ពាក្យសម្ដី12ប្រយោគ លើកទឹកចិត្ត​កូន… គ្រា​ដែល​កូន​បាក់​ទឹកចិត្ត

បើ​លោកឪពុក​អ្នក​ម្ដាយ​មើលឃើញថា កូន​សម្លាញ់​របស់​អ្នក​កំពុង​ធ្លាក់​ក្នុង​ភាព​សោកសៅ​ខូចចិត្ត មិនថាតែ​មាន​មូល​ហេតុដែល​បណ្ដាលមកពី​ការប្រឡង​ធ្លាក់ ការរៀនសូត្រ ឬ​សូម្បីតែ​កំពុងតែ​អស់សង្ឃឹម​ក្នុង​រឿង​អ្វី​ម្យ៉ាង​ក៏ដោយ​នោះ អ្នកគ្រូ ឆវី សូម​ណែនាំ​ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​បង្ហាញ​ពី​ការយល់​ចិត្ត​អាណិតអាសូរ​ឱ្យ​កូន​បាន​ឃើញថា អ្នក​កំពុង​ដឹងថា កូន​កំពុង​តែមាន​អារម្មណ៍​យ៉ាងម៉េច និង​កំពុងតែ​ខូចចិត្ត​ខ្លាំង​ប៉ុនណា។ សូម​អនុវត្តតាម​ប្រយោគ​ទាំង12ដូចខាងក្រោម​នេះ ៖

1​. “យើង​នឹង​ដើរ​ឆ្លង​អារម្មណ៍​លំបាក​នេះ​ទៅ​ជាមួយគ្នា ណា៎​កូន​សម្លាញ់​ណា៎” : បន្ទាប់ពី​ដឹងថា​កូន​របស់​អ្នក​កំពុង​បាក់​ទឹកចិត្ត​ អ្នក​ត្រូវ​បង្ហាញ​ពី​ក្តីបារម្ភ​របស់​អ្នក​ចំពោះ​កូន រួច​សឹម​និយាយ​ជាមួយ​កូនសន្សឹមៗថា អ្វីដែល​កូន​បានធ្វើ​នោះ គឺ​ល្អ និង​ត្រឹមត្រូវ​ហើយ គ្មាន​អ្វីដែល​ត្រូវ​កង្វល់​ឡើយ អាច​នឹងមាន​ខកបំណង​ខ្លះ តែ​យ៉ាងហោចណាស់​ក៏​កូន​មិនបាន​នៅតែ​ម្នាក់ឯង​ដែរ។

2. “កូន​ពូកែ​ណាស់…” : មិន​ថា​កូន​ទទួលបាន​និទ្ទេស​មិនល្អ ប្រឡង​មិនជា​ប់ ឬ​មិនបាន​ជាប់​លេខ1ក្ដី តែ​ទាំងអស់នោះ​មិនបាន​មានន័យថា ជីវិត​ទាំងមូល​របស់​កូន​នឹងត្រូវ​ចប់​នៅត្រឹម​ប៉ុណ្ណឹង​ទេ មែន​ទេ? បើ​អ៊ី​ចឹ​ង​ហេតុ​អី​បាន​យើង​ត្រូវ​ទៅ​តវ៉ា​ថាឱ្យ​កូន​ធ្វើ​អី? ម្យ៉ាងទៀត​កាលពី​សម័យមុន​យើង​អាច​នឹងធ្វើ​មិនបាន​ល្អ​ប៉ុន​កូន​ផង… ដូច្នេះ ជំនួស​ឱ្យ​ការបន្ថែម​ក្ដី​អស់សង្ឃឹម​ទៅ​កូន ហេតុ​អីយើ​ង​មិន​ប្ដូរ​មកជា​កោតសរសើរ​កូន​វិញ វា​មិនល្អ​ជាង​ឬ?

