តែ3ចំណុច​គត់! រឿង​សំខាន់​ដើម្បីចិញ្ចឹម​កូនប្រុស​ឱ្យក្លាយ​ជា“ក្មេង​មិនសូវ​ចេះ​ខឹង”

January 29, 2019​ ម៉ោង 5:08 pm

ពេល​ចិញ្ចឹម​កូនប្រុស មាន​អ្នក​ម្ដាយ​ជាច្រើន​នាក់​គិតតែ​ពី “កង្វល់​រឿង​អនាគត​របស់​កូន…” ដោយ​មិនបាន​នឹក​ទៅដល់​ភាព​ច្រងេងច្រងាង ឬ​អំពើហិង្សា ឬ​ពេលធ្វើ​ការងារ​អ្វីមួយ​ជា​ក្រុម ដែល​យើង​ប្រហែលជា​មិន​ចង់ឱ្យ​កូនប្រុស​ក្លាយជា “ក្មេង​ឆេវឆាវ” ពេលមាន​អ្វីមួយ​មិនត្រូវ​ចិត្ត ក៏​ប្រើ​កម្លាំងបាយ​ទៅលើ​មិត្ត-ភក្តិ ឬ​ស្រែក​ឡូឡា​នោះឡើយ។ ដូច្នេះ​តើ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​ក្លាយជា “ក្មេង​ដែល​មិន​ងាយ​ខឹង”? ថ្ងៃនេះ ឡា​រ៉ែ​ន នឹងបង្ហាញជូន​នូវ​រឿង​សំ-ខាន់ 3ចំណុច​ក្នុងការ​ចិញ្ចឹម​កូនប្រុស​ឱ្យក្លាយ​ជា“ក្មេង​មិន​ងាយ​ខឹង” នាពេល​អនាគត។

ចំណុច​ទី1 : ឱ្យ​និយាយ​ឱ្យបាន​ច្រើនពេល​មានរឿង​ដែល​មិន​ត្រូវចិត្ត ឬ​មិន​ដូចនឹងអ្វីដែល​ខ្លួនឯង​គិត ក៏​ទ្រគោះបោះបោក ឬ​គប់​គ្រវែង​វត្ថុ​របស់របរ ស្រែក​ឡូឡា​ផង​ក៏មាន។ ដូច​យើង​ដឹង​ហើយ​ថា ទង្វើ “ខឹងក្រេវក្រោធ”ជា​ប្រភពកំណើត​នៃ​ការខ្វះ​ភាព​ខាំមាត់​អត់ទ្រាំ​សង្កត់ចិត្ត។អាច​និយាយបានថា ក្មេងៗជា​មនុស្ស​ដែល​មិនមានភាព​ខាំមាត់​អត់ទ្រាំ ហើយ​ពិសេស​ក្មេងប្រុស​ច្រើនតែ​ច្រងេងច្រងាង ឬ​ប្រើ​អំពើហិង្សា​ជាធម្មតា ដូច្នេះចាប់តាំងពី​អាយុ​បាន 2ឆ្នាំ​ឡើងទៅ គេ​នឹង​យល់ដឹង​ពី​ភាសា​ និង​ចាប់ផ្ដើម​ចេះ​និយាយបាន​ហើយអ្នក​ម្ដាយ​គួរ​ហ្វឹកហាត់​ឱ្យ​កូនតូច​ចេះ​គ្រប់គ្រង​សតិស្មារតី​របស់​ខ្លួនឯង​ឱ្យបាន ដែល​កូនសោ​ក្នុងការ​បណ្ដុះ​ភាព​ខាំមាត់​អត់ទ្រាំ​នេះ ការពិតទៅ​ក៏​គឺ“ពាក្យសម្ដី” ហ្នឹងឯង។

មនុស្ស​យើង​អាច​បញ្ចេញ​ពី​តម្រូវការ​របស់ខ្លួន​បាន​មួយ​ខណៈពេល តាមរយៈ​ការនិយាយ​នូវ​អ្វីដែល​ខ្លួនឯង​គិត។ បើ​បាន​និយាយ​អ្វីដែល​ខ្លួនឯង​កង្វល់ ឬដ​ក់ជាប់​ក្នុង​ចិត្តប្រាប់​ទៅ​នរណាម្នាក់​ហើយ ផ្លូវចិត្ត​ក៏​នឹង​ភ្លឺ​ស្រឡះ​ឡើង ក្មេងៗក៏​ដូចគ្នា​ដែរ។ បើ​កូន​ចេះ​និយាយបាន​ហើយ ចូរឱ្យគេ​និយាយ​ឱ្យបានច្រើន ឱ្យ​ហាត់​និយាយប្រាប់ពី​អារម្មណ៍​របស់​ខ្លួនឯង​ចេញមក។ ជាទូទៅ​ក្មេងស្រី​នឹង​ឆាប់​ចេះ​និយាយ​ជាង​ក្មេងប្រុស និង​ពូកែ​និយាយ(និយាយ​ច្រើន) ដែល​អាច​និយាយបានថា ការដែល​ក្មេងស្រី​មាន​ភាព​អត់ទ្រាំ​ខ្លាំង​ជាង​ក្មេងប្រុស​នោះ គឺ​ដោយសារតែ​ការ “និយាយ​ច្រើន” ហ្នឹងឯង។

