14 ចំណុច​ហាមឃាត់ ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ធ្វើតាម

…ត​ពី​លេខ​មុន
https://www.lareine.com.kh/news/lifestyle/momandbabe/27715/

8. ហាម​ញ៉ាំ​អាហារ​ដែល​គ្មាន​ប្រយោជន៍
អាហារ​គ្មាន​ប្រយោជន៍​ដែលថា​នេះក្រៅពី​នឹង​បំផ្លាញ​សុខភាព​ស្ត្រី​មានគភ៌​ ហើយ អាហារ​ខ្លះ​ថែមទាំង​បំផ្លាញ​ខួរក្បាល​ទារក​ក្នុង​គភ៌​ទៀតផង។ អាហារ​ទាំងនោះ​មានដូចជា ស្រា(ជាតិ​អាល់កុល) កាហ្វេ​អុីនអាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន ហឹរ​ខ្លាំង ស្ទើរ​ឆៅ​ស្ទើរ​ឆ្អិន អាហារ​ជ្រក់​ត្រាំ អាហារ​កំប៉ុង និង​ម្សៅ​ប៊ីចេង។

9. ហាម​ធ្វើដំណើរ​ឆ្ងាយ​ពេល​ជិត​ដល់​ថ្ងៃ​ប្រសូត
សម្រាប់​ស្ត្រី​មានគភ៌​ក្នុង​ត្រីមាស​ចុងក្រោយ ជាពិសេស​ស្ត្រី​ដែលមាន​អាយុ​គភ៌32សប្ដាហ៍​ឡើងទៅ គួរ​តម ឬ​ផ្អាក​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ព្រោះ​ក្នុងអំឡុង​ពេលនេះ មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការឆ្លង​មេរោគ និង​អាច​ប្រសូត​មុន​កាលកំណត់​បាន​យ៉ាង​ងាយ។

10. ហាម​ញ៉ាំ​ទឹកដោះ​ច្រើន
លើសពី 2កែវ​ក្នុង​មួយថ្ងៃស្ត្រី​មានគភ៌​ជាច្រើន​នាក់​សម្រុក​ញ៉ាំ​ទឹកដោះគោ​ ដើម្បី​បំប៉ន​គភ៌​តាំងពី​ពេល​ដឹងថា ខ្លួន​មានគភ៌។ តាម​គោលការណ៍​ភោជនាហារ គួរ​ចាប់ផ្ដើម​ញ៉ាំ​ទឹកដោះគោ​បំប៉ន​គភ៌​នៅពេល​ឈានចូល​ត្រីមាស​ទី2 នៃ​ការតាំង​គភ៌​ ព្រោះ​អំឡុង​ពេលនោះ ទារក​បាន​ទាញយក​កាល់ស្យូម​ពី​ម្ដាយ​ទៅប្រើ​ច្រើនឡើង អាចធ្វើឱ្យ​ខ្លួន​ស្ត្រី​ជា​ម្ដាយ​បាត់បង់​ជាតិ​កាល់ស្យូម​ច្រើនជាង​ប្រក្រតី តែ… ការ​ញ៉ាំ​ទឹកដោះគោ​ក្នុង​មួយថ្ងៃ 1កែវ ឬ​ទឹក​សណ្ដែក​លឿង​មួយថ្ងៃ 2កែវ គឺ​ល្មម​គ្រប់គ្រាន់​ហើយ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា ស្ត្រី​មានគភ៌​ដែល​ទឹកដោះគោ​ច្រើន​ជ្រុល​លើស​ភាពចាំបាច់ នឹងធ្វើ​ឱ្យ​ទារក​មាន​ភាព​ប្រថុយ​នឹង​ការកើត​ប្រតិកម្ម​ចាញ់​បាន​យ៉ាង​ងាយ ដូចជា ប្រតិកម្ម​ប្រូតេអុីន​ក្នុង​ទឹកដោះគោជាដើម។

11. ហាម​ស្លៀក​សម្លៀកបំពាក់​រឹប​ខ្លួន​ខ្លាំង​ជ្រុល​ពេក
ស្ត្រី​មានគភ៌​គួរ​ស្លៀក​សម្លៀកបំពាក់​ណា​ដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាស​ចេញចូល​ស្រួល ដោយសារតែ​ក្នុងអំឡុងពេល​តាំង​គភ៌​មានការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ​យ៉ាងខ្លាំងជាពិសេស​អ័រម៉ូន​ភេទ ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​ក្លិន​ខ្លួន និង​ក្លិន​អវយវៈ​ភេទ​ខ្លាំង​ជាង​មុន។ ការ​ស្លៀក​សម្លៀកបំពាក់​ដែល​រឹត​ណែន ធ្វើឱ្យ​កាន់តែ​កើតមាន​ក្លិន​អាប់​ខ្លាំង​ឡើង និង​នៅ​ធ្វើឱ្យ​ប្រព័ន្ធ​ឈាម​រត់​ដំណើរការ​មិនបាន​ស្រួល ធ្វើឱ្យ​ពិបាក​ដកដង្ហើម ងងឹតមុខ ឬ​ខ្យល់គរ​បាន​ទៀតផង។

