30វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។

ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ ៖
1. សម្លឹងមើលមុខកូនមុននឹងនិយាយ : មុននឹងចាប់ផ្ដើមនិយាយជាមួយកូនចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។

2. ហៅឈ្មោះកូន : ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមីម៉ាក់សុំឱ្យកូន…។

3. និយាយខ្លីៗ តែមានន័យ : កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។

4. ប្រើពាក្យងាយៗយល់ : ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀប-រាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។

5. ពិសោធពីការយល់ដឹង : ដោយឱ្យកូនឆ្លើយមកវិញ បើកូនមិនអាចឆ្លើយតបមកវិញបាន នោះបញ្ជាក់ថា ពិបាកយល់ និងវែងជ្រុលពេកហើយ ធ្វើឱ្យកូនមិនយល់។

6. ប្រើជម្រើសផ្សេងដែលមិនមែនជាការដាក់ទោស : ជំនួសឱ្យការនិយាយថាបើមិនធ្វើ! ចាំមើលបន្តិចទៀតម៉ាក់មកវិញនឹងវាយឱ្យហើមគូទម្ដង តែគួរតែនិយាយថា បើកូនជួយលាងបន្លែម៉ាក់ កូននឹងអាចជួយម៉ាក់បានច្រើនណាស់ បន្តិចទៀតប៉ាមកវិញ យើងនឹងបានញ៉ាំបាយជុំគ្នាតែម្ដងជាដើម។

7. ដាក់សំណើដែលកូនមិនអាចបដិសេធបាន : ជាពិសេសជាមួយក្មេងអាយុ2-3ឆ្នាំ ជាវ័យដែលប្រកាន់យកខ្លួនឯងជាធំ (Egocentric) ដូច្នេះការដាក់សំណើណាមួយដែលកូននឹងស្ដាប់បង្គាប់ និងធ្វើតាម នឹងជួយកាត់បន្ថយការប្រកែកប្រណាំង ឬការឈ្លោះប្រកែកបាន ដូចជា ប្រាប់កូនថា ទៅស្លៀកពាក់ទៅបន្តិចទៀតនឹងបានចេញទៅលេងខាងក្រៅ។

8. និយាយក្នុងផ្លូវវិជ្ជមាន : ដូចជា “កុំស្រែកគំហក!” តែយើងគួរនិយាយថា “កុំស្រែកខ្លាំងៗអី ព្រោះវានឹងធ្វើឱ្យយើងឈឺក”។

9. និយាយយ៉ាងមានគោលដៅ : ដូចជាម៉ាក់ត្រូវការឱ្យកូនចែកឱ្យប្អូនលេងផង (ជំនួសឱ្យពាក្យថា “ចែកឱ្យប្អូនដែរភ្លាម!”) វិធីនេះប្រើការបានល្អជាមួយក្មេងដែលចូលចិត្តការយកចិត្តយកថ្លើម និងក្មេងដែលមិនចូលចិត្តការបង្ខំ។

10. និយាយដល់ហេតុ និងផលដែលនឹងកើតឡើង : ដូចជានៅពេលកូនដុសធ្មេញរួចម៉ាក់នឹងនិយាយរឿងនិទានឱ្យស្ដាប់ ឬនៅពេលកូនញ៉ាំបាយរួច យើងនឹងចេញទៅញ៉ាំការ៉េមជាមួយគ្នា។

11. កុំគិតថា កូនឌឺរឹង និងមិនសហការ : តែផ្ទុយទៅវិញត្រូវសង្កេតមើលថា តើការនិយាយស្ដីរបស់យើងមានខុសឆ្គងត្រង់ណាទេ?

12. រួមធ្វើកិច្ចការងារជាមួយកូនជំនួសការចាំតែបញ្ជា : ដូចជាថា បិទទូរទស្សន៍ភ្លាម ដល់ម៉ោងញ៉ាំបាយហើយ! តែយើងអាចប្រើវិធីដើរទៅអង្គុយជិតកូន មើលទូរទស្សន៍ជាមួយកូនប្រមាណជា2-3នាទី លុះដល់ពេលផ្សាយពាណិជ្ជកម្ម ក៏ឱ្យកូនបិទទូរទស្សន៍ដោយខ្លួនឯង និងប្រាប់កូនថា ដល់ម៉ោងញ៉ាំបាយហើយ។

13. ផ្ដល់ជម្រើសដែលឆ្លាតវៃ : ដូចជា តើចង់ស្លៀកខោអាវគេងមុន ឬចង់ដុសធ្មេញមុន? ចង់ពាក់អាវពណ៌ផ្កាឈូក ឬពណ៌បៃតងវិញ?ជាដើម។

14. និយាយត្រង់ទៅត្រង់មក ខ្លី និងងាយយល់ ឱ្យស័ក្តិសមនឹងវ័យ និងវិវឌ្ឍនាការក្មេង : ដូចជា បើសួរក្មេងអាយុ3ឆ្នាំថា ហេតុអីបានធ្វើអុីចឹង? ក្មេងអាចនឹងឆ្លើយមិនរួចទេ ដូច្នេះគួរនិយាយជាមួយកូនថា ប្រាប់ម៉ាក់បន្តិចមើល៍រឿងដែលកូនធ្វើហ្នឹងយ៉ាងម៉េចដែរ?

