រឿងក្បែរៗខ្លួន​ដែល​ស្ត្រី​មានគភ៌​គួរ​ដឹង

នៅពេលដែល​ដឹងខ្លួន​ថា​តាំង​គភ៌​ហើយ មានរឿង​ចាំបាច់​ច្រើនយ៉ាង​ណាស់​ដែល​ស្ត្រី​ត្រូវ​រៀន​យល់ដឹង និង​ធ្វើ​ដើម្បី​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ។ ថ្ងៃនេះ​ ឡា​រ៉ែ​ន​ មានរឿង​ក្បែរ​ខ្លួន​ដែលសំខាន់ៗសម្រាប់​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ប្រតិបត្តិ​មក​ជម្រាបជូន​ដូចខាងក្រោម។

ការ​សម្រាក : ស្ត្រី​មានគភ៌​ត្រូវការ​គេង​ក្នុងអំឡុង​ពេលយប់​ពី 8 – 10ម៉ោង ឬ​គេង​ឱ្យបាន​ច្រើន​រហូត​ទាល់តែ​អ្នកមាន​អារម្មណ៍​ថា ស្រួល​កាយ​សប្បាយខ្លួន មិន​នឿយ​ល្វើយ និង​ខណៈពេល​គេង ស្ត្រី​មានគភ៌​គួរ​គេង​ផ្អៀង​ខាងឆ្វេង ព្រមទាំង​អង្កុញ​ជង្គង់​បន្តិច ដើម្បី​ចៀសវាង​មិនឱ្យ​ស្បូន​ដែលមាន​ទំហំ​ធំ​នោះ​ទៅ​សង្កត់​លើ​សរសៃឈាម ដែលជា​ហេតុ​បណ្ដាលឱ្យឈាម​ហូរ​មក​ចិញ្ចឹម​ទងសុក​មិនបាន​ល្អ។ ការ​គេង​មួយស្រឡេត​នៅពេល​ថ្ងៃរសៀល​នឹង​ជួយ​ដល់​ស្ត្រី​មានគភ៌​បាន​ច្រើនណាស់ និង​ទោះជា​ការ​គេង​នោះ​មិន​លក់​ក៏ដោយ តែ​ការ​គេង និង​ការ​សម្រាក​បន្ធូរ​សាច់ដុំ គឺជា​រឿង​ល្អ​សម្រាប់​ស្ត្រី​មានគភ៌។

ការ​ស្លៀក​សម្លៀកបំពាក់ និង​ស្បែកជើង : ស្ត្រី​មានគភ៌​អាច​ត្រូវ​ការទិញ​សម្លៀកបំពាក់​ស្លៀក​
ក្នុងអំឡុងពេល​មានគភ៌ រឿង​សំខាន់​ដែល​ស្ត្រី​មានគភ៌​មិនគួរ​ភ្លេច ក៏​គឺ​សម្លៀកបំពាក់​ទាំងនោះ​ត្រូវ​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ស្រួល​ខណៈ​ស្លៀក។ អាវ​ឈុត​គ្រប​ផ្ទៃពោះ​គួរតែ​ជា​សម្លៀកបំពាក់​ដែល​ស្លៀក​សប្បាយ​ស្រួលខ្លួន និង​ងាយស្រួល​ថែរក្សា រួមទាំង​អាវទ្រនាប់​ផង គួរប្រើ​អាវ​សម្រាប់​ស្ត្រី​មានគភ៌ ឬ​បំបៅ​ដោះ​កូន ខណៈពេល​ជាមួយគ្នា គួរ​ពាក់​ស្បែកជើង​កែង​ទាប ព្រោះ​ខណៈពេល​តាំង​គភ៌ ការ​ទប់​លំនឹង​ខ្លួន​របស់​ស្ត្រី​មានគភ៌​នឹងមិន​ល្អ​ដូច​ប្រក្រតី​នោះទេ។ ការពាក់​ស្បែកជើង​កែងខ្ពស់ៗអាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ងាយ​នឹង​ឈឺ​ខ្នង រួមទាំង​ងាយ​នឹង​កើត​ឧប្បត្តិហេតុ​ទៀតផង ជាពិសេស​នៅពេល​អាយុ​គភ៌​ចាប់ពី7ខែ​ឡើងទៅ។

ការមើល​ថែទាំ​រក្សាសុខ​ភាព​ធ្មេញ និង​ប្រអប់មាត់ : ស្ត្រី​មានគភ៌​គួរផ្ដល់​ការចាប់អារម្មណ៍​លើ​
សុខភាព​ធ្មេញ និង​ប្រអប់មាត់​របស់ខ្លួន​ជាពិសេសដោយសារតែ​ក្នុង​ចន្លោះ​ពេលនេះ ស្ត្រី​មានគភ៌​ច្រើនតែ​ទទួលទាន​អាហារ​ញឹកញាប់ ឬ​ចង់​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង​ជាង​ប្រក្រតី។ អ័រម៉ូន​ដែល​ប្រែប្រួល​ក្នុងអំឡុង​ការតាំង​គភ៌​ច្រើនតែ​ធ្វើឱ្យ​អញ្ចាញធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​ក្នុងការ​រលាក​ឆ្លង​មេរោគ និង​ការ​ក្អួតចង្អោរ​ក្នុងអំឡុងពេល​ចាញ់-កូន​ដែល​ច្រើន​តែមាន​អាស៊ីត​ពី​ក្រពះ​ចេញមក​ច្រើន​ជាដើម ទាំងអស់​ដែល​រៀបរាប់​មកនេះ នឹងធ្វើ​ឱ្យ​ធ្មេញ​របស់​ស្ត្រី​មានគភ៌​ងាយ​នឹង​ពុក​ខូច​ជាង​ប្រក្រតី ដូច្នេះ​ស្ត្រី​មានគភ៌​ត្រូវ​ឧស្សាហ៍​មើលថែទាំ និង​រក្សា​អនាម័យ​សុខភាព​មាត់-ធ្មេញ​ដោយ​ការសម្អាត​អញ្ចាញធ្មេញ ធ្មេញ និង​ប្រអប់មាត់​ឱ្យបាន​ជាប់​ជាប្រចាំ៕

Advertisement