ហេតុអ្វី​បាន​រលូត​បុត្រ?

អនាគត​អ្នក​ម្ដាយ​ជាច្រើន​តែងតែមាន​ក្ដី​វិតក្ក​កង្វល់​អំពី​សុវត្ថិភាព​របស់​កូន​នៅក្នុង​ផ្ទៃ រួមទាំង​ការ​ភ័យ​បារម្ភ​ថា នឹង​កើតការ​រលូត ដែលជា​ញឹកញាប់​ការព្រួយបារម្ភ​លើ​រឿង​ទាំងនេះ​នឹងធ្វើ​ឱ្យ​កើត​ភាព​តានតឹង​ធុញថប់​ក្នុង​អារម្មណ៍​ដោយ​មិនដឹង​ខ្លួន ដែល​ការពិតទៅ អត្រា​ការ​រលូត​បុត្រ​ត្រូវបាន​ជួបប្រទះ​មាន​ត្រឹមតែ10%នៃ​ការតាំង​គភ៌​ប៉ុណ្ណោះ ដោយ​មូលហេតុ​របស់​ការ​រលូត​បុត្រ​នេះ​មាន​ច្រើនយ៉ាង​ណាស់ តែ​ទាំងអស់នោះ យើង​អាច​គ្រប់គ្រង និង​ការពារ​ការ​រលូត​បុត្រ​បាន។

បច្ច័យ​ប្រថុយប្រថាន​ដែល​ធ្វើឱ្យ​កើតការ​រលូត​បុត្រ មានដូចជា :
* ធ្លាប់មាន​ប្រវត្តិ​ដាក់​កង​អនាម័យ​ពន្យារកំណើត​ដែលមាន​សភាវ​ជ្រៀតជ្រែក​ពី​ជំងឺ។
* ធ្លាប់​រលូត​បុត្រ​ច្រើនដង​រួចមកហើយ។
* មាន​ក្ដី​ខកបំណង អស់សង្ឃឹម សោកសៅ​យ៉ាងធ្ងន់ធ្ងរ​ពី​បញ្ហា​ការងារ ឬ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន។
* បានទទួល​រងគ្រោះថ្នាក់ ឬ​ឧប្បត្តិហេតុ​ដោយផ្ទាល់ និង​រង​ការបោក​ប៉ះ​រាងកាយ​យ៉ាងខ្លាំង​ក្លា។
* ធ្វើការ​ធ្ងន់ ការលើក​របស់របរធ្ងន់ៗ ឬ​ការលេង​កីឡា​ដែល​ត្រូវ​ប្រើ​កម្លាំងកាយខ្លាំងៗ រួមទាំង​កា​រព​ក្មេង​ក៏​អាច​នឹង​ហុច​ផលប៉ះពាល់​ដូចគ្នា​ដែរ។
* មាន​ភេទ​សម្ព័ន្ធ​ក្នុងអំឡុងពេល​តាំង​គភ៌ ជាពិសេស​ជាមួយ​ស្ត្រី​មានគភ៌​ដែលមាន​ប្រវត្តិ​ធ្លាប់​រលូត​បុត្រ​ញឹកញាប់។

អា​ការដែល​បង្ហាញថា កើត​សភាវ​រលូត​បុត្រ
* មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត) មាន​ឈាមស្រស់ៗចេញមក​តាម​រន្ធ​ស្បូន។ ទោះជា​ហូរ​ចេញមក​តិច ឬ​ច្រើន​ក៏ដោយ ក៏​ត្រូវតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដែរ។
* មាន​អា​ការឈឺ​នៅត្រង់​ថ្ងាស​ខាងក្រោម(ក្រោម​ផ្ចិត)យ៉ាងខ្លាំង ឬ​ឈឺជាប់ៗគ្នាច្រើន​ថ្ងៃ។
* មាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន​ដូច​មាន​វដ្ត​រដូវ​ប្រចាំ​ខែ ឬ​មាន​ឈាម​ហូរ​ចេញមក​តិចតួចជាប់ៗគ្នា​យូរ​លើសពី3ថ្ងៃ។
* មាន​វត្ថុ​រាវ ខាប់​ធ្លាក់​ចេញមក​តាម​រន្ធ​ស្បូន​ជា​ដុំ​ឈាម ឬ​ដុំ​សាច់​ពណ៌​ផ្កាឈូក នេះ​បង្ហាញថា ចាប់ផ្ដើម​មាន​អាការ​រលូត​បុត្រ​ហើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្ចប់​វត្ថុ​រាវ ខាប់​ដែល​ហូរ​ចេញមក​នោះ​ទៅជា​មួយ​ផង​ជាបន្ទាន់ ព្រោះ​ជួនកាល​ដុំខាប់ៗទាំងនោះ​អាចជា​ផ្នែក​មួយ​នៃ​តួ​កំណើត​ដែល​ត្រូវបាន​រលូត​ចេញមក។

ការមើល​ថែទាំ និង​ការពារ​ ដើម្បី​មិនឱ្យ​កើតការ​រលូត​បុត្រ
* បើសិន​ធ្លាប់មាន​ប្រវត្តិ ឬ​មាន​បច្ច័យ​ប្រថុយប្រថាន​ណាមួយ​ដែល​អាច​នឹងធ្វើ​ឱ្យ​កើត​អាការ​រលូត​បុត្រ​បាន​នោះ គួរ​ប្រាប់​ទៅ​គ្រូពេទ្យ​តាំងពី​ពេល​ទៅពិនិត្យ​គភ៌​លើកដំបូង ដើម្បីឱ្យ​គ្រូពេទ្យ​ជួយ​មើលថែទាំ​យ៉ាង​ដិតដល់។
* ព្យាយាម​កុំ​មាន​អារម្មណ៍​ធុញថប់ មួម៉ៅ ឬ​តានតឹង។ ត្រូវ​រក​វិធី​បន្ធូរ​អារម្មណ៍​ធុញថប់​ទាំងនោះ​យ៉ាង​សមរម្យ ដូចជា​ ការស្ដា​ប់ប​ទច​ម្រៀ​ង​បែបសប្បាយៗ ការធ្វើ​ម៉ាស្សា​បន្ធូរ​អារម្មណ៍ រួមទាំង​ការ​គេង​លក់​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ផងដែរ។
* បើ​ត្រូវ​ជួបនឹង​បញ្ហាផ្សេងៗ ទាំងពី​កន្លែងធ្វើការ ឬ​នៅ​ក្នុងផ្ទះ គួរតែ​រក​ពេលវេលា​សម្រាក ឬ​បន្ធូរ​អារម្មណ៍​ឱ្យបាន​ច្រើន ដោយ​អាច​នឹង​ផ្អាក​នឹក​ដល់​បញ្ហា​ទាំងអស់នោះ​សិន…​ ក្រោយពី​បាត់ លែងមាន​អារម្មណ៍​ធុញថប់​តានតឹង​ហើយសឹម​ងាក​មក​ចាត់ការ​បញ្ហា​នោះ​ជាថ្មី ឬក៏​ប្រឹក្សាជាមួយ​មនុស្ស​ជិតដិត​ណា​ម្នាក់​ ដើម្បី​សុំ​ការណែនាំ​ផ្ដល់យោបល់ ឬ​ជួយ​កែ​បញ្ហា​ឱ្យ​អ្នក​ក៏បាន​ដែរ។
* ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ឱ្យមាន​កម្លាំង​ថាមពល និង​បានទទួល​សារជាតិ​អាហារ​ដែល​គ្រប់គ្រាន់​សម្រាប់​ការរីកចម្រើន​ធំធាត់​របស់​ទារក​ក្នុង​ផ្ទៃ។
* គេច​ចៀស​ពី​បញ្ហា​ម្ដងម្កាល កុំ​លង់​ងប់​ង​ល់​នៅតែ​ជាមួយ​បញ្ហា ដូចជា ​ធ្វើការ​ទម្លាយ​អារម្មណ៍​ធុញថប់​តានតឹង ឬ​ស្ត្រេ​ស​ដោយ​ការជជែក​និយាយ​ជាមួយ​មិត្ត​ភក្តិ ឬ​ស្វាមី​អំពី​បញ្ហាផ្សេងៗជាដើម ព្រោះ​ការធ្វើ​បែបនេះ​ក៏​អាច​នឹង​ជួយ​ឱ្យ​អ្នកបាន​ទម្លាយ និង​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ រួមទាំង​អាច​នឹង​ជួយ​គ្នា​ដោះស្រាយ កែ​បញ្ហា​ទាំង​នោះបាន​ផងដែរ។
* មិនគួរ​ព ឬ​បី​ក្មេង​ខណៈ​ខ្លួនឯង​កំពុង​តាំង​គភ៌​នោះទេ ព្រោះ​ក្រៅពី​មាន​គ្រោះថ្នាក់​ដល់​ទារក​នៅក្នុង​គភ៌​ហើយ នៅមាន​ផលប៉ះពាល់​ដល់​ឆ្អឹង​កង​ខ្នង​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​ទៀតផង។
* ទៅពិនិត្យ​គភ៌​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​យ៉ាង​ទៀងទាត់ និង​ម៉ឺងម៉ាត់៕

Advertisement