អាការ​គួរឱ្យ​បារម្ភ​បំផុត 7យ៉ាង ដែល​ឪពុកម្ដាយ​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម

ខាងក្រោម​នេះ​គឺជា​អាការ​ដ៏​គួរឱ្យ​បារម្ភ​បំផុត7យ៉ាង ដែល​ឪពុកម្ដាយ​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ឱ្យបាន​លឿន​បំផុត ព្រោះ​បើសិនជា​បណ្ដែតបណ្ដោយ​អាច​នឹង​យឺត​ពេល ហួស​នឹង​ព្យាបាល​ទាន់ ហើយ​ជួនកាល​អាណាព្យាបាល​មួយចំនួន​អាច​គិតថា ភាពខុសប្រក្រតី​ដែល​កើតឡើង​ចំពោះ​កូនតូច​នោះ អាច​នឹង​មើលទៅ​មិនមែនជា​រឿង​អី​ធំដុំ តែ​ការពិត​សុទ្ធតែជា​រឿង​មិនល្អ​ទាំងអស់។

1/ ស្នាម​ដៅ ឬ​សន្លាក​ស្នាម​ក្រហម​ដែល​កាន់តែ​រីកធំឡើង

ការដែល​នៅលើ​រាងកាយ​របស់​កូនតូច​មាន​ស្នាម​ដៅ ឬ​សន្លាក​ស្នាម​ពណ៌​ក្រហម ឬ​ខ្មៅ ឬ​កន្លែង​ណាមួយ​មាន​ពណ៌​ខ្មៅ​ជាង ឬ​ភ្លឺ​ជាង​កន្លែង​ផ្សេងទៀត​លើ​រាងកាយ​ធំ​ជាង 6មី​ល្លី​ម៉ែត្រ​នោះ វា​មិនមែនជា​រឿង​ប្លែក​ឡើយ តែ​បើសិនជា​ទំហំ​របស់​វា​កាន់តែ​រីកធំឡើង ពណ៌​ក៏​ប្រែប្រួល​ដែរនោះ វា​ជាការ​ប្រែប្រួល​ដែល​គួរឱ្យ​បារម្ភ​ហើយ ដូច្នេះ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជំនាញ​ភ្លាម។

2/ ជ្រុះ​សក់

សក់​កូន​ជ្រុះ​ច្រើន​មិនមែនជា​រឿង​ខុស​ប្រក្រតី​ទេ តែបើ​ជ្រុះ​ច្រើន​ជ្រុល​ពេក​អាច​នឹង​បង្ហាញថា រាងកាយ​របស់​កូន​ខ្វះ​វីតាមីន​ហើយ តែបើ​សក់​ជូត​មិន​ស្ងួត ឬ​ស្បែកក្បាល​កើតរោគ​ផ្សិត ក៏​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេង​បានដែរ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត​គឺ នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​ពី​មូលហេតុ​ពិតប្រាកដ។

3/ អារម្មណ៍ និង​ទង្វើ​មិន​នឹងនរ

ការចង់​ញ៉ាំ​អាហារ​ថយចុះ មាន​បញ្ហា​ក្នុងការ​គេង ឬ​ពិបាក​ក្នុងការ​គេង​លក់ ឬ​មិនសូវ​កម្រើកខ្លួន លែង​សូវ​លេង ឬ​លែង​រួសរាយ​ដូច​មុន ទាំងអស់នេះ​សុទ្ធតែជា​មូលហេតុ​ដែល​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ។

4/ ទំហំ​ក្បាល​ធំ​ឡើង

ការពិតទៅ​ក្បាល​របស់​កូនតូច​នឹងត្រូវ​រីកធំឡើង​ជា​រៀងរាល់ខែ​ហ្នឹង​គឺជា​រឿង​ប្រក្រតី តែបើ​រីក​ធំ​លឿន​ជ្រុល​ពេក ឬ​ធំ​បែប​ខុស​សង្កេត ឬ​សង្កេត​មើលទៅ​មាន​អាការតឹងៗនៅ​ម្ដុំ​បរិវេណ​ក្បាលរបស់​កូន​នោះ អាចជា​សញ្ញា​ដំបូង​នៃ​ការកើត​ជំងឺ​អាក្រក់ ដូចជា មហារីក​ខួរក្បាល​ជាដើម ដូច្នេះ​កុំ​បង្អង់​យូរ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

