កត្តា​អ្វីខ្លះដែល​ជួយ​ឱ្យ​អ្នកមាន​កូនភ្លោះ​បាន​ដូច​បំណង?

គូ​ស្វាមីភរិយា​ខ្លះ នៅពេល​រៀបការ​គ្នា​រួចរាល់​ហើយក៏​ធ្វើដំណើរ​មកដល់​ដំណាក់កាល​រៀប​ផែនការ​ដើម្បី​មាន​បុត្រ​ជាមួយគ្នា តែ​ប្រាកដ​ណាស់​ថា គ្រួសារ​ខ្លះ​ក៏​ចង់​មានកូន​ត្រឹមតែ1នាក់ តែ​គ្រួសារ​ខ្លះ​ក៏​រៀប​ផែនការ​ចង់បាន​កូន​ច្រើនជាង​ហ្នឹង ដែល​ក្នុងនោះ​កូនភ្លោះ​អាចជា​គោលដៅ​មួយ​ដែល​គូ​ស្វាមីភរិយា​ជាច្រើន​គូ​ចង់បាន តែ… តើ​នឹងធ្វើ​យ៉ាងណា​ដើម្បីឱ្យ​សមបំណង​ក្នុងការ​មានកូន​ភ្លោះ​ដើម្បីឱ្យ​ពួកគេ​ធំ​ឡើង​ក្លាយជា​មិត្តភក្តិ​ផង ជា​បងប្អូន​ផង​ក្នុងពេល​តែមួយ? ថ្ងៃនេះ ឡា​រ៉ែ​ន បាន​រួបរួម​បច្ច័យ​ជាច្រើន​ដែល​នឹងជួយ​ឱ្យ​គូ​ស្វាមីភរិយា​របស់​អ្នកមាន​កូនភ្លោះ​បាន​កាន់តែ​ងាយ​ឡើងមក​ជម្រាបជូន​ដូចខាងក្រោម…។

អ្វីខ្លះ​ដែល​បើសិន​ធ្វើ​ទៅហើយ មានឱកាស​បានកូន​ភ្លោះ​កាន់តែខ្លាំង​ឡើង?
មើល​ទៅលើ​ពូជ​អំបូរ
នេះ​គឺជា​ចំណុច​សំខាន់​ដំបូង​គេ​របស់​ការ​មានកូន​ភ្លោះ​ក៏​អាច​ថា​បានដែរ ទោះ​វា​ជា​មិនមែនជា​បច្ច័យ​ទាំងអស់​ក្ដី តែ​ក៏​វា​មាន​ចំណែក​ច្រើន​គួរសម​ដែរ។ បើ​នៅក្នុង​ក្រុមគ្រួសារ​របស់​ទាំងពីរ​នាក់(ទាំង​ប្ដី និង​ប្រពន្ធ)មាន​ប្រ​វត្តិមាន​បងប្អូន​ភ្លោះ នោះ​ឱកាស​ដែល​គូ​ស្វាមីភរិយា​របស់​អ្នកនឹង​បានកូន​ភ្លោះ​ក៏មាន​ច្រើន​ទៅតាម​នោះដែរ​យ៉ាងពិត​ប្រាកដ។

ពូជសាសន៍​ក៏​សំខាន់
ជា​មធ្យម មនុស្ស​នៅក្នុង​ពូជសាសន៍​អាហ្វ្រិក​នឹងមាន​ឱកាស​មានកូន​ភ្លោះ​ខ្លាំង​ជាង​ជនជាតិ​ស្បែ​កស ឬ​ជនជាតិ​ស្បែក​លឿង ដោយ​អត្រា​ការកើត​បានកូន​ភ្លោះ​ជា​មធ្យម​នៅលើ​មនុស្ស​ស្បែក​ខ្មៅ​នឹង​ជួបប្រទះ​ប្រមាណ​ជា 1% – 4% មនុស្ស​ស្បែ​កស​ប្រមាណ 0.7% – 1% និង​នៅលើ​មនុស្ស​ស្បែក​លឿង​ប្រមាណ​ជា 0.3%ប៉ុណ្ណោះឯង។

បើជា​ការ​ពពោះ​លើក​ទី2 ឡើងទៅ ឱកាស​ក៏​នឹងមាន​ច្រើន​តាម​នោះដែរ
ការ​មានកូន​ពីមុនមក​ហើយនឹង​អាចជួយ​បង្កើន​ឱកាស​ក្នុងការ​មានកូន​ភ្លោះ​ដល់​អ្នក​បាន​ច្រើនណាស់ ព្រោះថា ស្ត្រី​ជា​ម្ដាយ​នឹងមាន​ការទម្លាក់​ស៊ុត​កើនឡើង​ច្រើន​ហ្នឹងឯង។

អាយុ
ដែល​ធ្លាប់​បានឮ​មក​ទាំងអស់គ្នា​ថា រឹតតែ​ស្ត្រី​ជា​ម្ដាយ​មាន​អាយុ​ច្រើនឡើង ក៏​នឹង​រឹតតែ​ប្រថុយប្រថាន​នឹង​ការ​មានកូន​ហើយ​ជួបនឹង​សភាវផ្សេងៗច្រើនឡើង​តាម​ហ្នឹង​ដែរ តែ​វា​ផ្ទុយគ្នា​នឹង​ការ​មានកូន​ភ្លោះ ព្រោះ​រឹតតែ​អ្នកមាន​អាយុ​ក្នុងអំឡុង 35 – 39ឆ្នាំ រឹតតែ​មានឱកាស​ដែល​អ្នក​នឹងមាន​កូនភ្លោះ​ច្រើនឡើង។ មូលហេតុ ក៏​ព្រោះតែ​រាងកាយ​មាន​ស៊ុត​នៅសល់​ច្រើន ទើបត្រូវ​បាន​ជំរុញ​ច្រើនឡើង​ដែរ ធ្វើឱ្យ​រាងកាយ​របស់​ស្ត្រី​បញ្ចេញ​អ័រម៉ូន FSH ចេញមក​ច្រើន ធ្វើឱ្យ​ស៊ុត​មានឱកាស​ធ្លាក់ម្ដងៗច្រើនជាង 1 ហ្នឹងឯង។

