ចំណុចល្អៗរបស់​ការ​មានកូន

April 12, 2018​ ម៉ោង 2:54 pm
0

ទោះ​ជាការ​មានកូន​ត្រូវ​លីសែង​បន្ទុក​ដ៏​ច្រើន​តាំងពី​ពេល​ចាប់ផ្ដើម​តាំង​គភ៌ និង​ជីវិត​ឯកជន​សួនតួ​ដែល​ធ្លាប់មាន​នឹង​បាត់បង់​ទៅ​បន្តិចម្ដងៗ លែង​សល់​ពេលវេលា​សម្រាប់​សេចក្ដីសុខ​របស់ខ្លួន​ឯង​ក៏ដោយ តែ​ការ​បាន​បំពេញ​តួនាទី​ជា​ឪពុក និង​ម្ដាយ គឺ​ការ​បានប្រគល់​នូវអ្វីដែលល្អៗបំផុត​ទៅដល់​កូន ទោះជា​ហត់នឿយ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​នៅតែ​យល់ស្របដូចៗគ្នា​ដែរ​ថា ការ​មានកូន​គឺជា​រឿង​ល្អ និង​ជា​បទពិសោធ​នៃ​សេចក្ដីសុខ​មួយ​នៅក្នុង​ជីវិត​ដែល​ពួកគេ​នឹង​បានទទួល ហើយ​ខាងក្រោម​នេះ គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ធ្វើឱ្យ​មនុស្ស​សម្រេចចិត្តថា ការ​មានកូន​គឺជា​រឿង​មួយ​ក្នុងចំណោម​រឿង​ដ៏​អស្ចារ្យ​របស់​ជីវិត។

1. ការ​មានកូន ធ្វើឱ្យ​គ្រួសារ​កាន់តែ​ឥតខ្ចោះ​ឡើង: ទោះជា​ក្រុមគ្រួសារ​ខ្លះ​មានអ្វីៗគ្រប់យ៉ាង​សម្បូរ​បែបយ៉ាង​ល្អ​ហើយ ទាំង​តួនាទី​ការងារ ភាពរឹងមាំ​ស្ថិតស្ថេរ និង​ស្ថានភាព​ហិរញ្ញវត្ថុ ដែល​អាច​រស់​នៅបាន​យ៉ាង​មាន​ឥស្សរៈ និង​មាន​ពិភព​ផ្ទាល់ខ្លួន​ដ៏​សែន​សុខ​សប្បាយ​ហើយក៏​ដោយ តែ​ការ​មានកូន​សម្រាប់​គ្រួសារ​ជាច្រើន​បែរជា​ធ្វើឱ្យ​ជីវិត​ដែល​សម្បូរបែប​ឥតខ្ចោះ​ស្រាប់​ហើយ​នោះ មើលទៅ​កាន់តែ​សម្បូរបែប​ខ្លាំង​ឡើងទៅ​ទៀត។

2. ជួយ​បន្ត​នាមត្រកូល​របស់​ក្រុមគ្រួសារ: ក្រុមគ្រួសារ​ខ្លះ​ដែល​រស់នៅ​ជាមួយគ្នា​ជា​គ្រួសារ​ធំ​មួយ ការ​មានកូន គឺជា​គោលបំណង​មួយ​ក្នុង​ការជួយ​បន្ត​នាមត្រកូល​ឱ្យ​អាច​គង់វង្ស​នៅ​តទៅទៀតបាន ដោយ​ភាគច្រើន​តែង​ជួបប្រទះ​នៅក្នុង​ក្រុមគ្រួសារ​ជនជាតិ​ចិន​ច្រើនជាង​ក្រុមគ្រួសារ​ខ្មែរ​យើង។

3. សង្ឃឹម​ពឹងពាក់​បាន​នៅពេល​ចាស់ជរា: អ្នក​ដែល​សម្រេចចិត្ត​មានកូន ភាគច្រើន​សុទ្ធ​តែមាន​សេចក្ដី​សង្ឃឹមថា កូនៗរបស់ខ្លួន​នឹង​អាចជួយ​ជាទី​ពំនាក់​បាន​នៅពេល​ខ្លួន​ចាស់ជរា ជាពិសេស​បញ្ហា​សុខភាព​ដែល​ចូលមក​ញាំញី និង​ក្នុង​គ្រា​ដែល​មិន​អាចជួយ​ខ្លួនឯងបាន ក៏​នឹងបានកូនៗជា​អ្នក​នៅ​ជួយ​មើលថែទាំ​ក្នុង​គ្រា​ចុងក្រោយ​នៃ​ជីវិត។

4. មាន​មនុស្ស​ម្នាក់ទៀត ដែល​យើង​ស្រឡាញ់ និង​ស្រឡាញ់​យើង: ការ​មានកូន​ធ្វើឱ្យ​យើង​បានប្រគល់​សេចក្ដីស្រឡាញ់​ទៅឱ្យ​មនុស្ស​ម្នាក់ទៀត​ដែលជា​សាច់ឈាម​ពូជពង្ស​របស់​យើង។ មាន​សេចក្ដីសុខ​ដែល​បានឃើញ​សេចក្ដីស្រឡាញ់​អំពី​កូន និង​យើង​ក៏បាន​ប្រគល់​ទៅឱ្យគេ​យ៉ាង​ពេញ​ហៀរហូរ​ដូចគ្នា។

5. មាន​អ្នក​ជជែក​កំដ​កែ​អផ្សុក: ការ​មានកូន​ធ្វើឱ្យ​ជីវិត​មាន​មនុស្ស​ម្នាក់ទៀត​ចូលមក​ជា​ផ្នែក​មួយ​ស្ទើរតែ​គ្រប់​អំឡុងពេល​របស់​យើង។ ពេល​ដែលមាន​អារម្មណ៍​ថា ឯកោ​អផ្សុក ក៏មាន​កូន​មក​ធ្វើជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ឪពុកម្ដាយ​មាន​អារម្មណ៍​ថា ខ្លួនឯង​មិនបាន​នៅ​ឯកា​ឡើយ។ ធ្វើ​ទាំង​ជា​មិត្ត​ជជែក​កំដ និង​មិត្ត​ដើរលេង​កម្សាន្ត​ដ៏​សែន​ទុកចិត្ត និង​រឹត​តែមាន​សម្ពន្ធ​ភាពជា​មួយ​គ្នា​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ជិតស្និទ្ធ រឹតតែ​ធ្វើឱ្យ​ជីវិត​របស់​យើង​ដូច​មាន​មិត្ត​ជួយ​គិត​នៅ​ជាមួយ​គ្រប់ពេលវេលា​ដែល​ត្រូវការ។

6. បន្ថែម​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​គ្រួសារ​ច្រើនឡើង: ជឿថា ការ​មានកូន​នឹង​ជួយ​បង្កើន​ភាពសប្បាយ​រីករាយ​ឱ្យ​ជីវិត​គ្រួសារ​កាន់តែ​ស្រស់ថ្លា​ឡើង ពេញ​ទៅដោយ​សំឡេង​សើច​ក្អាកក្អាយ និង​ស្នាមញញឹម​របស់​បណ្ដាក្មេងៗនៅក្នុង​ផ្ទះ​ខ្លាំង​ជាង​ការរស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។

7. បាន​រៀន​យល់ដឹង​យ៉ាង​គ្មាន​ទីបញ្ចប់: អ្នក​ម្ដាយ​នឹង​បាន​ហ្វឹកហាត់​ការធ្វើជា​គ្រូ រហូត​ក្លាយជា​ការងារ​បន្ថែម បាន​ស្គាល់​នូវ​សេចក្ដីស្រឡាញ់​យ៉ាងពិត​ប្រាកដ និង​ស្គា​ល់ពី​ការផ្ដល់ឱ្យ​ដោយ​មិន​សង្ឃឹម​ការ​តបស្នង បាន​សាកល្បង​ខុស​ផង​ត្រូវ​ផង រៀន​យល់ដឹង​ទៅជា​មួយ​កូន និង​សរសេរ​អត្ថបទ​ជីវិត​ដោយ​ខ្លួនឯង ព្រោះ​នៅក្នុង​ជីវិត​ពិត គ្មាន​រូបមន្ត​មេរៀន​កំណត់​ច្បាស់​នោះឡើយ។

