វិវឌ្ឍនាការ​របស់​ក្មេង​ អាយុ18ខែ​យ៉ាងណាខ្លះ ដែល​អ្នក​ម្ដាយ​ត្រូវ​ដឹង

វិវឌ្ឍនាការ​របស់​កុមារ​អាយុ18ខែ ឬ​វ័យ1ឆ្នាំកន្លះ​នេះ លោកឪពុក​អ្នក​ម្ដាយ​ប្រហែលជា​ល្មម​មើលឃើញ​ពី​និស្ស័យ ឬ​ទេពកោសល្យ​របស់​កូនតូចខ្លះៗហើយ​ថា តើ​មាន​បុគ្គលិកលក្ខណៈ​យ៉ាងណាខ្លះ? ក្មេងម្នាក់ៗមាន​ចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មាន​រូប​បែប​នៃ​ការរៀន​យល់ដឹង​មិន​ដូចគ្នា បុគ្គលិកភាព​ក៏​មិន​ដូចគ្នា ដូច្នេះ​ទើប​លោកឪពុក​អ្នក​ម្ដាយ​មិនគួរ​ប្រៀបធៀប​កូន​យើង​ជាមួយ​កូន​របស់​អ្នកដទៃ​ឡើយ។ ថ្ងៃនេះ ឡា​រ៉ែ​ន សូម​អញ្ជើញ​លោកឪពុក​អ្នក​ម្ដា​យមក​មើល​ពី​វិវឌ្ឍនាការ​ក្នុង​ផ្នែកនីមួយៗរបស់​កូនតូច​វ័យ18ខែ​នេះ​វិញ​ប្រសើរ​ជាង…។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ18ខែ ខាង​ផ្នែក​រាងកាយ
ក្មេង​វ័យ 18ខែ មាន​វិវឌ្ឍនាការ​ខាង​បណ្ដុំ​សាច់ដុំ​ធំ ខ្លាំង​ជាង​បណ្ដុំ​សាច់ដុំតូច។ ក្មេង​ភាគច្រើន​នឹង​ចេះ​ដើរ​បាន​ចំណាន​ហើយ និង​ថែមទាំង​ចូលចិត្ត​ដើរ​បាន​ពេញ​មួយថ្ងៃ ហើយ​ក្មេង​ខ្លះ​ថែមទាំង​អាច​ចេះ​ដើរ​ថយក្រោយ​បាន​ទៀតផង។ ក្មេង​វ័យ​នេះ​នឹង​ចូលចិត្ត​លេង​តោង​ឡើងលើ​កៅអី តុ គ្រែ និង​ចាប់ផ្ដើម​ចេះ​លោត​បាន​ខ្លះ​ហើយតែ​ជាការ​លោត​ជើង​ទាំងពីរ​ដំណាលគ្នា។ អាច​ឈានឡើង​កាំជណ្ដើរ​បាន​ដោយ​ខ្លួនឯង តែ​នៅ​ត្រូវមាន​អ្នក​ជួយ​ទាញ​ដៃ​ម្ខាង​ឡើង។ ចំណែក​ពេល​ចុះ​វិញ នឹង​នៅតែ​ប្រើ​ក្បាច់​វារ​យក​គូទ​ចុះ​មុន​ដដែល ហើយ​ការចាប់​កាន់​ក៏​ធ្វើបាន​ល្អ​ហើយដោយសារតែ​ភ្នែក និង​ដៃ​ធ្វើការ​សហការគ្នា​បានល្អ​ហ្នឹងឯង និង​អាច​ប្រើ​ដៃ​មួល​បើក​បិទ​ដៃ​ទ្វារ ឬ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ដោយ​ដៃ​ខាង​ដែល​ថ្នឹក​បាន​ហើយ។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ18ខែ ខាង​ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង
ពី​អំឡុង​អាយុ 18ខែ​ដល់ 2ឆ្នាំ កូន​នឹង​ចាប់ផ្ដើម​អភិវឌ្ឍ​ចំណេះដឹង​អំពី​ការ​មាន និង​ការបាត់​ទៅវិញ​របស់​ម​នុស្ស និង​វត្ថុ​របស់របរផ្សេងៗដែល​គេ​ធ្លាប់​ឃើញ ឬ​ធ្លាប់​លេង​ហើយ។ កូនតូច​នឹង​ចាប់ផ្ដើម​ចេះ​ចាំ​ចំណាំបាន និង​ដឹង​ពី​វត្ថុ​ដែល​គេ​ធ្លាប់​ឃើញ ទោះជា​មិនឃើញ​នៅ​ពីមុខ​គេ​នៅពេល​ហ្នឹង​ក៏ដោយ ក៏​គេ​នឹង​នៅតែ​ដឹងថា នៅមាន ហើយនឹង​ព្យាយាម​រក​របស់ ឬ​វត្ថុ​នោះ(ឬ​មនុស្ស ដូចជា​ម្ដាយ)បានដែរ។ ដូចជា​បើ​លោក​អ្នកយក​វត្ថុ​ណាមួយ​ឱ្យគេ​មើល រួចហើយ​យកទៅ​លាក់​នៅក្រោម​ភួយ ដោយ​ធ្វើ​ឱ្យគេ​មើលឃើញ​នៅ​នឹង​មុខ​នោះ គេ​នឹង​ដឹង​ភ្លាម​ថា វត្ថុ​នោះ​នៅក្រោម​ភួយ ហើយនឹង​ប្រញាប់​យកដៃ​ចាប់ទាញ​ភួយ​ចេញ​ដើម្បីឱ្យ​បានឃើញ​វត្ថុ​នោះ​ជាមិនខាន។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ18ខែ ខាង​ផ្នែក​ភាសា និង​ការទំនាក់ទំនង
កូន​ចាប់ផ្ដើម​យល់​ពី​ពាក្យ​ដែល​នឹង​ប្រើ​សម្រាប់​ប្រាប់​ជា​ភាសា​បាន​ច្រើនឡើង​ហើយ ទោះជា​បញ្ចេញ​សំឡេង​ចេញមក​បាន​មិន​អស់​គ្រប់​ពាក្យ​ក៏ដោយ និង​ចេះ​និយាយ​ជា​ប្រយោគ​ខ្លី​បាន ដូចជា ​ទៅ​ដើរលេង ញ៉ាំ​ទឹក ម៉ា​ក់ព…ជាដើម។ អ្នក​ម្ដាយ​ចាំបាច់​ត្រូវ​បង្កើន និង​ជំរុញ​វិវឌ្ឍនាការ​ដល់​កូន​ជា​បន្តបន្ទាប់​យ៉ាង​ជាប់លាប់ ដោយ​ជំរុញ​ឱ្យ​កូន​និយាយ​ឱ្យបាន​ញឹកញាប់បង្ហាត់​ឱ្យគេ​ចេះ​ហៅ​ឈ្មោះ​វត្ថុ​នោះ​គ្រប់ពេល ឬ​សួរ​ជា​សំណួរ​ដើម្បីឱ្យ​កូន​មានឱកាស​បាន​រំឭក​ពីអ្វី​ដែល​បាន​រៀន​យល់ដឹង​កន្លងមក​ដើម្បី​ឆ្លើយ​ចេញ​មកជា​ពាក្យសម្តីបាន។

