វិធី​បង្រៀន​កូន​ឱ្យ​ស្គា​ល់ពី​សេចក្ដីស្រឡាញ់​ពិតប្រាកដ

សេចក្ដីស្រឡាញ់​ធ្វើឱ្យ​ពិភពលោក​ភ្លឺ​ថ្លា​ស្រស់ស្រាយ និង​កាន់តែ​គួរឱ្យ​ចង់​រស់នៅ​ខ្លាំង​ឡើង តែ តើ​ទស្សនៈ​ពាក់ព័ន្ធ​នឹង​សេចក្ដីស្រឡាញ់​របស់​កូនតូច​របស់​យើង​វិញ យ៉ាងណាដែរ​ទៅ​ហ្ន៎?… ក្មេង​វ័យ​តេះតះ​នៅ​មិនទាន់​ស្គាល់​សេចក្ដីស្រឡាញ់​ទេ គេ​ដឹង​តែត្រឹម​ថា ប៉ា និង​ម៉ាក់ គឺជា​របស់​ផស់​គេ គឺ​បើ​គេ​ត្រូវការ​នៅពេលណា ឬ​យ៉ាងណា​នោះ ប៉ា​ម៉ាក់​ត្រូវតែ​ជាអ្នក​តបស្នង​ឱ្យគេ​ភ្លាម មិនថាតែ​ការ​ឱបថើប លួងលោម របស់​លេង ឬ​ចំណីអាហារ​នោះឡើយ គេ​ត្រូវតែ​បាន​វា​មក​តាម​ដែល​គេ​ត្រូវការ។

ដូច្នេះ យើង​នាំគ្នា​មក​បណ្ដុះ​សេចក្ដីស្រឡាញ់​នៅក្នុង​ចិត្ត​របស់​កូន​យើងទាំងអស់គ្នា និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ ដើម្បី​មេរៀន​ជីវិត​របស់​កូន…
បេះដូង​សំខាន់​របស់​ការបណ្ដុះ​សេចក្ដីស្រឡាញ់​នៅក្នុង​ចិត្ត​កូន​ឱ្យបាន​សម្រេច​គឺ អាណាព្យាបាល​ត្រូវមាន​ក្ដីមេត្តា​ករុណា​ចំពោះ​កូនតូច​របស់លោក​អ្នក​ជាមុនសិន ព្រោះ​ក្មេងតូចៗតែងតែ​ធ្វើ​រឿង​ខុសឆ្គង​ជាប់​ជានិច្ច និង​ត្រូវ​រឭក​ដឹង​ជាប់​ជានិច្ច​ថា កំហុសឆ្គង​ដែល​កើតឡើង​ពី​ភាពមិន​ដឹងក្ដី​របស់​កូន​នោះ គឺជា​មេរៀន​ជីវិត​របស់​កូនដូច្នេះ​ឪពុកម្ដាយ​ត្រូវចិត្តត្រជាក់ៗ តាំង​សតិ​ស្មារតីមិនគួរ​ស្រែក​គំហក ក្រេវក្រោធ ឬ​ដាក់ទោស​កូន​ហាក់ដូចជា​ថា រឿងរ៉ាវ​ដែល​កើតឡើង​នោះ​ជា​កំហុស​ដ៏​ធំធេង ព្រោះ​រឹតតែ​លោកអ្នក​ដាក់ទោស និង​ប្រើ​កំហឹង​ដាក់​កូន​ខ្លាំង​ប៉ុនណា នឹង​រឹតតែ​ទៅ​បាំង​រារាំង​បេះដូង​តូច​មួយ​របស់​កូន​លែងឱ្យ​ហ៊ាន​ក្នុង​ការរៀន​យល់ដឹង មិន​ហ៊ាន​ក្នុងការ​ហាមាត់​សួរ ឬ​លែង​ហ៊ាន​និយាយស្ដី​ជាមួយ​ម្ដាយ​របស់ខ្លួន​ទៀតផង។ នៅពេល​ទៅជា​ដូច្នេះ វា​ក៏​ប្រហែលជា​មានការលំបាក​ណាស់​ដែល​គ្រាប់ពូជ​សេចក្ដីស្រឡាញ់​ក្នុង​ចិត្ត​របស់​កូន​នឹង​រីកចម្រើន​ធំធាត់​ចេញ​ផ្កា ចេញ​ផ្លែ​ ដើម្បី​អ្នកដទៃ​ជា​បន្ត​នោះ។