8. ជួយ​ឱ្យ​ខួរក្បាល​ម្ដាយ​អភិវឌ្ឍ: អាច​រាប់បាន​ថា ជា​ភាព​អស្ចារ្យ​មួយទៀត​របស់​ធម្មជាតិ​ដែល​ត្រៀម​សមត្ថភាពផ្សេងៗឱ្យចូល​គ្នា​ជាមួយ​អំឡុង​វ័យ​របស់​មនុស្ស​យ៉ាងពិត​ប្រាកដ ព្រោះ​មានការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់ថា “ខួរក្បាល​របស់ម្ដាយ​ក្រោយ​ប្រសូត​បុត្រ​រួច​នឹងមាន​ផ្នែក​ខ្លះ​រីកធំឡើង ដើម្បីឱ្យ​ម្ដាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ទប់ទល់​ជាមួយភាព​សាកល្បងថ្មីៗក្នុងការ​ចិញ្ចឹម​ថែទាំ​កូន”។

9. ប្រយោជន៍​របស់​ការ​មានកូន (ដែល​អ្នក​នឹកស្មាន​មិន​ដល់): ក្នុង​រឿងផ្សេងៗទៀត​ក៏​ដូចគ្នា​ដែរ អ្នកនឹង​ក្លាយជា​អ្នកបើកបរ​រថយន្ត​ដែលមាន​ការប្រយ័ត្នប្រយែង​ខ្ពស់​ឡើង​រហូត​ក្លាយជា​ទម្លាប់។ ទទួលបាន​សិទ្ធិពិសេសៗជាងគេ​ច្រើនឡើង(ដូចជា ពេល​ឡើង​ជិះ​រថយន្តក្រុង នឹងមាន​អ្នក​ក្រោក​ទុក​កៅអី​ឱ្យ​រូបអ្នក​ដែល​កំពុង​តាំង​គភ៌​អង្គុយជាដើម)។ បាន​សម្រក​ទម្ងន់​បែប​មិនចាំបាច់​តម​អាហារ ជាពិសេស​ពេល​ចាញ់កូន អំឡុងពេល​បំបៅកូន ឬ​ពេល​លេង​ជាមួយ​កូនជាដើម។ សេចក្ដីសុខ​ដែល​អាច​រកបាន​យ៉ាង​ងាយ(ដូចជាការ​បាន​សើច និង​មាន​សេចក្ដីសុខ​ពេល​កូន​ធ្វើ​អ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បាន​ឱប​កូន បាន​ពកូន​ដោយ​គ្មាន​ពេល​កំណត់។ មាន​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ ហើយកូន​នឹង​នៅតែ​ស្រឡាញ់​ម្ដាយ​ជានិច្ច ទោះជា​នៅ​ថ្ងៃ​ដែល​ម្ដាយ​យ៉ាប់យ៉ឺន​បំផុត​ក៏ដោយ។ បាន​ហ្វឹកហាត់​សិល្បៈ​ការសម្ដែង និង​កាយវិការផ្សេងៗគួបផ្សំ​ពេលនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់។ បាន​ប្រឡែង​ជាមួយ​កូន ជឿ​ចុះ​ថា ពិតជា​សប្បាយ និង​មាន​សេចក្ដីសុខ​ខ្លាំងណាស់។ បាន​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត​កាល​នៅ​ក្មេង(តែ​វើ​ហ្សឹ​ន​ថ្មី) បាន​ទិញ​របស់​លេង​ដែលធ្លាប់​ចង់បាន​កាលពី​នៅ​តូចឱ្យទៅ​កូន។ បាន​ត្រឡប់​ទៅ​សប្បាយបែបក្មេងៗម្ដងទៀត​ជាមួយ​កូន​ដោយ​គ្មាន​អ្នកណា​ថាអី​ឱ្យ ហើយបើ​អ្នក​ញ៉ាំ​អី​ហើយ​កំពប់រ​ឡេ​ករ​ឡាក់ អ្នកដទៃ​នឹង​គិតថា កូន​របស់​អ្នកជា​អ្នកធ្វើ​កំពប់ មិនមែន​អ្នកទេ(ហាស​ហាស​ហា) និងច្រើនៗទៀត​ដែល​ពោរពេញ​ទៅដោយ​ក្ដីសប្បាយ​រីករាយ​ជាមួយកូនៗគ្មាន​ទីបញ្ចប់៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម