នៅពេលកូនតូចឈានចូលខែទី11

June 11, 2018​ ម៉ោង 3:46 pm
0

លក្ខណៈរបស់កូនតូច
• ធ្មេញរបស់កូនតូច
ក្មេងខ្លះដែលធ្មេញដុះឡើងខាងមុខ 2គ្រាប់លើ និង2គ្រាប់ក្រោមហើយ រយៈពេលនេះនឹងមានធ្មេញដុះឡើងខាងៗ 2គ្រាប់លើទៀត ក្លាយជាធ្មេញលើ4គ្រាប់ តែក្មេងខ្លះធ្មេញលើ 2គ្រាប់កណ្ដាលនៅមិនទាន់ដុះឡើង ធ្វើឱ្យមានប្រឡោះនៅកណ្ដាល។ តែយ៉ាងណាក៏ដោយ នៅទីបំផុតធ្មេញ 2គ្រាប់កណ្ដាលក៏នឹងដុះឡើង ហើយក្មេងនឹងមានធ្មេញលើ ធ្មេញក្រោមមួយយ៉ាងៗ 4គ្រាប់។

• ពេលវេលាគេងរបស់កូន
ពេលវេលាគេងរបស់ក្មេងម្នាក់ៗខុសពីគ្នា។ វ័យនេះមានក្មេងចំនួនដ៏ច្រើនដែលធ្លាប់គេងពេលថ្ងៃ 2ដង ហើយនឹងបន្ថយបន្តិចម្ដងៗមកនៅសល់ត្រឹមតែមួយដង។ ក្មេងខ្លះគេងម្ដងៗកន្លះម៉ោង តែគេងញឹកញាប់មួយថ្ងៃ 3 – 4ដងក៏មាន។ ពេលភ្ញាក់ព្រឹកឡើងក៏ខុសគ្នាដែរ ក្មេងខ្លះបើកភ្នែកឡើងពេលម៉ោង6ព្រឹក លុះបានមឹមៗហើយក៏លក់បន្តដល់ម៉ោង 8 – 9ព្រឹក។ ក្មេងខ្លះគេងរហូតតាំងពីម៉ោង10យប់ដល់ម៉ោង8ព្រឹក។ ក្មេងអាចភ្ញាក់មកនោម ហើយលក់បន្តពេលបានបៅទឹកដោះហើយ តែក្មេងខ្លះគេងលក់ស្រួលទោះខោ ឬកន្ទបសើម រហូតផ្លាស់ឱ្យក៏មិនភ្ញាក់ដែរ។

• ដល់ពេលញ៉ាំអាហារបន្ថែម
អាហារក្នុងវ័យនេះ ខុសគ្នាទៅតាមស្ថាន-ភាពជុំវិញខ្លួន និងតម្រូវការរបស់ក្មេង មិនមានការកំណត់ច្បាស់ៗថា ក្មេងក្នុងវ័យនេះត្រូវតែញ៉ាំបាយប៉ុន្មានកូនចាន ទឹកដោះគោប៉ុន្មានដបនោះទេ តារាងបញ្ជីអាហារបន្ថែមគ្រាន់តែជាការណែនាំសម្រាប់អ្នកម្ដាយប៉ុណ្ណោះ។ បើកូនមិនញ៉ាំអាហារដូចដែលបានណែនាំ តែកូននៅរឹង-ប៉ឹងមាំមួនល្អ ទម្ងន់ខ្លួនកើនឡើងជាមធ្យមក្នុងមួយថ្ងៃពី 5 – 10ក្រាម អ្នកម្ដាយក៏មិនចាំបាច់កង្វល់ឡើយ។ កូនក្នុងវ័យនេះគឺញ៉ាំអាហារបន្ថែម 2ពេល និងម្ហូបគួរសង្កត់ធ្ងន់លើស៊ុត សាច់ត្រី ឬសាច់សត្វកិនម៉ដ្ឋ ដើម្បីកុំឱ្យខ្វះប្រូតេអុីនពីសត្វ។ កូនវ័យនេះនៅឱ្យបៅទឹកដោះក្នុងមួយថ្ងៃមិនតិចជាង 500 cc(កន្លះលិត្រ) អ្វីដែលសំខាន់បំផុតក្នុងការឱ្យញ៉ាំអាហារគឺ “កុំបង្ខំ” គួរឱ្យកូនញ៉ាំយ៉ាងមានសេចក្ដីសុខ និងបន្ថែមបរិមាណសន្សឹមៗតាមតម្រូវការរបស់កូន មិនមែនថា អាយុកើនឡើង ត្រូវតែបន្ថែមអាហារឱ្យប៉ុននេះប៉ុននោះតាមក្នុងតារាងបញ្ជីឡើយ។