15. និយាយយ៉ាងសុភាព និងផ្ដល់កិត្តិយស : និយាយជាមួយកូនដូចដែលយើងចង់ឱ្យកូននិយាយជាមួយយើង។

16. មិនបង្ខំ : ព្រោះការបង្ខំសម្លុតគំរាមនឹងធ្វើឱ្យកូនមិនរួមសហការ ដូចជានិយាយថា កូនត្រូវតែធ្វើនេះ ធ្វើនោះឱ្យហើយ! តែគួរប្ដូរមកជាម៉ាក់ចង់ឱ្យកូនធ្វើរឿងនេះ រឿងនោះ… ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើ ឬជំនួសឱ្យពាក្យថា “ជូតតុបាយឱ្យស្អាតភ្លាម!” គួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនជូតតុបាយឱ្យស្អាត និងកុំឱ្យជម្រើសបែបអវិជ្ជមានទៅកូន ដូចជានៅពេលធាតុអាកាសរងា ចូរនិយាយជាមួយកូនថា “ឱ្យយកអាវរងាមកពាក់” តែកុំប្រើពាក្យថា កូនចង់ពាក់អាវរងាទេ? ជាដើម។

17. ហាត់សង្កេតទស្សនគតិ វិធីគិត និងការនិយាយស្ដីរបស់កូន : ដើម្បីនឹងបានតបស្នងតម្រូវការរបស់កូនបានត្រឹមត្រូវ។

18. ប្រើប៊ិច ខ្មៅដៃជំនួសការនិយាយ : កូនវ័យជំទង់មិនត្រូវការឱ្យយើងនិយាយច្រំដែលៗទេ ព្រោះការនិយាយច្រំដែលៗនេះ សម្រាប់កូនក្នុងវ័យស្ទាវជំទង់ប្រៀបដូចជា ការពន្យុះកំហឹង ឬមិនទុកចិត្ត ដូច្នេះការសរសេរកំណត់ត្រាដាស់តឿន គឺជាវិធីមួយដែលជួយឱ្យកូនវ័យជំទង់ផ្ដល់នូវការសហការបានល្អជាងការនិយាយច្រំដែលៗ។ សាកល្បងសរសេរសំណេរដាស់តឿនបែបកំប្លែងៗ នោះអ្នកនឹងឃើញថាវាពិតជាបានផលល្អមែនមិនខាន។

19. កុំគិតតែពីនិយាយ តែធ្វើឱ្យឃើញជាគំរូ : ក្មេងៗរៀនយល់ដឹងពីទង្វើខ្លាំងជាងពាក្យសម្ដី ដូច្នេះធ្វើជាគំរូដែលល្អដល់កូន ដើម្បីឱ្យកូនធ្វើតាម។

20. បំពេញអារម្មណ៍របស់កូនជាមុន រួចសឹមនិយាយ ឬចង្អុលណែនាំដល់កូន : ពិនិត្យមើលអារម្មណ៍របស់កូនជាមុន ឱ្យប្រាកដក្នុងចិត្តសិនថា តើគេព្រមនៅក្នុងការស្ដាប់យើងឬទេ? មិនដូច្នោះទេ អ្វីដែលយើងនិយាយទៅ នឹងមិនកើតជាប្រយោជន៍អ្វីឡើយ។

21. និយាយជាកំណាព្យកាព្យជួនឱ្យងាយចងចាំ : ដូចជា ជួយគេឱ្យច្រើន អ្នកចម្រើនគឺខ្លួនយើងជាដើម។

22. ឱ្យកូនធ្វើត្រាប់តាម : ក្មេងតូចត្រូវប្រាប់ច្រើនដង ខុសពីកូនវ័យជំទង់។ ក្មេងវ័យ3-6ឆ្នាំចូលចិត្តការធ្វើត្រាប់តាម ដូច្នេះនៅពេលនិយាយប្រាប់ហើយ ចូរធ្វើឱ្យឃើញ និងឱ្យកូនធ្វើតាម ធ្វើដូចជាការលេងសម្ដែងដូច្នោះដែរ។

