្កេត ហ៊ាន​គិត ហ៊ាន​ស្មាន មាន​ភាព​ល្អិតល្អន់​ក្នុង​ការគិត ចេះ​រក​រូប​បែប និង​ការប្រើ​ភាសា​ក្នុង​ការដាក់​សំណួរ ដូច្នេះហើយ​ទើប​ការលេង​ទាយ​បញ្ហា​ដោយ​ការដាក់​ប្រស្នា​ឱ្យ​ទាយ​ជា​កិច្ចការ​មួយ​ដែល​ក្រៅពី​ជួយ​សាង​ភាពសប្បាយ​រីករាយ​ធូរ​អារម្មណ៍​ហើយ នៅ​ជួយ​ឱ្យ​កុមារ​បាន​អភិវឌ្ឍ​ផ្នែក​ការគិត សតិបញ្ញា ជំនាញការ​ស្ដាប់ និង​ការនិយាយ ដោយសារតែ​ភាសា និង​សតិបញ្ញា​មាន​សម្ពន្ធ​ជាមួយគ្នា ដូច្នេះ​ការដែល​កូន​មាន​សមត្ថភាព​ក្នុង​ការប្រើ​ជំនាញ​ខាង​ភាសា​បានល្អ​ខ្លាំង​ប៉ុនណា ច្បាស់​ជាមាន​សមត្ថភាព​ផ្នែក​សតិបញ្ញា​ខ្លាំង​ប៉ុន​នោះដែរ​មិន​ខាន។

តើ​កូន​ទទួលបាន​អ្វី​ពី​ការលេង​នេះ?

. ជាការ​បង្ហាត់​ឱ្យ​កូន​បាន​ស្គាល់​ពាក្យ និង​ស័ព្ទថ្មីៗថែម​ឡើង។
. ជាការ​បញ្ជូន​អត្ថន័យ​ឱ្យ​កើតជា​រូបភាព និង​អារម្មណ៍ ដែលជា​គ្រឹះ​ក្នុងការ​ស្ដាប់ និយាយ អាន និង​សរសេរ ដែល​ជំនាញ​ទាំងនេះ​ត្រូវ​ហ្វឹកហាត់​ជាប់​ជានិច្ច ទើប​ធ្វើឱ្យ​កូន​ទទួលបាន​ជោគជ័យ និង​អាច​ប្រើប្រាស់​ភាសា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
. ជាការ​ហ្វឹកហាត់​ភាពវាងវៃ និង​ប្រាជ្ញា ហើយ​ដើម្បី​ភាពសប្បាយ​ជក់ចិត្ត ជា​ប្រស្នា​ដែល​សាក​សមត្ថភាព​ទាំង​អ្នក​សួរ និង​អ្នកឆ្លើយ។
. ក៏​ឱ្យ​កើត​សតិបញ្ញា និង​ការគិត​ក្នុង​ជ្រុងផ្សេងៗ ជួយ​បង្កើន​គំនិត សតិបញ្ញា ភាពវាងវៃ​ដល់​កូន​បាន​ច្រើន។
. ជាការ​ផ្ដល់​ចំណេះដឹង​ដល់​កូន​បែប​ប្រយោល ហ្វឹកហាត់​ជំនាញ​ខាង​សតិបញ្ញា ភាពឈ្លាសវៃ ឱ្យ​ក្មេង​មាន​ភាព​ឆ្លាត ប៉ិន​សង្កេត និង​ចេះ​កែប​ញ្ហា ហើយ​ថែមទាំង​ជំរុញ​វិវឌ្ឍនាការ​ខាង​ខួរក្បាល​ទៀតផង។

លេង​ជាមួយ​កូន​បែបណា​ល្អ?

. ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​រក​ពេល​លេង​ជាមួយ​កូន អាច​នឹង​ពេលដែល​នៅផ្ទះ​ជុំគ្នា​ដែល​ជាការ​រឹតចំណង​សម្ព​នភា​ពរ​វាង​ឪពុកម្ដាយ និង​កូន។ អាច​នឹង​លេង​មួយភ្លែតៗមុន​ទៅ​សាលារៀន ឬ​ក្រោយ​ចេញពី​សាលា​មកដល់​ផ្ទះ ឬ​ពេលណា​ក៏បាន​ដែល​ឪពុកម្ដាយ​មាន​ពេលវេលា​នៅ​ជិតដិត​នឹង​កូន។
. ការរក​ពាក្យ​ប្រដៅ ឬ​ទាយ​ប្រស្នា លោកឪពុក​អ្នក​ម្ដាយ​អាច​នឹងសិក្សា​ពាក្យ​ប្រស្នា​ពី​ក្នុង​សៀវភៅផ្សេងៗដែលមាន​លក់​នៅតាម​បណ្ណាគារ ឬ​ប្រើ​បទពិសោធ​ដែល​ធ្លាប់មាន​មកលេង​ជាមួយ​កូន ដើម្បីឱ្យ​កូន​បាន​ហ្វឹកហាត់​ការគិត និង​ហ្វឹកហាត់​ការ​រិះរក​ចម្លើយ ឬក៏​សាកល្បង​ដាក់​សំណួរ​តាមរយៈ​អ្វីដែល​យើង​ឃើញ​ជាប្រចាំ​ក៏បាន​ដែរ។

ទាំងអស់នេះ រឿង​ដែល​លោកឪពុក​អ្នក​ម្ដាយ​គួរ​គិតដល់​ក្នុងការ​ជ្រើសរើស​ពាក្យ​ទាយ​ប្រស្នា​យកមក​លេង​ជាមួយ​កូន​នោះ​គឺ គួរតែ​ជា​ពាក្យ​ប្រស្នា​ជា​សំណួរ​ដែល​មិន​នៅ​ឆ្ងាយ​ពីបទ​ពិសោធ​របស់​កូន និង​មិនគួរ​ដាក់​សំណួរ​ដែល​ពិបាក​លើស​សមត្ថភាពរ​បស់​ក្មេង ឬ​មាន​អត្ថន័យ2-3យ៉ាង ឬ​ជា​រឿង​ចំអេសចំអាស​ឡើយ តែ​គួរតែមាន​ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ខ្លីៗ មានន័យ​អប់រំ និង​ងាយ​យល់​ជាដើម ទើប​ជាការ​ល្អ៕

Advertisement