កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ដែលអ្នកម្ដាយត្រូវតាមដានក្នុង1,000ថ្ងៃដំបូងនៃជីវិតកូន

មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួន ខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអា-រម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជា ខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់របស់ទៀតផង។

វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក
វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ
អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត : នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយជាដើម។

អារម្មណ៍មិនពេញចិត្ត : នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនាត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។ អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។

វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ1-3ឆ្នាំ
អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍឡើងក្នុងរយៈពេលនេះ មានដូចតទៅ៖

អារម្មណ៍ក្រោធខឹង : កើតចេញពីការដែលមិនបានទទួលការតបស្នង ឬត្រូវរារាំងតម្រូវការច្រើនតែបង្ហាញចេញដោយការបញ្ចេញសម្រែកយ៉ាងមិនពេញចិត្ត ស្រែកខ្លាំងៗ គេងទធាក់ជើង។ អារម្មណ៍ក្រោធខឹងអាចកើតចេញពីការធ្វើត្រាប់តាមឪពុកម្ដាយ បើអារម្មណ៍ក្រោធខឹងកើតឡើងជាប់ជានិច្ចនោះ នឹងអភិវឌ្ឍទៅជាបុគ្គលដែលមានបុគ្គលិកលក្ខណៈច្រងេងច្រងាង និងហិង្សា។

អារម្មណ៍ភ័យខ្លាច : ក្មេងតែងតែខ្លាចមនុស្សប្លែកមុខ (មិនដែលស្គាល់) ខ្លាចទីកន្លែងប្លែកថ្មីខ្លាចវត្ថុដែលមានលាន់ ឮសំឡេងខ្លាំងៗ​ ខ្លាចភាពងងឹតជាដើម។ ច្រើនតែបង្ហាញចេញដោយការរត់គេច ស្រែកយំ ឬពួននៅក្រោយខ្នងមនុស្សធំ។ ក្នុងពេលខ្លះការភ័យខ្លាចនេះអាចជារឿងជំរុញឱ្យក្មេងកើតក្ដីចង់ដឹង ចង់ឃើញបាន។

អារម្មណ៍ច្រណែន : កើតចេញពីការរួមបញ្ចូលអារម្មណ៍ក្រោធខឹង និងភ័យខ្លាចជាមួយគ្នា។ ច្រើនតែកើតឡើងយ៉ាងងាយ នៅពេលដែលមានប្អូន ហើយឪពុកម្ដាយយកចិត្តទុកដាក់តែលើប្អូនជាពិសេសពេក ធ្វើឱ្យខ្លួនខ្វះភាពសំខាន់។ ឪពុកម្ដាយគួរអធិប្បាយឱ្យកូនយល់ពីការពិត និងគួរមើលថែទាំយកចិត្តទុកដាក់ មិនធ្វើឱ្យកូនមានអារម្មណ៍ហាក់ដូចខ្វះភាពកក់ក្ដៅ ឬគិតថា ប៉ាម៉ាក់លែងស្រឡាញ់រូបគេហើយ។

អារម្មណ៍ចង់ដឹងចង់ឃើញ : នៅពេលក្មេងបានទទួលការជំរុញដែលខ្លាំងក្លាក៏នឹងមានអារម្មណ៍ថាចាប់អារម្មណ៍ឡើងភ្លាម ច្រើនតែចង់ឃើញអ្វីប្លែកៗ ថ្មីៗ។ ក្ដីភ័យខ្លាចក៏ជាលក្ខណៈមួយដែលជួយឱ្យក្មេងកើតក្ដីចង់ដឹងចង់ឃើញបានដែរ។

អារម្មណ៍ត្រេកអរ : ជាអារម្មណ៍នៃក្ដីសោមនស្សមានសេចក្ដីសុខ ច្រើនកើតឡើងចំពោះក្មេងដែលមានសុខភាពល្អ នឹងចេះញញឹមដាក់អ្នកដទៃ ឬរួមសើចក្អាកក្អាយជាមួយអ្នកដទៃពេលមានអារម្មណ៍ពេញចិត្ត។

អារម្មណ៍ស្រឡាញ់ : ក្មេងនឹងត្រូវការឥស្សរៈភាព ដូច្នេះនៅពេលអ្នកមើលថែទាំបណ្ដោយតាមចិត្ត ឬតបស្នងតម្រូវការរបស់ក្មេង ក្មេងនឹងស្រឡាញ់ និងទុកចិត្តជាពិសេស នៅពេលក្មេងមានអារម្មណ៍ស្រឡាញ់។

ក្មេងម្នាក់ៗមានលក្ខណៈពិសេសដោយឡែកនិងតម្រូវការខុសប្លែកពីគ្នា ក្មេងនឹងអាចសម្របខ្លួនបានល្អប៉ុនណា អាស្រ័យលើការចិញ្ចឹមមើលថែរបស់ឪពុកម្ដាយ និងមូលដ្ឋានគ្រឹះខាងផ្នែកអារម្មណ៍របស់ក្មេង ដូច្នេះឪពុកម្ដាយគួរយល់ដឹងពីធម្មជាតិរបស់កូន ការសម្របខ្លួនឱ្យចូលជាមួយកូន នឹងជួយអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេង ធ្វើឱ្យការចិញ្ចឹមមើលថែកាន់តែមានភាពរលូនល្អខ្លាំងឡើង៕

Advertisement