កូនតូច និងការប្រើម្រាមដៃ

June 13, 2018​ ម៉ោង 3:01 pm
0

សូមបង្ហាញអត្ថបទថ្មីមួយទៀតអំពីកូនតូច ដើម្បីឱ្យអ្នកម្ដាយបានឆ្អែតពេញលេញជាមួយនឹងសារៈខ្លឹមសារពាក់ព័ន្ធនឹងវិវឌ្ឍនាការលើផ្នែកផ្សេងៗរបស់កូនតូចតាំងពីវ័យកើតដំបូង រហូតដល់អាយុ9ឆ្នាំ… និងមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងទេ ព្រោះអ្នកគ្រូ ឆវី នៅបានរួបរួម និងនាំយកវិធីទប់ទល់ជាមួយទង្វើដែលអាល្អិតកំពូលរពឹសយើងតែងតែធ្វើឱ្យលោកឪពុក អ្នកម្ដាយលោកតា លោកយាយឈឺក្បាលវិលមុខមិនដែលខានមួយថ្ងៃណានោះមកជម្រាបជូនទៀតផង ដោយអ្នកគ្រូ ឆវី ធានាថា ចាប់ពីពេលនេះទៅ បញ្ហាផ្ទុះផែនដីនេះនឹងក្លាយជារឿងស្រួលៗសម្រាប់អ្នកម្ដាយតែម្ដង។ ដូច្នេះពេលនេះយើងនាំគ្នាមកមើលពីវិវឌ្ឍនាការនៃការប្រើប្រាស់ដៃមួយដំណាក់កាលទៀតរបស់កូនតូចវិញល្អជាង…។

ក្នុងអំឡុងពេលដែលកូនតូចរៀនយល់ដឹងពីការហាត់អង្គុយដោយខ្លួនឯង គេនឹងប្រើដៃជួយរុញខ្លួនឡើង និងទប់ខ្លួនឯងមិនឱ្យដួលមកវិញ ធ្វើឱ្យដៃ និងបាតដៃរបស់កូនមិនទំនេរឡើយ រហូតទាល់តែកូនអាចអង្គុយបានដោយខ្លួនឯង ចេះទប់លំនឹងខ្លួនបានល្អឡើង ទើបពេលនោះដៃ និងបាតដៃរបស់កូនទំនេរឡើងវិញ។ ដូច្នេះ ចាប់ពីអំឡុងពេលនេះទៅ កូននឹងមានពេលពិនិត្យពិច័យមើលបាតដៃរបស់ខ្លួនឯងកាន់តែច្រើនឡើង កូននឹងមានអារម្មណ៍ដឹងថា ម្រាមដៃរបស់គេពិតជាឧបករណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះនៅពេលគេចង់ឱ្យវាកម្រើក វាក៏កម្រើកបាន គេអាចបញ្ជាវាបានតាមចិត្តនឹកឃើញ។ គឺពេលហ្នឹងហើយ ដែលគេចាប់ផ្ដើមប្រើម្រាមដៃកៀរគ្រវាសវត្ថុតូចៗដែលគេឃើញ និងប្រាកដណាស់ រឿងដំបូងគេដែលកូនសម្លាញ់បានហ្វឹកហាត់ម្រាមដៃនោះគឺ ការចាប់កាន់អាហារញ៉ាំដោយខ្លួនឯង ដែលវិវឌ្ឍនាការនេះ អ្នកម្ដាយនឹងបានឃើញក្នុងអំឡុងពេលដែលកូនតូចឈានចូលដល់ខែទី8។ ដូច្នេះលោកឪពុកអ្នកម្ដាយគួរជំរុញវិវឌ្ឍនាការរបស់កូនដោយការរកអាហារដុំតូចៗដែលមានភាពទន់ជ្រាយ ងាយស្រួលលេប (ត្រូវឱ្យប្រាកដក្នុងចិត្តថា មិនស្លាក់កកូន) ឱ្យកូនបានសាកល្បងចាប់កាន់យកមកដាក់មាត់ដោយខ្លួនឯង។ អាចនឹងប្រឡាក់បន្តិច តែក៏ OK!

បន្ទាប់ពីនោះទៀតមិនយូរប៉ុន្មាន កូនតូចក៏នឹងចាប់ផ្ដើមរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃរបស់ខ្លួន គ្រាន់តែលើកចង្អុលភ្លែត ក៏នឹងបានអ្វីដែលចង់បានមកភ្លាមតែម្ដង។ ត្រូវហើយចា៎ស សុំត្រឹមតែឱ្យច្បាស់ក្នុងចិត្តថា អ្នកកំពុងសម្លឺងមើលគេតែប៉ុណ្ណោះ ហើយគេក៏នឹងលើកចង្អុលដៃចង្អុលទៅរកវត្ថុណាដែលគេចង់បាន និងបញ្ចេញសំឡេងអេះ-អាស់ថែមបន្តិចទៀត មិនថាវត្ថុនោះជារបស់លេង ចំណីអាហារ ដបទឹកដោះគោ ឬការចេញទៅលេងខាងក្រៅផ្ទះក៏ដោយ អ្នកម្ដាយក៏នឹងឱ្យវត្ថុ ឬអ្វីដែលគេចង់បាននោះភ្លាមៗតែម្ដង ដោយទាំងគេមិនចាំបាច់ពោលពាក្យអ្វីចេញមកទាំងអស់ គ្រាន់តែលើកចង្អុលដៃខ្លីៗ តូចៗ ធាត់ៗឆ្លើយ-ឆ្លងជាមួយអ្នកប៉ុណ្ណោះ។

ក្រៅពីកូនរៀនយល់ដឹងពីភាពអស្ចារ្យរបស់ម្រាមចង្អុលដៃហើយកូននៅតែព្យាយាមសិក្សាពីអ្វីៗគ្រប់យ៉ាងលើពិភពលោកនេះដោយម្រាមចង្អុលដៃរបស់គេទៅជារឿយៗ ហើយរឿងមួយក្នុងចំណោមនោះគឺ ការយកចង្អុលដៃលូកចូលទៅក្នុងរន្ធព្រីភ្លើង (អៃយ៉ា!)។ ដូច្នេះនៅពេលណាដែលកូនតូចបានបង្ហាញឥទ្ធិពលនៃម្រាមចង្អុលដៃជាមួយអ្នកហើយ នោះមានន័យថា ដល់ពេលដែលលោកឪពុកអ្នកម្ដាយត្រូវត្រួតត្រាមើលពីសុវត្ថិភាពក្នុងផ្ទះហើយ។ កន្លែងណាមានរន្ធប្រហោង ប្រឡោះអី ចូរធ្វើការញ៉ុកបិទឱ្យជិតៗ ចំណែកព្រីភ្លើងក៏គួរតែរកគម្រប ឬរកអ្វីមកបាំងបិទផងដែរ។

លោកឪពុកអ្នកម្ដាយមិនគួរហាមឃាត់អ្នកសិក្សាចង់ដឹងតូចល្អិតម្នាក់នេះទេ តែគួររកវិធីការពារឧប្បត្តិហេតុជុំវិញខ្លួនកូនឱ្យបានល្អវិញប្រសើរជាង។ ទោះជាហត់នឿយបន្តិចមែន តែធានាថា យើងនឹងបានរីករាយជាមួយនឹងវិវឌ្ឍនាការរបស់កូនសម្លាញ់យ៉ាងពិតប្រាកដ៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម