កូនៗឈ្លោះ​គ្នា ឪពុកម្ដាយ​ត្រូវធ្វើ​ម៉េច?

ស្ថានការណ៍​បែប​ហ្នឹង ធ្លាប់​ជួប​ទេ? បើសិនជា​ផ្ទះ​របស់​អ្នកមាន​អា​ល្អិត​យ៉ាងតិច2នាក់​រស់នៅ​ក្រោម​ដំបូល​តែមួយប្រាកដ​ណាស់​ថា ហេតុការណ៍ស្រដៀងៗគ្នា​ដែល​អ្នកគ្រូ ឆវី លើក​ជា​ឧទាហរណ៍​មក​ខាងលើនេះ ប្រហែលជា​ធ្លាប់​កើតឡើង​ចំពោះ​លោកអ្នកខ្លះៗមិន​ខាន។ ការឈ្លោះទាស់ទែង​គ្នា​រវាង​បង-ប្អូន គឺជា​រឿង​ប្រក្រតី​ដែល​កើតឡើង​គ្រប់​ផ្ទះ ហើយ​បើសិនជា​លោកឪពុក​អ្នក​ម្ដាយ​ចេះ​ទប់ទល់​យ៉ាង​ត្រូវ​វិធី វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​វែង​បាន។ ខាងក្រោម​នេះ​គឺ វិធី និង​គន្លឹះល្អៗ ដើម្បីឱ្យ​ឪពុកម្ដាយ​អាច​ដោះស្រាយ​បញ្ហាកូនៗឈ្លោះ​គ្នា​បាន​យ៉ាង​ត្រឹមត្រូវ និង​ល្អប្រសើរ…។

What to do When They Fight
នៅពេល​លោកអ្នក​មើលឃើញថា សង្គ្រាម​ជិត​នឹង​ផ្ទុះឡើង​ហើយ​នោះ រឿង​មួយ​ដែល​លោកឪពុក​អ្នក​ម្ដាយ និង​មនុស្ស​ចាស់​ទាំងអស់​ក្នុងផ្ទះ​គួរតែ​រំឭក​ប្រាប់​ខ្លួនឯង​ជានិច្ច​នោះ​គឺ “កុំ​ចូលទៅ​រួម​វង់​ជម្លោះ​នោះ” ឱ្យសោះ លើកលែងតែក្មេងៗចាប់ផ្ដើម​ប្រតាយប្រតប់​វាយ​គ្នា​ប៉ុណ្ណោះហើយ​ការចូលទៅ​របស់លោក​អ្នក គួរ​ចូលទៅ​ក្នុងឋានៈ​ជា​អ្នកសម្របសម្រួល និង​ហាមប្រាម​មិនឱ្យ​ហេតុការណ៍​កើតឡើង​ជ្រុល​ហួស​តែប៉ុណ្ណោះ។ បើសិន​លោកអ្នក​ចូលទៅ​ហាមប្រាម ឬ​កែប​ញ្ហា​ឱ្យ​កូនភ្លាមៗ ក្មេងៗនឹងមិន​បាន​រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា​ដោយ​ខ្លួនឯង​ឡើយ ក្រៅពីនេះ​នៅមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​កូន​ណា​ម្នាក់​គិតថា អ្នក​ចូលមក​ដើម្បី​ការពារ​កូន​ណាមួយ​ទៅវិញ ដែល​វា​នឹង​រឹតតែ​ធ្វើឱ្យ​កើតមាន​ការឈ្លោះទាស់ទែង​កាន់តែខ្លាំង​ឡើង​នៅពេល​ក្រោយ។ ករណី​ដែល​លោកអ្នក​ចូលទៅ​សម្របសម្រួល​ទំនាស់​ឱ្យ​កូន ចូរ​ព្យាយាម​កែប​ញ្ហា“ជាមួយ” ពួកគេ តែ​មិនមែន​កែប​ញ្ហា “ដើម្បី” ពួកគេ​នោះទេ។

* បំបែក​ជើង​ខ្លាំង​ទាំងពីរ​ចេញពី​គ្នា ទុក​រហូត​ទាល់តែ​ស្ងប់​អារម្មណ៍ : ក្នុងករណី​ខ្លះ​អាច​ត្រឹមតែ​ឱ្យ​កូន​ទាំងពីរ​ឈប់​និយាយ និង​ឈប់​ធ្វើ​អ្វី​គ្រប់យ៉ាង​សិន មុននឹង​លោកអ្នក​ចូលទៅ​កែប​ញ្ហា​ជម្លោះ​ទាស់ទែង​នោះ តែបើ​លោកអ្នក​ត្រូវ​ការឱ្យ​រឿង​ហ្នឹង​ក្លាយជា​បទពិសោធន៍​ដែលកូនៗនឹង​បាន​រៀន​យល់ដឹង គួរតែ​រង់ចាំ​រហូត​ទាល់តែ​អារម្មណ៍​របស់​ពួកគេ​ស្ងប់​ទៅវិញ​សិន សឹម​អប់រំ​ពួកគេ។