• រឿងដែលត្រូវហាម
ឪពុកម្ដាយគួរបន្ទោសកូនពេលកូនធ្វើអ្វីដែលមិនល្អ ដូចជា កូនគប់នំប៉័ងដែលកាន់នៅក្នុងដៃទៅដី ឪពុកម្ដាយគួរធ្វើឱ្យកូនដឹងថា ធ្វើបែបហ្នឹងមិនល្អទេ។ លើកដំបូងគួរបន្ទោសដោយទឹកមុខនិងពាក្យសម្ដីថា “ធ្វើអុីចឹងអត់បានទេ” បើកូនធ្វើហាក់ដូចជាចង់ធ្វើទៀត ត្រូវស្រែកដាស់តឿនជាមុនថា “អត់បានទេណា៎”។ ដល់ពេលកូនយល់ពីអ្វីដែលម្ដាយហាម ហើយឈប់គប់នំប៉័ងលេង ម្ដាយត្រូវសរសើរថា “ល្អណាស់”។ សម្រាប់កូនតូចៗ អ្វីល្អ ឬមិនល្អមើលតាមរយៈទឹកមុខម្ដាយថា តើញញឹម ឬធ្វើមុខមាំ។ អ្នកម្ដាយខ្លះមិនបន្ទោស ព្រោះគិតថាទោះជាបន្ទោសទៅ ក៏កូនមិនដឹងរឿងអីដែរ។ ទោះជាកូននៅមិនទាន់ដឹងថា អ្វីល្អ អ្វីមិនល្អក៏ដោយ តែក៏កូនមានភាពឆាប់ដឹងពីអារម្មណ៍របស់ម្ដាយដែរ តែការធ្វើមុខមាំបន្ទោស សំឡេងបន្ទោសដើម្បីហាមកូនត្រូវយូរៗធ្វើម្ដងទើបបានផលល្អ និងជ្រើសរើសបន្ទោសតែក្នុងរឿងដែលគ្រោះថ្នាក់ប៉ុណ្ណោះ ហើយមិនគួរប្រើវិធីវាយទះតប់ ឬធ្វើឱ្យកូនឈឺសាច់ពេលធ្វើខុសនោះឡើយ។

• ពេលកូនមានរបួស
បើកូនរអិលដួល ធ្លាក់ពីទីខ្ពស់ បោកក្បាលមានរបួស ចូរយកបង់រុំរបួសមកសង្កត់ពីលើស្នាម-របួស ហើយនាំទៅរកពេទ្យ។ បើមានរបួសរលាត់ដាច់ ឬមានឈាមហូរចេញមកសើមៗ ចូរលាងមុខរបួសនឹងសាប៊ូ ប្រើអាល់កុលជូតជុំវិញ ហើយប្រើថ្នាំក្រហមលាបលើមុខរបួស មិនបាច់បិទដោយបង់បិទរបួសទេ។

• កូនធាត់លើសកម្រិត
មានទ្រឹស្ដីមួយនិយាយថា ចំនួនកោសិកាខ្លាញ់ក្រោមស្បែកនឹងត្រូវសាងឡើងក្នុងរយៈពេលមួយឆ្នាំដំបូង បើក្មេងណាធាត់ជ្រុលពេកមុនអាយុ1ឆ្នាំ ច្រើនតែនឹងក្លាយជាក្មេងងាយធាត់រហូតមួយជីវិត។ គួរថ្លឹងទម្ងន់កូនរៀងរាល់10ថ្ងៃម្ដង ទម្ងន់ខ្លួនកើនឡើងជាង200ក្រាម បានន័យថា ធាត់លឿនពេកហើយ ត្រូវគ្រប់គ្រងអាហារ ដូចជា បន្ថយអាហារពពួកម្សៅ ដូចជា បាយនំប៉័ង តែម្ហូបអាចនៅឱ្យញ៉ាំប៉ុនពីមុនបាន។

