ប្ដី​ចាញ់កូន​ជំនួស​ប្រពន្ធ… ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​អារម្មណ៍?

បើសិន​អនាគត​អ្នក​ម្ដាយ​ណា​ម្នាក់​ជិត​មាន​បេ​ប៊ី តែ​មើលឃើញថា លោក​ប្ដី​បែរ​ជាមាន​អាការ​នឿយ​ល្វើយ​ទុរន់ទុរា ក្អួតចង្អោរ ចង់​ញ៉ាំ​របស់ជូរៗ វិលមុខ​ដូច​មនុ​ស្សមាន​ផ្ទៃពោះ​នោះ សាកល្បង​អាន​អត្ថបទ​នេះលេងៗទៅ​មើលថា តើ​មាន​ប្ដី​ប្រពន្ធ​ណា​កើតរឿង​បែប​ហ្នឹង​ខ្លះ? ហើយ​អាការ​ហ្នឹង​ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​អារម្មណ៍?

ការដែល​លោក​ប្ដី​កើតមាន​អាការ​ស្រដៀង​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ចាញ់កូន ដូចជា មាន​អាការ​អារម្មណ៍​ប្រែប្រួល ក្អួតចង្អោរ វិតក្ក​កង្វល់ ឃ្លាន និង​ចង់​ញ៉ាំ​អាហារ​ច្រើនឡើង​ជាដើម​នោះ ខាង​វេជ្ជសាស្ត្រ​ហៅថា Couvade Syndrome ដែល​ប្រែ​ថា ការ​ភ្ញាស់​កូន ។

ការពិតទៅ មិនទាន់មាន​ការសិក្សា​ដែល​បង្ហាញ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​អាការ​ចាញ់កូន​របស់​អនាគត​លោកឪពុក​ទាំងឡាយ​នេះ​នៅឡើយ ទើប​មិនអាច​ប្រាប់​បាន​ថា មាន​ចំនួន​អ្នក​ដែល​កើត​អាការ​បែបនេះ​ប៉ុន្មាន​នាក់ តែ​ធ្លាប់មាន​អ្នកស្រាវជ្រាវ​បាន​អះអាង​ប្រាប់ថា ជាង60%នៃ​បណ្ដា​លោក​ស្វាមី​ទាំងឡាយ​បាន​សារភាពថា ពួកគេ​ធ្លាប់​កើត​អាការ​ចាញ់កូន​ជំនួស​ភរិយា។ ថាៗទៅ រឿង​បែបនេះ​ពិតជា​អាច​កើតឡើង​បាន​មែន បើ​យើង​នៅ​ជិត​នរណាម្នាក់ និង​មើលឃើញ​ទង្វើ​ដែល​ម្នាក់​នោះ​ធ្វើ​ញឹកញាប់​ក្នុងអំឡុង​ពេលនោះ ក៏​អាចធ្វើឱ្យ​ធ្លាក់ទឹក​ចិត្ត​គិត​ទៅតាម​គ្នា​បានដែរ តែ​ក៏​ចង់​ប្រាប់​អនាគត​ឪពុក​គេ​ទុកជាមុន​ដែរ​ថា បើសិនជា​កើតមាន​អាការ​បែប​ហ្នឹង​នោះ អនាគត​លោកឪពុក​គួរតែ​ងាក​មក​ថែទាំ​សុខភាព​ខ្លួនឯង​ឱ្យបាន​ខ្លាំង​ឡើង គួរ​ប្រយ័ត្ន-ប្រយែង​រឿង​ទម្ងន់​ខ្លួន​ដែល​អាច​នឹង​កើនឡើង​តាម​ភរិយា​ដែល​កំពុង​តាំង​គភ៌​នោះដែរ។