ទម្ងន់​ខ្លួន និង​កម្ពស់
ស្ត្រី​ដែល​កើតរោគ​ធាត់ ឬ​មាន​ទម្ងន់​ខ្លួន​ច្រើន​ជា​ងប្រក្រតី​បន្តិច រួមទាំង​មាន​កម្ពស់​ដែល​ខ្ពស់​ល្មម​សមរម្យ​នោះ មានឱកាស​ក្នុងការ​តាំង​គភ៌​កូនភ្លោះ​បាន​ច្រើន​តាម​នោះដែរ។

ការ​ទទួលទាន​កាល់ស្យូម​អាចជួយ​អ្នក​បាន
ស្ត្រី​ដែល​ញ៉ាំ​ទឹកដោះគោ​ជាប់​ជាប្រចាំ​មាន​ចំណែក​ធ្វើឱ្យ​តាំង​គភ៌​បានកូន​ភ្លោះ​ច្រើនជាង​ដល់​ទៅ5ដង​ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​បរិភោគ​អាហារ​ប្រភេទ​សាច់សត្វ​សោះ នេះ​គឺ​ដោយសារតែ​ប្រូតេអុីន​ដែល​ហៅថា IGF ដែលមាន​នៅក្នុង​ទឹកដោះគោ និង​ផលិតផល​ពីស​ត្វផ្សេងៗនោះ​គឺជា​ប្រូតេអុីន​ដែល​នឹង​ជួយ​ឱ្យ​សំបុក​ស៊ុត​មានប្រតិកម្ម​រហ័ស​ឡើង និង​ជួយ​បង្កើន​ចំនួន​ស៊ុត​ឱ្យ​ច្រើនឡើង​ហ្នឹងឯង។

ការ​បំបៅ​ដោះ​កូន
នៅពេល​ស្ត្រី​មានកូន​ដំបូង​រួចហើយ ការ​បំបៅ​ដោះ​កូន​យ៉ាង​ទៀងទាត់​រហូតដល់​កំណត់​ពេលដែល​ស័ក្តិសម គឺ​ប្រមាណ​ជា12ខែ​នោះមាន​ចំណែក​ជួយ​ឱ្យ​ស្ត្រី​នោះ​មានឱកាស​តាំង​គភ៌​បន្ទាប់​ទៅទៀត​ជា​កូនភ្លោះ​បាន​កាន់​ច្រើនឡើង​ទៀតផង។

ធ្លាប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​លើស 3ឆ្នាំ
ហេតុផលស្រដៀងៗនឹង​ការតាំង​គភ៌​នៅពេល​អាយុ35ឆ្នាំ​ឡើងទៅ​ដែរ ព្រោះ​ស៊ុត​នឹង​បង្ខំ​ទម្លាក់​មក​ច្រើន ធ្វើឱ្យ​មានឱកាស​ដែល​អាចធ្វើឱ្យ​ស៊ុត​នឹង​ធ្លា​ក់មក​ច្រើនជាង 1ហ្នឹងឯង។

ចង់បាន​កូនភ្លោះ ត្រូវ​ញ៉ាំ​ឱ្យ​ច្រើន
ការទទួល​ទាន​អាហារ​ឱ្យច្រើនៗអាច​នឹង​ធ្វើឱ្យ​ទម្ងន់​ខ្លួន​របស់​ស្ត្រី​កើនឡើង​ពី​ប្រក្រតី​ខ្លះតែ​នឹង​ធ្វើឱ្យ​រាងកាយ​របស់​ស្ត្រី​មាំមួន​ឥតខ្ចោះ និង​ធ្វើឱ្យ​មានឱកាស​ក្នុងការ​តាំង​គភ៌​កូនភ្លោះ​បាន​កាន់តែ​ងាយ​ឡើង​ទៅតាម​នោះដែរ តែ​យ៉ាងណាក៏ដោយ គួរ​សង្កត់ធ្ងន់​លើ​អាហារ​ដែលមាន​ប្រយោជន៍ មិនមែន​ចេះតែ​ញ៉ាំ​អ្វី​ក៏បាន​នោះទេ ព្រោះ​អាច​នឹងមាន​ផល​អវិជ្ជមាន​បាន។

នេះ​គ្រាន់តែ​ជា​បច្ច័យ​ដែល​អាច​នឹង​ជួយ​ហុច​ផល​ឱ្យ​អ្នកមាន​កូនភ្លោះ​បាន​ច្រើនឡើង​ប៉ុណ្ណោះ តែ​យ៉ាងណាក៏ដោយ បើ​ចង់​បង្កើន​ឱកាស​ក្នុងការ​មានកូន​ភ្លោះ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយគ្រូពេទ្យ​ ដើម្បី​ស្វែងរក​វិធី​ដែល​ពិតប្រាកដ​ច្បាស់លាស់ និង​ស័ក្តិសម​ជាមួយ​សុខភាព​របស់​ទាំង​ស្វាមី និង​ភរិយា ទើប​ជាការ​ប្រសើរ​បំផុត៕

Advertisement