តើ​ស្ត្រី​មានគភ៌​ធ្វើការ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​មាន​គ្រោះថ្នាក់​ដល់​កូន​ឬទេ​?

បច្ចុប្បន្ន​កុំព្យូទ័រ​មាន​តួនាទី​ជាមួយ​ជីវិត​របស់​មនុស្ស​ស្ទើរតែ​គ្រប់​ផ្នែក​ និង​ប្រាកដ​ណាស់​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ត្រូវ​ធ្វើការងារ​ដោយមាន​កុំព្យូទ័រ​ជា​ឧបករណ៍​ប្រើការ​ក្បែរ​កាយ​ និង​ត្រូវ​នៅជា​មួយ​វត្ថុ​មួយ​នេះ​ជាច្រើន​ម៉ោង​ជាប់​ៗគ្នា​ក្នុង​មួយថ្ងៃ​។

ស្ត្រី​មានគភ៌​មួយចំនួន​ចាប់ផ្ដើម​នឹក​បារម្ភ​ក្នុងចិត្ត​ថា​ តើ​កុំព្យូទ័រ​ដែល​កំពុង​ប្រើការ​នេះ​នឹង​មានផល​អាក្រក់​អ្វី​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ​? ដែល​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មក​ជា​យូរ​របស់​អ្នក​វិទ្យាសាស្ត្រ​ និង​គ្រូពេទ្យសម្ភព​មក​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ចម្លើយ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងឡាយ​បាន​សប្បាយចិត្ត​ថា​ កុំព្យូទ័រ​មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​កូនតូច​ក្នុង​ផ្ទៃ​ឡើយ​… តែ​ការ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​រយៈពេល​យូរ​ទៅវិញ​ទេ​ដែល​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ ដែល​រឹតតែ​ត្រូវ​អង្គុយ​ធ្វើការ​យូរ​ប៉ុនណា​ ប្រព័ន្ធ​ឈាម​រត់​នឹង​ហូរ​បញ្ច្រាស់​ត្រឡប់​ឡើង​ទៅ​ផ្នែក​ខាងលើ​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​រាងកាយ​យឺតយ៉ាវ​ ដែល​អាច​ធ្វើ​ឱ្យ​ហើមជើង​ ងាយ​វិលមុខ​ ឆាប់​ហត់​ និង​ឈាម​ដែល​ហូរ​ត្រឡប់​ចូល​បេះដូង​ទៅ​ចិញ្ចឹម​កូនតូច​ក៏​នឹង​ថយ​ចុះ​។

ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​គួរ​មើលថែ​ទាំ​ខ្លួនឯង​ដូចតទៅ​នេះ​…

ការ​អង្គុយ​
ស្ត្រី​មានគភ៌​គួរ​អង្គុយ​ឱ្យ​ត្រូវ​តាមវិធី​ ដោយ​ឥរិយាបទ​អង្គុយ​ដែល​ត្រឹមត្រូវ​បំផុត​ក៏​គឺ​ អង្គុយ​ចូល​ទៅ​ក្នុង​ឱ្យ​ពេញ​កៅអី​ និង​ខ្នង​ពឹង​នឹង​បង្អែក​កៅអី​ ចន្លោះ​រវាង​ភ្លៅ​ និង​កៅអី​គួរ​នៅសល់​ចន្លោះ​ប៉ុន​ម្រាមដៃ​អាច​ស៊ក​ចូល​ទៅ​បាន​ ដើម្បី​កាត់បន្ថយ​សង្កត់​ និង​ឱ្យ​ឈាម​ហូរ​វិល​បាន​ស្រួល​ឡើង​។ បើស្ត្រី​មានគភ៌​ស្ថិត​ក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​ ទំហំ​ក្បាលពោះ​ដែល​ធំ​ខ្លាំង​នោះ​នឹង​ធ្វើ​ឱ្យ​ផ្ទៃពោះ​ហុច​លយ​មក​ខាងមុខ​ ស្ត្រី​មានគភ៌​អាច​ប្រើ​ខ្នើយ​មក​ដាក់​កល់​ខ្នង​ ក៏អាច​ជួយ​កាត់បន្ថយ​ភាព​តឹង​របស់​សាច់ដុំ​បាន​ដែរ​។

ថែទាំ​កែវភ្នែក​
ស្ត្រី​មានគភ៌​គួរ​សម្រួល​រយៈ​ចម្ងាយ​ និង​កម្ពស់​របស់​អេក្រង់​កុំព្យូទ័រ​ឱ្យ​ស័ក្តិសម​ល្មម​នឹង​កម្រិត​កម្ពស់​ខ្សែភ្នែក​របស់​អ្នកផង​។ គួរ​ឱ្យ​អេក្រង់​កុំព្យូទ័រ​ស្ថិត​ក្នុង​កម្ពស់​ទាប​ជាង​កម្រិត​ខ្សែភ្នែក​ប្រមាណ​ជា​ 10​ – 20អង្សា​ សម្រួល​ភាព​ភ្លឺ​របស់​អេក្រង់​ឱ្យ​សម​ល្មម​ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មិន​ឈឺភ្នែក​ អាន​អក្សរ​បាន​កាន់តែ​ងាយស្រួល​ឡើង​។ មិន​គួរ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ក្នុងរយៈពេល​យូរ​ និង​គួរ​សាកល្បង​សម្រាក​ខ្សែភ្នែក​ប្រមាណ​ជា​ 10នាទី​ក្នុងរយៈពេល​ 1ម៉ោង​នៃ​ការ​ធ្វើការ​ នឹង​កាត់បន្ថយ​អាការ​ឈឺ​កែវភ្នែក​របស់​ស្ត្រី​មានគភ៌​បាន​ច្រើន​។

ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​នោះ​ កុំ​ភ្លេច​ផ្លាស់ប្ដូរ​ឥរិយាបថ​ឱ្យ​បាន​ញឹកញាប់​ កុំ​សម្លឹង​អេក្រង់​កុំព្យូទ័រ​យូរ​ៗពេក​ គួរ​ងាក​ ឬបែរ​ទៅ​មើល​អ្វី​ផ្សេង​ខ្លះ​ផង​ និង​មិន​គួរ​អង្គុយ​ក្នុង​ឥរិយាបថ​ដដែល​យូរ​ពេក​ឡើយ​ គួរ​ក្រោក​ដើរទៅ​នេះ​ទៅ​នោះ​ឱ្យ​យឺតសរសៃ​សរ​សូង​រៀងរាល់​ម៉ោង​ខ្លះ​ផង​ទើប​ជា​ការ​ប្រសើរ​បំផុត​៕

Advertisement