ទារក-កនៅទន់ដាក់ខ្នើយឱ្យគេងមានគ្រោះថ្នាក់ឬទេ? ពេលណាដាក់ខ្នើយឱ្យកើយបាន?

ឪពុកម្ដាយថ្មោងថ្មីជាច្រើនៗតែងតែមានក្ដីបារម្ភ កង្វល់ ភ័យផង មិនប្រាកដក្នុងចិត្តផង នៅពេលនាំកូនតូចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីប្រសូតរួចនៅឯមន្ទីរពេទ្យ ហើយដោយសារតែភាពភ័យផងអរផងនេះឯង ទើបនាំគ្នាទិញរបស់របរប្រើប្រាស់សម្រាប់ទារកមកទុកពេញហ្នឹងទាំងអស់ជាពិសេសរបស់របរសម្រាប់ទារកគេង មិនថាតែពូក ទ្រនាប់ខ្នើយកើយ ខ្នើយកល់ និងភួយជាដើមក្រៅពីនេះនៅមានតុក្កតាស្អាតៗដែលគិតថា នឹងយកមកដាក់ឱ្យគេងជិតកូនតូចឱ្យគេមានអារម្មណ៍កក់ក្ដៅគិតថា មានអ្នកនៅក្បែរជានិច្ចទៀតផង…តែមិនបានដឹងឡើយថា វត្ថុអស់ទាំងនោះអាចជាដើមហេតុដែលធ្វើឱ្យកូនមានគ្រោះថ្នាក់បានដោយអាការ ស្លាប់ទាន់ហន់ភ្លាមៗសម្រាប់ទារក ឬ Sudden Infant Death Syndrome (SIDS)។

ព័ត៌មាននៃការស្លាប់បែប SIDS នេះប្រទះឃើញច្រើននៅលើទារកទើបកើត និងក្មេងដែលមានអាយុមិនដល់2ខួប។ ឧទាហរណ៍ នៅក្នុងប្រទេសអាមេរិកត្រូវបានរកឃើញថា មានក្មេងទារកដែលស្លាប់ដោយអាការនេះ (SIDS/គ្មានខ្យល់ដកដង្ហើមខណៈពេលគេងលក់) ច្រើនដល់ទៅ700នាក់ក្នុងមួយឆ្នាំៗ។

ខ្នើយកើយក៏សម្លាប់ជីវិតកូនតូចបានដែរ
ជាច្រើនដងណាស់ ដែលឪពុកម្ដាយបានដឹងមកថា តុក្កតា ខ្នើយកើយ ខ្នើយកល់ ឬភួយក៏អាចសម្លាប់កូនតូចក្នុងវ័យទារកបានដែរ ព្រោះជាចង្វាក់ពេលដែលកូនប្រែខ្លួន ផ្ទៃមុខបានទៅផ្ទប់នឹងឧបករណ៍សម្រាប់គេង និងតុក្កតាទាំងនោះក្នុងរយៈពេលយូរ ព្រោះតែទារកដែល កនៅមិនទាន់រឹង គេមិនអាចជួយខ្លួនឯងបាន ទើបធ្វើឱ្យកូនតូចគ្មានខ្យល់ដកដង្ហើម និងស្លាប់នៅទីបំផុត។

ការដាក់ខ្នើយឱ្យកើយចំពោះទារកដែល-កនៅមិនទាន់រឹងមាំក៏ដូចគ្នាដែរ បើលោកឪពុកអ្នកម្ដាយដាក់កូនឱ្យគេងផ្កាប់ខណៈពេលដែលកូនគេងលក់ ពេលកូនកម្រើកខ្លួន អាចធ្វើឱ្យផ្ទៃមុខរបស់កូនទៅផ្កាប់ផ្ទប់នឹងខ្នើយតែម្ដង ហើយបើសិនជាឪពុកម្ដាយ មិនមានពេលវេលានៅមើលកូនជាប់រហូត ឬភ្លេចខ្លួនគេងលក់ដែរនោះអាចធ្វើឱ្យកើតរឿងសោកស្ដាយឡើងបាន។

តើកូនតូចអាចគេងកើយខ្នើយបាននៅពេលណា?
ជម្រើសដែលល្អបំផុត ឡារ៉ែន សូមណែនាំថា គួរឱ្យកូនគេងកើយខ្នើយបាននៅពេលដែលមានអាយុច្រើនជាង2ខួប ឬនៅពេលដែល-ករបស់កូនតូចរឹងមាំហើយ ដែលនេះជាការជួយកាត់បន្ថយភាពប្រថុយប្រថាន ក្នុងការកើតមានគ្រោះថ្នាក់យ៉ាងទាន់ហន់ណាមួយចំពោះទារក។​ ម្យ៉ាងទៀតដែលសំខាន់ដែរនោះគឺ ដោយសារសរីរៈរបស់ទារកក្នុងផ្នែកក្បាលនៅហាក់ដូចជាធំជាងដងខ្លួននោះ ដូច្នេះការឱ្យទារកបានគេងលើពូក ឬកន្លែងដែលរាបស្មើ កូននឹងមិនមានអារម្មណ៍ថា ក្បាលធ្លាក់ទាប ឬពិបាកគេងអ្វីឡើយ ផ្ទុយទៅវិញ កូននឹងគេងបានស្មើល្មមល្អជាងមានខ្នើយទ្រាប់ពីក្រោម។

ការបង្ហាត់ឱ្យកូនឆាប់រឹងក
រឿងមួយទៀតដែលសំខាន់សម្រាប់អ្នកដែលជាឪពុកម្ដាយថ្មោងថ្មីដែលមានទាំងក្ដីកង្វល់ និងបារម្ភថា តើពេលណាទើបកូនយើងនឹងរឹងក? ហេតុអីបានកូនយើងក្ររឹង-កម្ល៉ះ? នោះ ឡារ៉ែនចង់ប្រាប់ថា ចំណុចនេះមិនចាំបាច់កង្វល់នោះទេ ព្រោះ… លោកឪពុកអ្នកម្ដាយអាចជួយបង្ហាត់កូនតូចបាន ដោយខណៈពេលដែលកូនភ្ញាក់ ចូរដាក់កូនឱ្យគេងផ្កាប់ ហើយយករបស់លេងទៅលេងជាមួយកូនពីខាងមុខ ដើម្បីឱ្យកូនងើបមុខឡើងមើលរបស់លេងនោះ (គួរជារបស់លេងដែលមានសំឡេង ដើម្បីបង្កើនចំណាប់អារម្មណ៍កូន) ហើយបើរឹតតែជារបស់លេងដែលគេចូលចិត្តផងនោះ រឹតតែល្អខ្លាំងទៅទៀត ព្រោះនឹងបានមើលយូរៗ ដែលនោះមានន័យថា កូនតូចអាចពង្រឹងកបានយូរឡើងហ្នឹងឯង។ បង្ហាត់រាល់ថ្ងៃអាចនឹងចាប់ផ្ដើមពីមួយថ្ងៃ 5នាទី រួចហើយសឹមថែមទៅជា 10 និង15នាទីរហូតទាល់តែករឹង។ កុំភ្លេចណា៎ បើកូននៅតូច-កនៅមិនទាន់រឹងមាំ ឪពុកម្ដាយគួរយកចិត្តទុកដាក់រឿងឧបករណ៍សម្រាប់កូនតូចគេងជាពិសេសតែម្ដង ដូចជាមិនជ្រើសរើសប្រើពូកគេងដែលទន់ជ្រុលពេករួមទាំងការដាក់របស់របរគេងជុំវិញខ្លួនកូនក៏មិនគួរឱ្យមានច្រើនជ្រុលពេកដែរ ដើម្បីការពារកុំឱ្យកើតអាការ SIDS៕

Advertisement