5/ ស្ដាប់​មិនសូវ​ឮ

ពេលដែល​ឪពុកម្ដាយ​ហៅ​ឈ្មោះ​កូន តែ​កូន​មិនសូវ​តបស្នង​មកវិញ ហាក់ដូចជា​មិន​បានឮ ទាំង​អាការ​នេះ​កើតឡើង​បែបភ្លាមៗ បែបសុខៗស្រាប់តែ​ដូចជា​កូន​ត្រចៀកធ្ងន់ ឬក៏​កើត​អាការ​បែប​ហ្នឹងមក​យូរហើយ​នោះ កូន​អាច​នឹងមាន​បញ្ហា​ខាង​ការ​ស្ដាប់ឮ អាច​នឹង​ទៅរួច​ដែលថា ប្រព័ន្ធ​ប្រសាទ​ត្រចៀក​បាត់បង់​សមត្ថភាព ឬ​មាន​អ្វី​បិទ​ជិត​នៅ​ខាងក្នុង ដែល​លោកឪពុក​អ្នក​ម្ដាយ​នឹងបានដឹង​ច្បាស់​តាមរយៈ​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ និង​ព្យាបាល​កូន​ជា​បន្ត។

6/ ស្រេកទឹក​ជាប់​ជានិច្ច

ការពិតទៅ​ធាតុអាកាស​ក្ដៅ​ដូច​នៅក្នុង​ប្រទេស​យើង អាច​និយាយបានថា ជា​រឿង​ប្រក្រតី​ខ្លាំងណាស់​ដែលក្មេងៗនឹង​ស្រេកទឹក​ញឹកញាប់​នោះ តែបើ​សិន​កូន​ស្រេកទឹក​ញឹកញាប់​រហូត​ខុសពី​ធម្មតារៀងរាល់15នាទី​ម្ដង ឬ​ញ៉ាំ​ទឹក​ចូលទៅ​ម្ដងច្រើនៗនោះ បង្ហាញថា កូន​អាច​នឹងមាន​បញ្ហា​សុខភាព​បង្កប់​នៅក្នុង​រាងកាយ​ក៏​អាច​ថា​បានដែរ ដូច្នេះ​គួរតែ​នាំ​កូន​ទៅឱ្យ​ពេទ្យ​ពិនិត្យមើល​ពី​មូលហេតុឱ្យបាន​ច្បាស់លាស់។

7/ ស្រមុក​ឮខ្លាំងៗ

ទារ​កកើត​ដំបូង​អាច​នឹង​គេង​ស្រមុក​គឺជា​រឿង​ប្រក្រតី តែបើ​ស្រមុក​ឮ​ខ្លាំង​ខុសពី​ធម្មតា ឬ​ធំ​ហើយ​នៅតែ​មិន​បាត់​ស្រមុក​ទៀត​នោះ មូលហេតុ​អាច​បណ្ដាលមកពី​ការកើត​ប្រតិកម្ម​ចាញ់​អ្វីមួយ ឬ​អាច​នឹង​ជា​សញ្ញា​របស់​ការឆ្លង​មេរោគ​អ្វី​ម្យ៉ាង​ក៏​ថា​បានដែរ។ ក្រៅពីនេះ​អាច​ដោយសារតែ​កូន​មាន​ក្រពេញ​ថម​ស៊ី​ល​ធំ ក្រពេញ​អៈ​ឌី​ណ​យ​ដ៍​ធំ និង​ភាពធាត់​ក៏​ជា​បច្ច័យ​មួយ​ដែរ តែ​ករណី​ដែល​ធ្ងន់ធ្ងរ ដូចជា មាន​ភាពខុសប្រក្រតីរ​បស់​គ្រោង​សាង​នៃ​ប្រព័ន្ធ​ដកដង្ហើម ឬ​មកពី​ភាពខុសប្រក្រតី​ខាង​ពូជ​អម្បូរ​ក៏មាន ដូច្នេះ​អាណាព្យាបាល​គួរតែ​នាំ​កូនតូច​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​រក​មូលហេតុ​ឱ្យបាន​ច្បាស់​ទើប​ជាការ​ល្អ។

ទោះជា​អាការ​មួយចំនួន​មើលទៅ​ប្រក្រតី​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ធំ​ដូច​យើង​មែន តែ​នៅពេលដែល​វា​ជា​រឿង​សុខភាព​របស់​កូនតូច​ជាទី​ស្រឡាញ់​នោះ លោក​ឪ​ពុ​អ្នក​ម្ដាយ​គួរតែ​ប្រញាប់ប្រញាល់បន្តិច ប្រសើរ​ជាង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​មិនទាន់​ពេល៕

Advertisement