ដឹង​ទេ​…ម្តាយ​ដែល​បំបៅ​ដោះ​កូន​ ហាម​ញ៉ាំ​អ្វីខ្លះ​?

ក្នុងអំឡុងពេល​ដែល​អ្នកម្ដាយ​បំបៅ​ដោះ​កូន​ ការ​ទទួលទាន​អាហារ​របស់​អ្នកម្ដាយ​ជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ព្រោះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​អាច​បញ្ជូន​បន្ត​ទៅ​ក្នុងទឹក​ដោះ​ម្ដាយ​ដែល​អាច​ធ្វើ​ឱ្យ​ទឹកដោះ​របស់​អ្នកម្ដាយ​មាន​រសជាតិ​ប្រែប្រួល​ ឬអាច​មាន​សារ​ធាតុគីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​របស់​កូន​តូច​បាន​ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន​ គេ​ហាម​ញ៉ាំ​អ្វីខ្លះ​?

1. ថ្នាំ​ឱសថ​បុរាណ​មួយចំនួន​ ឬថ្នាំចិនសែ​ប្រភេទ​ខ្លះ​ និង​ស្រាថ្នាំ​…
មិន​គួរ​ទទួលទាន​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​ឆ្អល់​ពោះ​ រាក​ យំ​រករឿង​ ឬបន្ទោបង់​ខុសប្រក្រតី​។

2. ហាម​ទទួលទាន​អាហារ​ជ្រក់​ត្រាំ​ ឬគ្រឿង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​…
តែបើ​ចាំបាច់​ត្រូវតែ​ទទួលទាន​មិន​អាច​ខាន​បាន​ ដូចជា​ទៅ​ចូលរួម​កម្មវិធី​ក្នុង​សង្គម​ជាដើម​នោះ​ ចូរ​ទទួលទាន​ក្រោយពេល​បំបៅ​កូន​រួចហើយ​ និង​បញ្ឈប់​បំបៅ​ដោះ​កូន​មួយ​ពេល​ដើម្បី​ច្របាច់​ ឬបឺត​បញ្ចេញចោល​មុននឹង​ឱ្យ​កូន​បៅ​លើក​បន្តបន្ទាប់​ទៅទៀត​ ព្រោះ​ជាតិ​អាល់កុល​ហុច​ផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​។

3. អាហារ​ដែល​មាន​រស​ជា​តិ​ហិ​រខ្លាំង​ គួរ​តម​សិន​…
ព្រោះ​នឹង​ហុច​ផល​ឱ្យ​កូនតូច​បាន​ទទួល​រសជាតិ​ហិ​រពី​ទឹកដោះ​ម្ដាយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​ឈឺពោះ​បាន​ដូចគ្នា​ តែបើ​សិន​ជា​អាហារ​ដែល​ប្រកប​ដោយ​ឱសថ​បុរាណ​ ដូចជា​ ស្លឹក​ម្រះព្រៅ​ ខ្ញី​ ម្រេច​ ជាដើម​ ម្ដាយ​បំបៅ​ដោះ​កូន​អាច​ទទួលទាន​បាន​ ព្រោះ​ជា​អាហារ​ដែល​មាន​រសជាតិ​ក្ដៅ​ ដែល​ខុស​ពី​រស​ជា​តិ​ហិរ​ ហើយ​អាហារ​ឱសថ​បុរាណ​ដែល​មាន​រសជាតិ​ក្ដៅ​ទាំងនោះ​ថែមទាំង​ជួយ​បំប៉ន​ទឹកដោះ​ម្ដាយ​ទៀតផង​។

4. បន្លែ​ដែល​មាន​ជា​តិ​ហ្គាស​ច្រើន​…
ដូចជា​ស្ពៃក្ដោប​ ផ្កា​ខាត់ណា​ ឬបន្លែស្រស់​ប្រភេទ​ខ្លះ​ គួរ​តម​ទទួលទាន​សិន​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​កើត​អាការ​ឆ្អល់​ និង​ហើមពោះ​បាន​ ឬបើ​ត្រូវការ​ទទួលទាន​បន្លែ​ទាំងនោះ​ដោយ​ខាន​មិនបាន​ ក៏​គួរ​ទទួលទាន​បន្លែ​ដែល​ចម្អិន​ឆ្អិន​ហើយ​ប្រសើរ​ជាង​។

5. ថ្នាំ​ប្រភេទ​ខ្លះ​មានផល​ប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះ​…
ដូច្នេះ​បើ​អ្នកម្ដាយ​កើត​អាការ​ឈឺថ្កាត់​ និង​ត្រូវការ​ប្រើ​ថ្នាំ​ ចូរ​ប្រឹក្សា​ជាមួយ​ឱសថការី​ ឬវេជ្ជបណ្ឌិត​ជាមុន​សិន​គ្រប់ពេល​ ហើយ​បើ​ទិញថ្នាំ​ពី​ឱសថការី​ ត្រូវ​ប្រាប់​ជាមុន​ជានិច្ច​ថា​ កំពុង​ស្ថិត​ក្នុង​អំឡុង​ពេល​បំបៅ​កូន​៕

Advertisement