គន្លឹះល្អៗ4យ៉ាងក្នុងការ​ចិញ្ចឹម​កូន​ឆ្នាំ2018 ឱ្យ​ក្លាយជា​មនុស្ស​ពូកែ ចរិតល្អ មិន​កេងប្រវ័ញ្ច

មិន​ថានរណាៗក៏​ចង់​បានកូន​ដែល​ឆ្លាត​វាងវៃ រៀន​ពូកែ ធំ​ឡើង​ក្លាយជា​មនុស្ស​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុងតួនាទី​ការងារ​ដែរ តែ​រឿង​ទាំងអស់នេះ​ក៏​អាច​នឹង​អាស្រ័យ​លើ​ការចិញ្ចឹម​មើលថែ​យ៉ាងសំខាន់​ដែរ។ យើង​នាំគ្នា​មក​មើលថា តើ​គន្លឹះល្អៗ 4យ៉ាង​ក្នុងការ​ចិញ្ចឹម​កូន​ឱ្យ​ក្លាយជា​មនុស្ស​ល្អឥតខ្ចោះ​មាន​អ្វីខ្លះ?

1. ធ្វើកិច្ចការផ្ទះ
លោកឪពុក​អ្នក​ម្ដាយជាច្រើនៗតែ​ចិញ្ចឹម​កូន​បែប​បណ្ដោយ​តាមចិត្ត​កូន​ច្រើន​ជ្រុលពេក ដែល​អ្នកគ្រូ ឆវី ក៏​យល់ចិត្ត​ដែរ​ថា ព្រោះតែ​ស្រឡាញ់ មិន​ចង់ឱ្យ​កូន​នឿយហត់ ចង់ឱ្យ​កូន​យកចិត្តទុកដាក់​តែ​លើ​ការរៀនសូត្រ ទើប​បណ្ដា​ឪពុកម្ដាយ​មាមីង​តា​យាយ​បណ្ដោយ​តាមចិត្ត​កូនចៅ​តាំងពី​តូច មិនដែល​ឱ្យធ្វើ​ការងារ​ផ្ទះ​អ្វី​ឡើយ មាន​អ្នក​ធ្វើឱ្យ​គ្រប់យ៉ាង ដោយ​មិន​បានដឹង​ឡើយ​ថា រឿង​ទាំងអស់នោះ​នឹងធ្វើ​ឱ្យ​ក្មេង​មាន​ទម្លាប់​និស្ស័យ​មិនល្អ​នៅពេល​ធំ​ឡើង​ក្នុង​វ័យ​ត្រូវ​ចូល​សង្គម​នឹង​លំបាក។ការហាត់​ឱ្យ​កូន​ធ្វើ​ការងារ​ផ្ទះ នឹង​ជួយ​ឱ្យ​ក្មេង​មាន​ភាព​ទទួលខុសត្រូវ ស្គាល់​តួនាទី​របស់​ខ្លួនឯង​តាំងពី​នៅ​តូច នៅពេល​ធំ​ឡើង​ក៏​នឹង​អាចធ្វើ​ការ-ងារ​រួមជាមួយ​អ្នកដទៃ​បាន​យ៉ាង​គ្មាន​បញ្ហា។

2. បណ្ដោយ​តាមចិត្ត​បាន តែ​ត្រូវមាន​ហេតុផល
លោកឪពុក​អ្នក​ម្ដាយ​ជាច្រើន​នាក់ (រួមទាំង​ពូ​មីង​អ៊ំ​តា​យាយ​ផងដែរ) នៅពេល​មើលឃើញថា កូន​ចង់បាន​អ្វី ឬ​ដឹងថា​ចៅ​ត្រូវការ​អ្វីក៏​ច្រើនតែ​ទិញ​មកឱ្យ​បែប​គ្មាន​ហេតុផល​អ្វី​ទាំងអស់មិន​ថា​របស់​នោះ​មានតម្លៃ​ថ្លៃ​លើស​ភាពចាំបាច់​ឬ​អត់​ក៏ដោយ សុំ​ត្រឹមតែ​អា​ល្អិត​ចង់បាន មិនយូរប៉ុន្មាន​វត្ថុ​នោះ​ក៏​នឹងត្រូវ​ទិញ​មកឱ្យ​ដល់ផ្ទះ​មិន​ខាន។ ការ​បណ្ដោយ​តាមចិត្ត​ក្មេង​ខ្លាំង​ជ្រុល​ពេក អាច​ហុចផល​អាក្រក់​ដល់​ក្មេង​នាពេលអនាគតបាន ធ្វើឱ្យ​ក្មេង​មិន​ស្គាល់​ការ​ទប់​សង្កត់ចិត្តមិនចេះ​អត់ទ្រាំ និង​មិន​ស្គាល់​ពាក្យ​ថា​គ្រប់គ្រាន់តែ​ក៏​មិនបាន​មានន័យថា នឹង​ហាម​មិនឱ្យ​ទិញ​អ្វី​ឱ្យ​កូន​នោះទេ គ្រាន់តែ​មុននឹង​ទិញ គួរឱ្យ​កូន​ទៅ​គិត​ជាមុនសិន​ថា ហេតុផល​ដែល​ត្រូវ​ទិញ​នោះ​គឺ​អ្វី និង​អាច​នឹង​សាកល្បង​ឱ្យ​កូន​ទៅ​ស្វែងរក​ព័ត៌មាន​ប្រៀបធៀប​រវាង​វត្ថុ​ដែល​ចង់បាន​ក្នុងម៉ាក​យីហោនីមួយៗនោះ​វា​ខុសប្លែកគ្នា​យ៉ាងណា? តម្លៃ​មួយណា​ថ្លៃជាង? ព្រោះ​អ្វី? រួចហើយ​សឹម​មក​ប្រាប់​ឪពុកម្ដាយ និង​ចាំ​ទិញ​ឱ្យ​កូន។​ ដែល​សំខាន់​នោះ​គឺ វា​ថែមទាំង​មាន​ផល​ល្អ​ចំពោះ​ឪពុកម្ដាយ​ទៀតផង ព្រោះ​ពេលខ្លះ អ្វីដែល​កូន​ចង់បាន​នោះ ឪពុកម្ដាយ​ដូច​រូបយើង​អាច​នឹង​មិនដែល​ស្គាល់​ពីមុនមក​ផង​ថា វា​ល្អ ឬ​មិនល្អ​យ៉ាងណា​នោះ?

3. បង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ
ការចេះ​សន្សំ​លុយ​ឱ្យបានច្រើនៗ គឺជា​រឿង​ល្អ តែ​ពេលខ្លះ​លោកឪពុក​អ្នក-​ម្ដាយ​គួរតែ​បង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ​ខ្លះ​ផង ដូចជា ​ថ្លៃ​នំ​បន្តិចបន្តួច ឬ​បង្ហាត់​ឱ្យ​កូន​សន្សំ​លុយដើម្បី​របស់​ដែល​ខ្លួនគេ​ចង់បាន​ណាមួយ​ក្រោយពី​អធិប្បាយ​ពី​ហេតុផល​ប្រាប់​ឪពុកម្ដាយ​តាម​ចំណុច​ទី2 រួចហើយ។ ការបង្ហាត់​ឱ្យ​កូន​ចេះ​ចាយលុយ​បន្តិចបន្តួច​នឹង​ជួយ​ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​ចេះ​យល់ចិត្ត​អាណិតអាសូរ​អ្នកដទៃ និង​ស្គា​ល់ពី​ការឱ្យ និង​ការលះបង់។

4. ប្រើពេល​វេលា​នៅ​រួមគ្នា​ជា​គ្រួសារ
ឪពុកម្ដាយ​គួរប្រើ​ពេលវេលា​រួមគ្នា ទៅ​ដើរលេង​ជាមួយគ្នា​ជា​គ្រួសារ ឬ​សូម្បីតែ​ពេល​នៅផ្ទះ​ក៏ដោយ​គួរ​ចាត់ចែង​ពេលវេលា​សម្រាប់​គ្រួសារ​ដើម្បី​ជជែក​គ្នា ឬ​ធ្វើ​អ្វីមួយ​រួមគ្នា។ ក្មេង​ខ្លះ​នៅពេល​ចាប់ផ្ដើម​ធំ​ឡើង​ក៏​ច្រើន​តែមាន​ពិភព​ផ្ទាល់ខ្លួន​របស់គេ នៅតែ​ក្នុង​បន្ទប់ មិន​ចេញមក​និយាយស្ដី​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ។ ការរៀបចំ​ពេលវេលា​នៅ​ជាមួយគ្នា​នឹងជួយ​រឹតចំណង​សម្ពន្ធភាព​របស់​សមាជិក​គ្រប់គ្នា​ក្នុង​គ្រួសារ ដូច្នេះ​ទើប​គួរ​រក​ពេលវេលា​ធ្វើ​កិច្ចការងារ​រួមគ្នា​ឱ្យបាន​ច្រើន។

កុំភ្លេចថា ពេលវេលាមួយខែៗ មួយឆ្នាំៗកន្លងផុតទៅ​ឆាប់រហ័ស​ណាស់ ថែមទាំង​មិនអាច​ថយ​ត្រឡប់​ទៅវិញ​បាន​ទៀតផង ដូច្នេះ​បើ​ឪពុកម្ដាយ​ប្រើពេល​វេលា​រួមគ្នា​មក​តាំងពី​កូន​នៅក្នុង​ផ្ទៃ​រហូត​ដល់ពេល​កូន​ធំធាត់​ឡើង ក៏​នៅតែ​ធ្វើ​ដូច​មុន​ដដែល​នោះ នឹងធ្វើ​ឱ្យ​កូន​បានទទួល​ភាពកក់ក្ដៅ​ពី​ឪពុកម្ដាយ ដែល​វា​នឹង​ហុច​ផល​ល្អ​ដល់​ការរៀន​យល់ដឹង​របស់​ក្មេង ព្រោះ​នៅពេល​ផ្លូវចិត្ត​មាន​សេចក្ដីសុខ​ហើយ ខួរក្បាល​ក៏​នឹង​អភិវឌ្ឍ​ទៅតាម​នោះដែរ៕

Advertisement