នៅពេល​កូនតូច​ឈានចូល​ខែ​ទី8

លក្ខណៈ​របស់​កូនតូច
ក្នុង​វ័យ​នេះ កូន​អាច​លូន​វារ​បាន​តាមចិត្ត​ខ្លួនឯងបាន​ឆ្ងាយ​ហើយ ដូច្នេះ​អ្នក​ម្ដាយ​គួរ​ប្រមូល​ទុកដាក់​របស់របរ​នៅក្នុង​ផ្ទះ​ឱ្យ​បាន​​រៀបរយ។ ប្រយ័ត្ន​ពួក​ទូ​ដាក់​សម្លៀកបំពាក់​ដែល​ទ្វារ​ងាយ​របើក របស់របរ​ក្នុង​ទូ​ក៏​ត្រូវតែ​ប្រយ័ត្ន​ដែរ ដូចជា​គ្រាប់​ថ្នាំ​ដេញ​សត្វ​កន្លាត ថតតុ ឬ​ថតទូ​ដែល​កូន​អាច​ឈោង​ដៃដល់​ជាដើម។ ត្រូវ​ប្រមូល​រៀបចំ​ទុកដាក់​របស់របរ​ឱ្យបាន​រៀបរយ របស់​ដែល​អាច​បង្ក​គ្រោះថ្នាក់ និង​វត្ថុ​ដែល​មុត​ស្រួច​ត្រូវ​យកទៅ​ទុកឱ្យឆ្ងាយ។ បើ​រស់នៅ​ក្នុងផ្ទះ2ជាន់ ឬ​ផ្ទះ​នៅ​ខ្ពស់​ពី​ដី ត្រូវ​ប្រយ័ត្ន​កូន​ធ្លាក់​ពីលើ​កាំជណ្ដើរ និង​នៅត្រង់​មាត់​កាំជណ្ដើរ​គួរតែ​ដាក់​អ្វី​ឃាំង​ការពារ។

ដល់ពេល​ញ៉ាំ​អាហារ​បន្ថែម​ហើយ
កូនតូច​នឹង​បង្ហាញឱ្យឃើញ​ពី​ទម្លាប់​និស្ស័យ​ការ​ញ៉ាំ​ដែល​ខុសប្លែក​ពីមុន​កាន់តែច្បាស់​ឡើង ក្មេង​ខ្លះ​ចូលចិត្ត​ញ៉ាំ​បាយ ក្មេង​ខ្លះ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ ក្មេង​ខ្លះទៀត​មិន​ចូលចិត្ត​ញ៉ាំ​ត្រី តែ​ចូលចិត្ត​ញ៉ាំ​បន្លែ ដូច្នេះ​ទើប​អាហារ​បន្ថែម​របស់​ក្មេងម្នាក់ៗមិន​ដូចគ្នា​ទាំង​ប្រភេទ និង​បរិមាណ​អាហារ។ ក្មេង​ខ្លះ​មិន​ចូលចិត្ត​ញ៉ាំ​បបរម៉ដ្ឋៗទេ ដូច្នេះ​ចូរ​សាកល្បង​ឱ្យ​ញ៉ាំ​បាយជ្រាយៗ ឬ​ឱ្យញ៉ាំ​គុយទាវ មីគាវ ជំនួស​បាយ ឬ​នំប៉័ងក៏​បាន។ ពពួក​បន្លែ​វិញ ដំឡូង ល្ពៅ គួរ​ចាប់ផ្ដើម​ហាន់​ជា​ដុំតូចៗ និង​ឱ្យ​ញ៉ាំ​ជំនួស​ការ​កិន​ឱ្យ​ម៉ដ្ឋ​បាន​ហើយ។ បន្លែ​ភាគច្រើន ក្មេង​ញ៉ាំ​បាន​ទាំងអស់។ ត្រី​ដែល​ឱ្យ​ញ៉ាំ​គួរតែ​ជា​ត្រី​សាច់​ស ពេល​ឱ្យ​ញ៉ាំ​ត្រី​សាច់​ក្រហម ឬ​ត្រី​ដែលមាន​ខ្លាញ់ច្រើន ត្រូវឱ្យ​ញ៉ាំ​ម្ដង​បន្តិច។ ពពួក​សាច់ជ្រូក សាច់គោ​គួរ​ចិញ្ច្រាំ​ឱ្យ​ល្អិត ព្រោះ​ក្មេង​វ័យ​នេះ​អាច​ញ៉ាំ​បាន​ហើយ។

អាហារ​បន្ថែម​គួរ​ចម្អិន​ឱ្យ​ឆ្អិន និង​ស្អាត រសជាតិ​លែមៗ(មិន​ប្រៃ ឬ​ផ្អែម​ខ្លាំង)។ អាហារ​កូនក្មេង​មិនគួរ​ជាប​បរដាក់​សាច់ជ្រូក ដាក់​បន្លែ ដាក់​ថ្លើម​រួមគ្នា​ក្នុង​ចាន​តែមួយ​គ្រប់ពេល​ញ៉ាំ​អាហារនោះទេ ព្រោះ​ទោះជា​ងាយស្រួល​ធ្វើ​មែន តែ​មិន​ស័ក្តិសម​សម្រាប់​បង្ហាត់​កូន​ឱ្យ​ស្គាល់​ពី​រសជាតិ​អាហារ​ប្រភេទនីមួយៗនោះទេ។ កូន​នឹង​រីករាយ​ខ្លាំង​ជាង បើ​បាន​ញ៉ាំ​បាយ​ជាមួយ​ម្ហូប​មួយ​មុខ ឬ​ពីរ​មុខ ជាមួយ​សម្ល​ស្ងោរ។ អ្នក​ម្ដាយ​ចូរ​ជ្រើសរើស​អាហារ​ដែល​ងាយស្រួល​ធ្វើ និង​ឱ្យ​ដូចដែល​បាន​រៀបរាប់​មកនេះ​ក្នុង​មួយថ្ងៃ​ឱ្យបាន​មួយពេល និង​មួយពេល​ទៀត​អាចជា​នំប៉័ងស៊ុត ឬ​ទឹកដោះគោ ឬ​ផ្លែឈើ​ក៏បាន។ ក្មេង​វ័យ​នេះ ទម្ងន់​ខ្លួន​នឹង​កើន​ឡើងជា​មធ្យម​មួយថ្ងៃ​ប្រមាណ​ជា8-10ក្រាម តែ​ក្មេង​ដែល​ពូកែ​ញ៉ាំ ពូកែ​ញ៉ាំ​បាយ ពូកែ​ញ៉ាំ​នំ អាច​នឹង​កើន​ឡើងដល់15-20ក្រាម​ក្នុង​មួយថ្ងៃ។

បើ​ឱ្យ​កូន​ញ៉ាំ​នំ
ទោះ​នំ​មិនមែនជា​អាហារ​ចាំបាច់​ចំពោះក្មេងៗក៏ដោយ តែក្មេងៗមាន​អារម្មណ៍​ត្រេកអរ​ណាស់​នៅពេល​បាន​ញ៉ាំ​នំ ដូច្នេះ​គួ​េ​ឱ្យ​កូន​បាន​ញ៉ាំ​ខ្លះ​ផង។ ភាគច្រើន ច្រើនឱ្យ​ញ៉ាំ​នៅពេល​រសៀល មុន​ឱ្យ​ញ៉ាំ​ទឹកដោះគោ។ អាចជា​នំប៉័ងស្រួយៗ ឬនំប៉័ង​អាំង កូន​នឹង​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​កាន់​នំ​ញ៉ាំ​ដោយ​ខ្លួនឯង តែបើ​កូន​ជា​ក្មេង​ពូកែ​ញ៉ាំ បាយ​ក៏​ញ៉ាំ​ច្រើន នំ​ក៏​ញ៉ាំ​ច្រើន​នោះអ្នក​ម្ដាយ​គួរ​ប្ដូរ​ពី​នំ​ទៅជា​ផ្លែឈើ​វិញ​ប្រសើរ​ជាង និង​មិន​គួរឱ្យក្មេងក្នុង​វ័យ​នេះ​ញ៉ាំ​ស្ករ​សូកូឡា ឬស្ករ​ថូ​ហ្វ​ហ្វ៊ីនោះទេ។ នំ​ដែល​ធ្វើ​ខ្លួនឯង​នៅផ្ទះ​ក៏​អាចឱ្យ​កូន​ញ៉ាំ​បានដែរ ដូចជា ចេកខ្ទិះ បបរ​ល្ពៅ បបរសណ្ដែក​ខៀវ។ល។