រឿងល្អៗក្នុងសង្គម ចាប់ផ្ដើម​ពី​គ្រួសារ
កូនតូច​គួរ​បាន​រៀន​យល់​ដឹងថា ការជួយ​គ្នា​បន្តិចបន្តួច​នោះ គឺជា​រឿង​ដែល​គ្រួសារ​ត្រូវការ ដោយសារតែ​គេ​ជា​ចំណែក​មួយ​របស់​គ្រួសារ ព្រោះ​យើង​សុទ្ធតែ​អាស្រ័យ​នៅក្រោម​ដំបូល​តែមួយ​ជាមួយគ្នា និង​ចុងក្រោយ​បំផុត​ទៅ​គឺព្រោះ​វា​ជា​រឿង​ដែល​ត្រឹមត្រូវ​មួយ​ដែល​គួរ​ធ្វើដូចជា បង្រៀន​ឱ្យ​កូន​ចេះ​រៀបចំ​ទុកដាក់​កន្លែង​គេង​ដោយ​ខ្លួនឯង​ក្រោយ​ភ្ញាក់​ពី​គេង ឬ​ប្រមូល​ទុកដាក់​របស់​លេង​រៀងរាល់​ពេល​លេង​រួច ដោយ​អាណាព្យាបាល​អាចធ្វើ​ជាតា​រា​ង​តួនាទី​ការទទួលខុសត្រូវ​រប​ស់​កូន​បិទ​នៅលើ​កន្លែង​ណា​ដែល​ងាយ​មើលឃើញ។ នៅពេល​កូន​ធ្វើតាម​តួនាទី​ក្នុង​មួយថ្ងៃ​បានសម្រេច​ហើយ ក៏​គួរតែមាន​រង្វាន់ ឬ​ពាក្យ​សរសើរ​បន្តិចបន្តួច ដើម្បីឱ្យ​កូន​មាន​មោទនភាព​ចំពោះ​អ្វីដែល​គេ​មាន​ចំណែក​ធ្វើ​នោះ​ផង។

យកចិត្តទុកដាក់ បារម្ភ និង​អនុគ្រោះ សណ្ដោសមេត្តា​គ្នា​ទៅវិញទៅមក
បង្ហាញ​ឱ្យ​កូន​ឃើញថា លោកអ្នក​មាន​ក្ដី​អាណិត​មេត្តា​ចំពោះ​បុគ្គល​ជុំវិញខ្លួន ដោយ​ការយកចិត្តទុកដាក់ និង​កង្វល់​បារម្ភ​ពី​ជីវិត​របស់​គ្នា​ទៅវិញទៅមក។ ចាប់ផ្ដើម​យ៉ាងងាយៗពី​មនុស្ស​ក្នុង​ក្រុមគ្រួសារ ដូចជា បើសិន​លោកតា លោកយាយ​ឈឺ​ថ្កាត់ លោកអ្នក​អាច​នឹង​បបួល​កូន​ទៅសួរសុខទុក្ខ​គាត់​ដល់ផ្ទះ ដោយមាន​ទិញ​របស់​ផ្ញើ​ជាប់ដៃ​ទៅជា​មួយ​ផង ឬ​បបួល​កូន​ចូល​ចង្ក្រាន​ដើម្បី​ធ្វើ​ម្ហូបអាហារឆ្ងាញ់ៗយកទៅ​ផ្ញើ​គាត់​ក៏បាន។ ការបង្ហាញ​ពី​ភាព​មានទឹក​ចិត្តល្អ កង្វល់​បារម្ភ​រកគ្នា​ទៅវិញទៅមក​បែបនេះ​ឱ្យកូនៗបានឃើញ​រហូត​ក្លាយជា​រឿង​ធម្មតា ទម្លាប់ល្អៗទាំងនេះ​ក៏​នឹង​ជ្រួតជ្រាប​ជាសន្សឹមៗទៅក្នុង​ដួងចិត្ត​របស់​កូន និង​បញ្ជូន​បន្តទៅ​ក្នុងសង្គម​ដោយ​ស្វ័យប្រវត្តិ​នៅពេលដែល​គេ​ធំ​ឡើង។

