សញ្ជាតិញាណ 5យ៉ាង​ របស់​ទារក​ទើប​កើត

ក្រោយពី​អ្នក​ម្ដាយ​បានផ្ដល់​កំណើត​កូនតូច​ចេញមក​ពិភព​ខាងក្រៅ​រួចរាល់​ហើយ បន្ទាប់ពីនោះ​អ្នក​ម្ដាយ​ថ្មោងថ្មី​ក៏ត្រូវ​ហ្វឹក​ហាត់រៀន​យល់ដឹង​អំពី​តម្រូវការ​របស់​កូនតូច​ថា តើ​គេ​ត្រូវការ​អ្វី? ចំណែក​ទារក​ខ្លួនឯង​ក៏ត្រូវ​រៀន​យល់ដឹង និង​សម្រប​ខ្លួន​ជាមួយ​ការរស់នៅ​ដូចគ្នា​ដែរ… តែ​រឿង​ដែល​អ្នក​ម្ដាយ​អាច​មិនដឹង​នោះ​គឺ ទារក​ទើបនឹង​កើតមាន​សមត្ថភាព​ក្នុងការ​ទទួល​ដឹង ធ្វើ និង​តបស្នង​ចំពោះ​រឿង​មួយចំនួន​បាន​ដោយ​មិនចាំបាច់​មានការ​រៀន​យល់ដឹង ឬ​ឆ្លងកាត់​បទពិសោធ​ពីមុនមក​ដែល​យើង​ហៅ​រឿង​ទាំងនោះ​ថា “សញ្ជាតិញាណ”(ការដឹង-ចេះ​ដោយ​ឯកឯង)។ ប្រតិកម្ម​តបស្នង​តាម​សញ្ជាតិញាណ​នឹង​ជួយ​ឱ្យ​កូនតូច​អាច​រស់​នៅបាន​នៅពេល​កើត​សភាវ​អាសន្ន តើ​មាន​អ្វីខ្លះ​នោះ… តោះ តាម​អ្នកគ្រូ ឆវី មក!

ប្រតិកម្ម​តបស្នង​តាម​សញ្ជាតិញាណ 5យ៉ាង​របស់​ទារក​ទើប​កើត មាន​ដូចតទៅ :
1. ប្រព័ន្ធ​ដកដង្ហើម
ប្រតិកម្ម​តាម​ធម្មជាតិ​កម្រិត​ដំបូង​បំផុត។ នៅពេល​ទារក​ប្រសូត​ចេញមក​ហើយ លែងមាន​ថង់ទឹកភ្លោះ​នៅ​ជុំវិញ​ខ្លួនប្រាណ រាងកាយ​របស់​កូនតូច​នឹង​បញ្ជា​ឱ្យ​ប្រព័ន្ធ​ការដកដង្ហើម​ធ្វើការ​ភ្លាម​តែម្ដង។ ចំណែក​អត្រា​ការដកដង្ហើម​របស់​ទា​រកម្នាក់ៗក៏​ខុសប្លែក​ពីគ្នា​ទៅតាម​តម្រូវការ​របស់​ទារក​ខ្លួនឯង​ដែរ លើកលែងតែ​ទារក​ដែលមាន​បញ្ហា​ក្រោយពី​ប្រសូត​ភ្លាម​ដែល​ក្រុមគ្រូពេទ្យ​អាច​យក​ទារក​ចូលទៅក្នុង​ទូកញ្ចក់​ ដើម្បី​ថែរក្សា​ព្យាបាល​ជា​បន្ត។

2. ការមើលឃើញ
ក្រោយ​ប្រសូត ទារកតូចៗនៅ​មិនទាន់​បើកភ្នែក​ភ្លាម​ទេ ព្រោះ​កែវភ្នែក​មិនទាន់​សម្រួល​ស្ថានភាព​ទល់នឹង​ពន្លឺ​ខាងក្រៅ​បាន​នៅឡើយ ដោយសារតែ​ការរស់នៅ​ក្នុង​គភ៌​មាតា​មិនបង្កើត​ប្រតិកម្មដល់​ការមើលឃើញ​ឡើយ តែ​ក្នុង​រយៈពេល​មិន​លើស3ថ្ងៃ​ឡើយ​ កូនតូច​នឹង​ចាប់ផ្ដើម​បើកភ្នែក អាច​នឹង​ប្រិច​ភ្នែក​ញឹកញាប់ ព្រោះ​កែវភ្នែក​មិនទាន់​សម្រួល​ទល់នឹង​សភាព​ពន្លឺ​បានល្អ​នៅឡើយ។ ការ​កម្រើក​កែវភ្នែក គឺជា​ប្រតិកម្ម​តបស្នង​ ដើម្បី​ការពារ​កែវភ្នែក​ដែល​សែន​ផុយស្រួយ​ពី​ពិភព​ខាងក្រៅ។

