នៅពេល​ខ្ញុំ​តាំង​គភ៌​ ចូលដល់​ខែ​ទី8

មកដល់​ខែ​ទី8នេះ វិវឌ្ឍនាការ​របស់​ទា​រក​នៅក្នុង​គភ៌ ខ្លួន​នឹង​វែង​ឡើង​ប្រមាណ​ជា18អី​ុ​ញ មាន​ទម្ងន់​ខ្លួន​ប្រមាណ​ជា2,000 – 2,500ក្រាម ក្បាល​ធំ​ពេញទំហឹង​ហើយ។ ទារក​អាច​ឮសូរ​សំឡេង និង​មើលឃើញ​បាន​ហើយ អវយវៈ​ខាងក្នុង​ពេញលេញ​ឥតខ្ចោះ និង​ចាប់ផ្ដើម​ធ្វើការ​ហើយ លើកលែងតែ​សួត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់​ពេញលេញ​ល្អ 100%។

ក្នុង​ខែ​ទី8នៃ​ការតាំង​គភ៌​នេះ នឹងមាន​ការប្រែប្រួលផ្សេងៗដែល​អនាគត​អ្នក​ម្ដាយ​អាចមាន​អារម្មណ៍​ដឹងបាន​ដូចតទៅ៖
– ទារក​ក្នុង​គភ៌​នឹង​រើ​ខ្លាំង​ឡើង និង​ទៀងពេល​ជាប់លាប់។
– អនាគត​អ្នក​ម្ដាយ​អាច​នឹង​កើតមាន​អាការ​ទល់លាមក​ញឹកញាប់​ច្រើនឡើង។
– អាចមាន​អាការ​ឈឺផ្សារ​ក្នុង​ក្រពះ អាហារ​មិន​រំលាយ និង​ហើមពោះ​ជាដើម។
– ឈឺក្បាល​ម្ដងម្កាល ស្រវាំងភ្នែក និង​អាច​កើត​ខ្យល់គ​ញឹកញាប់​ទៀតផង។
– តឹង​ច្រមុះ អាចមាន​ឈាម​ហូរ​ចេញមក​តាម​ច្រមុះ និង​ហ៊ឹង​ត្រចៀក។
– ងាយ​មាន​ឈាម​ចេញមក​តាម​ជើងធ្មេញ​ជាង​ប្រក្រតី ពេល​ដុស​សម្អាត​ធ្មេញ។
– កើត​ប្រគ្រីវកាច់​នៅលើ​ជើង​ញឹកញាប់។
– ហើម​កជើង និង​ខ្នងជើង អាចមាន​ហើម​នៅលើ​មុខ និង​ដៃ​ផងដែរ។
– រមាស់​នៅលើ​ស្បែក​ក្បាលពោះ។
– មាន​អា​ការឈឺ​ខ្នង។
– មាន​អាការ​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
– កើត​ឫសដូងបាត​ញឹកញាប់ ឬ​ងាយ​កើត​ជាង​ប្រក្រតី។
– ដកដង្ហើមខ្លីៗ និង​ពិបាក​ដកដង្ហើម។
– គេង​មិន​លក់ ឬ​គេង​លក់​មិន​ពេញភ្នែក។
– ស្បូន​នឹង​បង្រួញ​ខ្លួន​ញឹកញាប់​ជាង​មុន។
– អ៊ីកអ៊ាក និង​ប្រថុយប្រថាន​នឹង​ការ​រអិលដួល គួរ​បង្កើន​ការប្រយ័ត្នប្រយែង​ឱ្យ​ខ្លាំង​ជាពិសេស។
– មាន​ទឹកដោះ​ពណ៌លឿងៗហូរ​ចេញ​មកពី​ក្បាល​សុដន់។
– ឆាប់​ភ្លេច​ច្រើនជាង​មុន។
– រំភើប ញាប់​ញ័រ និង​វិតក្ក​កង្វល់។

រឿង​ដែល​គ្រូពេទ្យ​អ្នកពិនិត្យ​គភ៌​ចង់ឱ្យ​អ្នកធ្វើ​ក្នុងអំឡុង​ខែ​នេះ មានដូចជា ៖
1. ថ្លឹង​ទម្ងន់​ខ្លួន និង​វាស់​សម្ពាធ​ឈាម។
2. ពិនិត្យ​ជាតិ​ស្ករ និង​សារធាតុ​ស៊ុត​ស​ក្នុង​ទឹកមូត្រ។
3. ស្ដាប់​សំឡេង​លោត​របស់​បេះដូង​ទារក​ក្នុង​ផ្ទៃ។
4. ពិនិត្យមើល​ទំហំ និង​រូបរាង​របស់​ស្បូន ដោយ​ការពិនិត្យ​បរិវេណ​ក្បាលពោះ។
5. កម្ពស់​របស់​ស្បូន។
6. អាការ​ហើម​នៅលើ​ដៃ និង​ជើង និង​សរសៃឈាម​ត្បៀត​នៅលើ​ជើង។
7. អា​ការខុស​ប្រក្រតីផ្សេងៗ(បើសិន​ជាមាន)

រឿង​ដែល​ត្រូវ​មើលថែទាំ​ជាពិសេស​នៅក្នុង​ខែ​នេះ​គឺ ៖
1. គួរ​ចៀសវាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កាលកំណត់ ឬ​មិនអាច​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​អ្នកពិនិត្យ​ថែទាំ​គភ៌​បាន​ទាន់ពេលវេលា។ បើសិន​ចាំបាច់​មែនទែន គួរ​ប្រឹក្សា​គ្រូពេទ្យ និង​សុំ​លិខិតធានា​អំពី​គ្រូពេទ្យ​ថា អាចធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​បាន ក្នុងករណី​ដែល​ត្រូវធ្វើ​ដំណើរ​ដោយ​យន្តហោះ និង​ក្នុងករណី​ដែល​ត្រូវ​ធ្វើដំណើរ​ដោយ​រថយន្ត មិនគួរ​បើកបរ​ដោយ​ខ្លួនឯង​ឡើយ។
2. ជ្រើសរើស​វិធី​ការ​ប្រសូត​បុត្រ​ឱ្យ​ស័ក្តិសម​នឹង​ខ្លួនឯង។
3. អាច​នឹង​កើតការ​បង្រួញ និង​ពង្រឹង​ខ្លួន​របស់​ស្បូន ដែល​នឹង​កើតឡើង​ក្នុងអំឡុង2 – 3ខែ​មុន​ប្រសូត។ ការពង្រឹង​ខ្លួន​របស់​ស្បូន​នឹងមិន​ធ្វើឱ្យ​ឈឺចាប់​ខ្លាំងពេក​ទេ ហើយនឹង​ធូរស្រាល​ទៅវិញ​នៅ​ទីបំផុត។ ចូរ​គេង​សម្រាក ឬ​នៅស្ងៀមៗនឹងធ្វើ​ឱ្យ​អាការ​ឈឺចាប់​ថយចុះ។ អាការ​នេះ​នឹង​កើន​ខ្លាំង​ឡើងជារឿយៗរហូត​ទៅដល់​ខែ​ចុងក្រោយ ​និង​ជា​ការឈឺ​ដាស់តឿន និង​នាំ​ឆ្ពោះទៅរក​ការឈឺ​មែនទែន ដោយមាន​ការបើក​ឡើង​របស់​ស្បូន​រួមជាមួយ​ផងដែរ ដែល​ចុងក្រោយ​នឹង​នាំទៅរក​ការ​ប្រសូត​ជា​ស្ថាពរ៕

Advertisement