* កុំ​ដាក់​សម្ពាធ ឬ​ព្យាយាម​រក​អ្នក​ខុស : នៅពេល​កូន​ទាំង 2នាក់​ឈ្លោះ​គ្នា រឿង​ដែល​កើតឡើងក្មេង​ទាំងពីរ​ត្រូវតែ​ទទួលខុសត្រូវ​រួមគ្នា។

* ព្យាយាម​សាង​ស្ថានការណ៍​ដែល​គ្រប់គ្នា​ទទួលបាន​ប្រយោជន៍ : ដូចជា​ហៅថា ស្ថានការណ៍​ឈ្នះ-ឈ្នះ (win-win Situation) ដើម្បីឱ្យ​គ្រប់គ្នា​បាន​រៀន​យល់ដឹង​ពីអ្វី​ម្យ៉ាង ដូចជា នៅពេលដែល​កូន2នាក់​ត្រូវ​ការលេង​របស់​លេង​តែមួយ​ដូចគ្នា អ្នក​អាច​នឹង​ប្ដូរ​ទៅជា​ឱ្យកូនៗបាន​លេង​ហ្គេម​ណា​ដែល​អាច​លេង​ដំណាលគ្នា​បាន​ទាំងពីរ​នាក់​ជំនួស​វិញ​ជាដើម។

កែសម្រួល​និស្ស័យ : បង-ប្អូន​ត្រូវតែ​មិន​ឈ្លោះ​គ្នា
តទៅ​នេះ គឺជា​រឿងងាយៗដែល​លោកអ្នក​អាច​ធ្វើបាន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​ជម្លោះ​រវាង​បង-ប្អូន។

* ដាក់​ច្បាប់ ជាពិសេស​ក្នុង​រឿង​ទង្វើ ដោយ​ប្រាប់កូនៗថា ក្មេងៗមិនគួរ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់ ស្រែក​គំហក​ដាក់​មុខ​គ្នា ឬ​ធ្វើ​មុខមាំ​កាច​ដាក់គ្នា​ទេ និង​អធិប្បាយ​ឱ្យស្ដាប់​ថា តើ​វា​នឹងមាន​អ្វី​កើតឡើង​បើសិនជា​កូន​ល្មើសច្បាប់​ដោយ​ការបញ្ចេញ​ទង្វើ​ដែល​មិន​គួរឱ្យ​ប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យកូនៗបានដឹងថា គេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់គេ។

* កុំ​បណ្ដោយឱ្យកូនៗធ្វើឱ្យ​អ្នក​គិតថា អ្នក​ត្រូវតែ​បង្ហាញ​ពី​ភាពយុត្តិធម៌​គ្រប់ពេល​ឱ្យសោះព្រោះ​ក្នុង​ករណីខ្លះ អា​ល្អិត​ម្នាក់​ក៏​នឹង​ចាំបាច់​ត្រូវតែ​ទទួលខុសត្រូវ​លើ​ទង្វើ​របស់ខ្លួន​ច្រើនជាង​អា​ល្អិត​ម្នាក់ទៀត​ដែរ។

* ផ្ដល់នូវ​ការចាប់អារម្មណ៍​ចំពោះកូនៗយ៉ាង​ស្មើភាព​គ្នា​ជាប់​ជានិច្ច ជាពិសេស​ក្រោយ​ការឈ្លោះទាស់ទែង​គ្នា។ បើ​កូន​បង​ចង់​ចេញទៅ​ដើរលេង ក៏​គួរតែ​នាំ​គេ​ទៅ តែ​ពេល​ត្រឡប់មកវិញ បើ​កូន​ប្អូន​ត្រូវ​ការឱ្យ​អ្នក​និយាយ​រឿងនិទាន​ឱ្យស្ដាប់ អ្នក​ក៏​ត្រូវតែ​ធ្វើ​ដែរ។

* ប្រាកដ​ក្នុង​ចិត្ត​ថា កូនម្នាក់ៗមាន​ទីកន្លែង​ផ្ទាល់ខ្លួន និង​មាន​ពេលវេលា​ផ្ទាល់ខ្លួន​ដែល​គេ​អាច​នឹង​បាន​លេង​ដូចដែល​គេ​ត្រូវការ​ដោយ​មិនចាំបាច់​មាន​បង ឬ​ប្អូន​តាម​ជាប់​ទៅជា​មួយ​ផង។

* សម្ដែង​ឱ្យ​កូន​ឃើញ និង​អធិប្បាយ​ឱ្យ​កូន​យល់ថា សម្រាប់​រូបអ្នក សេចក្ដីស្រឡាញ់​ជា​រឿង​ដែល​ត្រូវមាន​ព្រំដែន។

* ធ្វើឱ្យ​កូន​ដឹងថា ពួកគេ​មាន​ភាព​សំខាន់ និង​នឹង​បានទទួល​ការមើល​ថែទាំ​ឱ្យមាន​សុវត្ថិភាពរួមទាំង​តម្រូវការ​ទាំងឡាយ​ដែល​ស្ថិត​លើ​ហេតុផល​របស់​កូន​ដែល​នឹង​បានទទួល​ការ​តបស្នង។