3. ការ​បឺត-លេប​វត្ថុផ្សេងៗ
នៅពេល​អ្នក​ម្ដាយ​ចាប់ផ្ដើម​បំបៅ​ដោះ​កូន រឿង​ដែល​ទារក​ធ្វើបានភ្លាមៗដោយ​ឯកឯង​នោះ​គឺ បឺត​ជញ្ជក់ និង​លេប​ទឹកដោះ​ដោយ​ស្វ័យប្រវត្តិ ឬ​លោកឪពុក​កំពូល​លេង​ច្រើន​ដែល​សាកល្បង​ដាក់​ចង្អុលដៃ​លើ​មាត់​កូនតូច ក៏​កូនតូច​សម្លាញ់​នឹង​បឺត​ជញ្ជក់​ភ្លាម​ដូចគ្នា។ អំឡុងពេល​ហ្នឹង​ក្រុមគ្រួសារ​ត្រូវ​ប្រយ័ត្នប្រយែង​វត្ថុ​របស់របរ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដែល​កូនតូច​អាច​នឹង​លេប​ចូលទៅក្នុង​រាងកាយ​បាន។

4. ការ​បែរ​រក​ក្បាលដោះ
ការបង្ហាត់​កូនតូច​ឱ្យ​ចេះ​បែរមុខ​រក​ក្បាលដោះ អ្នក​ម្ដាយ​សាកល្បង​យកដៃ​ប៉ះ​ថ្ពាល់​កូនថ្នមៗ សញ្ជាតិញាណ​របស់​ទារ​ក​នឹង​បែរមុខ​មករក​ភ្លាម​តែម្ដង។ អ្នក​ម្ដាយ​មិនចាំបាច់​ត្រូវ​ចាប់​ក្បាល​កូនតូច​បែរ​មករក​ខ្លួន​ឡើយ គ្រាន់តែ​ប៉ះ​ថ្ពាល់​គេថ្នមៗ កូន​សម្លាញ់​នឹង​កើតក្ដី​ចង់ដឹង ចង់ឃើញ និង​ងាកក្បាល​មករក​យ៉ាង​ងាយស្រួល។

5. ការ​ស្រវា​ចាប់​ដោយ​ដៃ
នៅពេល​អ្នក​ម្ដាយ​យក​ម្រាមដៃ​ទៅ​ប៉ះ​លើ​បាតដៃ​របស់​កូនតូច គេ​នឹង​ស្រវា​ចាប់​ម្រាមដៃ​របស់​អ្នក​ភ្លាម តែបើ​មាន​អ្វីដែល​ធ្វើឱ្យ​ភ្ញាក់ កូនតូច​ក៏​នឹងមាន​សញ្ជាតិញាណ​កន្ត្រាក់​ខ្លួន​ព្រើត ដោយ​ម្រាមដៃ​ទាំងអស់​ក៏​នឹង​លារ​ចេញ​លែងដៃ​អ្នក​ម្ដាយ​ចេញ​ភ្លាម​ដូចគ្នា។ អ្វី​ទាំងអស់នេះ​គឺជា​រឿង​ធម្មជាតិ​របស់​ទារក​ទើប​កើត ដែល​អ្នក​ម្ដាយ​អាច​មិនដឹងថា វា​គឺជា សញ្ជាតិញាណ ដើម្បី​ការ​មានជីវិត​រស់នៅក្នុង​អំឡុង​វ័យ​នេះ តែ​ទោះជា​កូនតូច​នឹងមាន​ប្រតិកម្ម​ទាំងនោះ​ក៏ដោយ យ៉ាងណា​ក៏​អ្នក​ម្ដាយ​គួរតែ​យកចិត្តទុកដាក់​ថែទាំ​គេ​ឱ្យបាន​យ៉ាង​ល្អ ព្រោះ​ត្រូវតែ​មិន​ភ្លេច​ឡើយ​ថា ការដែល​កូនតូច​ចេញមក​នៅក្នុង​ពិភព​ខាងក្រៅ​នេះ វា​ខុសប្លែក​ពី​ការ​នៅក្នុង​ផ្ទៃ​របស់​អ្នក​ម្ដាយ​ច្រើនណាស់៕

Advertisement