5មូលហេតុ​នៃ​ការ​រលូត​បុត្រ ដែល​ស្ត្រី​មានគភ៌​ត្រូវ​ដឹង

និយាយ​អំពី​រឿង​របស់​សភាវ​រលូត​បុត្រ​បន្ទាប់ពី​ការតាំង​គភ៌ មិន​ថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ក៏ដោយ គឺ​សុទ្ធតែជា​រឿង​ដ៏​គួរឱ្យ​សោកសៅ និង​គួរឱ្យ​អាណិត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់។ អ្នកខ្លះ​ដែល​តាំង​សេចក្ដីសង្ឃឹម​ខ្លាំង ក៏​អាច​នឹង​ខូចចិត្ត​សោកស្ដាយ​ដល់​ថ្នាក់​ញ៉ាំ​មិនបាន​ គេង​មិន​លក់ លំបាក​ដល់​ក្រុមគ្រួសារ​ត្រូវ​នៅចាំ​មើលថែទាំ​យ៉ាង​ជិតដិត ទាំង​ដែល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​វិញ សភាវ​រលូត​បុត្រ​អាច​កើតឡើង​បាន​ដោយ​ឯកឯង មិន​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ ឬ​ភាព​ភ្លាំងភ្លាត់​របស់​ស្ត្រី​មានគភ៌​ឡើយ ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​នៃ​ការ​រលូត​បុត្រ​ដែល​គេ​អាច​ជួបប្រទះ​ញឹកញាប់​បំផុត​ក្នុងពេល​បច្ចុប្បន្ន។

1. ឆ្លង​មេរោគ​បាក់តេរី និង​មេរោគ​វីរុស
ជា​ប្រក្រតី នៅពេល​ទៅពិនិត្យ​គភ៌​លើកដំបូង ពេទ្យ​តែងតែ​ពិនិត្យ​រកមើល​ជំងឺ​កាមរោគ ឬ​ជំងឺ​ដែល​ឆ្លង​តាមរយៈ​ការ​មាន​ភេទ​សម្ពន្ធ​មុនគេ​បង្អស់ ជាពិសេស​មេរោគ​នៃ​ជំងឺស្វាយ មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ B និង​ C ដែល​អាច​ហុច​ផល​ឱ្យ​កើត​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន ដូចជា​ ធ្វើឱ្យ​សាច់​ភ្នាស​ក្នុង​ស្បូន​មាន​បញ្ហា​រហូត​តួ​កំណើត​មិនអាច​ចម្រើន​ធំធាត់​តទៅទៀតបាន ឬ​បើ​តួ​កំណើត​ចម្រើន​ធំធាត់​បាន តែ​ក៏មាន​ផលប៉ះពាល់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​របស់​ទារក ធ្វើឱ្យ​ពេទ្យ​ត្រូវតែ​សម្រេចចិត្ត​បញ្ឈប់​ការតាំង​គភ៌​នៅពេល​ក្រោយ។

2. ភាពខុសប្រក្រតី​របស់​ក្រូ​ម៉ូ​ហ្សូ​ម
សម្រាប់​មូលហេតុ​នៃ​ការ​រលូត​បុត្រ​ក្នុង​ចំណុច​នេះ អាច​រាប់បាន​ថា គួរឱ្យ​អាណិត​ជាទីបំផុត ព្រោះ​គ្មាន​អ្នកណា​អាច​ដឹង​មុន​បានឡើយ​ថា តើ​ក្រូ​ម៉ូ​ហ្សូ​ម​មួយគូ​ណា​ដែល​នឹង​កើតមាន​ភាពខុសប្រក្រតី​នោះទេ? និង​នៅពេល​ដឹង​ហើយក៏​មិនអាច​កែខៃ​អ្វី​បាន​ទាំងអស់។ សម្រាប់​សភាវរ​លូ​តបុ​ត្រ​វិញ ច្រើន​បណ្ដាលមកពី​ការដែល​ក្រូ​ម៉ូ​ហ្សូ​ម​មិនអាច​តម្រៀប​ខ្លួន​ត​គ្នា​បាន តែបើ​សិន​ក្រូ​ម៉ូ​ហ្សូ​ម​គូ​ខ្លះ​មាន​បញ្ហា​ខ្វះ ឬ​លើស ក៏​នឹង​ហុច​ផល​ឱ្យ​កើត​ភាពខុសប្រក្រតី​ដែល​ក៏​ជា​មូលហេតុ​ឱ្យ​ពេទ្យ​ត្រូវ​បញ្ឈប់​ការតាំង​គភ៌​ដូចគ្នា​ដែរ។

3. ជក់បារី ទទួលទាន​ភេសជ្ជៈ​ជាតិ​អាល់កុល និង​សេព​គ្រឿងញៀន
ជា​រឿង​ដែល​ទាំងអស់គ្នា​បានដឹង​ច្បាស់​ហើយ​ថា ទង្វើ​ទាំងនេះ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​សភាវ​រលូត​បុត្រ​បាន​ខ្ពស់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 3ខែ​ដំបូង។ ការពិតទៅ មិនចាំបាច់​ថា ត្រូវតែ​សេព​ចូលទៅ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ ព្រោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​ដែល​ធ្វើការ​នៅក្នុង​បន្ទប់​ប្រតិបត្តិការផ្សេងៗដែលមាន​សារធាតុពុល​មួយចំនួន​ដែល​ស្រដៀង​នឹង​ថ្នាំញៀន រួមទាំង​ជាតិ​អាល់កុល​ប្រភេទ​ខ្លះ​​ជាប់​រហូត ក៏​បណ្ដាលឱ្យ​កើត​សភាវ​រលូត​បុត្រ​អស់​ជាច្រើន​នាក់​រួចមកហើយ​ដែរ ។

4. ស្បូន​ខុស​ប្រក្រតី
បញ្ហា​ស្បូន និង​មាត់ស្បូន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខុស​ប្រក្រតី​មកពី​កំណើត ឬ​ខុស​ប្រក្រតី​ដោយសារ​សភាវ​មួយចំនួន ក៏​ធ្វើឱ្យ​កើត​សភាវ​រលូត​បុត្រ​បានដែរ ដោយសារតែ​តួ​កំណើត​មិនអាច​បង្កប់ខ្លួន ឬ​ចម្រើន​ធំធាត់​បាន​យ៉ាង​ល្អ​ហ្នឹងឯង។

5. រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ
រោគមួយចំនួន ដូចជា រោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

Advertisement