ពហុ​វិធី​កែ​បញ្ហា​ក្មេង​ពិបាក​ញ៉ាំ​អាហារ ឱ្យ​ក្លាយជា​ក្មេង​ដែល​ចូលចិត្ត​ញ៉ាំ មិន​កៀស​បន្លែ​ចេញ

“ក្មេង​ពិបាក​ញ៉ាំ​អាហារ” ជា​បញ្ហា​មួយ​ដែល​ឪពុកម្ដាយ​មាន​អារម្មណ៍​តានតឹង និង​កង្វល់​ចិត្ត​យ៉ាងខ្លាំង ហើយ​ដោយសារតែ​ខំព្យាយាម​គ្រប់បែបយ៉ាង​ធ្វើយ៉ាងណា​ឱ្យ​កូន​បាន​ញ៉ាំ​អាហារ ទើប​ជា​លទ្ធផល​ធ្វើឱ្យ​ក្មេង​តតាំង​កាន់តែខ្លាំង​ឡើង ហើយ​បញ្ហា​ក៏​នឹង​រឹតតែ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​ខ្លាំង​ឡើង។ “ក្មេង​ពិបាក​ញ៉ាំ​អាហារ” អាច​ជួបប្រទះ​នៅលើ​ក្មេង​ទូទៅ3% – 5%ច្រើន​ស្ថិតក្នុង​វ័យ1 – 6ឆ្នាំ ក្មេង​នឹងមាន​អាការ​ដូចតទៅ គឺ​ញ៉ាំ​យឺត បៀម​បាយ ឬ​ស្រែកយំ​មិន​ព្រម​ញ៉ាំ ខ្ជាក់​ចេញ ឬ​ក្អួត​អាហារ​ដែល​ញ៉ាំ​ចូល​ទៅហើយនោះ​ចេញមក​វិញជាដើម។ ឯ​ឪពុកម្ដាយ​វិញ​នឹង​ខំប្រឹង​ធ្វើយ៉ាងណា​ឱ្យ​កូន​ញ៉ាំ​បាន តាំងពី​ទំពា​បញ្ចុក បង្ខំ លួងលោម អង្វរ សូកប៉ាន់ ដាក់​លក្ខខណ្ឌ​ជាមួយ​កូន ឬ​បង្ខំ​ដាក់ទណ្ឌកម្ម​ដោយ​វិធីផ្សេងៗក៏មាន។ ភាគច្រើន​ក្មេង​ត្រូវ​បានទទួល​អាហារ​មួយថ្ងៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ តែបើ​ក្នុងករណី​ដែល​ក្មេង​បានទទួល​អាហារ​តិចជាង​ប្រក្រតី និង​មានការ​ចម្រើន​ធំធាត់​យឺត​នោះ ក្មេង​គួរ​បានទទួល​ការពិនិត្យ​វាយតម្លៃ ដើម្បី​រក​វិធី​ព្យាបាល​ខាង​រាងកាយ និង​ផ្លូវចិត្ត​យ៉ាង​លម្អិត។

វិធី​កែប​ញ្ហា ក្មេង​ពិបាក​ញ៉ាំ​អាហារ ក្នុង​វ័យ​ដែល​ត្រូវ​ចាប់ផ្ដើម​ញ៉ាំ
1. ឱ្យ​អង្គុយ​នៅ​តុ​ញ៉ាំ​បាយ​ជាមួយ​ប៉ា​ម៉ាក់។
2. មិន​បើក​ទូរទស្សន៍​មើល​ក្នុងអំឡុងពេល​ញ៉ាំ​បាយ ឬ​អាហារ។
3. ឱ្យ​ពេល​ញ៉ាំ​អាហារ​ប្រមាណ​ជា30នាទី ដោយ​ដួស​អាហារ​ឱ្យ​សមល្មម មិន​ច្រើន​ជ្រុល​ពេក។ បើ​ក្មេង​មិន​ញ៉ាំ ពេល​ដល់​ម៉ោង ចូរ​ប្រមូល​អាហារ​ទុកដាក់។
4. ក្នុងពេល​ញ៉ាំ​អាហារ ចូរ​និយាយ​តែ​រឿងល្អៗ សប្បាយ។
5. កុំ​បង្ខំ​ឱ្យ​ក្មេង​ញ៉ាំ ឬ​ដាក់ទោស ពេល​ក្មេង​មិន​ញ៉ាំ​អាហារ។
6. ពេល​ក្មេង​ញ៉ាំ​បាយ ឬ​អាហារ​បាន​ច្រើន ចូរ​និយាយ​សរសើរ តែបើ​គេ​ញ៉ាំ​បាន​តិច ចូរ​ធ្វើ​ព្រងើយ។
7. តម និង​ចៀសវាង​ការ​ញ៉ាំ​អាហារផ្សេងៗក្នុងអំឡុងពេល​ញ៉ាំ​បាយ ដូចជា ​នំ ទឹកដោះគោ ឬ​ស្ករ​គ្រាប់​ជាដើម។

មូលហេតុ​ធ្វើឱ្យ​ក្មេង​ពិបាក​ញ៉ាំ​អាហារ
1. បរិមាណ​អាហារ​ច្រើន​ជ្រុល​ពេក។
2. ក្មេង​មិន​ចូលចិត្ត​ញ៉ាំ​អាហារ​នោះ ដូចជា បន្លែ ឬ​ត្រី​ជាដើម ដូច្នេះ​មិនគួរ​បង្ខំ​ទេ តែ​គួរ​កែច្នៃ​អាហារ​នោះ​ទៅជា​រូប​បែបផ្សេងៗ ហើយ​បបួល​ឱ្យ​ក្មេង​សាកល្បង​ញ៉ាំ។
3. ក្មេង​ខ្វះ​ការ​ឃ្លាន​ចង់​ញ៉ាំ​អាហារ ដោយសារតែ​ញ៉ាំ​នំ ឬ​ទឹកដោះគោ​នៅពេល​មុន​ហ្នឹង​រួចហើយ។
4. ក្មេង​មាន​បទពិសោធ​មិនល្អ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ ដូចជា ធ្លាប់​ត្រូវ​បញ្ចុក​បង្ខំ​ឱ្យ​ញ៉ាំ​រហូត​ឈឺ​មាត់ ឬ​ធ្លាប់​ស្ថិតក្នុង​បរិយាកាស​ដែល​មិនល្អ​ក្នុងការ​ញ៉ាំ​អាហារ ដូចជា ធ្លាប់​ត្រូវ​សម្លុត ឬ​វាយ​បង្ខំ​ឱ្យ​ញ៉ាំ​ជាដើម។
5. ខណៈពេល​ញ៉ាំ​អាហារ ក្មេង​មាន​ការឈឺ-​ថ្កាត់​ខាង​រាងកាយ ឬ​មាន​បញ្ហា​ខាង​អារម្មណ៍។

កែខៃ​បញ្ហា​រឿង​កូន​ពិបាក​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ជា​ឪពុកម្ដាយ
1. បន្ថយ​ក្ដីកង្វល់​ចិត្ត​ចុះ​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ​របស់​កូន ដូចជា កង្វល់​ថា កូន​នឹងមាន​ទម្ងន់​ខ្លួន​តិច(ស្គម) ឬ​បានទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​ជាដើម ព្រោះ​ក្ដីកង្វល់​នោះ​នឹង​ហុច​ផល​ទៅដល់​កូន ធ្វើ​មាន​ផលប៉ះពាល់​ដល់​ការមិន​ញ៉ាំ​អាហារ​បាន។
2. បណ្ដោយឱ្យ​កូន​មានឱកាស​បាន​ជួយ​ខ្លួនឯង​ខ្លះ​ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​អាហារ ដូចជា ចំពោះ​ក្មេង​ដែល​ចាប់ផ្ដើម​ចេះ​ចាប់​កាន់​ចំណីអាហារ​ដុំតូចៗ ឬ​ចេះ​យក​ស្លាបព្រា​ដាក់ចូល​មាត់ ទោះជា​កំពប់ ឬ​ប្រឡាក់​ខ្លះ​ក៏ដោយ។
3. ទៅ​ជួប​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ បើសិន​អាណាព្យាបាល​បាន​ធ្វើតាម​ការណែនាំ និង​ប្រតិបត្តិ​តាម​ចំណុច​ទី1 និង​ចំណុច​ទី2យ៉ាង​ជាប់លាប់ហើយ​បើ​មាន​ចំណុច​សង្ស័យ​ណាមួយ​អាច​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​កុមារ ឬ​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ ដើម្បី​រក​ដំណោះស្រាយ។

វិធី​ការពារ​បញ្ហាក្មេង​ពិបាក​ញ៉ាំ​អាហារ
1. ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​អាហារ​បន្ថែម​ក្នុងពេល​វេលា​ដ៏​ត្រឹមត្រូវ(អាយុ​បាន​ប្រមាណ​ជា6ខែ​ឡើង)។
2. បង្ហាត់បង្រៀន​អំពី “សុខ​ប្រតិបត្តិ‟ ក្នុងការ​ញ៉ាំ​ដល់​ក្មេង​តាំងពី​ពេល​ចាប់ផ្ដើម​ឱ្យ​ញ៉ាំ​អាហារ។បញ្ហា ក្មេង “ពិបាក​ញ៉ាំ​អាហារ‟ ជា​បញ្ហា​ដែល​ជួបប្រទះ​ញឹកញាប់ ដូច្នេះ​ការមើល​ថែទាំ និង​ការពារ​បញ្ហា​តាំងពី​ពេល​ចាប់ផ្ដើម​នឹង​ជួយ​ឱ្យ​ក្មេង​ល្អ​ប្រសើរឡើង​បាន មិន​ដូច្នោះ​ទេ​អាច​កើតមាន​បញ្ហា​ឡើង​បាន ដូចជា បញ្ហា​សម្ព័ន្ធភាព​រវាង​ឪពុក​ម្ដាយកូន បញ្ហា​ទង្វើ​ច្រងេងច្រងាង និង​បញ្ហា​ផ្នែក​ផ្លូវចិត្ត ដូចជា មាន​សម្ពាធ និង​ខ្វល់ខ្វាយ​ច្រើន​ជាដើម៕

Advertisement