ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌​ក្នុង​ត្រីមាស​នី​មួយ​ៗដែល​ម្ដាយ​គួរ​ដឹង​…

ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ម្ដាយ​ នឹង​បញ្ជាក់​ប្រាប់​ថា​ តើ​កូន​នៅក្នុង​ផ្ទៃ​ម្ដាយ​នោះ​បរិបូរ​ឥត​ខ្ចោះ​ប៉ុនណា​? និង​គួរ​បន្ថែម​ការ​បំប៉ន​គភ៌​យ៉ាងណា​ដើម្បី​ឱ្យ​ទារក​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ដែល​ល្អ​បរិបូរ​ត្រូវ​តាម​ក្បួន​។ ដូច្នេះ​ទើប​រឿង​ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ គឺជា​រឿង​សំខាន់​មួយ​ដែល​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរតែ​ជ្រាប​…។

ត្រីមាស​ដំបូង
​ចាប់ផ្ដើម​តាំងពី​ 8សប្ដាហ៍​ – 12សប្ដាហ៍​ ទម្ងន់​ខ្លួន​ទារក​នឹង​ស្ថិត​ក្នុង​ទម្ងន់​ប្រមាណ​ជា​ 1 – 15ក្រាម​ហើយ​ទម្ងន់​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ជា​រឿយ​ៗរហូតដល់​សប្ដាហ៍​ទី16​។

ត្រីមាស​ទី2​
ចាប់ពី​អំឡុង​សប្ដាហ៍​ទី17​ – 20​ ទម្ងន់​របស់​ទារក​នឹង​កើន​ឡើង​ម្ដង​ៗ 50ក្រាម​ និង​នៅពេល​ចប់​ត្រីមាស​នេះ​ ទារក​នឹង​មាន​ទម្ងន់​ប្រមាណ​ជា​ 600ក្រាម​។

ត្រីមាស​ទី3​
ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ការ​តាំង​គភ៌​នេះ​ ទម្ងន់​ខ្លួន​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ច្រើន​គឺ​ 6ដង​ពី​ត្រីមាស​ទី2​ ដោយ​ទម្ងន់​ខ្លួន​របស់​ទារក​នឹង​កើនឡើង​ក្នុង​មួយ​សប្ដាហ៍​ 200ក្រាម​ និង​កើនឡើង​ជា​រឿយ​ៗរហូតដល់​ប្រមាណ​ជា​ 3,400​ – 3,700ក្រាម​ នៅពេល​គ្រប់​កំណត់​ប្រសូត​។

ទម្ងន់​ខ្លួន​ទារក​ច្រើន​ ឬតិច​ជ្រុល​ពេក​ អាច​បញ្ជាក់​ប្រាប់​ពី​ភាព​ខុសប្រក្រតី​របស់​ទារក​បាន​ដូច​ខាងក្រោម​នេះ​៖
ទម្ងន់​ខ្លួន​របស់​ទារក​តិច​ជ្រុល​ពេក​
អាច​បណ្ដាលមកពី​ភាព​ខុសប្រក្រតី​របស់​ក្រូម៉ូ​ហ្សូម​ ឬទងសុក​មាន​បញ្ហា​ ឬអាច​កើត​ពី​ទារក​ខ្លួនឯង​ អាច​ធ្វើ​ឱ្យ​ការ​បញ្ជូន​អុក​ស៊ី​ហែ្ស៊ន​ឬសារ​ធាតុ​អាហារ​ទៅ​ឱ្យ​ទារក​ខុសប្រក្រតី​ ធ្វើ​ឱ្យ​ទារក​បាន​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​ ជាហេតុ​បណ្ដាល​ឱ្យ​ទារក​មាន​ទំហំ​ខ្លួន​តូច​ ទម្ងន់​តិច​ ដែល​ចំណុច​នេះ​បើ​មិនបាន​ទទួលការ​រក្សា​ព្យាបាល​យ៉ាង​ត្រូវ​វិធី​ទេ​នោះ​ អាច​ធ្វើ​ឱ្យ​ទារក​ស្លាប់​បាត់បង់ជីវិត​បានតែ​បើ​បណ្ដាល​ពី​ខ្លួន​អ្នកម្ដាយ​វិញ​ អាច​ដោយសារតែ​អ្នកម្ដាយ​មាន​អាការ​គភ៌​មាន​ជាតិពុល​ លើសឈាម​ ឬទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​ ជាពិសេស​ប្រូ​តេ​អុីន​។

ទារក​មាន​ទម្ងន់​ខ្លួន​ច្រើនជ្រុល​ពេក
​បញ្ហា​ច្រើនតែ​បណ្ដាលមកពី​ការដែល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើនជ្រុល​ពេក​ ធ្វើ​ឱ្យ​កូន​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ច្រើន​ ហើយ​ស្ត្រី​មានគភ៌​ថែមទាំង​ប្រថុយប្រថាន​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​ខណៈ​ពេល​តាំង​គភ៌​ទៀតផង​។ ក្រៅពី​នេះ​ពេល​ដល់​វេលា​ប្រសូត​អាច​ធ្វើ​ឱ្យ​ពិបាក​ប្រសូត​ អាច​នឹង​ត្រូវ​ប្រើ​ឧបករណ៍​ខាង​វេជ្ជសាស្ត្រ​ជួយ​សម្រាល​ ឬបើ​ទារក​មានខ្លួន​ធំ​ជ្រុល​ពេក​អាច​នឹង​ធ្វើ​ឱ្យ​ស្បូន​រហែក​ ឬអាច​ត្រូវ​ធ្វើការ​វះកាត់​សម្រាល​បុត្រ​។ ក្មេង​ដែល​កើតមក​មាន​ទម្ងន់​ខ្លួន​ច្រើន​តាំងពី​ពេល​ប្រសូត​នឹង​មានឱកាស​កើតរោគ​ធាត់​នា​ពេល​អនាគត​បាន​ ព្រោះ​កោសិកា​ខ្លាញ់​ក្នុង​រាងកាយ​មាន​ខ្នាត​ធំ​តាំងពី​ពេល​ប្រសូត​ដំបូង​ហ្នឹងឯង​៕

Advertisement