* ធ្វើ​កិច្ចការងារ​រួមគ្នា​ទាំង​គ្រួសារ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​រវាង​បងប្អូន​ដែល​ឈ្លោះ​គ្នា​បាន ព្រោះ​ក្នុង​កិច្ចការងារ​ទាំងនោះ គ្រប់គ្នា​នឹង​បានទទួល​ការយកចិត្តទុកដាក់​យ៉ាងស្មើៗគ្នា។

* បើ​កូន​ឈ្លោះ​គ្នាដដែលៗ ក្នុង​រឿងដដែលៗដូចជា​ដណ្ដើម​គ្នា​ប្រើ​កុំព្យូទ័រ ជាដើម អាណាព្យាបាល​គួរតែ​ធ្វើ​តារាង​កាលវិភាគ​ការប្រើ​ការ​រឿង​អ្វីមួយ​នោះ​សម្រាប់​កូនម្នាក់ៗ តែបើ​នៅតែ​ឈ្លោះ​គ្នា​ទៀត ពួកគេ​ទាំងពីរ​នឹង​លែង​ទទួលបាន​ឱកាស​នោះ​ទៀត។

* បើកូនៗនៅតែ​ឈ្លោះ​គ្នា​ញឹកញាប់ លោកអ្នក​គួរ​ណាត់​ថ្ងៃ​និយាយ​គ្នា​ក្នុង​ក្រុមគ្រួសារ ដើម្បី​រំឭក​អំពី​ច្បាប់​ដែល​ប្រើ​ក្នុង​គ្រួសារ និង​រំឭក​ឡើងវិញ​នូវ​ភាពជោគជ័យ​ក្នុង​ការកែ​បញ្ហា​ឈ្លោះទាស់ទែង​ដែល​ទាំងអស់គ្នា​អាច​ធ្វើបាន​កាលពីពេល​ក​ន្លងមក។ លោកអ្នក​អាច​សាកល្បង​ប្រើ​វិធី​ឱ្យ​រង្វាន់​នៅពេល​កូន​អាច​លេង ឬ​ធ្វើការ​អ្វីមួយ​រួមគ្នា​បាន​ដោយ​មិនមាន​ជម្លោះ ដូចជា​បើ​កូន​មិនមាន​ឈ្លោះ​គ្នា​សោះ​ក្នុង​មួយថ្ងៃ កូនៗនឹង​បាន​ជ្រើស​ទិញ​នំ​ដែល​ខ្លួនឯង​ចូលចិត្ត​ញ៉ាំ ឬ​មិនមាន​ឈ្លោះ​គ្នា​សោះ​មួយ​សប្ដាហ៍ ប៉ា​ម៉ាក់​នឹង​នាំទៅ​ដើរលេងជាដើម។

* កុំភ្លេចថា ក្មេងម្នាក់ៗត្រូវការ​ពេលវេលា​នៅ​ឆ្ងាយ​ពី​បងប្អូន និង​ក្រុមគ្រួសារ​ខ្លះ​ដែរ ដូច្នេះ​លោកអ្នក​អាច​នឹង​រៀបចំ​ឱ្យកូនៗបាន​ទៅលេង​ផ្ទះ​មិត្តភក្តិ​ជិតដិត ឬ​ឱ្យ​កូនម្នាក់ៗទៅ​ដើរលេង​តែម្នាក់ឯង​ជាមួយ​អ្នក​ក៏បាន។

***ខណៈដែលកូនៗរៀន​យល់ដឹង​ក្នុង​ការចេះ​រម្ងាប់​អារម្មណ៍ គេ​ក៏​នឹង​បាន​រៀន​យល់ដឹង​ពី​ជំនាញសំខាន់ៗដែល​នឹង​ប្រើប្រាស់​ក្នុងការ​រស់នៅ​ផងដែរ ដូចជា​រឿង​ការទទួល​យកគំនិត​យោបល់​របស់​អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និង​ការគ្រប់គ្រង​ទង្វើ​ច្រងេងច្រងាង​របស់ខ្លួន​ឯងជាដើម។

ប៉ា​ម៉ាក់​មិន​នៅ កូនៗមិន​ឈ្លោះ​គ្នា
សូម​កុំភ្លេចថា ការដែល​អាល្អិតៗរបស់លោក​អ្នក​ឈ្លោះ​គ្នា​នេះ ពេលខ្លះ​ក៏​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​អំពី​លោកឪពុក​អ្នក​ម្ដាយ​ដែរ ដូច្នេះនៅពេលដែល​វា​អុីចឹង លោកអ្នក​ក៏​គួរតែ​រកមើល​ពេលវេលា​ទំនេរ​ខ្លះ​ ដើម្បីឱ្យ​ខ្លួនឯង​បានធ្វើ​អ្វី​ម្យ៉ាង​ដែលជា​ការងារ​ផ្ទាល់ខ្លួន​ដោយ​គ្មានកូនៗនៅក្បែរ​ខ្លះ​ផង ព្រោះ… ជឿ​អ្នកគ្រូ ឆវី ចុះ​ថា នៅពេលដែល​លោកអ្នក​មិន​នៅ កូនៗនឹង​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ៕

Advertisement