តិច​និច​ជ្រើស​រើស​ទឹក​ដោះគោ​ម្សៅ​ដើម្បី​ឱ្យ​ឆ្អឹង​កូន​រឹងមាំ ​និង​មាន​សុខភាព​ល្អ

នរណាៗក៏​ដឹង​យ៉ាងច្បាស់​ដែរ​ថា ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ច្រើនជាងគេ​បំផុត​សម្រាប់​ការចិញ្ចឹម​កូន  តែ​នៅក្នុង​ករណីខ្លះ​អ្នក​ម្តាយ​ក៏មាន​ភាពចាំបាច់​ត្រូវតែ​ប្រើ​ម្សៅ​ទឹកដោះគោ​មកជួយ​ដែរ ដូចជា ពេល​អ្នក​ម្តាយ​ឈឺ​ធ្ងន់​មិន​អាចឱ្យ​កូនតូច​បៅដោះ​បាន ឬ​អ្នក​ម្តាយ​មិនអាច​ចិញ្ចឹម​កូនតូច​ដោយ​ខ្លួនឯងបាន​ជាដើម ដូច្នេះហើយ​យើង​ត្រូវតែ​ទទួលស្គាល់ថា ចាំបាច់​ត្រូវតែ​ពឹង​លើ​ម្សៅ​ទឹកដោះគោ។

ឥឡូវ​យើង​មក​មើ​លពី​ព័ត៌មាន និង​ពាក្យ​ណែនាំ​របស់លោក​វេជ្ជបណ្ឌិត​ជំនាញ អំពី​វិធី​ជ្រើសរើស​ទឹកដោះគោ​ម្សៅ​របស់​កូនតូច​វិញ​ប្រសើរ​ជាង។

វិធី​ជ្រើសរើស​ម្សៅ​ទឹកដោះគោ

ម្សៅ​ទឹកដោះគោ​នៅលើ​ទីផ្សារ​ដែល​យើង​ឃើញ​នោះ មាន​ឱ្យ​ជ្រើសរើស​ច្រើនយ៉ាង ច្រើន​យីហោ​ណាស់ ដោយ​យីហោនីមួយៗសុទ្ធតែ​ព្យាយាម​កែច្នៃ​ឱ្យមាន​ចំណែក​ផ្សំ​ដូច​ទឹកដោះ​ម្តាយ​បំផុត ដូចជា​កាត់បន្ថយ​ជាតិ​ប្រូ​តេ​អុ​ី​ន​នៅក្នុង​ទឹកដោះគោ ដើម្បីឱ្យ​ដូច​ទឹកដោះ​ម្តាយ​ឱ្យបាន​ច្រើន​បំផុត ព្រោះ​ទារក​បើ​បានទទួល​ជាតិ​ប្រូ​តេ​អុ​ី​ន​ច្រើន​ជ្រុល​ពេក ក្រលៀន​នឹង​កាន់តែ​ធ្វើការ​ខ្លាំង​ឡើង ឬ​សម្រួល​ខា​បូ​ហាយ​ដ្រេ​ត​នៅក្នុង​ចំណែក​ផ្សំ​មួយចំនួន​ឱ្យ​ស្រដៀង​ទឹកដោះ​ម្តាយ ងាយស្រួល​រំលាយ មិន​កក​ជាដុំៗ និង​បន្ថែម​សារជាតិ​អាហារផ្សេងៗដែលមាន​ប្រយោជន៍​ចំពោះ​ទារក​ចូលទៅ ព្រោះ​នៅក្នុង​ទឹកដោះ​ម្តាយ​មាន​សារធាតុ​អាហារ​ច្រើនជាង200ប្រភេទ​ឯណោះ។

ការជ្រើសរើស​ម្សៅ​ទឹកដោះគោ​ត្រូវ​មើល​លើ​អាយុ​របស់​កូន​ជា​ចម្បង ទឹកដោះ​ដែលជា​ទឹកដោះគោ​នឹងមាន​ចាប់តាំងពី៖

រូបមន្ត​ទី1: សម្រាប់​ទារក​ទើបនឹង​កើត រហូតដល់1ឆ្នាំ យើង​ហៅថា Infant Formula។
រូបមន្ត​ទី2: គឺជា​ទឹកដោះ​រូបមន្ត​បន្ត ឬ Follow on Formula សម្រាប់​ទារក​អាយុ6ខែ ដល់3ឆ្នាំ។
រូបមន្ត​ទី3: ជា​ម្សៅ​ទឹកដោះគោ​គ្រប់គ្រឿង ហៅថា Powdered Whole Milk ។

ក្រៅពី​អាយុ​កូន​ហើយ ត្រូវ​សង្កេត​មើលថា តើ​កូន​យើង​មាន​សភាវ​ពិសេស​ណាមួយ​ដែល​ត្រូវ​ជ្រើសរើស​ម្សៅ​ទឹកដោះគោ​សម្រាប់​គេ​ជាពិសេស ឬក៏​អត់ ដូចជា នៅលើ​ក្មេង​ដែលមាន​ជំងឺ​ខាង មេ​តា​បូ​លី​ហ្សឹ​ម រំលាយ​ជាតិ​ប្រូ​តេ​អុ​ី​ន​មួយចំនួន​មិនបាន ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ឬ​បើ​ចំពោះ​ក្មេង​ដែល​គ្រួសារ​មាន​ប្រវត្តិ​ច្បាស់​ថា មាន​រោគ​ប្រតិកម្ម​ចាញ់ ក៏​នឹងមាន​ម្សៅ​ទឹកដោះគោ​ពិសេស​មួយ​ដែល​យកជាតិ​ប្រូ​តេ​អុ​ី​នធំៗមក​រំលាយ​ឱ្យ​តូច គឺជា​រូបមន្ត​សម្រាប់​ក្មេង​ដែលមាន​សភាវ​ប្រថុយប្រថាន​នឹង​ការកើត​ប្រតិកម្ម​ចាញ់។

ក្រៅពីនោះ នៅមាន​ម្សៅ​ទឹកដោះគោ​សម្រាប់​ក្មេង​ដែលមាន​សភាវផ្សេងៗទៀត ដូចជា ទារក​ដែល​ប្រសូត​មុន​កំណត់ នឹងមាន​ទឹកដោះគោ​ពិសេស​ដែល​ផ្តល់នូវ​កម្លាំង​ថាមពល និង​មាន​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើនជាង​ម្សៅ​ទឹកដោះគោ​ធម្មតា ដើម្បី​បំប៉ន​ឱ្យ​កាន់តែ​រឹងមាំ​ឡើង។ ក្មេង​ដែលមាន​សភាវ​ក្អែទឹកដោះ​ចេញមក​វិញ ឬ​សាច់ដុំ​មាត់​ក្រពះ​មិនល្អ ក៏​នឹងមាន​ទឹកដោះគោ​រូបមន្ត​ពិសេស​ដោយឡែក ដែល​នឹង​ធ្វើឱ្យ​ក្មេង​លែង​សូវ​ក្អែ​ចេញមក  ចំណែកឯ​ក្មេង​ដែលមាន​អាការ​រាករូស ឬ​ការរំលាយ​អាហារ​ខុស​ប្រក្រតី នឹងមាន​ម្សៅ​ទឹកដោះគោ​ជាពិសេស​ដោយឡែក​ដូចគ្នា​ដែរ គឺជា​ទឹកដោះ​ដែល​គ្មាន​ជាតិ លែ​ក​តូ​ស។ ម្សៅ​ទឹកដោះគោ​ដែលជា​រូបមន្ត​ពិសេស​ទាំងនេះ ប្រភេទ​ខ្លះ​អ្នក​ម្តាយ​អាច​ទិញ​បាន​ដោយ​ខ្លួនឯង តែ​ប្រភេទ​ខ្លះទៀត​ត្រូវឱ្យ​លោកគ្រូ​ពេទ្យ​ជួយ ព្រោះ​ត្រូវ​ពិនិត្យមើល​ប្រវត្តិ​របស់​ក្មេងម្នាក់ៗផង។

ចំពោះ​ទារក​ដែល​រឹងប៉ឹង​ល្អ ប្រសូត​តាម​កំណត់ ជ្រើសរើស​ប្រើ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ណា​ក៏​គ្មាន​ខុសប្លែកគ្នា​ដែរ តែ​ត្រូវ​មើលថា តើ​មាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដែរឬទេ? បើ​ចង់បាន​ការណែនាំ ក៏​ចង់​ជម្រាប​ថា អ្នក​ម្តាយ​គួរ​សាកល្បង​ទិញ​កំប៉ុង​តូច​ប្រើ​មើល​សិន បើ​កូន​ញ៉ាំ​ហើយ​មិន​ឆ្ងល់​ពោះ បន្ទោបង់​បាន​តាម​ប្រក្រតី​ក៏​អូ​ខេ។ ពេល​លាយ ក៏ត្រូវ​លាយ​តាម​កម្រិត​ដែល​បានបញ្ជាក់​ទុក​ស្រាប់ បើ​លាយ​ខាប់​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​កូនតូច​រាក ឬ​ទល់លាមក​បាន ឬ​បើ​លាយ​រាវ​ពេក នឹងធ្វើ​ឱ្យ​កូនតូច​ទទួលបាន​ថាមពល​មិន​គ្រប់គ្រាន់។

សង្កេតមើល​កូនតូច​បៅ​ទឹកដោះគោ

មាន​អ្នក​ម្តាយ​ជាច្រើន​ដែល​ពេល​កូន​យំ ក៏​ឱ្យ​បៅ​ទឹកដោះ ព្រោះ​គិតថា កូន​ឃ្លាន ការពិតទៅ​កូន​អាច​មិនទាន់​ឃ្លាន​ក៏​ថា​បានដែរ អាច​យំ​ដោយសារ​មូលហេតុ​អ្វី​ផ្សេង​ផង​ក៏​មិនដឹង ដូច្នេះ​ចង់ឱ្យ​អ្នក​ម្តាយ​សាកល្បង​សង្កេតមើល​ជាមុនសិន ព្រោះ​ជាធម្មតា ទារក​ក្នុងអំឡុង2-3ខែ​ដំបូង​នឹង​បៅ​ក្នុង​មួយពេល2-3អន​ស៍(1អន​ស៍​ស្មើនឹង28.35ក្រាម) បើជា​ម្សៅ​ទឹកដោះគោ អាច​នឹង​ឱ្យ​បៅ​រៀងរាល់3-4ម៉ោង​ម្តង បើ​ទឹកដោះ​ម្តាយ​វិញ​អាច​នឹង​ញឹក​ជាង គឺ​ប្រហែលជា​រៀងរាល់2-3ម៉ោង​ម្តង ព្រោះ​ទឹកដោះ​ម្តាយ​ងាយស្រួល​រំលាយ​ជាង ដូច្នេះ បើ​កូន​ទើបនឹង​បៅ​ទឹកដោះ​ហើយ​មិនយូរប៉ុន្មាន ករណី​កូន​ស្រែកយំ​នេះ អ្នក​ត្រូវ​ពិនិត្យមើល​មូលហេតុ​ផ្សេង​ជាមុនសិន។

នៅលើ​ទារក​ទើបនឹង​កើត រហូតដល់2-3ខែ​ដំបូង នឹងមាន​ប្រតិកម្ម​មួយ​ដែល​ហៅថា Sucking Reflex គឺ​អ្វី​ក៏ដោយ​ដែល​នៅក្នុង​មាត់ ទារក​នឹង​តបស្នង​ដោយ​ការ​បឺត ទើប​ធ្វើឱ្យ​អ្នក​ម្តាយ​យល់ច្រឡំ​ជា​ញយ​ដង ដោយ​គិតថា​កូន​បិ​ុ​ន​មឹ​ម  ឃើញ​កូន​បិ​ុ​ន​មឹ​ម មឹ​ម​បានជារឿយៗបែបនេះ លុះដល់​ពេល​កូន​យំ​ក៏​ញ៉ុ​កដប​ទឹកដោះគោ​ដាក់​មាត់​កូន ពេល​ដាក់​ដល់​មាត់ កូន​ក៏​ស្ងាត់ និង​ចេះតែ​បឺតជារឿយៗទៅ ធ្វើឱ្យ​បៅ​លើស​កំណត់ កូន​ក៏​ណែន​ឆ្ងល់​ពោះ។  អ្នក​ម្តាយ​ត្រូវ​ចេះ​សង្កេតមើល​ទង្វើ​ការ​បៅ​ទឹកដោះ​របស់​កូន និង​រៀន​យល់ដឹង​រវាង​អ្នក​ម្តាយ​ដែលមាន​កូនតូច​ដូចគ្នា នឹង​បាន​តារាង​ការ​បៅ​ទឹកដោះ​ដែល​មិន​ដូចគ្នា អ្នក​ម្តាយ​ខ្លះ​អាចឱ្យ​កូនបៅ​ពេល​ថ្ងៃ​ញឹក អ្នក​ម្តាយ​ខ្លះទៀត​ឱ្យ​កូនបៅ​ពេលយប់​ញឹក តែបើ​ដល់ពេល​ត្រូវឱ្យ​បៅ​ទឹកដោះ​ហើយ តែ​កូន​កំពុង​គេង​លក់ ក៏​មិនចាំបាច់​ដាស់​កូន​ឱ្យ​ភ្ញាក់​ឡើងមក​បៅ​ដែរ បណ្តោយឱ្យ​កូន​គេង​ឱ្យ​បានយូរ​សិន​ចុះ រួចហើយ​លោកឪពុក​អ្នក​ម្តាយ​ចាំ​បន្ថែម​ពេល​មឹ​ម​ទឹកដោះ​ឱ្យ​កូន​នៅពេល​ក្រោយ​ក៏បាន៕

Advertisement