នៅពេល​ខ្ញុំ​តាំង​គភ៌​ខែ​ទី6

ឈានចូល​ខែ​ទី6 សម្រាប់​ការតាំង​គភ៌​ហើយ​ណា៎… ក្នុង​ខែ​នេះ​ទារក​ក្នុង​ផ្ទៃ​នឹងមាន​ទំហំ​ប្រមាណ​ជា13អី​ុ​ញ មាន​ទម្ងន់​ប្រមាណ​ជា800ក្រាម សាច់​ស្បែក​នៅតែ​ស្ដើង និង​រលោង​ភ្លឺ មិនទាន់មាន​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​នៅឡើយ ចាប់ផ្ដើម​មើលឃើញ​ម្រាមដៃ និង​ម្រាមជើង​របស់​ទារក​បាន​ច្បាស់​ឡើង និង​ទារក​នៅក្នុង​គភ៌​ចាប់ផ្ដើម​ចេះ​បើក-បិទ​ភ្នែក​បាន​ហើយ។ គឺជា​ខែ​មួយទៀត​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស ដើម្បី​សុវត្ថិភាព​របស់​ស្ត្រី​ជា​ម្ដាយ និង​សុខភាព​ដ៏​រឹងប៉ឹង​របស់​ទារ​ក
នៅ​ក្នុង​គភ៌។

ក្នុង​ខែ​ទី6នៃ​ការតាំង​គភ៌​នេះ​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​ស្ត្រី​ជា​ម្ដាយ​អាច​ដឹងបាន​ដូចតទៅ :
– ទារក​ក្នុង​ផ្ទៃ​រើ​ខ្លាំង​ជាង​ខែមុនៗយ៉ាង​មើលឃើញ​ច្បាស់​តែម្ដង។
– មាន​ធ្លាក់ស​ច្រើន។
– អាចមាន​អាការ​ឈឺ​រាងធ្ងន់ៗទៅ​ក្រោម​នៅ​ម្ដុំ​ក្បាលពោះ​ផ្នែក​ខាងក្រោម។
– ទល់លាមក​ច្រើនឡើង (គួរ​ប្រយ័ត្ន កុំ​បណ្ដោយឱ្យ​ទល់លាមក​ច្រើន​ថ្ងៃ​ពេក)។
– អាច​កើតមាន​អាការ​ចុក​ណែន​ក្នុង​ក្រពះដោយសារអាហារ​មិន​រំលាយ និង​ហើមពោះ។
– ឈឺក្បាល​ម្ដងម្កាល ស្រវាំងភ្នែក និង​ប្រយ័ត្ន​ការកើត​ខ្យល់គ​ញឹកញាប់។
– តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​ច្រមុះ និង​ហ៊ឹង​ត្រចៀកខ្លះ។
– ពេល​ដុសធ្មេញ ងាយ​មាន​ឈាម​ចេញ​តាម​ជើងធ្មេញ។
– ឃ្លាន​ញឹកញាប់។
– កើតមាន​ការ​ហើម​នៅលើ​ផ្ទៃមុខ ជើង ភ្នែក​គោល និង​ដៃ។
– រមាស់​នៅលើ​ស្បែក​ម្ដុំ​ក្បាលពោះ ព្រោះ​ស្បែក​ម្ដុំ​ក្បាលពោះ​ចាប់ផ្ដើម​រីកធំឡើង។
– ឈឺ​ខ្នង​កាន់តែខ្លាំង​ឡើង។
– សុដន់​រីក​កាន់តែ​ធំ​ឡើង​ទៀត
– អាច​កើត​មានការ​ភ្លេចភ្លាំង កម្រិត​អារម្មណ៍​នៅតែ​មិន​នឹងនរ តែ​ល្អ​ឡើង​ជាង​ខែមុនៗច្រើន។
– ចាប់ផ្ដើម​វិតក្ក​កង្វល់ អាច​នឹង​ភ័យខ្លាច​រឿង​ការឆ្លង​ទន្លេ(ការ​ប្រសូត) ធ្វើឱ្យមាន​អារម្មណ៍​តានតឹង។

រឿង​ដែល​គ្រូពេទ្យ​អ្នក​មើលថែ​គភ៌​ចង់ឱ្យ​ស្ត្រី​មានគភ៌​ធ្វើ​ក្នុងអំឡុង​ខែ​នេះ​មាន​ដូចតទៅ :
1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
2. ពិនិត្យ​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​របស់​ទារក​នៅក្នុង​គភ៌។
4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ទារក​ក្នុង​គភ៌។
5. ពិនិត្យមើល​កម្ពស់​រប​ស់​ស្បូន។
6. ពិនិត្យ​អាការ​ហើម​នៅលើ​ដៃ និង​ជើង និង​សរសៃឈាម​នៅលើ​ជើង។
7. ពិនិត្យ​រកមើល​អាការ​ខុស​ប្រក្រតីផ្សេងៗ(បើ​មាន)។

រឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ខ្លួន​ជាពិសេស​ក្នុងអំឡុង​ខែ​នេះ​គឺ :
1. អាចមាន​អាការ​ឈឺ និង​ស្ពឹក​នៅតាម​ចុងដៃ ដោយសារតែ​សរសៃប្រសាទ​ដៃ​ត្រូវ​ស្រទាប់​សាច់​ភ្នាស​រួបរឹត តែ​ស្ត្រី​មានគភ៌​អាច​កែប​ញ្ហា​នេះ​បាន​ដោយ​ចៀសវាង​ពី​ការ​គេង​សង្កត់​លើ​ដៃ​ខ្លួនឯង ឬ​គេង​បត់​ដៃ។ បើ​មាន​អា​ការឈឺ​ចុកចាប់​ខ្លាំង​គួរតែ​ទៅ​ប្រឹក្សា​នឹង​គ្រូពេទ្យ និង​គួរ​ញ៉ាំ​វីតាមីន B6 ឱ្យ​ច្រើនឡើង ហាម​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺ​សន្លាក់​ជាដាច់ខាត និង​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​គ្រប់​ពេលមុន​ទទួលទាន​ថ្នាំ​អ្វី​ក៏​ដោយ។

2. កើត​អាការ​ទល់លាមក​ខ្លាំង​រហូតដល់​បន្ទោបង់​មាន​ប្រឡាក់​ឈាម​មកជា​មួយជា​ប្រក្រតី អាការ​នេះ​តែង​ជួបប្រទះ​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ពី 20% – 25% តែ​យ៉ាងណាក៏ដោយ គួរតែ​បានទទួល​ការពិនិត្យ​ពី​គ្រូពេទ្យ និង​មើលថែទាំ​ដោយ​ខ្លួនឯង​ដោយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ ដើម្បី​ចៀសវាង​ពី​អាការ​ទល់លាមក​នេះ។ ចូរ​ឧស្សាហ៍​គេង​ផ្អៀង និង​មិនគួរ​ស្ថិតក្នុង​ឥរិយាបថ​តែមួយ​ក្នុង​រយៈពេល​យូរ​នោះទេ។ ពេល​បន្ទោបង់​មិនគួរ​អង្គុយ​ប្រឹង​ខ្លាំងពេក​ទេ និង​គួរ​មាន​កៅអី​ទាប​មួយ​សម្រាប់​ទ្រ​ជើង​ដើម្បី​បន្ថយ​កម្លាំង​រុញច្រាន​ក្នុង​ប្រអប់​ពោះ។ បើសិនជា​ត្រូវ​ការប្រើ​ថ្នាំ​បន្ទន់​លាមក គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ធ្វើការ​ណែនាំ​របស់​គ្រូពេទ្យ។

3. ចូរ​ប្រយ័ត្ន​សភាវ​គភ៌​មាន​ជាតិពុល ដែល​គេ​ច្រើន​ជួបប្រទះ​នៅពេល​អាយុ​គភ៌​បាន 20សប្ដាហ៍​ឡើងទៅ។ ច្រើន​ជួបប្រទះ​នៅលើ​ស្ត្រី​ដែលមាន​គភ៌​ ហើយ​មាន​រោគ​លើសឈាម​កាលពី​ពេលមុន។ បើ​បាន​ពិនិត្យ​គភ៌​ជាប់​ជាប្រចាំ ក៏​នឹង​ជួយ​ឱ្យ​ពិនិត្យឃើញ​តាំងពីដំបូងៗ និង​អាច​ការពារ​បាន​ទាន់ពេល តែ​យ៉ាងណាក៏ដោយ បើ​កើតមាន​អាការ​ទាំងនេះ ឬក៏​អាការ​មួយណា​នោះ ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ដូចជា​ទម្ងន់​ខ្លួន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំង​មិនបាន​ញ៉ាំ​អាហារ​ច្រើន មាន​អាការ​ហើម​មុខ និង​ដៃ​ខ្លាំង ឈឺក្បាល​ដោយ​មិនដឹង​មូលហេតុ និង​ស្រវាំងភ្នែក ជាដើម៕

Advertisement