អាការ​ដែល​អាច​កើតឡើង
** ពេល​កូន​ប្រកាច់
ភាគច្រើន​កើត​ឡើ​ង​ព្រោះតែ​ក្ដៅខ្លួន​ខ្លាំង។ ក្មេង​នឹង​ប្រកាច់ញាក់ៗ ញ័រ​ខ្លួន បញ្ឈរភ្នែក មិន​ប្រិច​ភ្នែក ហៅ​ឈ្មោះ​ក៏​មិនដឹង​ខ្លួន ចាប់​អង្រួន​ក៏​នៅតែ​មិនដឹង​ខ្លួន។ ក្មេង​ខ្លះ​ប្រកាច់1-2នាទី ក្មេង​ខ្លះ​ដល់​ទៅ10នាទី។ អាការ​ប្រកាច់​ច្រើនតែ​កើត​នៅលើ​ក្មេង​ដែល​រាងកាយ​​មានប្រតិកម្ម​ជាមួយ​សីតុណ្ហភាព​ដែល​ខ្ពស់​ឡើង​ឆាប់រហ័ស ឬ​នៅលើ​ក្មេង​ដែល​ងាយ​ខឹងក្រេវក្រោធ និងបិុ​ន​យំ​។ល។ វិធី​កែប​ញ្ហា​នេះ​គឺ ជូត​ខ្លួន​ដោយ​ទឹក​ធម្មតា​ជាបន្ទាន់ និង​គួរឱ្យ​ត្រូវ​ខ្យល់អាកាស​ខាងក្រៅ​ឱ្យ​ច្រើន បង្វឹក​រាងកាយ​ឱ្យ​រឹងមាំ​ជានិច្ច។ បើ​កូន​ធ្លាប់​ប្រកាច់​​នៅពេល​ក្ដៅខ្លួន​ខ្លាំង អ្នក​ម្ដាយ​គួរ​សុំ​ថ្នាំ​បញ្ចុះ​កម្ដៅ​ពី​លោកគ្រូ​ពេទ្យ​មក​ទុក និង​ប្រញាប់​ឱ្យ​កូន​ញ៉ាំ​នៅពេល​កូន​ចាប់ផ្ដើម​មាន​អាការ​ក្ដៅខ្លួន ដើម្បី​ការពារ​ទុកជាមុន។

** ពងបែក​នៅក្នុង​មាត់
ជា​ជំងឺឆ្លង​ដែល​កើត​ដោយសារ​មេរោគ​វីរុសក្មេងៗតែង​កើត​ជំងឺ​នេះ​ច្រើន និង​ញឹកញាប់។ មាន​អាការ​ក្អួតចង្អោរ ក្ដៅខ្លួន​ប្រហែល39អង្សា​​ C មាត់​របក​ក្លាយជា​ដំបៅ មាន​ពងតូចៗនៅ​គល់​អណ្ដាត ដែល​អាច​បែក​ក្លាយជា​កូន​ដំបៅក្រហមតូចៗ។ កូន​ច្រើនតែ​មិន​ចង់​ញ៉ាំ​បាយ ព្រោះ​ឈឺ​ដំបៅ​នៅក្នុង​មាត់ និង​បំពង់ក ហើយទឹកមាត់​នឹង​ហៀរ​ចេញមក​ច្រើន។ រយៈពេល2-3ថ្ងៃ​ដំបូងកូន​នឹង​ពិបាក​ញ៉ាំ និង​ញ៉ាំ​បានតែ​ទឹកដោះគោ មាត់​នឹងមាន​ក្លិនស្អុយជាដើម។ ក្មេង​ខ្លះ​មិនមែន​កើត​តែ​នៅក្នុង​មាត់​ប៉ុណ្ណោះ​ទេ តែ​នៅមាន​កន្ទាលត្រអាក​​ឡើង​នៅតាម​ដៃ និង​ជើង​ទៀតផង ហើយ​កម្ដៅ​ខ្លួន​ក៏​អាច​ឡើង​ចុះ​ក្នុងអំឡុង2-3ថ្ងៃ តែ​ក្មេង​ខ្លះ​កម្ដៅ​ខ្លួន​ថយចុះ​ក្នុង​ថ្ងៃ​តែមួយ​ក៏មាន។ ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ទេ តែ​ក៏​មិនបាច់​កង្វល់​ដែរ ព្រោះ​ជា​ជំងឺ​ដែលជា​ទៅវិញ​ដោយ​ឯកឯង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍។វិវឌ្ឍនាការ​របស់​កូនតូច