• នៅពេលកូនថ្នឹកប្រើដៃឆ្វេង
អ្នកម្ដាយអាចសង្កេតឃើញថា នៅពេលកូនលេងរបស់លេង ហុចដៃមកទទួលនំដែលគេឱ្យពេលកាន់ស្លាបព្រា កូនតែងលើកដៃឆ្វេងឡើងមុនជានិច្ច ដែលនេះគឺជារឿងប្រក្រតីរបស់ក្មេងមិនមែនដោយសារតែប្រើដៃឆ្វេងច្រើន ទើបធ្វើឱ្យថ្នឹកដៃឆ្វេងនោះទេ។ អ្នកម្ដាយមិនគួរព្យាយាមឱ្យកូនឈប់ប្រើដៃឆ្វេង ហើយប្រើដៃស្ដាំម្ដងវិញឡើយ ព្រោះការថ្នឹកប្រើដៃឆ្វេង ឬស្ដាំវាជាលក្ខណៈដោយឡែករបស់ក្មេង មិនមែនជារឿងអាក្រក់នោះទេ។ មិនគួរស្ដីបន្ទោសកូន តែគួរបណ្ដោយឱ្យកូនប្រើដៃខាងដែលថ្នឹកនោះទៅ បើចង់ឱ្យហាត់សរសេរអក្សរដោយដៃស្ដាំ ចាំឱ្យហាត់ពេលកូនចូលសាលារៀនហើយក៏បាន។ ដូច្នេះមិនថាកូននឹងប្រើដៃខាងណាក៏ដោយ អ្នកម្ដាយគួរឱ្យកូនបានប្រើយ៉ាងពេញលេញ ទើបជាការគាំទ្រឱ្យកូនកើតមានភាពចង់ធ្វើអ្វីៗក៏ធ្វើដោយខ្លួនឯងបានល្អតទៅទៀត។

វិវឌ្ឍនាការរបស់កូន
** រាងកាយ
• ប្រើដៃរុញខ្លួនឱ្យក្រោកឡើងមក និងឱនខ្លួនចុះពេលកំពុងឈរបាន។
• អង្គុយចោងហោងបានកាន់តែថ្នឹកខ្លាំងឡើង។
• ចាប់ខ្មៅដៃគូសវាសទៅមកបាន។
• ក្មេងខ្លះអាចទាញស្រោមជើងចេញពីជើងបានដោយខ្លួនឯង។
• ចេះប្រើដៃទាំងពីរធ្វើអ្វីៗមិនដូចគ្នាបានហើយ ដូចជា ដៃម្ខាងកាន់របស់លេងមួយដៃម្ខាងទៀតលេងរបស់លេង ឬគប់របស់លេងមួយទៀតបាន។

** សង្គមជុំវិញខ្លួន
• ស្គាល់អត្ថន័យរបស់ពាក្យថា “ទេ”។
• កាន់តែពូកែបដិសេធអ្វីដែលខ្លួនឯងមិនត្រូវការខ្លាំងឡើង។
• ចេះធ្វើត្រាប់សំឡេងបានកាន់តែពូកែឡើងដូចជា និយាយពាក្យថា “ម៉ាក់ៗ” ឬ “តោះៗ” ជាដើម។
• ចេះស្ដាប់ពាក្យបញ្ជាច្រើនឡើង និងចេះបញ្ឈប់ទង្វើរបស់ខ្លួនឯងបាន។

** លេងជាមួយកូនឱ្យបានញឹកញាប់
• កូនវ័យនេះចេះប្រើដៃបានថ្នឹកហើយ គួរលេងបោះបាល់ ហើយឱ្យកូនរត់តាមទៅយកបាល់មកវិញ ឬរកខ្មៅដៃពណ៌ឱ្យកាន់ និងសាកល្បងចាប់ដៃកូនគូសអូស ផាត់ពណ៌លើក្រដាស។
• កូនច្រើនតែចូលចិត្តលេងជាមួយរបស់របរប្រើប្រាស់ក្នុងផ្ទះខ្លាំងជាងរបស់លេងដែលទិញមកឱ្យ ក្មេងខ្លះចូលចិត្តមើលរូបភាព ជាពិសេសសៀវភៅដែលមានរូបភាពធំៗស្រួលមើល។
• បើកូនចាប់ផ្ដើមហាត់ដើរ ចូររកពេលនាំកូនទៅដើរនៅក្នុងបរិវេណសួនច្បារសាធារណៈផង៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម