នៅពេល​ខ្ញុំ​តាំង​គភ៌​ចូលដល់​ខែ​ទី7

ក្នុងអំឡុង​ខែ​ទី7នេះ ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​នឹងមាន​ប្រមាណ1,200ក្រាម សភាវ​ចម្រើន​ធំធាត់​របស់​ទារក​ក្នុង​គភ៌​ចាប់ផ្ដើម​មាន​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​ហើយ។ ទារក​នៅក្នុង​គភ៌​ចាប់ផ្ដើម​ចេះ​ជញ្ជក់​ម្រាមដៃ​ខ្លួនឯង ចេះ​យំ ដឹង​រសជាតិ​ប្រៃ ជូរ ផ្អែម ហើយ​ថែមទាំង​ទទួលយក​ការជំរុញផ្សេងៗបាន​យ៉ាង​ល្អ ជាពិសេស​ការឈឺចាប់ និង​ពន្លឺភ្លឺៗ ដែល​បើសិនជា​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ប្រសូត​នៅក្នុង​ខែ​នេះ(ប្រសូត​មុន​កំណត់) ឱកាស​ដែល​ទារក​នឹង​រស់រានមានជីវិត​នឹងមាន​អត្រា​ខ្ពស់។

ក្នុង​ខែ​ទី7 នៃ​ការតាំង​គភ៌​នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អនាគត​អ្នក​ម្ដាយ​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ:
* ទារក​រើបម្រះ​កាន់តែខ្លាំង​ឡើង និង​ជាប់លាប់​ជាង​មុន​ច្រើន។
* មាន​ធ្លាក់-ស​ច្រើនឡើង។
* មាន​អារម្មណ៍​ថា​ឈឺ​រាង​ធ្ងន់​ធ្លាក់​ទៅ​ក្រោម​នៅ​ម្ដុំ​ក្រោម​ផ្ចិត។
* ទល់លាមក​កាន់តែខ្លាំង​ឡើង។
* ចុក ណែន ឆ្អល់ ដោយសារតែ​អាហារ​មិន​រំលាយ និង​ហើមពោះ។
* ឈឺក្បាល​ម្ដងម្កាល ស្រវាំង​ភ្នែក និង​អាច​ខ្យល់គ​មិន​ស្រួលខ្លួន​ញឹកញាប់។
* តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ច្រមុះ និង​ហ៊ឹង​ត្រចៀកខ្លះ។
* មាន​ឈាម​ចេញ​នៅតាម​ជើងធ្មេញ​យ៉ាង​ងាយ ពេល​ដុស​សម្អាត​ធ្មេញ។
* រមួលក្រពើ​នៅលើ​ជើង។
* ហើម​មុខ ជើង ភ្នែក​គោល និង​ដៃ។
* រមាស់​នៅលើ​ស្បែក​ក្បាលពោះ។
* ឈឺ​ខ្នង។
* សរសៃឈាម​ត្បៀត​នៅលើ​ជើង។
* អាច​កើត​អាការ​ឫសដូងបាត​ញឹកញាប់ ឬ​ងាយ​កើត​ជាង​ប្រក្រតី។
* ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​មិនបាន​វែង។
* គេង​មិន​លក់ ឬ​គេង​លក់ តែ​លក់​មិន​ស្កប់។
* ស្បូន​នឹង​បង្រួញ​ខ្លួន​ញឹកញាប់ តែមិនមាន​ការឈឺចាប់​អ្វី​ទេ។
* អុីកអ៊ាក និង​ប្រថុយប្រថាន​នឹង​ការ​ដួល ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន។
* អាចមាន​ទឹកដោះ​ពណ៌លឿងៗហូរ​ចេញ​មកពី​ក្បាល​សុដន់។
* ភ្លេចភ្លាំង​ច្រើន អារម្មណ៍​មិន​នឹងនរ សមាធិ​ខ្លី។
* វិតក្ក​កង្វល់​ច្រើន។
* មានការ​ចាប់អារម្មណ៍​លើ​ភាពជា​ម្ដាយ​គេ និង​មានការ​នឹក​ស្រមៃ​ពាក់ព័ន្ធ​នឹង​កូន​កាន់តែ​ច្រើនឡើង។

រឿង​ដែល​គ្រូពេទ្យ​មើល​ថែទាំ​គភ៌ ចង់ឱ្យ​អ្នកធ្វើ​ក្នុងអំឡុង​ខែ​នេះ មានដូចជា…
1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
2. ពិនិត្យមើល​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​នៅក្នុង​ទឹកមូត្រ។
3. ស្ដាប់​សំឡេង​បេះដូង​លោត​របស់​កូន​នៅក្នុង​គភ៌។
4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ស្បូន​ដោយ​ការពិនិត្យ​ក្បាលពោះ។
5. ពិនិត្យមើល​កម្ពស់​រប​ស់​ស្បូន។
6. ពិនិត្យ និង​តាមដាន​អាការ​ហើម​នៅលើ​ដៃ ​ជើង និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
7. ពិនិត្យមើល​ក្រែង​មាន​អាការ​ខុស​ប្រក្រតីផ្សេងៗ។

ហើយរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវ​មើលថែទាំ​ជាពិសេស​ក្នុងអំឡុង​តាំង​គភ៌​ខែ​ទី7នេះ​គឺ ការ​ប្រសូត​មុន​កំណត់៕

Advertisement