12. ហាម​លូក​លាង​រន្ធ​ស្បូន និង​ប្រើ​ថ្នាំ​កម្ចាត់​ក្លិន
ក្នុងអំឡុងពេល​មានគភ៌ មានការ​ប្រែប្រួល​អ័រម៉ូន​ច្រើន ហុច​ផល​ឱ្យ​អវយវៈ​ភេទ​មាន​ក្លិន​ខ្លាំង​ឡើង ទើប​ស្ត្រី​មានគភ៌​ធ្វើការ​លូក​លាង​សម្អាត​រន្ធ​ស្បូន និង​ជ្រើសរើស​ប្រើ​ផលិតផល​កម្ចាត់​ក្លិន។ ទង្វើ​នេះ​ជាការ​នាំមក​នូវ​មេរោគ​ឱ្យចូល​ទៅក្នុង​រន្ធ​ស្បូន​ដោយផ្ទាល់ ព្រោះ​ជាធម្មតា នៅ​បរិវេណ​នោះ​នឹងមាន​មេរោគ​ល្អ​នៅ​ប្រចាំការ​ចាំ​ស្ទាក់ចាប់​មេរោគផ្សេងៗដែល​ចូលទៅក្នុង​រន្ធ​ស្បូន ដូច្នេះហើយ​ទើប​មនុស្ស​ប្រក្រតី​មិនកើត​ការឆ្លង​មេរោគ​ដោយងាយៗនោះទេ តែបើ​ពេលណា​មានការ​លូក​លាង​រន្ធ​ស្បូន ឬ​ប្រើ​ទឹក​ថ្នាំ ឬ​សាប៊ូ​ដែលមាន​កម្រិតខ្លាំងៗ នឹងធ្វើ​ឱ្យស្លាប់​មេរោគ​ល្អ​ទាំងនោះ ហើយ​ធ្វើឱ្យ​មេរោគ​ចង្រៃផ្សេងៗហូរ​ចូលទៅក្នុង​រន្ធ​ស្បូន​បាន ធ្វើឱ្យ​ប្រអប់​ស្បូន​កើតការ​ឆ្លង​មេរោគ​ទាំង​ម្ដាយ និង​កូន​យ៉ាង​ងាយស្រួល។

13. ហាម​លើក​របស់ធ្ងន់ៗ ឬ​តោង​ឡើង​ទីខ្ពស់ៗ
នៅពេល​លើក​របស់ធ្ងន់ៗខ្លាំងពេក កម្លាំង​ប្រឹង​នឹង​ធ្លាក់​ទៅ​នៅត្រង់​ស្បូន ព្រោះ​ជា​ចំណុចកណ្ដាល។ កម្លាំង​ប្រឹង​ខណៈពេល​ខំ​លើក​របស់ធ្ងន់ៗ ប្រថុយប្រថាន​នឹង​ការធ្វើឱ្យ​រលូត​បុត្រ​បាន។ ការលើក​របស់ធ្ងន់ៗ ឬ​ការ​តោង​ឡើង​ទីខ្ពស់ៗ ប្រថុយ​នឹង​ការបាត់បង់​លំនឹង ធ្វើឱ្យ​ដួល​បោក​នឹង​ដី​បាន​ដូចគ្នា។

14. ហាម​ស្វាមី​មាន​ក្នុង មាន​ក្រៅ
ចំណុច​នេះ​ត្រូវតែ Tag ឬ Copy ឱ្យ​ស្វាមី​អាន​ឱ្យបាន។ តាមរយៈ​របាយការណ៍​វេជ្ជសាស្ត្រ​បាន​រកឃើញថា ស្វាមី​ក្បត់ចិត្ត​ភរិយា​ច្រើន​បំផុត​ក្នុងអំឡុងពេល​ភរិយា​តាំង​គភ៌ មាន​តាំងពី​ជាមួយ​ស្ត្រី​បម្រើសេវា​ផ្លូវភេទ មាន​ភេទ​សម្ព័ន្ធ​ជាមួយ​ស្រី​ផ្សេង​ជាច្រើន​នាក់។ ទង្វើ​នេះ​អាច​ហុច​ផលប៉ះពាល់​ដល់​ភរិយា និង​កូនតូច ព្រោះ​ប្រថុយប្រថាន​នឹង​ការឆ្លង​រោគ​ពី​ក្រៅ ដូចជា រោគ​អេដស៍ និង​ស្វាយ​ប្រមេះ​ជាដើម។ គ្រប់​រោគ​ដែល​រៀបរាប់​មកនេះ​អាច​ហុច​ផល​ធ្វើឱ្យ​ទារក​ពិការ ឬ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​បាន។ ឯ​ការការពារ ៖ ស្ត្រី​មានគភ៌​កុំ​ព្រងើយកន្តើយ​ក្នុង​ការផ្ដល់​សេចក្ដីសុខ​ជាមួយ​ស្វាមី ព្រោះ​ពេញ​មួយរយៈ 9ខែ ពេទ្យ​មិនបាន​ហាម ឬ​កម្រិត​ការ​មាន​ភេទ​សម្ព័ន្ធ​ឡើយ អ្នក​អាច​ប្រព្រឹត្ត​បាន​តាម​ប្រក្រតី​ក្នុង​ឥរិយាបទ​ដែល​មិន​ប្រថុយ​គ្រោះថ្នាក់​ខ្លាំងពេក​ប៉ុណ្ណោះ។ ការមើល​ថែទាំ​សុខភាព​គភ៌​នេះ​សំខាន់​ណាស់ ព្រោះ​មិនមែន​សម្រាប់តែ​ស្ត្រី​មានគភ៌​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ទារក​ដែល​នៅក្នុង​គភ៌​ក៏ត្រូវ​តែមាន​សុខ​ភាពល្អ​បរិបូរណ៍​ដែរ ដូច្នេះ​បើ​មាន​ហេតុ​ខុស​ប្រក្រតី​ណាមួយ​កើតឡើង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ជាបន្ទាន់៕

Advertisement