10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

ឪពុកម្តាយម្នាក់ៗសុទ្ធ​តែមាន​ជំនឿ​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន​ខុសប្លែក​ពីគ្នា អាស្រ័យ​លើ​វប្បធម៌​ប្រពៃណី បទពិសោធ​ដែល​ពួកគេ​បាន​ជួបប្រទះ​មក និង​ឪពុកម្តាយ​ជាតិ​សាសន៍​ផ្សេងគ្នា ភាសា​ផ្សេងគ្នា ក៏​រឹត​តែមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​ទៅទៀត រហូត​យើង​គិតថា ការចិញ្ចឹម​កូន​របស់​មនុស្ស​ក្នុងប្រទេសផ្សេងៗវា​ហាក់ដូចជា​មើលទៅ​ប្លែក​ចម្លែក​ក្នុង​ខ្សែ​ភ្នែក​របស់​យើង​ខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែ​ន នឹង​នាំ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​មក​មើល​ពី​ភាព​ប្លែក​ចម្លែក​ទាំងនោះ…។

1 . ឪពុកម្តាយ​ជនជាតិ ម៉ូ​រីតា​នី ស្តោះ​ទឹកមាត់​ដាក់​លើ​មុខ​កូន

ជន​កុលសម្ព័ន្ធ  Wolof ក្នុងប្រទេស​ម៉ូ​រី​តានី​ជឿថា ទឹកមាត់​របស់​ពួកគេ​អាចធ្វើឱ្យ​ពាក្យសម្តី​នៅ​ដិតដាម​នឹង​ខ្លួន​ក្មេង​បាន ដូច្នេះ​ពួកគេ​នឹង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទារក​ទើបនឹង​កើត ដើម្បីឱ្យ​ពរ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​នៅជាប់​ដិតដាម​ជាមួយ​ក្មេង​រហូត​ទៅ ដោយ​ស្ត្រី​ជា​ម្តាយ​នឹង​ស្តោះ​ទឹកមាត់​ចំ​ពីលើ​មុខ និង​ឪពុក​នឹង​ស្តោះ​ទឹកមាត់​នៅលើ​ត្រចៀក រួច​លាប​ទឹកមាត់​រប​ស់​ពួកគេ​ឱ្យ​សព្វ​នៅលើ​ក្បាល​របស់​កូន។

2 . ជនជាតិ​ន័​រវេ​យ៍ ឱ្យកូនៗគេង​លក់​នៅក្រៅ​ផ្ទះ​កណ្តាល​ធាតុអាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សា

វា​ជា​រឿង​ប្រក្រតី​ដែល​ប្រទេស​ក្នុង​តំបន់​ន័​រ​ឌិ​ក​តែង​ទុកឱ្យកូនតូចៗរបស់​ពួកគេ​ស្ថិតនៅក្នុង​រទេះរុញ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​ទោះជា​ក្នុងអំឡុង​រដូវរងា​ក៏ដោយ ខណៈដែល​ពួកគេ​អង្គុយ​ញ៉ាំ​អាហារ និង​ភេសជ្ជៈក្តៅៗនៅក្នុង​ហាង។ នោះ​ព្រោះតែ​ពួកគេ​ជឿថាការទុកឱ្យក្មេងៗបាន​ប្រឈម​នឹង​ភាព​រងា​ញ័រញាក់​នឹង​ជួយ​ឱ្យ​រាងកាយ​របស់ក្មេងៗរឹងមាំ គ្មាន​រោគ​ភ័យ​មក​បៀតបៀន។

3 . ម្តាយ​ជនជាតិ​គែន​យ៉ា​មិន​សម្លឹង​ភ្នែកកូនៗរបស់​ពួកគេ​ទេ

អ្នក​ម្តាយ​ជនជាតិ Kisii ក្នុងប្រទេស​គែន​យ៉ា​មាន​ជំនឿ​មួយ​ដែល​ហាក់ដូចជា​ប្លែក​ចម្លែក​ណាស់ ព្រោះ​ទោះជា​ពួកគេ​ចង់​មាន​ចំណែក​រួមគ្នា(ប្រឡែង​លេង)ជាមួយ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ក៏​ពួកគេ​មិន​សម្លឹងមើល​ភ្នែកកូនៗដែរ វា​ជា​វិធី​មួយ​ដែល​អ្នក​ម្តាយ​ទាំងនោះ​បង្ហាត់​ក្មេង​មិនឱ្យ​ចេះ​ទាមទារ​ចំណាប់អារម្មណ៍​ពី​ម្តាយ​ខ្លាំង​ជ្រុល​ពេក​ហ្នឹងឯង។

4 . ឪពុកម្តាយ​ជនជាតិ​វៀតណាម​នឹង​បង្ហាត់​កូន​ឱ្យ​នោម​ដោយ​សំឡេង…

គ្រប់​ពេលដែលក្មេងៗជាតិ​វៀតណាម​បញ្ចេញ​អាកា​រថា ចង់​នោម ម្តាយ​របស់​ក្មេង​ទាំងនោះ​នឹង​ជួយ​ធ្វើជា​សំឡេង​ឱ្យក្មេងៗឆាប់​នោម​ចេញមក មាន​អារម្មណ៍​ថា ស្រដៀងៗនឹង​ឪពុកម្តាយ​ជាតិខ្មែរ​យើង​ដែរ ដោយ​បញ្ចេញ​សំឡេង “ស៊ូ…” បង្អូសវែងៗ គឺ​ដើម្បីឱ្យក្មេងៗរៀន​យល់ដឹង​តាមរយៈ​សំឡេង​នេះ និង​អាច​ចេះ​ចូល​បន្ទប់ទឹក​ដោយ​ខ្លួនឯងបាន។

5 . ឪពុកម្តាយ​ជនជាតិ ម៉ា​យ៉ា ផ្ងូត​ទឹក​ទារក​ក្នុង​ទឹក​ត្រជាក់

ក្មេង​ក្នុង​វ័យ​ហាត់​ដើរ​របស់​ជនជាតិ​ម៉ា​យ៉ា​តែងតែ​បានទទួល​ភាពស្រស់ថ្លា​ដោយ​ការ​ងូតទឹក​ត្រជាក់​ពី​ឪពុកម្តាយ​មុនពេល​គេង។ ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​នឹង​ការពារក្មេងៗពី​កម្តៅ​របស់​ពន្លឺ​ថ្ងៃ និង​ធ្វើឱ្យក្មេងៗមាន​សុខភាព​រឹងមាំ​ល្អ។

6 . ក្មេងៗជនជាតិ​ហ្វាំ​ង​ឡង់ គេង​ក្នុង​ឡាំង​ក្រដាស់រឹងៗ

ជា​វប្បធម៌​ពី​បុរាណ​ដែល​ធ្វើឱ្យ​អ្នក​ម្តាយ​ជនជាតិ​ហ្វាំ​ង​ឡង់​មួយចំនួន​នៅតែ​ដាក់ឱ្យ​កូន​គេង​លក់​នៅក្នុង​ឡាំង​ក្រដាស់​ដែល​ប្រកបដោយ​ពូកស្តើងៗ និង​ឧបករណ៍ផ្សេងៗ ដែល​ឡាំង​ក្រដាស​មួយ​នេះ​អាច​រាប់បាន​ថា​ជា គ្រែ​ដំបូង​គេ​របស់​ទារក​ទើបនឹង​កើត។

7 . ក្មេង​ជប៉ុន​ញ៉ាំ​គ្រប់យ៉ាង តែ​មិន​ធាត់

ឪពុកម្តាយ​ជនជាតិ​ជប៉ុន ឬ​នៅក្នុង​កន្លែង​លក់​អាហារ​របស់​សាលារៀន​នឹង​ផ្តល់​ភាព​សំខាន់​ទៅលើ​ភោជនាហារ​របស់​ក្មេង​ក្នុងមួយពេលៗ ដោយ​ការឱ្យ​ញ៉ាំ​បន្លែ​ផ្លែឈើ​ជា​ចម្បង រួមទាំង​អាហារ​ដែលមាន​សារធាតុ​អាហារ​ខ្ពស់​ទៀតផង។ ទាំងអស់​ហ្នឹងហើយ ជាហេតុ​ផល​មួយ​ដែល​យើង​ច្រើនតែ​មិនសូវ​បានឃើញ​ក្មេង​ជប៉ុន​ធាត់​ខ្លាំង​ដូច​ក្មេង​ក្នុងប្រទេស​ដទៃទៀត​នោះ។