3. “បំពេញ​តួនាទី​របស់​យើង​ឱ្យ​ល្អ​បំផុត រឿងល្អៗនឹង​កើតឡើង​ដោយ​ឯកឯង” : បើសិន​កូន​អស់សង្ឃឹម លែងមាន​កម្លាំងចិត្ត និង​មាន​អារម្មណ៍​ថា​អ្នកដទៃ​ធ្វើបាន​ល្អ​ជាង​ខ្លួន​នោះ ជំនួស​ឱ្យ​ការដែល​ឪពុកម្ដាយ​ចង់​ស្ដីបន្ទោស​បន្ថែម​ដោយ​ការយក​កូន​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​នោះ ចូរ​សាកល្បង​ប្ដូរ​មកជា​និយាយ​ជាមួយ​កូន​ក្នុង​ជ្រុង​ដែលថា មនុស្សម្នាក់ៗមាន​សមត្ថភាព​ដោយឡែក​ពីគ្នា កូន​មិនចាំបាច់​ត្រូវយក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​នោះទេ ព្រោះ​មិន​ថា​យ៉ាងណាក៏ដោយ បើ​យើង​បាន​បំពេញ​តួនាទី​របស់​យើង​បានល្អ​បំផុត​ហើយ​នោះ ពេលនោះ​រឿងល្អៗដែល​យើង​ចង់បាន និង​កំពុង​រង់ចាំ​នោះ នឹង​មករក​យើង​ដោយ​ឯកឯង។

4. “ចូរ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ឱ្យបាន​ច្រើន” : បង្រៀន​កូន ប្រាប់​ពួកគេ​ឱ្យ​យល់ថា មនុស្ស​យើងគ្រប់ៗគ្នា ទម្រាំ​នឹង​ចាប់ផ្ដើម​ធ្វើ​អ្វី​បាន​ម្យ៉ាង​នោះ ត្រូវតែ​យកឈ្នះ​ភាពភ័យខ្លាច​នៅក្នុង​ចិត្ត​ខ្លួនឯង​ឱ្យបាន​ជាមុនសិន ដូច្នេះ រឿង​ដែល​កូន​កំពុង​ធ្វើ​នោះ មិនមែនជា​រឿង​ងាយស្រួល​ទេ។ ទោះជា​ថ្ងៃនេះ​នៅ​មិនទាន់​ទទួលបាន​ជោគជ័យ​មែន តែ​ក៏​មិនបាន​មានន័យថា យើង​នឹងត្រូវ​មើលងាយ​ខ្លួនឯង​ដែរ ព្រោះ​អ្នក​ដែល​យកឈ្នះ​ចិត្ត​ខ្លួនឯងបាន គឺជា​អ្នក​ដែល​ពូកែ​បំផុត​ណា៎​កូន។

5. “កុំ​និយាយថា មិនបាន បើ​មិនទាន់​គិត​ចាប់​ផ្ដើមធ្វើ” : ក្មេងភាគច្រើនច្រើនតែមាន​ពាក្យ​និយាយ​រត់មាត់​ថា “កូន​ធ្វើមិន​បានទេ” ដែល​ពាក្យសម្ដី​នេះ បើសិនជា​ឪពុកម្ដាយ​បណ្ដោយឱ្យ​កូន​ចេះតែ​និយាយ​ទៅជារឿយៗនោះ វា​ប្រៀបដូចជា ការបណ្ដុះ​គំនិត​របស់​កូន​ថាពួកគេ​មិនអាច​ធ្វើបាន ហើយ​វា​ក៏​នឹង​ក្លាយជា​បែប​នោះ​មែន។ ដូច្នេះ​ពាក្យសម្ដី​ផ្ដល់​កម្លាំងចិត្ត​កូន​ក្នុង​ស្ថានការណ៍​នេះ​គឺ “កូន​សម្លាញ់ កុំ​និយាយថា យើង​ធ្វើ​មិនបាន គ្មានអ្វី​ដែល​យើង​ធ្វើ​មិនបាន​នោះទេ គ្រប់យ៉ាង​ស្ថិត​លើ​ការចាប់ផ្ដើម និង​ការហ្វឹកហាត់​ដូចគ្នា​ទាំងអស់”។

