វិធី​បង្រៀន​កូន ឱ្យ​កូន​ចេះ​ពឹង​លើ​ខ្លួនឯង

តើ​លោកឪពុក​អ្នក​ម្ដាយ​ធ្លាប់​បានឮ​ពាក្យសម្ដី​ប្រហាក់ប្រហែល​នេះ​ចេញពី​មាត់កូនៗដែរ​ទេ?
“អត់​ទេ”
“កូន​ធ្វើ​អត់​បានទេ”
“វា​ពិបាកធ្វើ​ណាស់”
“កូន​មិនដឹងថា វា​ត្រូវធ្វើ​យ៉ាងម៉េច​ទេ”
“ម៉ាក់​ជួយ​ធ្វើឱ្យ​កូន​បន្តិច​បានទេ?”
ពេលខ្លះ​កូន​នឹងមាន​ពាក្យសម្ដី​បែបនេះ​ក្នុពេលដែល​ត្រូវធ្វើ​រឿង​អ្វីថ្មីៗ ក្មេង​មាន​អារម្មណ៍​ថា​វា​ពិបាក ខ្លាច​ថា​ធ្វើ​មិនបាន ដែល​ទោះជា​មនុស្ស​ចាស់​ជួយ​លើកទឹកចិត្ត​ឱ្យ​សាកល្បង​ធ្វើ​ល​មើល​យ៉ាងណា តែ​ជួនកាល​ក្មេង​ក៏​នៅតែ​រួញរា​មិន​ចង់​ធ្វើ​ដដែល ហើយញឹកញាប់​ណាស់​ដែល​មនុស្ស​ចាស់​កាត់​ក្ដី​រំខាន​ចិត្ត​ដោយ​ការធ្វើ​ជំនួស​ឱ្យតែ​ម្ដង។

ក្មេងៗជាច្រើន​មាន​សមត្ថភាព សតិបញ្ញា​ល្អ តែ​ខ្វះ​ក្ដី​ព្យាយាម​បន្តិច។ ក្ដី​ព្យ​ាយាម គឺជា​រឿង​សំខាន់ រឹតតែ​ក្នុង​យុគសម័យ​ដែលអ្វីៗក៏​ងាយស្រួល​សប្បាយ​នោះ ក្មេងៗភាគច្រើន​ពេល​ជួប​ការងារ​ដែល​ពិបាក ក៏​នឹង​រួញរា ហើយ​មិន​ចង់​ធ្វើ។ សេចក្ដី​ព្យាយាម គឺជា​រឿង​ដែល​យើង​ត្រូវ​ប្រើ​រហូត​មួយជីវិត ដូចជា ​ពេល​រៀន ​នៅពេល​ដែលថ្នាក់​កាន់តែ​ខ្ពស់​ឡើង មុខវិជ្ជា​ក៏​កាន់តែ​ពិបាក​ឡើងជារឿយៗ ឬ​ពេល​ធំ​ក្លាយជា​មនុស្ស​ធំ​ហើយ​ជួបនឹង​បញ្ហា បើសិនជា​ខ្វះ​ក្ដី​ពុះពារ​ព្យាយាម ជីវិត​ប្រហែលជា​កាន់តែ​លំបាក​ខ្លាំង​ឡើង​មិន​ខាន។

នៅក្នុង​ជីវិត​ពិត គឺជា​រឿង​មិនអាច​ទៅរួច​ឡើយ​ដែល​នឹងមាន​មនុស្ស​ជា​ឪពុកម្ដាយ​នៅតាម​មើលថែ និង​តាម​ជួយ​រហូត​តទៅ​នោះ ដូច្នេះហើយ​ទើប​សុភាសិត​ដែលពោលថា “ខ្លួន​ទីពឹង​ខ្លួន” គឺជា​រឿង​ចាំបាច់។ ឪពុកម្ដាយ​ត្រូវមាន​ចិត្តរឹង​ប៉ឹង​គួរសម កុំ​ជួយ​កូន​គ្រប់​តែ​រឿង ចូរ​ឱ្យ​កូន​សាកល្បង​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ដែល​សំខាន់ គឺ​ឪពុកម្ដាយ​ត្រូវ​ធ្វើជា​គំរូ ដោយ​ត្រូវមាន​ក្ដី​ព្យាយាម​ក្នុងការ​ធ្វើ​អ្វី​ក៏ដោយ ដែល​ទោះជា​វា​ពិបាក​ប៉ុនណា​ក៏ត្រូវ​តែ​សម្ដែង​ចេញមក​ថា ខ្លួន​មានការ​តាំងចិត្ត និង​ព្យាយាម​ដែរ ហើយ​ទោះជា​ធ្វើ​ហើយ មិន​ទទួលបាន​ជោគជ័យ ក៏​ត្រូវតែ​កោតសរសើរ​កូន​ចំពោះ​ការព្យាយាម មិនមែន​សម្លឹង​តម្រង់​ទៅ​រកតែ​លទ្ធផល​ដែល​ចេញមក​នោះទេ។

សាកល្បង​ឱ្យកូនៗបានធ្វើ​អ្វី​ដោយ​ខ្លួនឯង ដូចជា ​ការចេះ​ជួយ​ខ្លួនឯង ​ដែល​គេ​អាច​ធ្វើបាន​ទៅតាម​វ័យ ឱ្យកូនៗបាន​រៀន​យល់ដឹង​ខ្លះ តែ​ក៏​កុំភ្លេចថា បើ​កូន​ខំព្យាយាម​ហើយ នៅតែ​ធ្វើ​មិនបាន​ទៀត​នោះ កម្លាំងចិត្ត​ពី​ឪពុកម្ដាយ​គឺជា​រឿង​ដែលកូនៗត្រូវការ​បំផុត ប្រៀបដូចជា​ស្បៀង​ដែល​ធ្វើឱ្យ​កូន​មាន​ភាពរឹងមាំ​ខាង​ផ្លូវចិត្ត​តទៅទៀត​នៅពេល​ធំ​ឡើង។ ព្រោះថា បើ​កូន​ជា​ក្មេង​ឆ្លាត តែបើ​គេ​ខ្វះ​ការព្យាយាម អ្វីៗក៏​គង់​ពិបាក​មិន​ខាន។

ព្រោះ​ក្នុង​ជីវិត​ពិត មាន​បទ​សាកល្បង​ជាច្រើន​ដែល​មិនអាច​ឆ្លង​ឱ្យ​ផុត​បាន​ដោយ​ភាព​ឆ្លាត​វៃ​តែ​ម្យ៉ាង​នោះទេ តែ​ត្រូវមាន​ក្ដី​ក្លាហាន ក្ដី​ព្យាយាម និង​ភាព​រឹងប៉ឹង​ខាង​ផ្លូវ​ចិត្តជា​មូលដ្ឋាន​ផងដែរ៕

Advertisement