វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ​យ៉ាងណាខ្លះ… អ្នក​ម្ដាយ​ត្រូវតែ​ដឹង!

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ គួរតែ​រីកចម្រើន​យ៉ាងណាខ្លះ លោកឪពុក​អ្នក​ម្ដាយ​ត្រូវតែ​ដឹង… ដូច្នេះ​ពេលនេះ យើង​នាំគ្នា​មក​តាមដាន​មើល​ពី​វិវឌ្ឍនាការ​របស់​ក្មេង​ពេល​ចូលមក​ដល់​វ័យ17ខែ ​អំពី​អ្វីដែល​គេ​គួរតែ​ធ្វើបាន​ក្នុង​វិវឌ្ឍនាការ​លើ​ផ្នែក​នីមួយៗ​ ជាមួយ​​ ឡា​រ៉ែ​ន​ ទាំងអស់គ្នា​ជា​បន្ត​ដូចតទៅ។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ ខាង​ផ្នែក​រាងកាយ និង​ការធ្វើ​ចលនា
ក្មេង​មកដល់​វ័យ​នេះ ចាប់ផ្ដើម​ដើរ​បាន​យ៉ាង​ចំណាប់​ហើយ ចាប់ផ្ដើម​ចេះ​តោង​ឡើងទៅ​កាន់​ទី​កាន់តែ​ខ្ពស់​ឡើង ដូចជា ចូលចិត្ត​តោង​ឡើង​គ្រែ ឡើង​កៅអី និង​កាំជណ្ដើរ​ជាដើម។ ពេល​អ្នកម្ដាយ​បើក​បទ​ភ្លេង​ឱ្យគេ​ស្ដាប់ គេ​នឹង​ចូលចិត្ត​រាំ​តាម​ចង្វាក់ភ្លេង និង​រឿង​ដែល​គេ​ចូលចិត្ត​បំផុត​នោះ គឺ​មួល​កុងតាក់ផ្សេងៗរបស់​វិទ្យុ ទូរទស្សន៍​ចុះឡើង​តាម​ដែល​គេ​អាច​មួល​បាន ជាពិសេស​បណ្ដា​កុងតាក់​ទាំងឡាយណា​ដែល​ពេល​មួល​ហើយនឹងមាន​សំឡេង ឬ​រូបភាព​ផ្លាស់ប្ដូរ​ឱ្យគេ​ឃើញ។ ដោយសារតែ​អំឡុង​ពេលនេះ សាច់ដុំ​ចង្កោមតូចៗរបស់​ក្មេង​មាន​ការវិវឌ្ឍ​ដ៏​ល្អ ធ្វើ​ឱ្យគេ​អាច​ចាប់ កាន់ ឬ​សង្កត់ ចុច​វត្ថុ​ដែលមាន​ទំហំតូចៗបាន។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ខែ ខាង​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង
កូនតូច​ក្នុង​វ័យ​នេះ ពេល​បង្ហាត់បង្រៀន​អ្វី គេ​នឹង​ធ្វើបាន​ទាំងអស់ ដូចជា បង្រៀន​ឱ្យ​ចេះ​ស្លៀកខោ បង្រៀន​ឱ្យ​ចេះ​ប្រមូលរបស់​លេង​ទុកដាក់​ក្នុង​កន្ត្រកជាដើម។ កូន​ចាប់ផ្ដើម​ចេះ​ប្រើពាក្យខ្លីៗដើម្បី​ចង់​ប្រាប់ថា គេ​ត្រូវការ​អ្វី ដូចជា​ប្រើពាក្យ​ថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បី​ប្រាប់​ឱ្យ​ឪពុកម្ដាយ​បានដឹងថា គេ​ឃ្លាន​ហើយ​ជាដើម។ ក្មេង​វ័យ​នេះ ជា​វ័យ​ដែល​កំពុង​រៀន​យល់ដឹង ចូលចិត្ត​ក្នុងការ​ស្ទាប ឬ​ប៉ះពាល់​របស់ ឬ​វត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះ​ឪពុកម្ដាយ​គួរប្រើ​ឱកាស​នេះ​ក្នុង​ការជំរុញ បង្កើន​វិវឌ្ឍនាការល្អៗដល់​កូន ដោយ​បបួល​កូនចាប់​កាន់ និង​ពិនិត្យមើល​វត្ថុ​របស់របរផ្សេងៗដែលមាន​នៅក្នុង​ផ្ទះ ដើម្បីឱ្យ​កូន​បាន​រៀន​យល់ដឹង និង​ស្គាល់​ភាពខុសគ្នា​ម្នាក់​មួយបែប​នៃ​របស់​ទាំងនោះ និង​អ្វីដែល​សំខាន់ ក្មេង​វ័យ​នេះ នៅតែ​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​កាយវិការ​របស់​ម​នុស្ស​ធំមិនថាតែ​ឥរិយាបថ​អង្គុយ​ញុាំអាហារ ការនិយាយ​ទូរស័ព្ទ​ជាដើម ដូច្នេះ​លោកឪពុក​អ្នក​ម្ដាយ​ចាំបាច់​ត្រូវតែ​ធ្វើជា​គំរូ​ដ៏​ល្អ​ដល់​កូន។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ17ឆ្នាំ ខាង​ផ្នែក​ភាសា និង​ការទំនាក់ទំនង
ក្មេង​វ័យ​នេះ​នឹង​ចេះ​និយាយ​ពាក្យផ្សេងៗបានល្អ​ច្រើនជាង​មុន​ហើយ និង​ចាប់ផ្ដើម​ចេះ​រួម​ពាក្យ​ឱ្យ​ក្លាយជា​ប្រយោគងាយៗ ខ្លីៗ ដូចជា “អត់​ទៅ” “ដើរលេង” ឬ “ចាប់​ចាប” ជាដើម។ ឪពុកម្ដាយ​ត្រូវ​និយាយ​ជាមួយ​កូន​ឱ្យបាន​ច្រើន នាំ​កូន​និយាយ​ពាក្យផ្សេងៗ ថ្មីៗ ដោយ​ចាប់ផ្ដើម​ពី​ពាក្យ 2ព្យាង្គ បន្ថែម​ឡើងជារឿយៗ។ ការហៅ​ឈ្មោះ​កូន​ឱ្យបាន​ញឹកញាប់ ក៏​ជាការ​ជំរុញ និង​បង្កើន​វិវឌ្ឍនាការខាង​ផ្នែក​ភាសា​ដ៏​ល្អ​យ៉ាង​គ្រប់
ផ្នែក​របស់​កូនតូច​ដែរ។

លោកឪពុក អ្នក​ម្ដាយ​កុំ​ភ្លេច​បំពេញបន្ថែម​បទពិសោធន៏ថ្មីៗទៅ​កូន ដើម្បីឱ្យ​កូន​បាន​រៀន​យល់ដឹង និង​ប្រមូល​សន្សំ​បទពិសោធន៍ ដើម្បី​វិវឌ្ឍនាការ​ដ៏​ល្អ​គ្រប់ផ្នែក​របស់​កូនតូច៕

Advertisement