6. “ម៉ាក់​ជឿថា កូន​ធ្វើបាន” : ពេលណា​ក៏ដោយ​ដែល​កូន​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ពួកគេ​នឹងធ្វើ​បាន​នោះ ឪពុកម្ដាយ​តែងមាន​គំនិត​មួយ​ថា បើ​យើង​រឹតតែ​មើលងាយ​កូន បន្ទោស​កូនដដែលៗនោះ ពួកគេ​អាច​នឹងមាន​កម្លាំងចិត្ត​ខំប្រឹង​ឡើង រហូត​ធ្វើបាន​សម្រេច​យ៉ាងពិត​ប្រាកដ… តែ​នេះ​អាច​មិនមែនជា​គំនិត​ដែល​ស័ក្តិសម​សម្រាប់​ក្មេង​គ្រប់រូប​នោះទេ ដូច្នេះ​ជំនួស​ឱ្យ​ការដែល​យើង​នឹងធ្វើ​បែប​នោះ ហេតុអ្វី​យើង​មិន​សាកល្បង​ប្ដូរ​មកជាបង្ហាញ​នូវ​ភាពជឿជាក់​លើ​ខ្លួន​កូន​ជំនួស​វិញ ពិសេស​បំផុត​ជាមួយនឹង​ពាក្យ​ថា “ម៉ាក់​ជឿថា… កូន​ធ្វើបាន។ ខ្លីៗត្រឹមតែ​ប៉ុណ្ណឹង កូន​ក៏​នឹងមាន​កម្លាំង​ក្នុង​ការឈាន​ឆ្លង​ឧបសគ្គ​ដែល​នៅ​ពីមុខ​នោះបាន​បាត់ទៅហើយ។

7. ពោល​ពាក្យ​អរគុណ​កូន : ក្នុងពេលខ្លះកូន​អាច​នឹងមាន​អារម្មណ៍​ចង់​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ​ឪពុកម្ដាយ​ខ្លះ​ដែរ តែ​ដោយ​ភាពជា​កូនក្មេង ទើប​ពួកគេ​មិនដឹងថា គួរ​នឹង​ចាប់ផ្ដើម​ពី​ត្រង់ណា ហើយតែងតែ​នឹក​តូចចិត្ត​ខ្លួនឯង​ដែល​មិនអាច​ជួយ​អ្វី​បាន ដូច្នេះ អ្វីដែល​ឪពុកម្ដាយ​គួរ​និយាយ និង​ធ្វើ​នោះ​គឺ ចាប់ផ្ដើម​ឱ្យ​កូន​បាន​ជួយ​ការងារ​ផ្ទះ​ក្នុង​រឿង​ណាមួយ។ ឧទាហរណ៍​ដូចជា លើក​ចាន និង​រៀបចំ​តុ​បាយ​ជាដើមនៅពេល​មើលឃើញថា កូន​អាចធ្វើ​បានសម្រេច​ហើយ ទោះជា​រឿង​តូចតាច​ក៏ដោយ ឪពុកម្ដាយ​គួរតែ​ពោល​ពាក្យ​អរគុណ​កូន ព្រមទាំង​កោតសរសើរ​ថា “នេះ​បើ​មិនបាន​កូន​ជួយ​ទេ ប៉ា និង​ម៉ាក់​ប្រហែលជា​មិនអាច​ធ្វើបាន​សម្រេច​ទេ អរគុណ​ណា៎​កូន​ណា៎។

