នៅពេល​ខ្ញុំ​ចាប់ផ្ដើម​តាំង​គភ៌​ខែទី1

ស្ត្រី​ដែល​ទើប​ចាប់ផ្ដើម​តាំង​គភ៌ថ្មីៗដឹង​ឬទេ​ថា តើ​កូនតូច​ក្នុង​ផ្ទៃ​របស់​អ្នកមាន​វិវឌ្ឍនាការ​យ៉ាងណាខ្លះ​ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​ណែនាំ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងអស់​បានដឹង​ពី​ការប្រែប្រួល និង​រឿង​ដែល​នឹង​កើតឡើង​ពេញ​មួយរយៈ​ពេល9ខែ​នៃ​ការតាំង​គភ៌​ដូចតទៅ។

ភាពប្រែប្រួល​នៅពេល​ចាប់ផ្ដើម​តាំង​គភ៌​ដែល​អាច​សង្កេតឃើញ
ក្នុងអំឡុង​ខែ​ដំបូង​នេះ ស្ត្រី​មានគភ៌​ថ្មោងថ្មី​មួយចំនួន​អាចមាន​អាការ​វដ្ត​រដូវ​មិន​មក​តាម​កំណត់ អ្នកខ្លះ​មាន​ធ្លាក់ឈាម​មក​ត្រឹមតែ​បន្តិចបន្តួច ឆាប់​ហត់ ងាយ​គេង​លក់ បត់ជើងតូច​ញឹកញាប់ ក្អួតចង្អោរ អាហារ​មិន​រំលាយ​ធ្វើឱ្យ​ណែន​ក្នុង​ពោះ លែង​ឃ្លាន​អាហារ ធំុក្លិន​ម្ហូបអាហារ​មិនបាន ដោះ​ឡើង​តឹង​ណែន និង​មាន​អារម្មណ៍​ឈឺ​នៅ​ម្ដុំ​ក្បាលដោះ អារម្មណ៍​ឆាប់​ប្រែប្រួល ជួនកាល​យំ​ដោយ​គ្មាន​ហេតុផល និង​ឆាប់​មួម៉ៅជាដើម។ តែ​សម្រាប់​អ្នកខ្លះ​ក៏​អាច​មិន​កើតមាន​អាការ​ទាំងនេះ​ទាំងអស់​ដែរ អាច​កើត​មានតែ​អាការ​មួយចំនួន​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ភាព​ប្រាកដ​ច្បាស់​ថា តើ​ខ្លួន​តាំង​គភ៌​ឬ​អត់​នោះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើប​ជាការ​ប្រសើរ​បំផុត។

ចំណុច​គួរ​ប្រតិបត្តិ​ក្នុងអំឡុង​ការតាំង​គភ៌​នា​ខែ​ទី1
នៅពេល​ច្បាស់​ក្នុង​ចិត្ត​ថា ពេលនេះអ្នក​ចាប់ផ្ដើម​មានគភ៌​ហើយ​នោះ ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់ខ្លួន​ឱ្យបាន​ខ្លាំង​ឡើង និង​គួរ​សាងអារម្មណ៍ល្អៗដល់​ខ្លួនឯង ហើយដែល​សំខាន់​គឺ ការ​សម្រាក និង​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់ ដោយសារតែ​ស្ត្រី​មានគភ៌​គ្រប់រូប​នឹង​ឆាប់​នឿយ​ល្វើយ​អស់កម្លាំង ព្រោះតែ​រាងកាយ​ត្រូវ​ធ្វើការ​ច្រើនជាង​ប្រក្រតី​ទ្វេដង ដើម្បី​សាង​អវយវៈ សាច់​ភ្នាស​របស់​ទារក​ក្នុង​គភ៌ ដែល​កម្មវិធី​ការ​សាង​សាច់​ភ្នាស​ក្នុងអំឡុង​ខែ​ទី1 ដល់​ខែ​ទី3នេះ​អាច​រាប់បាន​ថា ជា​អំឡុងពេល​សំខាន់បំផុត។ នៅពេល​ឆ្លង​ផុត​អំឡុងពេល3ខែ​ដំបូង​ទៅហើយ ប្រព័ន្ធ​ការ​សាង​សាច់​ភ្នាស និង​អវយវៈផ្សេងៗនឹង​រួចស្រេច​បរិបូរណ៍ រាងកាយ​របស់​ស្ត្រី​មានគភ៌​ក៏​នឹង​ត្រឡប់មក​មាន​កម្លាំងកំហែង​ជាថ្មី​ម្ដងទៀត។

ដូច្នេះ​ក្នុងអំឡុង​ខែដំបូងៗនេះ ស្ត្រី​មានគភ៌​ត្រូវ​គេង​សម្រាក​ឱ្យបាន​ច្រើន បន្ថយ​ការប្រើប្រាស់​កម្លាំងកាយ។ អាច​គេង​សម្រាក​នៅពេល​ថ្ងៃមួយ​ស្រឡេត​ក៏​នឹង​ជួយ​បាន​ច្រើន​ដែរ។ ក្រៅពីនេះ​នៅ​ត្រូវ​មើល​លើ​រឿង​អាហារ​ការហូបចុក​ក្នុងពេលនីមួយៗ គួរ​បន្ថែម​ប្រូតេអុីន សារធាតុ​ដែក និង​កាល់ស្យូម​ឱ្យបាន​គ្រប់គ្រាន់ ឬ​ចង់ឱ្យ​ល្អ​បំផុត​នោះ​គឺ ស្ត្រី​មានគភ៌​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តតាំង​ពីមុន​ពេល​តាំង​គភ៌​ទៀតផង(នៅពេល​តាំងចិត្ត​ថា​នឹង​យក​កូន ក៏​គួរតែ​បន្ថែម​ជាតិ​ហ្វូ​លេ​តដល់​រាងកាយ​ជាមុន​តែម្ដង) និង​រឿង​ដែល​សំខាន់​មួយ​ដែរនោះ គឺ​ស្ត្រី​មានគភ៌​មិនគួរទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ណា​ដែល​គ្មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ឡើង ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ញ៉ាំ​របស់ផ្អែមៗច្រើន​ជ្រុល​ពេក ឬ​ជក់បារី ជាដើម។

អាការ​ចាញ់កូន​ដែល​អាច​នឹង​កើតឡើង
ស្ត្រី​ដែល​តាំង​គភ៌ថ្មីៗ អាច​នឹង​កើតមាន​អាការ​ចាញ់កូន ដែល​រាប់បាន​ថា​ជា​អាការ​ប្រក្រតី​របស់​ការតាំង​គភ៌ និង​ច្រើន​តែមាន​អាការ​ចាញ់កូន​ខ្លាំង​ទៀតផង បើជា​ការ​មានគភ៌​លើកដំបូង។ ការ​ចាញ់កូន​មាន​មូលហេតុ​មកពី​ការប្រែប្រួល​ខាង​រាងកាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង ដោយ​នឹងមាន​អាការ​ចាញ់​ខ្លាំង ឬ​តិច​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​សម្រប​ខ្លួន​របស់​រាងកាយ និង​ផ្លូវចិត្ត ការមើល​ថែទាំ​អារម្មណ៍​មិនឱ្យ​វិតក្ក​កង្វល់ សៅហ្មង ភ័យខ្លាច ក៏​នឹង​ជួយ​ឱ្យ​អាការ​ចាញ់កូន​ថយចុះ​បានដែរ។ ក្រៅពីនេះ​នៅមាន​វិធី​ដែល​អាចជួយ​សម្រាល​អាការ​ចាញ់កូន​បាន​ដូចខាងក្រោម។

• ទទួលទាន​អាហារ​ដែលមាន​កាបូ​ហាយ​
ដ្រេ​ត និង​ប្រូតេអុីន​ខ្ពស់ តែ​គួរតែ​ជា​អាហារ​ដែល​ងាយ​រំលាយ​ដូចជា ទឹកដោះគោ ទឹក​ស៊ុប និង​សាច់​ត្រី ជាដើម។

