វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវដឹង!

វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ
ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែន សូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

វិវឌ្ឍនាការរបស់ក្មេងអាយុ13ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា
វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន ហើយខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង ចំណែកនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង
ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជា ចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្ធដោតភ្លើងអគ្គិសនីប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូនជាដើម។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិ-ភាព និងទុកឱ្យរើជ្រាវលេង ឬយកចេញចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” នេះហើយគឺការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

វិវឌ្ឍនាការរបស់ក្មេងអាយុ14ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង
កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបាន ដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃ ដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលនៃវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើប ឡារ៉ែន ចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេអាចមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕

Advertisement