8. លើក​ឧទាហរណ៍​ជា​ស្ថានការណ៍​ឱ្យ​កូន​បានឃើញ​ទិដ្ឋភាព​ដែល​កាន់តែ​ងាយ​យល់​ឡើង : ឧទាហរណ៍​ដូចជា កូន​មានការ​ភ័យខ្លាច​ក្នុងការ​ត្រូវ​នៅតែ​ម្នាក់ឯង​ក្នុង​បន្ទប់ងងឹត។ ជំនួស​ឱ្យ​ការដែល​ឪពុកម្ដាយ​ចង់​និយាយថា “ខ្លាច​ស្អី!? រឿងស្រួលៗប៉ុណ្ណឹង​សោះ ខ្លាច​ស្អី! ធំ​ឡើង​ធ្វើការ​រកស៊ី​ស្អី​កើត​ទៅ?!”… តែ​លោកឪពុក​អ្នក​ម្ដាយ​គួរតែ​និយាយ​នូវ​ប្រយោគ​ដែលមាន​ប្រយោជន៍ ដូចជា​ថា កូន​ឃើញ​ទ្វារ​នៅត្រង់​នោះទេ តើ​កូន​ដឹង​ទេ​ថា​មាន​អ្វី​នៅ​ខាងក្រោយ​ហ្នឹង? បើ​មិនដឹង និង​មិនដែល​ឃើញ​មាន​អ្វី​ទេនោះ ហេតុ​អី​កូន​ត្រូវ​ខ្លាច? ព្រោះថា បើ​កូន​នៅតែ​កើតមាន​ក្ដី​ភ័យខ្លាច​បែបនេះ កូន​នឹងត្រូវ​ស្ថិត​នៅតែ​ត្រង់​ហ្នឹង នៅតែ​ក្នុង​ទីកន្លែងដដែលៗ កូន​នឹង​គ្មាន​ឱកាស​បានដឹង ឬ​បានឃើញ​ពន្លឺ​ភ្លឺ​ដែល​នៅ​ពីក្រោយ​ទ្វារ​នោះឡើយ ដូច្នេះ​បើ​កូន​ចង់ឃើញ កូន​ត្រូវតែ​ឈាន​ឆ្លង​ឱ្យ​ផុត​ក្ដី​ភ័យខ្លាច​នេះ​ទៅឱ្យ​បាន។

9. “កូន​កំពុង​គិត​អីហ្នឹង?” : បើ​កូន​កំពុងតែ​សោកសៅ ស្រងូតស្រងាត់ អង្គុយ​រលីងរលោង​ទឹកភ្នែក​តែម្នាក់ឯង បើ​លោក​អ្នកឃើញ​បែប​នោះ សូមកុំ​ដើរគេច​ចេញពី​កូន​ជាដាច់ខាត។ ចូរ​លោកឪពុក​អ្នក​ម្ដាយ​សម្ដែង​ចេញ​ដោយ​ការចូលទៅ​និយាយ​ជាមួយ និង​សួររក​ការពិត​ពី​កូន​យ៉ាងសន្សឹមៗថា តើ​គេ​កំពុងតែ​គិតពី​អ្វី? ខ្លាច​អ្វី​ម្យ៉ាង ឬ​មិនមែន​ទេ? បើ​មែន ចូរ​លោកឪពុក​អ្នក​ម្ដាយ​លួងលោម​សួរ​កូន ព្រមជាមួយ​សាកល្បង​ធ្វើតាម​ពាក្យ​ណែនាំ​តាម​ចំណុចផ្សេងៗរបស់​អត្ថបទ​នេះ​ល​មើល៍ ជួនកាល​អាច​នឹង​រក​ឃើញ​ចំណុច​ដែល​ត្រូវ​ដូច​ចិត្ត និង​អាច​ប្រើ​ជា​ពាក្យសម្ដី​ដើម្បី​លើកទឹកចិត្ត​កូន​ក៏​អាច​ថា​បានដែរ។

10. “ទៅរក​អី​លេង ឬក៏​ទៅ​អាន​សៀវភៅ​ជាមួយគ្នា ល្អ​ដែរ​ទេ​កូន?” : ការរស់នៅ​ក្នុង​សភាពបរិស្ថានដដែលៗ ក៏​អាច​បង្ក​ឱ្យ​កើត​ភាព​ធុញថប់​តានតឹង និង​ក្ដីកង្វល់​ចិត្ត​របស់​កូន​ចាប់ផ្ដើម​មាន​ច្រើនឡើង​បានដែរ។ ការនិយាយ​បបួល​កូន​ឱ្យទៅ​រួម​ធ្វើ​កិច្ចការងារផ្សេងៗ ឬ​សូម្បីតែ​ការនាំ​កូន​ចេញ​មកឱ្យ​ផុតពី​ចំណុច​ត្រង់នោះ ក៏​អាចជួយ​ធ្វើឱ្យ​កូន​មាន​អារម្មណ៍ល្អ​ឡើង​បាន​ដោយ​មិន​ពិបាក​ដែរ។

