វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែយ៉ាងណាខ្លះ ដែលអ្នកម្ដាយត្រូវដឹង!

ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែន ទាំងអស់គ្នា។

វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង
ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបី-ពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ផ្នែកភាសា និងការទំនាក់ទំនង
ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជា ចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេ និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…”​ កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួនមើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង ហើយដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខ​ដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ នឹងវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងជាដើម។

លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

Advertisement