ពេល​កូន​ឈឺ…រឿង​ដែល​ឪពុក​ម្ដាយ​គួរ​ដឹង​ពាក់ព័ន្ធ​នឹង​ការប្រើ​ថ្នាំ

0

អាការ​ក្ដៅខ្លួន ជា​សញ្ញា​មួយ​ដាស់តឿន​ថា រាងកាយ​កំពុងតែ​តស៊ូ​ជាមួយនឹង​មេរោគមិនថាតែ​មេរោគ​វីរុស ឬ​បាក់តេរី​នោះទេ ហើយ​នៅពេល​កូនតូច​ក្ដៅខ្លួន រឿង​ដំបូងបង្អស់​ដែល​ឪពុកម្ដាយ​ត្រូវធ្វើ​គឺ ការបញ្ចុះ​កម្ដៅ។ ជា​ប្រក្រតី​បើ​អាការ​គ្រុនក្ដៅ​មិន​ខ្លាំង​ប៉ុន្មាន គ្រូពេទ្យ​ជំនាញ​ណែនាំ​ឱ្យប្រើ​វិធី​ជូត​ខ្លួន​ដោយ​ក្រណាត់​សើម និង​ឱ្យ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​បញ្ចុះ​កម្ដៅ តែ​បើសិនជា​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​វិញ​នោះ ក៏ត្រូវ​ប្រើ​ដោយ​ក្ដី​ប្រយ័ត្នប្រយែង​ដែរ។

តើ​ពេលណា​ទើបត្រូវ​ពឹង​ថ្នាំ​បញ្ចុះ​កម្ដៅ

មុនដំបូង​លោកឪពុក​អ្នក​ម្ដាយ​ត្រូវ​ស្គា​ល់ពី​ការ​វាស់​សីតុណ្ហភាព(កម្ដៅ)ក្នុង​ខ្លួន​របស់​កូន​ជាមុនសិន​ថា តើ​កូនតូច​មាន​សីតុណ្ហភាព​ប៉ុន្មាន?មិន​គួរប្រើ​ត្រឹមតែ​វិធី​ស្ទាប​ថ្ងាស​នោះឡើយ។

  • ប្រើ​ប្រដាប់​វាស់​ស្ទង់កម្ដៅ(ឧណ្ហមាត្រ) តាមរយៈ​មាត់ មាន​សីតុណ្ហភាព​ខ្ពស់ជាង37.5អង្សា C
  • ប្រើ​ប្រដាប់​វាស់​ស្ទង់កម្ដៅ​តាមរយៈ​ប្រ-ឡោះ​ក្លៀក មាន​សីតុណ្ហភាព​ខ្ពស់ជាង37អង្សា C

បើ​វាស់​អាការ​គ្រុនក្ដៅ​ដោយ​ប្រដាប់​វាស់​កម្ដៅ (Thermometer) ឃើញ​មាន​សីតុណ្ហភាព​ខ្ពស់ជាង​តួលេខ​ខាងលើ នោះ​មានន័យថា រាងកាយ​កូនតូច​មាន​គ្រុនក្ដៅ​ខ្លួន​ហើយ។ បើ​ប្រើ​វិធី​ជូត​ខ្លួន​ដោយ​ក្រណាត់​សើម​ហើយ អាការ​ក្ដៅខ្លួន​មិន​ថយចុះ​នោះ សឹម​ពិចារណា​ការឱ្យ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្ដៅ (កម្ដៅ​ខ្ពស់​គឺ មាន​តាំងពី 38.5អង្សា C ឡើងទៅ)។

  • វាស់​តាមរយៈ​រន្ធ​គូទ មាន​សីតុណ្ហភាព​ខ្ពស់ជាង38អង្សា C។

តើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ត្រូវ​ប្រើ​យ៉ាងណា?

ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​និយម​ប្រើ​គឺ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ថ្នាំ​ពពួក​អាស្ពីរីន និង​អៃ​ប្រ៊ូ​ផូ​ហេ្វ៊​ន(ថ្នាំ​បញ្ចុះ​កម្ដៅ​ខ្ពស់)។ ហាម​ប្រើ​ដោយ​ខ្លួនឯង ត្រូវ​ប្រើ​តាមតែ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ប៉ុណ្ណោះ ព្រោះថ្នាំ​គ្រប់​ប្រភេទ​មាន​ផលប៉ះពាល់​ដល់​ថ្លើម ជាពិសេស​ចំពោះ​ក្មេងតូចៗ ហើយខ្នា​តរបស់​ថ្នាំ​ដែល​ឱ្យ​កូនតូច​ញ៉ាំ ត្រូវ​អាស្រ័យ​លើ​ទម្ងន់​ខ្លួននិង​សម្រាប់​វ័យ​ទារក​វិញ គេ​ច្រើន​ប្រើ​ថ្នាំ​ទឹក​ប្រភេទ​បន្តក់ ខ្នាត 5 CC សម្រាប់​ទម្ងន់​ខ្លួន10គីឡូក្រាម។

តើ​ក្ដៅខ្លួន​បែបណា​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ?

