កូនសម្លាញ់ម្ដាយ ថីបានកូនយំ?

“ការស្រែកយំ” គឺជារឿងធម្មតារបស់ទារកទើបនឹងកើត ដោយសារតែសភាពជុំវិញខ្លួនដែលមកប៉ះពាល់ប្រព័ន្ធប្រសាទការដឹងតូចៗទាំង5 របស់កូនដែលមានដូចជា ត្រចៀក ភ្នែកច្រមុះ អណ្ដាត និងរាងកាយ។ អ្វីដែលប៉ះពាល់ទាំងនេះ មានផលចំពោះអារម្មណ៍របស់កូន ធ្វើឱ្យគេកើតមានអារម្មណ៍មិនសប្បាយកាយ ឬមានអារម្មណ៍មិនសប្បាយចិត្ត ហើយព្រោះកូនតូចមិនទាន់អាចប្រាប់ពីអារម្មណ៍របស់ខ្លួនឱ្យឪពុកម្ដាយដឹងតាមរយៈពាក្យសំដីបាន ដូច្នេះទើបវិធីតែមួយគត់ដែលគេអាចទំនាក់ទំនងជាមួយឪពុកម្ដាយបានក៏គឺ “ការស្រែកយំ” ហ្នឹងឯង។ ការយល់ដឹងពីមូលហេតុដែលធ្វើឱ្យកូនតូចស្រែកយំ នឹងធ្វើឱ្យឪពុកម្ដាយថ្មោងថ្មីយល់ដឹងអំពីកូនតូច និងអាចតបស្នងតម្រូវការរបស់កូនបានយ៉ាងមានសេចក្ដីសុខ។

កូនឃ្លាន
បើកូនតូចរបស់អ្នកម្ដាយបៅទឹកដោះបានតិច និងច្រើនតែភ្ញាក់ឡើងយំក្រោយពីបៅទឹកដោះបានត្រឹមតែមួយម៉ោងរួចមកនោះ អាចមានមូលហេតុមកពីការដែលកូនតូចបៅទឹកដោះខុសវិធី ដែលការបៅទឹកដោះខុសវិធីនេះអាចកើតឡើងបានទាំងលើក្មេងដែលបៅទឹកដោះពីដប និងក្មេងដែលបៅទឹកដោះម្ដាយ ធ្វើឱ្យកូនបឺតយកខ្យល់ចូលទៅច្រើន និងមានអារម្មណ៍តឹងណែន។ បើអ្នកម្ដាយសង្កេតឃើញថា កូនតូចច្រើនតែស្រែកយំរករឿងគ្រប់ពេលដែលដាក់ឱ្យគេងផ្ងារ និងយំមិនព្រមគេង អាចបណ្ដាលមកពីអាការតឹងណែនក្នុងពោះ អ្នកម្ដាយគួរលើកកូនមកពឱ្យទ្រោបលើស្មា ព្រមទាំងអង្អែលខ្នងថ្នមៗ កូនអាចនឹងភើចេញមក ហើយនឹងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។

កូនឯកា
ទារកត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការប៉ះពាល់ដ៏ទន់ភ្លន់របស់ឪពុក និងម្ដាយជាប់ជានិច្ច។ មិនថាកូនតូចរបស់លោកអ្នកមានអាយុប៉ុន្មាន ក៏គេនៅតែត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការឱបថើបរបស់ឪពុកម្ដាយជានិច្ច។ ការបីព ឬឱបថើប ជាការប៉ះពាល់ខាងរាងកាយដែលធ្វើឱ្យកូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត និងមានសេចក្ដីសុខ។​ ពេលខ្លះត្រឹមតែលោកអ្នកលើកកូនតូចបី ព ឱបនៅក្នុងរង្វង់ដៃ ក៏គេអាចបាត់យំភ្លាម សឹងតែលោកអ្នកមិនចាំបាច់ត្រូវលួងលោមដោយពាក្យសំដីផង។

កូនមិនស្រួលខ្លួន
នៅពេលកូនឈឺថ្កាត់ កូនច្រើនតែយំរករឿងបើអ្នកម្ដាយសាកល្បងប៉ះខ្លួនកូន ក៏អាចនឹងមានអារម្មណ៍ដឹងបានថា កូនក្ដៅខ្លួនខុសប្រក្រតី និងអាចមានអាការហូរទឹកសំបោរ ក្អក និងក្អួតចង្អោររួមជាមួយផង។ អ្នកម្ដាយគួរវាស់សីតុណ្ហភាពខ្លួនកូន ដើម្បីពិនិត្យមើលថា តើកម្ដៅខ្លួនកូនស្ថិតក្នុងកម្រិតប៉ុន្មានអង្សា? បើចាប់ពី37អង្សាឡើងទៅ បានន័យថា កូនតូចមានអាការគ្រុនក្ដៅខ្លួនហើយ ចូរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។

កូនដុះធ្មេញហើយ
ជាប្រក្រតី ទារកនឹងមានធ្មេញមួយគូដំបូងនៅពេលអាយុបាន 6ខែ។ មុននឹងធ្មេញរបស់កូនដុះឡើង ច្រើនតែមានទឹកមាត់ហៀរចេញមកច្រើន មិនចង់បៅទឹកដោះ ឬញ៉ាំអាហារ យំរករឿង មានអារម្មណ៍រមាស់អញ្ចាញធ្មេញ ចូលចិត្តយកដៃលូកចូលមាត់។ល។ អ្នកម្ដាយអាចជួយបន្ថយអាការរមាស់អញ្ចាញធ្មេញរបស់កូនបាន ដោយការឱ្យកូនខាំដុំនំប៉័ងទន់ៗបាន។

កន្ទប ឬខោទឹកនោមកូនសើមខ្លាំង
នៅពេលក្រណាត់កន្ទប ឬខោទឹកនោមកូនសើមខ្លាំង កូនអាចនឹងមានអារម្មណ៍ថាសើមខ្លួន មិនស្រួលស្បែក ជួនកាលអាចធ្វើឱ្យកើតកន្ទួលរមាស់ទៀតផង ទើបកូនតូចស្រែកយំរករឿង។ ការប្រើម្សៅលាបសម្រាប់ទារកក្រោយការផ្លាស់ក្រណាត់កន្ទបថ្មីគ្រប់ពេល អាចជួយការពារការកើតកន្ទួលរមាស់បានយ៉ាងងាយ ដូច្នេះអ្នកម្ដាយត្រូវចេះជ្រើសរើសប្រើម្សៅសម្រាប់ទារកដែលបរិសុទ្ធល្អ មិនលាយពណ៌ មិនលាយសារធាតុគីមី ការពារសំណើម ដែលអាចធ្វើឱ្យមានសារធាតុគីមីនៅសេសសល់នៅលើស្បែកដ៏ស្ដើងខ្ចីរបស់កូនបាន៕

Advertisement