ស្ត្រី​ក្រោយពេល​ប្រសូត​បុត្រ​រួច តើ​រាងកាយ​នឹង​ប្រែប្រួល​យ៉ាងណាខ្លះ?

ស្ត្រី​ជាច្រើន​ក្រោយពេល​ប្រសូត​បុត្រ​រួច អាច​នឹង​មិនទាន់បាន​ដឹង​នៅឡើយ​ថា រាងកាយ​របស់ខ្លួន​នឹងត្រូវ​ប្រែប្រួល​យ៉ាងណាខ្លះ​នោះ។ ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ការតាំង​គភ៌​មាន​ផលប៉ះពាល់​ដល់​រាងកាយ និង​ផ្លូវចិត្ត​របស់​យើង​ខ្លាំង​ប៉ុនណា ដូច្នេះ​បើ​ខ្លួន​អ្នក​ក៏​ទើបតែ​ប្រសូត​បុត្រ​ហើយ​មិនយូរប៉ុន្មាន​នោះ ចូរ​ត្រៀមខ្លួន​ជួបនឹង​ភាព​ផ្លាស់ប្ដូរ​ប្រែប្រួល​ខាង​រាងកាយ​ដូចតទៅ :

រងា​ញ័រញាក់
អាការ​រងា​ញ័រញាក់​នឹង​កើតឡើងភ្លាមៗក្រោយពេល​ប្រសូត និង​អាច​នឹង​កើតឡើង​ក្នុងអំឡុងពេល​ឆ្លងកាត់​របស់​ការ​ប្រសូត​ក្នុងដំណាក់កាលផ្សេងៗ ដែល​ស្ត្រី​ខ្លះ​អាច​សង្កេតឃើញថាក្បាលជង្គង់​របស់ខ្លួន​ញ័រញាក់​យ៉ាងខ្លាំង​ក្រោយពេល​ប្រសូត​កូន​ដំបូង​ចេញមក និង​មាន​អារម្មណ៍​រងា​ញ័រញាក់​យ៉ាងខ្លាំង​ក្នុងអំឡុង​ដែល​គ្រូពេទ្យ​ប្រសូត​កំពុងធ្វើការ​ដេរ​ស្នាមរបួស​ឱ្យ… ដែល​វា​ទៅជា​យ៉ាងនេះ ក៏ព្រោះតែ​អ័រម៉ូន​ការតាំង​គភ៌ជា​អ័រម៉ូន​ដែល​ធ្វើការ​ប្រមូល​សន្សំ​ទឹក​នៅក្នុង​រាងកាយ​ ដើម្បី​ទុក​ជំនួស​ឱ្យ​ការបាត់បង់​ឈាម​ដែល​ធ្លាប់​យ៉ាងច្រើន​កាលពី​ពេលមុន នឹង​ថយចុះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស ទើប​ធ្វើឱ្យ​អ្នក​ម្ដាយ​ថ្មោងថ្មី​កើត​អាការ​រងា​ញាក់។ ក្រោយ​ការ​ប្រសូត​ប្រមាណ​ជា2-3ថ្ងៃ ឬ​យ៉ាងយូរបំផុត​មិន​លើស6សប្ដាហ៍ អាការ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។

ចេញ​ញើស​ច្រើន
នេះ​ជា​វិធី​ដែល​រាងកាយ​បណ្ដេញ​វត្ថុ​រាវ​ដែល​កើត​ពី​ការតាំង​គភ៌​ចេញពី​រាងកាយ ដែល​អាចមាន​វត្ថុ​រាវ​ហូរ​ចេញ​មកពី​សុដន់​របស់​អ្នក​ទៀតផង។ ក្រៅពីនេះ​នៅ​អាចមាន​អាការ​ឈាម​ហូរ​ចេញមក​ក្រោយ​ប្រសូត​តទៅទៀត​ប្រហែលជា 6សប្ដាហ៍។ ជា​ប្រក្រតី អាការ​លេច​នោម អាការ​ចេញ​ញើស​នៅពេល​កណ្ដាលយប់ និង​ការដែល​ត្រូវ​ងើប​មើលថែទាំ​កូនតូច​ដែល​តែងតែ​នោម​ញឹកញាប់​នោះ នឹងធ្វើ​ឱ្យ​អ្នក​ត្រូវ​ភ្ញាក់ឡើង​បែប​ខ្លួន​សើម​ជាប់​រហូត​ប្រមាណ​ជា2សប្ដាហ៍ ដូច្នេះ​ចូរ​ត្រៀម​ក្រណាត់​ការពារ​សើម​ពូក​ទុកជា​ស្រេច​ផង ឬ​ការប្រើ​កន្សែងពោះគោ​ច្រើន​បន្ទះ​ក្រាល​ពីលើ​ពូក​ក៏​អាចជួយ​អ្នក​បានដែរ។

ការឈឺចាប់​ក្រោយពេល​ប្រសូត
អាការ​ឈឺចាប់​ក្រោយ​ប្រសូត ច្រើនតែ​បណ្ដាលមកពី​ការ​បង្រួម​ខ្លួន​របស់​ស្បូន​ឱ្យ​ត្រឡប់​ទៅរក​ទំហំ​ដើម​វិញ ហើយ​អាការ​ឈឺចាប់​នឹង​រឹតតែ​ខ្លាំងក្លា​ឡើង​បើ​អ្នក​ធ្លាប់​ប្រសូត​បុត្រ​ច្រើនដង។ ក្រៅពីនេះ​អ្នក​អាចមាន​អារម្មណ៍​ឈឺ​យ៉ាងខ្លាំង​ខណៈពេល​បំបៅ​ដោះ​កូន ដែល​នេះ​រាប់​ថា​ជា​រឿង​ប្រក្រតី។ អាការ​ឈឺចាប់​បែបនេះ​នឹង​កើតឡើង​ប្រមាណ​ជា5-7ថ្ងៃ តែមាន​ស្ត្រី​ខ្លះ​ដែល​មានកូន​ច្រើន​នឹងមាន​អាការ​ឈឺចាប់​ក្រោយ​ប្រសូត​ពី​ការ​ប្រសូត​កូន​ទី​បី កូន​ទី​បួន ឬ​កូន​ទី​ប្រាំ​នឹងមាន​ការឈឺចាប់​ខ្លាំង​ជាង​ពេល​ឈឺពោះ​មុន​ប្រសូត​ទៅទៀត។ ដូច្នេះ​អ្នក​ម្ដាយ​ដែលមាន​កូន​ច្រើន​ទាំងឡាយ គួរតែ​ត្រៀមខ្លួន​ជួបនឹង​ការឈឺចាប់​បែបនេះ​ទុកជាមុន​ផង។

លេច​នោម​ញឹកញាប់
ស្ត្រី​ក្រោយពេល​ប្រសូត​ច្រើន​តែមាន​អាការ​លេច​នោម ឬ​ទឹកមូត្រ​ហៀរ​ប្រឡាក់​ខោ​ញឹកញាប់ជាពិសេស​បំផុត​ពេល​លោត ឬ​សូម្បីតែ​ពេល​ដើរ​ឡើងជណ្ដើរ​ក៏ដោយ។ មូលហេតុ​គឺ​បណ្ដាលមកពី​កម្លាំង​សង្កត់​របស់​សាច់ដុំ​ម្ដុំ​ត្រគាក​ក្នុងអំឡុងពេល​ពពោះ និង​ប្រសូត​បុត្រ​កើតមាន​ភាព​ទន់ជ្រាយ ធ្វើឱ្យ​រាងកាយ​ពិបាក​គ្រប់គ្រង​ប្លោកនោម។ តែ​សំណាងល្អ​ណាស់​ដែល​អាការ​បែបនេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​ក្រោយពេល​ប្រសូត​រួច2-3សប្ដាហ៍។

ស្នាម​សង្វារ​អាច​នឹង​នៅជាប់​ជា​និរន្តរ៍
ក្នុងអំឡុងពេល​កំពុង​តាំង​គភ៌ ស្ត្រី​ជាច្រើន​នាក់​នឹង​សង្កេតឃើញថា មាន​ស្នាម​ប្រេះ​កើតឡើង​នៅលើ​ស្បែក​ក្បាលពោះ ត្រគាក សុដន់ និង​ភ្លៅ ហើយ​ទោះជា​ស្នាម​ប្រេះ​នៅលើ​ស្បែក​ទាំងនោះនឹង​មើលទៅ​ហាក់ដូចជា​រលុប​បាត់​ខ្លះ​ក្រោយពេល​ប្រសូត​បុត្រ​រួច​ក្ដី តែ​ស្នាម​ប្រេះ​ដែល​ហៅថា“សង្វារ‟ នេះ​នឹងមិន​រលុប​បាត់អស់​ឡើយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ស្ត្រី​ភាគច្រើន​ទទួលយក​មិនសូវ​ជា​បាន​ប៉ុន្មាន​ឡើយ។ តែ​មិន​ថា អ្នកមាន​អារម្មណ៍​យ៉ាងម៉េច​ក៏ដោយ ក៏​គ្មាន​ផ្លូវ​ក្នុងការ​លុប​ស្នាម​សង្វារ​នេះ​ចេញ​បានដែរ។ វិធី​ដែល​ល្អ​បំផុត គឺ អ្នក​គួរតែ​ធ្វើ​ចិត្ត​ទទួលយក​វា​ឱ្យបាន និង​គិតថា​ស្នាម​សង្វារ​ទាំងនេះ គឺជា​ភាពជោគជ័យ​ម្យ៉ាង​នៃ​ភាពជា​ម្ដាយ​ទៅ​ចុះ៕

Advertisement