រៀបការជាមួយក្រុមសាច់ញាតិឯង តើកូនដែលកើតមកនឹងខុសប្រក្រតីឬទេ?

ការរៀបការគ្នាក្នុងក្រុមសាច់ញាតិឯងដែលមានឱ្យឃើញភាគច្រើន បើទាំងពីរខាងមិនបានស្រឡាញ់គ្នាទេនោះ កាលពីសម័យមុនភាគច្រើននឹងរៀបការគ្នាដើម្បីក្រុមគ្រួសារ ដើម្បីបន្តពូជពង្សវង្សត្រកូលឱ្យស្ថិតនៅតែក្នុងក្រុមសាច់ញាតិឯងតែប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ការចាប់កូនចៅរៀបការគ្នាឯងមិនសូវជាកើតមានឡើងទេ ភាគច្រើន ច្រើនរៀបការនឹងគ្នាដោយក្ដីស្រឡាញ់ច្រើនជាងកាលពីសម័យមុន។

ការរៀបការគ្នាក្នុងក្រុមសាច់ញាតិរបស់ខ្លួនឯងជារឿងដែលអាចកើតឡើងបាន ព្រោះសេចក្ដីស្រឡាញ់តែងកើតឡើងជាមួយមនុស្សគ្រប់រូប តែបញ្ហានឹងកើតឡើងនៅពេលមានកូន ព្រោះនៅពេលជាសាច់ញាតិនឹងគ្នា ហើយរៀបការគ្នា ច្រើនតែមានសំណួរមួយដែលគេសួរថា តើកូនដែលកើតចេញមកនឹងខុសប្រក្រតីឬទេ? ដែលចម្លើយខាងផ្នែកវេជ្ជសាស្រ្តអាចឆ្លើយបានតែម្ដងថា កូនដែលកើតមកអាចមានភាពខុសប្រក្រតីមួយចំនួនក្នុងរឿងរបស់ពូជអម្បូរ។

ភាពខុសប្រក្រតីរបស់កូនដែលកើតចេញពីពូជអម្បូរនេះ អាចមានច្រើន ឬតិចខុសគ្នា ឬអាចមិនមានអ្វីកើតឡើងតែម្ដងក៏មាន អាស្រ័យលើខ្សែលោហិតរបស់ញាតិសន្ដានមានភាពជិតដិតស្និទ្ធស្នាលគ្នាខ្លាំងប៉ុនណា ដូចជា បងប្អូនជីដូនមួយ បងប្អូនពីផ្ទៃតែមួយ ឪពុកជាមួយកូន ឬម្ដាយជាមួយកូនជាដើម រឹតតែជាខ្សែលោហិតដែលជិតដិតគ្នាខ្លាំង ភាពខុសប្រក្រតីរបស់ក្មេងដែលកើតមក រឹតតែមានភាពប្រថុយប្រថានច្រើនឡើងដែរ។

ភាពខុសប្រក្រតីរបស់ក្មេងដែលកើតពីឪពុកម្ដាយដែលជាសាច់ញាតិ ហើយរៀបការគ្នាឯងគឺមានភាពពិការខាងផ្នែករាងកាយ ឬខួរក្បាល។​ បើជាបងប្អូនជីដូនមួយនឹងគ្នា ក្មេងដែលប្រសូតចេញមកអាចមានភាពប្រថុយប្រថានក្នុងការខុសប្រក្រតី2ដងនៃក្មេងទូទៅ ហើយបើសិនជាឪពុកជាមួយកូន ម្ដាយជាមួយកូន ឬបងប្អូនបង្កើតវិញនោះ ភាពប្រថុយប្រថានក្នុងការខុសប្រក្រតីសឹងតែ100%តែម្ដង។ មូលហេតុដែលធ្វើឱ្យក្មេងដែលប្រសូតចេញមកមានភាពខុសប្រក្រតី គឺបណ្ដាលមកពីហ្ស៊ែនអន់។ ជាប្រក្រតី ហ្ស៊ែនរបស់ឪពុក និងម្ដាយ ម្នាក់ពាក់កណ្ដាលនឹងមានហ្ស៊ែនអន់ដែលបង្កប់ដោយរោគផ្សេងៗជាប់មកជាមួយ ដូច្នេះការរៀបការក្នុងក្រុមសាច់ញាតិខ្លួនឯង កូនដែលប្រសូតចេញមក នឹងមានឱកាសបានទទួលហ្ស៊ែនអន់នេះច្រើនជាងក្មេងប្រក្រតីទូទៅហ្នឹងឯង។

ភាពខុសប្រក្រតីរបស់ក្មេងដែលប្រសូតចេញមក អាចនឹងមានភាពពិការខាងផ្នែករាងកាយ ឬពិការខាងខួរក្បាល មានសភាវមិនគ្រប់ទឹកមិនសូវមានប្រាជ្ញា ច្រើន ឬតិច ខ្លាំង ឬខ្សោយគឺអាស្រ័យលើភាពជិតឆ្ងាយរបស់ខ្សែលោហិត ឬដែលគេច្រើនហៅថា បងប្អូនសាច់ឆ្ងាយ ឬជិតរបស់ក្រុមសាច់ញាតិ៕

Advertisement