ចែករំលែក​សេចក្ដីស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក
រឿងងាយៗដែល​គ្រប់​ក្រុមគ្រួសារ​អាចធ្វើ​បាន តែ​ច្រើនតែ​មើលរំលង​នោះ​គឺ ការបរិច្ចាគ​វត្ថុ​របស់របរ​ទៅឱ្យ​អ្នក​ដែល​ខ្វះ​ឱកាស។ បើ​ទូ​ដាក់​សៀវភៅ​នៅ​ក្នុងផ្ទះ​ចាប់ផ្ដើម​ពេញ ឬ​រាងកាយ​របស់​កូន​ចាប់ផ្ដើម​ធំធាត់​រហូត​ស្លៀកពាក់​ខោអាវ​ពីមុន​លែង​ត្រូវ សាកល្បង​រៀបចំ​វត្ថុ​ទាំងនោះឬ​វត្ថុ​ណា​ដែល​លែង​ត្រូវការ​ប្រើប្រាស់​ហើយ​ដាក់​ចូលក្នុង​ឡាំង ហើយ​បបួល​កូន​ទៅ​ចែករំលែក​វត្ថុ​ទាំងនោះ​ដល់​អ្នកដទៃ។ រឿងនេះ​គឺជាមេរៀន​នៃ​ការចែករំលែក​ដំបូង​គេ​ដែល​អាណាព្យាបាល​អាចធ្វើ​បានជា​មួយកូនៗ រួមទាំង​ការធ្វើឱ្យកូនៗមើលឃើញថា លោកអ្នក​បានធ្វើ​នូវ​រឿង​ដែល​ក្រៅពី​មុខនាទី​របស់លោក​អ្នក ដូចជា​រីករាយ​ស្វាគមន៍ បើ​អ្នកជិតខាង​ផ្ទះ​ត្រូវការ​ជំនួយ ឬ​ផ្ដាំផ្ញើ​មើលថែទាំ​សត្វ​សុនខ ​ខណៈដែល​ពួកគេ​ទៅ​ខ​េត្តឆ្ងាយ ឬ​បបួល​កូន​ទៅ​អាន​សៀវភៅ​ឱ្យ​មនុស្ស​ពិការភ្នែក​ស្ដាប់ជាដើម។ ការដែល​លោកអ្នក​លះបង់​ពេលវេលា​របស់ខ្លួន​ទៅធ្វើ​រឿងផ្សេងៗដើម្បី​អ្នកដទៃ​យ៉ាង​ស្ម័គ្រចិត្ត និង​មាន​សេចក្ដីសុខ​នេះ មិន​ត្រឹមតែកូនៗនឹងមាន​មោទនភាព​លើ​រូបអ្នក​ប៉ុណ្ណោះ​ទេ តែ​គេ​នៅ​មើលឃើញ​លោកអ្នក​ថា ជា​គំរូ​ក្នុងការ​ធ្វើអំពើ​ល្អ​ទៀតផង។

សម្លឹងមើល​ពិភពលោក​ក្នុងន័យ​វិជ្ជមាន
ក្នុង​ពិភព​នៃ​ព័ត៌មាន និង​ការប្រកួតប្រជែង​គ្នា​ដូច​សព្វថ្ងៃនេះ វា​អាចទៅរួច​ខ្លាំងណាស់​ដែលកូនៗនឹងមាន​អារម្មណ៍​ថា ពិភពលោក​ជុំវិញ​ខ្លួនគេ​ពិតជា​អាក្រក់ និង​មាន​គ្រោះថ្នាក់​ណាស់ ដូច្នេះ​អាណាព្យាបាល​គួរតែ​ដឹកនាំ​ឱ្យ​កូន​សម្លឹងមើល​រឿងល្អៗរបស់​ពិភពលោក​មួយ​នេះ ឱ្យ​កូន​មាន​អារម្មណ៍​ថា ក្នុង​ពិភពលោក​មួយ​នេះ​នៅមាន​រឿងរ៉ាវ​ជាច្រើន​ទៀត មិនមែន​មានតែភាពអាក្រក់ៗដែល​យើង​បានឮ​តាមរយៈ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ។

យ៉ាងណាក៏ដោយ ការដែល​លោកអ្នក​ចង់​បង្រៀន​ឱ្យ​កូន​សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​បាន​នោះ ឪពុកម្ដាយ​ក៏ត្រូវ​តែ​សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ដូចគ្នា។ អ្វីដែល​សំខាន់​នោះ​គឺ បើ​លោកអ្នក​ចង់ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​បែបណា លោកអ្នក​ក៏ត្រូវ​ធ្វើជា​គំរូ​បែប​នោះ​ឱ្យទៅ​កូន ព្រោះ​ទីបំផុត​ទៅ រូប​កូន​ហ្នឹងឯង​ដែល​នឹង​ក្លាយជា​ផ្ទាំង​កញ្ចក់​ឆ្លុះ​បង្ហាញ​ពី​រូប​ពិតប្រាកដ​របស់លោក​អ្នក​ចេញមក…។ ដូច្នេះ តើ​លោកអ្នក​ចង់ឱ្យ​កូន​ធំ​ឡើង​ក្លាយជា​មនុស្ស​បែបណា??

Advertisement