**រាងកាយ
• ភាគច្រើន​ចេះ​លូន​វារ​បាន​ហើយ និង​ចំ-ណាន​ឡើងជា​រឿយៗ។
• ចេះ​តោង​កៅអី ឬ​តុ ហើយ​ស្ទុះ​ងើបឡើង ឈានជើងដើរ​ទៅមុខ​បាន​មួយ​ជំហានៗ។
• អង្គុយ​ខ្នង​ត្រង់​បានយូរ​គួរសម ដោយ​មិនចាំបាច់​មាន​អ្វី​មក​ទប់​ខ្នង។
• ចេះ​ព្យាយាម​ចាប់យក​វត្ថុតូចៗដោយ​ប្រើ​ម្រាម​ចង្អុល និង​ម្រាម​មេដៃ​បាន​ខ្លាំង​ហើយ។
• ចេះ​គ្រវាស​វត្ថុ​ដែល​ខ្លួន​មិនត្រូវ​ការចេញ។

** សង្គម​ជុំវិញខ្លួន
• ចាំ​ឈ្មោះ​របស់​ខ្លួនឯងបាន និង​ងាក​តាម​សំឡេង​ដែល​គេ​ហៅ​ឈ្មោះ។
• ចេះ​បញ្ចេញ​សំឡេងផ្សេងៗ ពេលខ្លះ​មើលទៅ​ឃើញ​ដូច​កំពុងនិយាយ​ម្នាក់ឯង។
• យល់​ពី​ការលេង វាក់អ៊ើ​ហើយ។
• ចូលចិត្ត​ពិនិត្យមើល​វត្ថុ​ដែល​នៅក្នុង​ដៃ និង​របស់​លេង។
• ចេះ​បែងចែក​ភាពខុសប្លែក​ពីគ្នា​ហើយ។
• ចេះ​ស្រែកហៅ​ឱ្យ​អ្នក​ឯទៀត​បែរមក​ចាប់អារម្មណ៍។

** លេង​ជាមួយ​កូន​ឱ្យបាន​ញឹកញាប់
ក្នុង​វ័យ​នេះ កូន​ចេះ​បង្ហាញ​អារម្មណ៍​ច្រើនឡើង​ហើយ ដូច្នេះ​ក៏ត្រូវ​ការឱ្យ​មនុស្ស​ធំ​តបស្នង​មក​ខ្លួនឯង​វិញ​ច្រើនឡើង​ដែរ។ ការជជែក​និយាយ​ជាមួយ​កូន​ញឹកញាប់ ការនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្ដាប់​នឹង​ជួយ​អភិវឌ្ឍ​ជំនាញ​ខាង​ផ្នែក​ភាសា​ និង​បណ្ដុះ​ទម្លាប់​និស្ស័យ​ស្រឡាញ់​ការអាន​ដល់​កូន​ទៀតផង។ លោកឪពុក​អ្នក​ម្ដាយ​ព្យាយាម​រក​សៀវភៅ​រឿងនិទាន​ដែល​ស័ក្តិសម​នឹង​វ័យ​កូន​មក​ទុកជិត​ៗខ្លួន​ជានិច្ច ដើម្បីឱ្យ​កូន​មាន​អារម្មណ៍​ស៊ាំ​ធ្លាប់​ជាមួយ​សៀវភៅ។

ក្នុង​វ័យ​នេះ កូន​ចេះ​ចាប់អារម្មណ៍​មើល​ទូរទស្សន៍​ហើយ តែ​អ្នក​ម្ដាយ​មិនគួរ​បើក​ទូរទស្សន៍​ទុកចោល​ដោយសារ​គិតថា កូន​នឹង​បាន​រៀន​យល់ដឹង​ពី​ភាសា​និយាយ​នោះទេ ព្រោះ​ការពិត​វិញ​មិនមែន​ដូច្នោះ​ទេ កូន​នឹង​រៀន​យល់ដឹង​ពី​ភាសា​និយាយបាន​តាមរយៈ​សម្ពន្ធភាព​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ៕

Advertisement