11. “គ្មាន​អ្នកណា​ដែល​មិន​ធ្លាប់​ដួល​នោះទេ” : កូន​កំពុង​ខកបំណង អស់សង្ឃឹម ខូចចិត្ត​ជាមួយនឹង​អ្វីដែល​ពួកគេ​ខំប្រឹង​ព្យាយាម​យ៉ាង​ពេញទំហឹង​ហើយ តែ​មិនបាន​សម្រេច។ ក្រៅពី​ការ​លួងលោម​កូន​ហើយ​នោះ ចង់ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​សាកល្បង​ប្រាប់​ទៅ​កូន​ល​មើលថា “កូន​សម្លាញ់… មនុស្ស​ដែល​កូន​មើលឃើញថា ពួកគេ​ជា​អ្នកមាន ពួកគេ​ទទួលបាន​ជោគជ័យ​នោះ កូន​ដឹង​ទេ​ថា គេ​ត្រូវ​ជួបនឹង​សេចក្ដី​ខកបំណង អស់សង្ឃឹម ខូចចិត្ត​យ៉ាងច្រើន​ប៉ុនណា ទម្រាំ​នឹង​ឈាន​មកដល់​ចំណុច​នេះ​បាន ដូច្នេះ​បើ​យើង​ចង់​ទទួលបាន​ជោគជ័យ ទោះជា​ដួលរលំ​ទីង​ណាត់​ទីង​ណែ​ង​ប៉ុន្មាន​ដង​ក៏ដោយ បើ​យើង​មាន​ក្ដី​ពុះពារ​ព្យាយាម ភាពជោគជ័យ​នឹង​ស្ថិតនៅ​ក្បែរ​ខ្លួន​យើង​ជានិច្ច។

12. “កំហុស គឺជា​គ្រូ” : អធិប្បាយ​ពន្យល់​ឱ្យ​កូន​បាន​យល់ថា សេចក្ដី​អស់សង្ឃឹម ខកបំណង គឺជា​លោកគ្រូ​ដែល​នឹង​មកជួយ​បង្ហាត់បង្រៀន​យើង​ឱ្យបាន​ស្គាល់​ពី​ជីវិត​កាន់តែ​ច្រើនឡើង។ គ្មានអ្វី​ដែល​នឹង​សុខ​សមបំណង​គ្រប់យ៉ាង​នោះទេ ដូច្នេះ ចូរ​ត្រេកអរ​ដែល​ថ្ងៃនេះ​យើង​មានឱកាស​បាន​ស្គា​ល់វា(កំហុសឆ្គង)។ “ជំនួស​ឱ្យ​ការដែល​យើង​គិតតែ​ពី​បន្ទោស​ខ្លួនឯង គិត​ច្រើន តូចចិត្ត និង​លង់​នៅតែ​ជាមួយ​រឿង​មួយ​នោះ ហេតុអ្វី​បានកូន​មិន​សាកល្បង​យក​រឿង​នោះមក​ធ្វើជា​មេរៀន មក​ធ្វើជា​គ្រូ ដើម្បី​កុំឱ្យ​យើង​បានធ្វើ​ខុស​ក្នុង​រឿងដដែលៗទៀត?” បើសិនជា​លោកឪពុក​អ្នក​ម្ដាយ​អាច​នាំយកប្រយោគ​លើកទឹកចិត្ត​ទាំង12 ដែល​បាន​រៀបរាប់​មក​ដូចខាងលើ​នេះ​មក​កែច្នៃ​ប្រើ​ជាមួយកូនៗនោះ កូនៗច្បាស់​ជា​នឹង​លែងមាន​អារម្មណ៍​ភ័យខ្លាច ឬ​កង្វល់​ចិត្ត​តទៅទៀត​ជាមិនខាន៕

Advertisement