  • នៅលើ​ក្មេង​តូច​ត្រូវ​ប្រយ័ត្នប្រយែង​ការប្រើ​ថ្នាំ​​ខ្លាំង បើ​កូនតូច​របស់​អ្នក​អាយុ​មិនទាន់​ដល់3ខែ ហើយ​កូន​ឡើង​កម្ដៅ​ខ្លួន​ខ្ពស់ជាង38អង្សា​ C ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមទោះជា​កូន​នៅ​លេង​រពឹស ឬ​មិនទាន់​បាត់មាត់បាត់ក​ក៏ដោយ និង​មិន​គួរឱ្យ​​ញ៉ាំ​ថ្នាំ​ដោយ​ខ្លួនឯង​ឡើយ។
  • អាយុ3-6ខែ បើ​មាន​ឡើង​កម្ដៅ​ខ្លួន​ខ្ពស់ជាង38.5អង្សា​ C ឬ​មាន​គ្រុន​ក្ដៅខ្លួន​ខ្ពស់ជាង 37.5អង្សា ​C យូរ​លើសពី24ម៉ោង ក៏​ហាម​នៅ​បង្អង់​យូរ​ដែរ។
  • កូន​អាយុ6ខែ​ឡើងទៅ មាន​គ្រុន​ក្ដៅខ្លួន​ខ្ពស់​ដល់38.5អង្សា​ C និង​កម្ដៅ​មិន​ថយចុះ​យូរ​ជាង3ថ្ងៃ។
  • តែ​បើសិនជា​អាយុ​ប៉ុន្មាន​ក៏ដោយ មាន​គ្រុនក្ដៅ​ខ្លួន​កម្ដៅ​ខ្ពស់ជាង39.5អង្សា ​C នោះ ហាម​បង្អែបង្អង់​យូរ​ជាដាច់ខាត ទោះ​ជា​​កូន​មើលទៅ​គ្មាន​បង្ហាញ​អាកា​រថា​ឈឺ​ជំងឺ​អ្វី​ផ្សេង​ក៏ដោយ។

ក្នុងខណៈដែល​កូន​គ្រុនក្ដៅ​ខ្លួន បើ​កូន​នៅ​លេង​បាន ក៏​មិនចាំបាច់​ដល់​ថ្នាក់​ត្រូវឱ្យ​កូន​ឈប់​លេង​ដែរ តែ​គ្រាន់តែហាមកូន​កុំឱ្យ​លេង​ច្រើនពេក និង​នៅចាំ​សង្កេតមើល​អាការផ្សេងៗដែល​អាច​នឹង​កើតឡើង​ចំពោះ​កូន ដូចជា កូន​ឈឺ​កមាន​ហៀរ​សំបោរ មាន​ឡើង​​ស្លាកស្នាម​អ្វី​នៅលើ​ខ្លួន​ឬទេ? និង​ឧ​ស្សហ៍វាស់​កម្ដៅ​ខ្លួន​កូន​ឱ្យបាន​ញឹកញាប់​ប៉ុណ្ណឹង​បាន​ហើយ។

អាយុ6ខែ​ឡើងទៅ បើ​កូនតូច​របស់លោក​អ្នក​មាន​ឡើងក​ម្ដៅ​ខ្លួន​ប្រមាណ​ជា38.5អង្សា​ C ចូរ​សង្កេតមើល​អាការ បើ​សីតុណ្ហភាព​ខ្ពស់​ឡើង ឬ​មិន​ថយចុះ​ច្រើនជាង3ថ្ងៃ ចូរ​នាំទៅ​ជួប​លោកគ្រូ​ពេទ្យ។ សម្រាប់​ក្មេង​ដែលមាន​អាយុ 3ខែ​ដល់2ឆ្នាំ បើ​មាន​អាការ​គ្រុន​ក្ដៅខ្លួន​ខ្ពស់ជាង 39.5អង្សា​ C ចូរ​នាំទៅ​មន្ទីរពេទ្យ​ភ្លាម ទោះជា​កូនមិនបាន​បង្ហាញ​អាកា​រថា​ឈឺ​ថ្កាត់​ក៏ដោយ៕

ចែករំលែក