ហើយសុខៗ ម៉េច​បានប្រុសៗចាញ់កូន​ទៅ​កើត?
ព្រោះ​បើ​គិត​តាម​ការពិត វា​សឹងតែ​មិនអាច​ទៅរួច​ឡើយ​ដែល​មនុស្ស​ខុសគ្នា​សោះ តែម​កមាន​អាការ​អ័រម៉ូន​ប្រែប្រួល​ដូចគ្នា​ក្នុង​លក្ខណៈ​នេះ តែ​ក៏​ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​បាន​អធិប្បាយ​អំពី​រឿង​ការប្រែប្រួល​របស់​អ័រម៉ូន​ភេទ​នៅពេលដែល​មនុស្ស​យើង​មានការ​នឹក​គិតពី​រឿង​ស្នេហា សេចក្ដីស្រឡាញ់ និង​ភាព​ពាក់ព័ន្ធ​គ្នា អ័រម៉ូន​លែ​ក​ទិ​ក​ក្នុង​រាងកាយ​ក៏​នឹង​កើនឡើង និង​ជាហេតុ​បណ្ដាលឱ្យ​អ័រម៉ូន ថេ​ស​ថូ​ស្ទើ​រ៉ូ​ន​ ថយចុះ តែ​អ័រម៉ូន​ខូ​ទិ​សូល​កើនឡើង ទើប​មាន​ផលប៉ះពាល់​ដល់​ទម្ងន់​ខ្លួន​ដែល​កើនឡើង​ដែរ គ្រាន់តែ​លោក​ប្ដី​នឹង​គ្មាន​អាការ​ឈឺពោះ​ខ្លាំងក្លា​ពេល​ជិត​ប្រសូត​ដូច​ភរិយា​តែ​ប៉ុណ្ណឹង​ឯង(វា​ត្រូវ​ហើយ មនុស្ស​ភេទ​ខុសគ្នា​តើ!)។

បើ​កើត​អាការ​ចាញ់កូន​ជំនួស​ភរិយា តើ​ស្វាមី​ត្រូវធ្វើ​យ៉ាងណា?
ដូចដែល​ប្រាប់​ពី​ខាងដើម​ហើយ​ថា រឿងនេះ​មិនមែនជា​រឿង​ធំដុំ​អ្វី​ទេ តែបើ​កើតមាន​អាការ​ខ្លាំងក្លា​ដល់​ថ្នាក់​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃនោះ គួរតែ​ទៅ​ជួប​គ្រូពេទ្យ ​ដើម្បី​ទទួលបាន​ថ្នាំ​សម្រាល​អាការ​ទាំងនោះ ដែល​មើលទៅ​វា​ដូចជា​អាការ​ខាង​ផ្លូវ​ចិត្តខ្លាំង​ជាង (ព្រោះ​គ្រូពេទ្យ​អាច​គិតថា វា​បណ្ដាលមកពី​ក្ដី​វិតក្ក​កង្វល់ និង​បារម្ភ​ពី​ភរិយា​ជ្រុល​ហួសហេតុ​ពេក​ក៏​អាច​ថា​បាន) ដូច្នេះ​ទើប​ចង់​ណែនាំ​ដល់​អនាគត​ឪពុក​គេ​ឱ្យធ្វើ​ចិត្តសប្បាយៗ ទទួលយក​រឿងល្អៗដែល​នឹង​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់​អ្នក។ បណ្ដោយឱ្យ​គ្រប់យ៉ាង​ដំណើរការ​ទៅតាម​ច្បាប់ធម្មជាតិ​វា​ប្រសើរ​ជាង ឬ​បើ​មើលឃើញថា​ភរិយា​ចាញ់កូន​ខ្លាំងពេក លោក​ប្ដី​ក៏​មិនចាំបាច់​ទៅ​ពិបាកចិត្ត​តាម​នោះទេ គ្រាន់តែ​ជួយផ្ដល់​ជា​កម្លាំងចិត្ត និង​រក​កិច្ចការងារល្អៗមក​ធ្វើ​ក្នុងអំឡុងពេល​ភរិយា​តាំង​គភ៌​ដើម្បី​ឱ្យមាន​សម្ព័ន្ធភាពល្អៗចំពោះ​គ្នា រួមទាំង​ជាការ​បាន​កសាង​អនុស្សាវរីយ៍​ដែល​គួរឱ្យ​ពេញចិត្ត​វិញ​ប្រសើរ​ជាង៕

Advertisement