• ទទួលទានទឹក​ឱ្យបាន​ច្រើនឡើង។ ដោយសារតែ​រាងកាយ​របស់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌​អាច​ត្រូវ​បាត់បង់​ជាតិ​ទឹក​ដោយសារតែ​ការ​ក្អួតចង្អោរ​នោះ ការ​ទទួលទានទឹកស្អាត ឬ​ទទួលទានអាហារ ឬ​ផ្លែឈើ​ដែលមាន​ជាតិ​ទឹក​ច្រើន​ក៏​អាចជួយ​បានដែរ។ ការ​ទទួលទានទឹក គួរ​ញ៉ាំ​ម្ដងបន្តិចៗ មិនគួរ​ទទួលទានម្ដងច្រើនៗឡើយ។

• គួរ​ទទួលទានវីតាមីន​បន្ថែម​តាម​ការណែនាំ​របស់​គ្រូពេទ្យ។ ដោយសារតែ​ការ​ក្អួតចង្អោរ​អាចធ្វើឱ្យ​រាងកាយ​មិនបាន​ទទួល​សារធាតុ​អាហារ​គ្រប់​ចំនួន ទើប​ស្ត្រី​មានគភ៌​គួរ​ទទួលទានវីតាមីន​បន្ថែម។ សម្រាប់​ករណី​ដែល​ចាំបាច់​ត្រូវ​ប្រើថ្នាំ ឬ​ទទួលទានថ្នាំ​អ្វី​ក៏ដោយ មិនត្រូវ​ទិញយកមក​ទទួលទានខ្លួនឯង​ដោយមិនបាន​ប្រឹក្សា​ ជាមួយ​គ្រូពេទ្យ​ជាដាច់ខាត ព្រោះថ្នាំ​មួយចំនួន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។

• ចៀស​ឱ្យ​ឆ្ងាយ​ពី​ក្លិន រសជាតិ ឬ​អាហារ​ដែល​មិន​ចូលចិត្ត អាហារ​ដែលមាន​ក្លិន​ឆួល ដូចជា​មើម​ខ្ទឹមស ជាដើម ព្រោះ​វា​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។

• ទទួលទានឱ្យបាន​ញឹកញាប់​ កុំ​បណ្ដោយឱ្យ​ពោះ​នៅ​ទំនេរ​យូរពេក ព្រោះ​ក្រពះ​នឹង​បញ្ចេញ​ទឹក​រំលាយ​ចេញមក ដែល​អាច​ជំរុញ​ឱ្យ​កើត​អាការ​ក្អួតចង្អោរ​បាន។ គួរ​បែង​ចែកពេល​ញ៉ាំ​អាហារ​ជា 6 ពេលតូចៗជំនួស​ឱ្យ 3ពេលធំ។ អាហារ​ពេលទំនេរ​ដែល​ល្អ​សម្រាប់​ស្ត្រី​មានគភ៌ គួរតែ​ជា​នំប៉័ងស្រួយៗ ឬ​ផ្លែឈើផ្សេងៗជាដើម។

• ឧស្សាហ៍​មើលថែទាំ​ធ្មេញ​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ព្រោះ​សុខភាព​មាត់ និង​ធ្មេញ​មិនល្អ​ក៏​អាចធ្វើឱ្យ​កើត​អាការ​ក្អួតចង្អោរ​បានដែរ។ ខ្ពុរមាត់​ដោយ​ទឹក​ក្ដៅឧណ្ហៗជាប្រចាំ ដែល​ក្រៅពី​ជួយ​ឱ្យ​ក្នុង​ប្រអប់មាត់​ស្អាត​ហើយ នៅ​ជួយ​សម្លាប់​មេរោគ​បាន​ទៀតផង។

បើ​ធ្វើតាម​ចំណុច​ដែល​បាន​រៀបរាប់​មក​ខាងលើ​ហើយ អាការ​ក្អួតចង្អោរ ឬ​អាការ​ចាញ់កូន​នៅតែ​មិនល្អ​ប្រសើរឡើង គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលយក​ការណែនាំ​ជា​បន្ត និង​សម្រាប់​អ្នកខ្លះ​ដែលមាន​អាការ​ចាញ់កូន​ខ្លាំង អាច​ត្រូវឱ្យ​គ្រូពេទ្យ​តាមដាន​មើលថែទាំ​យ៉ាង​ដិតដល់​នៅក្នុង​មន្ទីរពេទ្យ​ក៏បាន៕

Advertisement