ឪពុកម្ដាយ​គួរ​ចាប់ផ្ដើម​បង្រៀន​កូន​ឱ្យ​ស្គាល់ “ខុស-ត្រូវ” និង “គួរ-មិនគួរ” ផង ដោយ​ការធ្វើ​ខ្លួន​ជា​គំរូ និង​សម្ដែង​ចេញពី​ក្ដី​សុភាព ក្ដី​គោរព និង​ភាពអនុគ្រោះ​ចំពោះ​អ្នកដទៃ។ មិន​គួរប្រើ​អំពើហិង្សា ដូចជា​ ការ​វាយ ឬ​ការ​ស្រែកជេរ​បញ្ចោរ​ថាឱ្យ​ក្មេង​ធ្វើជា​ការបង្ហាត់បង្រៀន​កុមារ​ឡើយ ព្រោះ​អំពើហិង្សា​ដែល​មនុស្ស​ធំ​ធ្វើ​ទៅលើ​ក្មេង មិនបាន​ជួយ​ធ្វើឱ្យអ្វីៗល្អប្រសើរ​ឡើង​ឡើយ តែ​វា​ថែមទាំង​ធ្វើឱ្យ​គ្រប់យ៉ាង​កាន់តែ​អាក្រក់​ទៅ ក្មេង​នឹង​រឹតតែ​តតាំង​ខ្លាំង​ឡើង ហើយនឹង​រៀន​យល់​ដឹងថា ការប្រើ​កម្លាំងបាយ​ជា​រឿង​ធម្មតា ដែល​គេ​ក៏​អាច​ប្រើ​កម្លាំងបាយ​ទៅលើ​អ្នកដទៃ​បាន​ដូចគ្នា​ ដើម្បី​ឱ្យបាន​នូវ​អ្វីដែល​ខ្លួន​ត្រូវការ
ព្រោះ​គេ​ធំធាត់​ឡើងមក​ក្នុង​សភាវ​បែប​ហ្នឹង ដែល​នេះ​គឺជា​បញ្ហា​ធំ​មួយ​នៅពេល​អនាគត៕

Advertisement