8 . ក្មេងៗជនជាតិ​ដា​ណឺ​ម៉ាក​នឹង​ព្យួរ​ច​ន្ត​ង់​ដោះ​ជ័រ​ទុក​នៅលើ​ដើមឈើ

ក្នុងប្រទេស​ដា​ណឺ​ម៉ាក ពេលដែលក្មេងៗអាយុ​បាន​ប្រមាណ​ជា 3 ខួប ពួកគេ​នឹងត្រូវ​បញ្ឈប់​ទង្វើ​ការ​បៀម​ច​ន្ត​ង់​ដោះ​ជ័រ ដោយ​ឪពុកម្តាយ​នឹង​ឱ្យក្មេងៗយក​ច​ន្ត​ង់​ដោះ​ជ័រ​ទៅ​ព្យួរទុក​នៅលើ​មែកឈើ​នៃ​ដើមឈើ​ពិសេស​សម្រាប់​ក្មេង​តូច ដើម្បី​ជាការ​លាគ្នា​ជាមួយ​របស់​លេង​របស់​ពួកគេ​ហ្នឹងឯង។

9 . ក្មេង​តូច​ជនជាតិ​អាល់​បា​នី ជ្រើសរើស​អនាគត​របស់​ពួកគេ​តាំងពី​នៅ​តេះតះ

គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្នុងប្រទេស​អាល់​បា​នី ដែល​អ្នក​ម្តាយ​នឹង​នាំយក​របស់​លេង​ប្រភេទផ្សេងៗជាច្រើន​មក​ដា​ក់នៅ​ពីមុខ​ក្មេង​តូច​ពេលដែល​ធ្មេញ​មួយ​គ្រាប់​ដំបូង​របស់គេ​ដុះ​ឡើងមក ដោយ​របស់​លេង​ដំបូង​គេ​ដែល​ក្មេង​តូច​ផ្តល់នូវ​ចំណាប់អារម្មណ៍ នឹង​ប្រៀបដូចជា​ការ​ទស្សន៍ទាយ​ពី​អាជីព​នាពេល​អនាគត​របស់​ពួកគេ​ដូច្នោះ​ដែរ ដូចជា បើ​ក្មេង​ជ្រើសរើស​យកលុយ នោះ​អាច​មានន័យ​ពី​ការ​ធំ​ឡើង គេ​ក្លាយ​នឹង​ជា​ប្រធាន​ធនាគារ  ជ្រើស​រើសយក​កាំបិត​ជ័រ​ក្មេង​លេង​អាច​មានន័យថា ធំ​ឡើង​នឹង​ក្លាយជា​គ្រូពេទ្យ​វះកាត់ ជាដើម។ល។

10 . ក្មេង​ថៃ និង​ក្មេង​ខ្មែរ​យើង នៅពេល​ធ្មេញទឹកដោះ​របូត​ជ្រុះ ត្រូវ​យកទៅ​កប់​ដី ឬ​បោះ​ទៅលើ​ដំបូលផ្ទះ

ជឿថា​មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ឆ្លងកាត់​បទពិសោធ​បែបនេះ​រួចមកហើយ ដោយ​ជំនឿ​របស់​មនុស្ស​ចាស់​ដែល​ជឿ​ត​គ្នា​មក​តាំងពី​បុរាណ​គឺ នៅពេល​ក្មេង​មាន​ធ្មេញទឹកដោះ​របូត​ជ្រុះ ហាម​បោះចោល​ផ្តេសផ្តាស។ បើ​ធ្មេញ​ក្រោម​របូត ឱ្យ​បោះ​ឡើងទៅ​លើដំបូល​ផ្ទះ បើ​ធ្មេញ​លើ​ជ្រុះ ឱ្យ​បោះ​ចូលទៅ​ក្រោមផ្ទះ ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​ធ្មេញ​ពិតប្រាកដ​ដែល​ដុះ​ចេញមក​ថ្មី​នឹងមិន​ចំ​ពើ​ស ឬ​វៀចឬ​ឱ្យ​ឆាប់​ដុះ​លឿន​ឡើង​ហ្នឹងឯង៕

Advertisement