ចំណុច​ទី2 : “ដាក់​សំណួរ” មិន​ស្ដីបន្ទោស​ដោយ​មិន​សួរ​ពី​ហេតុផលនៅពេល​កូន​ឆេវឆាវ​មួម៉ៅ​ប្រើ​កម្លាំងបាយសូមកុំ​អាល​ជេរ​ស្ដីបន្ទោស​ដោយ​មិន​សួរ​ពី​ហេតុផល​ឱ្យសោះ សូមឱ្យ​អង្គុយ​ចុះ​បែរមុខ​រកគ្នា ហើយសួរ​កូន​ថា “ហេតុ​អី​បានជា​អម្បាញ់មិញ​នេះ​កូនគប់​របស់របរ​អុីចឹង?” និង​ឱ្យគេ​ហ្វឹកហាត់​និយាយ​ពីអ្វី​ដែល​គេ​កំពុង​គិត​នៅក្នុង​ចិត្ត និង​គិតថា នឹងមាន​រឿង​ដែល​កូន​ចង់​និយាយ​ចេញមក​ច្រើនដូចជា “មិន​ចូលចិត្ត​ត្រូវគេ​ដណ្ដើម​របស់​លេង” ឬ“ចង់​ញ៉ាំ​ទឹក​ផ្លែឈើ​ទៀត” ជាដើម។

មុនដំបូង ចូរ​ទទួល​ស្ដាប់​ពាក្យសម្ដីរបស់​កូន​សិន ហើយ​ណែនាំ​ថា “លើក​ក្រោយ សាកល្បង​ប្រាប់​ម៉ាក់​សិន​មក មុននឹង​គប់​គ្រវែង​របស់របរ ល្អទេ​កូន?” បើ​បង្ហាត់​របៀបនេះ​យ៉ាង​ជាប់លាប់ជារឿយៗ កូនតូច​នឹងមាន​ភាព​ខាំមាត់​អត់ទ្រាំ​សង្កត់​ចិត្តបាន​ច្រើនឡើង​មិន​ខាន។

ចំណុច​ទី3 : ឪពុកម្ដាយ​ត្រូវ​ធ្វើជា “មនុស្ស​ចាស់​ដែល​មិន​ងាយ​ខឹង”កូនៗច្រើនតែ​មើល​ពី​ឥរិយាបថ​របស់​ឪពុកម្ដាយ។ បើ​ចង់ឱ្យ​កូន​ក្លាយជា​ក្មេង​ដែល​មិនឆាប់​ខឹងឆេវ​ឆាវ លោកឪពុក​អ្នក​ម្ដាយ​ខ្លួនឯង​ត្រូវតែ​ធ្វើជា “មនុស្ស​ចាស់​ដែល​មិន​ងាយ​ខឹង។ ការចិញ្ចឹម​កូនប្រុស តាមរយៈ​ការ​រពឹស​របស់គេ ពេលខ្លះ​អាណាព្យាបាល​អាច​នឹង​ខឹង​តូង​ឡើង​ក៏មានតែ​សូមឱ្យ​រម្ងាប់​អារម្មណ៍​នោះ​ឱ្យបាន។ មុននឹង​ស្រែកជេរ​ស្ដីបន្ទោស​កូន​ដោយ​សំឡេងខ្លាំងៗចូរ​ដកដង្ហើម​ចូលវែងៗឱ្យបាន​មួយដង ហើយ​ព្យាយាម​និយាយ​យ៉ាង​ចិត្ត​ត្រជាក់។

កូនប្រុស​ច្រើនតែ​ចង់​ធ្វើតាម​អាកប្បកិរិយា​របស់​ឪពុក​ខ្លាំង​ជាង​របស់​ម្ដាយ ដូច្នេះហើយ​ទើបចង់​សុំ​អង្វរ​លោកឪពុក​ទាំងឡាយ​សូម​ព្យាយាមកុំ​ស្រែក​ស្ដីបន្ទោស​កូន​ដោយ​មិន​សួរ​ពី​ហេតុផល​មុន​ឱ្យសោះ។ ការដែល​ក្មេងប្រុស​និយាយ​គំរោះគំរើយ ប្រើ​ហិង្សា មួយចំណែក​ក៏​មកពី​សញ្ជាតិញាណ​ដែរ ទើប​វា​ជា​រឿង​មួយ​ដែល​មិនអាច​ជួយ​បាន តែ​ភាព​ខាំមាត់សង្កត់ចិត្ត​អត់ទ្រាំ យើង​អាច​បង្ហាត់បង្រៀន និង​បណ្ដុះបណ្ដាល​បាន អាស្រ័យលើ​វិធី​ការប្រតិបត្តិ​របស់​ឪពុកម្ដាយ ព្រោះ​ការអប់រំ​ប្រៀនប្រដៅ​ត្រូវ​ប្រើពេល​វេលា ត្រូវ​ប្រតិបត្តិ​យូរ​ជា​បន្តបន្ទាប់ ដូច្នេះ​ទើប​ចង់ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​ព្យាយាម​ធ្វើ​ចិត្ត​ឱ្យត្រជាក់ៗ និង​ប្រើ​ពេលវេលា មិនមែន​ចិត្ត​ក្ដៅ​ចង់ឃើញ​លទ្ធផលភ្លាមៗនោះទេ៕