23. ឱ្យកូនគិតដោយខ្លួនឯង : បង្ហាត់ឱ្យកូនចេះគិតដោយខ្លួនឯង ដោយជំនួសឱ្យការនិយាយថា មើលចុះរបស់របរអីក៏រាយប៉ាយមេ្ល៉ះ! ចូរប្ដូរមកនិយាយថា “កូនតូមី កូនសាកគិតទៅមើលថា តើយើងនឹងយកអាវយឺត ស្បែកជើង និងតុក្កតាខ្លាឃ្មុំនេះទៅទុកនៅកន្លែងណាស្រួល?”ឱ្យកូនសាកល្បងគិត និងកែបញ្ហាដោយខ្លួនឯង។

24. ធ្វើឱ្យកូនស្ងប់ : នៅពេលកូនរឹតតែស្រែក យើងរឹតតែនិយាយឱ្យតិច។ ជួនកាលការធ្វើជាអ្នកស្ដាប់ដ៏ល្អ នឹងជួយបន្ធូរក្ដីវិតក្កកង្វល់របស់កូនបាន ឱ្យកូនដឹងថាយើងកំពុងចាប់អារម្មណ៍ និងចង់ជួយ។ ប្រាប់ទៅកូនថា យើងយល់ និងមានអ្វីខ្លះដែលកូនត្រូវការឱ្យជួយ។អ្វីទាំងអស់នេះនឹងធ្វើឱ្យកូនស្ងប់ស្ងាត់ទៅវិញនិងនៅពេលកូនខឹងមួម៉ៅ កុំខឹងមួម៉ៅទៅវិញព្រោះនឹងធ្វើឱ្យរឿងកាន់តែធំទៅ។

25. ផ្ដល់ជម្រើសដែលល្អ : ប្រាប់ទៅកូនថា កូនចង់ទៅដើរលេងនៅទីធ្លាទាត់បាល់តែម្នាក់ឯងមិនបានទេ តែកូនអាចដើរលេងនៅក្នុងទីធ្លាមុខផ្ទះបាន។

26. ដាស់តឿនជាមុន : ដូចជា5នាទីទៀតយើងនឹងត្រឡប់ទៅផ្ទះវិញហើយ ចូរកូនបា៎យៗរបស់លេង និងពួកម៉ាកកូនទៅ។

27. និយាយឱ្យញាប់ញ័ររញ្ជួយចិត្ត : វិធីនេះជាការបើកពិភពលោកសម្រាប់ក្មេងៗដែលអៀនខ្មាស់ច្រើន ដូចជាមិនគួរសួរថា ថ្ងៃនេះធ្វើអីខ្លះនៅសាលា? តែគួរប្ដូរមកជា ឯណា? និយាយឱ្យម៉ាក់ស្ដាប់បន្តិចមើល៍ថា ថ្ងៃហ្នឹងធ្វើអីដែលសប្បាយបំផុតនៅសាលា? ជាដើម។

28. និយាយពីអារម្មណ៍របស់យើងជាមួយកូន : ដូចជា “កូនដឹងទេថា ពេលកូនរត់លេងនៅក្នុងផ្សារទំនើប ពេលដែលយើងទៅទិញអីវ៉ាន់ជាមួយគ្នាថ្ងៃនេះ ម៉ាក់ភ័យខ្លាំងណាស់ខ្លាចថាកូនវង្វេងបាត់… លើកក្រោយកុំធ្វើអីុចឹងទៀតណា៎កូនណា៎”។

29. និយាយបញ្ចប់សេចក្ដី នៅពេលកូនមិនព្រមស្ដាប់ ងង៉ក់ឬតវ៉ា : ចូរប្រាប់ទៅកូនថាយ៉ាងណាក៏ម៉ាក់មិនព្រមប្ដូរចិត្តដែរ (ដោយប្រើសំឡេងធម្មតា និងម៉ឺងម៉ាត់) ឱ្យកូនដឹងថាចាំបាច់ និងជារឿងដែលត្រូវធ្វើ។

30. ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ និងនិយាយលើកទឹកចិត្តជានិច្ច : ដូចជាកុំនិយាយថា បើមិនញ៉ាំបាយ តិចម៉ាក់ឈប់ស្រឡាញ់ បើមិនគេងតិចឆ្កែព្រៃមកខាំ-ល- កុំដាក់លក្ខខណ្ឌជាមួយកូនដោយពាក្យសម្ដីដែលគ្មានហេតុផល តែចូរនិយាយដោយសេចក្ដីស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌជាមួយកូនជានិច្ច៕

Advertisement