អ្នក​ម្តាយ​មានគភ៌​គេង​មិន​លក់ គួរ​ធ្វើ​យ៉ាងម៉េច?

ក្តី​លំបាក​មួយទៀត​របស់​ម​នុស្ស​យើង​គឺ “ងងុយគេង តែ​គេង​មិន​លក់” ហើយ​អ្នក​ម្តាយ​មានគភ៌​ជាច្រើន​នាក់​ក៏​ប្រហែលជា​ធ្លាប់​កើត​អាការ​បែបនេះ​ញឹកញាប់​ដែរ មែន​ទេ?

ហេ​ត​អ្វី​បាន​អ្នក​ម្តាយ​មានគភ៌​គេង​មិន​លក់? មូលហេតុ​ចម្បង គឺ​បណ្តាលមកពី​ការប្រែប្រួល​របស់​អ័រម៉ូន​នៅក្នុង​រាងកាយ​ហ្នឹងឯង។

ក្នុង​ត្រីមាស​ទី1 ៖ ជាពិសេស​ក្នុងអំឡុងពេល​ត្រីមាស​ដំបូង ដែល​កម្រិត​អ័រម៉ូន ប្រូ​ជេ​ស្ទើ​រ៉ូ​ន កើនឡើង​ខ្ពស់ជាង​ប្រក្រតី ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ម៉ួ​ម៉ៅ  នឿយ​ល្វើយ  សោកសៅ និង​គេង​មិន​លក់ ឬ​ពេលខ្លះ​មាន​អារម្មណ៍​ងងុយគេង​ខ្លាំង តែ​គេង​លក់​មិនសូវ​ពេញលេញ ឬ​អ្នក​ម្តាយ​ខ្លះ​គេង​ពេល​ថ្ងៃ​ច្រើនពេក ក៏​ជា​មូលហេតុ​មួយ​ធ្វើឱ្យ​ពេលយប់​មាន​អារម្មណ៍​មិនសូវ​ងងុយគេង​ផងដែរ។

ក្នុង​ត្រីមាស​ទី2 ៖ ខណៈដែល​ក្នុងអំឡុង​ត្រីមាស​ទី2 មាន​មូលហេតុ​ចម្បង​មកពី​ការ​រើ​របស់​កូន​នៅក្នុង​ពោះ បូក​ជាមួយ​ក្នុងអំឡុង​ពេលនេះ​អ័រម៉ូន ប្រូ​ជេ​ស្ទើ​រ៉ូ​ន នៅក្នុង​រាងកាយ​របស់​អ្នក​ម្តាយ​នៅតែ​ខ្ពស់​ដដែល ដូចនេះ​អ្នក​ម្តាយ​ក៏​អាច​នឹង​គេង​មិន​លក់បាន​ដូចគ្នា។

ក្នុង​ត្រីមាស​ទី3 ៖ និង​ក្នុង​ត្រីមាស​ចុងក្រោយ អ្នក​ម្តាយ​មួយចំនួន​អាច​គេង​មិន​លក់ ដោយសារតែ​ការរីក​ធំ​របស់​ក្បាលពោះ ទើប​មាន​អារម្មណ៍​ថា​តឹង​ពោះ ឈឺ​ខ្នង ឬ​ឈឺ​បត់ជើងតូច​ញឹក រហូត​ត្រូវ​ងើប​ឡើងទៅ​ចូល​បន្ទប់​ទឹកជា​ញឹកញាប់។

ក) គេង​មិន​លក់​មាន​ផលប៉ះពាល់​ដល់​សុខភាព

បើ​ត្រឹមតែ1ដង ឬ2ដង អ្នក​ម្តាយ​គ្រាន់តែ​ងងុយគេង ស្ងាប​នៅពេល​ថ្ងៃ​តែប៉ុណ្ណោះ តែបើ​ញឹកញាប់​រៀងរាល់​យប់​វិញ​នោះ វា​ប្រហែល​មិនមែនជា​រឿង​ល្អ​ទេ ព្រោះថា៖

. គេង​មិន​លក់​ធ្វើឱ្យមាន​អារម្មណ៍​តានតឹង : អាកា​រគេង​មិន​លក់​ជាមួយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​គឺជា​រឿង​ដែល​ពាក់ព័ន្ធ​គ្នា ព្រោះ​នៅពេល​អ្នក​គេង​មិន​លក់ វា​នឹង​បង្កឱ្យមាន​ភាព​ធុញថប់​តានតឹង រឹត​តែមាន​អារម្មណ៍​តានតឹង រឹតតែ​ភ័យ​បារម្ភ រហូត​ទីបំផុត​នឹង​រឹតតែ​ធ្វើឱ្យ​គេង​មិន​លក់​ទៅទៀត។

. សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប្រថុយ​នឹង​សភាវ​គភ៌​មាន​ជាតិពុល : ដោយ​នៅក្នុង​មួយយប់ៗអ្នក​ម្តាយ​គួរ​គេង​ឱ្យបាន8-9ម៉ោង ដើម្បីឱ្យ​រាងកាយ​សម្រួល​តុល្យភាព និង​គ្រប់គ្រង​អ័រម៉ូនផ្សេងៗបាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​អ័រម៉ូន​ដែល​គ្រប់គ្រង​ការធ្វើការងារ​របស់​ស​រ​សៃ​ឈាម ព្រោះ​បើ​អ្នក​ម្តាយ​គេង​មិនបាន​គ្រប់គ្រាន់​នោះ អាចធ្វើឱ្យ​អ័រម៉ូន​មានការ​ប្រែប្រួល ហុច​ផល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្ក​ឱ្យ​កើត​សភាវ​គភ៌​មាន​ជាតិពុល។

. កូន​លូតលាស់​ធំធាត់​យឺត : នៅពេល​អ្នក​ម្តាយ​គេង​មិន​លក់ នឹង​ធ្វើឱ្យ​កូនតូច​គេង​មិន​លក់​តាម​នោះដែរ ដែល​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់​ផ្នែក​រាងកាយ និង​ខួរក្បាល​របស់​ទារក។ ការដែល​អ្នក​ម្តាយ​គេង​មិន​លក់ នឹង​ធ្វើឱ្យ​រាងកាយ​ល្វើយ​ខ្សោយ លំហូរ​វិល​របស់​ឈាម​នឹងមិន​សូវ​ល្អ  ហើយ​ឈាម​ដែល​ហូរ​ទៅ​ចិញ្ចឹម​កូន​នៅក្នុង​គភ៌​មាន​ប្រសិទ្ធភាព​ទាប ឬ​មិន​គ្រប់គ្រាន់ ពេល​ប្រសូត្រ​ចេញមក​ទារក​អាច​នឹងមាន​ទម្ងន់​ខ្លួន​តិចជាង​ប្រក្រតី ហើយ​ការ​ធំធាត់​របស់​កូន​ក៏​នឹង​យឺត​ជាង​ធម្មតា​ដែរ។

ខ) គន្លឹះ​ជួយ​ធ្វើឱ្យ​ងាយ​គេង​លក់

– ជ្រើសរើស​ឥរិយាបថ​គេង​ដែល​ស័ក្តិសម ព្រោះ​ក្នុងពេល​មានគភ៌ អ្នក​ម្តាយ​អាច​កើត​អា​ការឈឺ​ខ្នង ហើមពោះ ដូច្នេះ​ឥរិយាបថ​គេង​ដែល​ជួយ​កាត់បន្ថយ​អា​ការឈឺ​ខ្នង នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​កាន់តែ​ងាយ​គេង​លក់​ឡើង  ទោះជា​ពាក្យ​ណែនាំ​ទូទៅ​ប្រាប់​ឱ្យ​អ្នក​ម្តាយ​គេង​ផ្អៀង​ខាងឆ្វេង ព្រោះ​ស្បូន​នឹងមិន​សង្កត់​លើ​សរសៃ​ឈាមខ្មៅ​ធំ​ដែល​នៅ​ខាងស្តាំ​មែន តែ​ការពិត​អ្នក​ម្តាយ​អាច​គេង​ក្នុង​ឥរិយាបថ​ណា​ក៏បាន​ឱ្យតែ​មាន​អារម្មណ៍​ថាស​ប្បាយ​ស្រួលខ្លួន។

– កែសម្រួល​សភាព​ក្នុង​បន្ទប់​គេង​ឱ្យ​ស័ក្តិសម​សម្រាប់​អ្នក​មានគភ៌ ដូចជា ជ្រើសរើស​ពូក ខ្នើយ​កល់ ខ្នើយឱប​ឱ្យ​អំណោយផល​នឹង​ស្ថានភាព​នៃ​ការ​គេង​របស់​អ្នក​ម្តាយ​ជាដើម។

– គួរ​ចៀសវាង​ការទទួល​ទាន​ទឹក​ច្រើន ជាពិសេស3ម៉ោង​មុន​ចូល​គេង ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺ​បត់ជើងតូច និង​បើ​ភ្ញាក់​ពេល​កណ្តាលយប់​ហើយ ធ្វើឱ្យ​មិន​ងាយ​គេង​លក់​វិញ​នោះទេ។

– ព្យាយាម​ចូល​គេង និង​ភ្ញាក់​ឱ្យ​ទៀងពេល ព្រោះ​បើ​មានការ​ផ្លាស់ប្តូរ​កន្លែង ឬ​ខុស​ពេលវេលា អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ងងុយ ឬ​មិន​ចង់​គេង។

– មុន​ចូល​គេង ចូរ​អ្នក​ម្តាយ​ទទួលទាន​ទឹកដោះគោ​ក្តៅឧណ្ហៗ នឹង​ជួយ​ឱ្យ​គេង​ឆាប់​លក់។

– ហាត់ប្រាណស្រាលៗជាប់​ជានិច្ច ជួយ​ឱ្យ​ឈាម​ហូរ​វិល​បាន​កាន់តែ​ល្អ​ឡើង ធ្វើឱ្យ​អ្នក​ម្តាយ​គេង​លក់​កាន់តែ​ស្រួល​ឡើង។

– បើក​បទ​ចម្រៀង​ស្តាប់តិចៗមុន​ចូល​គេង ឬ​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ព្រោះ​ភាគច្រើន​អ្នក​ម្តាយ​ច្រើនតែ​បារម្ភ​ថា បើ​គេង​មិន​លក់ កូន​នឹងមាន​បញ្ហា ដូច្នេះ​កាត់បន្ថយ​ភាព​ជ្រួលច្រាល​នេះ​ចេញ ធ្វើ​ចិត្ត​ឱ្យ​សប្បាយ តែ​ប៉ុណ្ណឹង​មិនបាច់​តានតឹង​ក្នុង​អារម្មណ៍​រហូត​គេង​លែង​លក់​ទៅហើយ។

សាកល្បង​នាំយក​វិធី​ទាំងនេះ​ទៅប្រើ​ល​ល​មើល៍ តែបើ​អ្នក​ម្តាយ​ណា​នៅតែ​គេង​មិន​លក់​ដូច​មុន​ដដែល​នោះ សូម​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ​ភ្លាម ព្រោះ​បើ​បណ្តោយ​ទុក​យូរ​នឹង​ខូចសុខភាព ហើយ​មាន​គ្រោះថ្នាក់​ថែមទៀត  ហើយ​ដែល​សំខាន់​គឺ​កុំ​ទិញ​ថ្នាំ​គេង​លក់​មក​ញ៉ាំ​ដោយ​ខ្លួនឯង​ឱ្យសោះ ព្រោះ​វា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ចំពោះ​ទារក៕

Advertisement