ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ទារក​ចូលចិត្ត​គេង​លើកជើង​?

ហេតុ​អី​បាន​ទារក​ចូលចិត្ត​គេង​លើកជើង​ ហើយ​ការ​លើកជើង​ឡើង​បែបនេះ​បានន័យ​ថាម៉េច​? ឬក៏​កូនតូច​កំពុង​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ម្យ៉ាង​ទេ​ដឹង​?… ឥឡូវ​សូមអ្នក​ម្ដាយ​ថ្មោងថ្មី​ទាំងអស់​នាំគ្នា​មក​មើល​ពី​មូលហេតុ​ដែល​កូនតូច​ចូលចិត្ត​គេង​លើកជើង​មកដល់​ទ្រូង​ថា​ តើ​ហេតុ​អី​បានកូន​តូច​សម្លាញ់​របស់​អ្នកលើ​កជើង​?

1. មូលហេតុ​ដែល​ទារក​ចូលចិត្ត​លើកជើង​ឡើង​មកដល់​ទ្រូង​ ព្រោះថា​…ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​ ទីធ្លា​នៅក្នុង​ផ្ទៃ​មានកំណត់​ ឥរិយាបថ​នេះ​ ជា​ឥរិយាបថ​ដែល​ទារក​ធ្វើ​ញឹកញាប់​បំផុត​ពេល​នៅក្នុង​ពោះ​ម្ដាយ​ ដូច្នេះហើយ​ទើប​កូន​ចូលចិត្ត​លេង​ចាប់​ចុងជើង​ខ្លួនឯង​ និង​លើក​មកដល់​ទ្រូង​ដោយសារ​ការ​ស៊ាំ​ធ្លាប់​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ក្មេង​ខ្លះ​លើកជើង​មក​ហើយ​ ដាក់​ម្រាមជើង​មកដល់​មាត់​ រួច​បឺត​លេង​យ៉ាង​សប្បាយ​អារម្មណ៍​ទៀតផង​។

2. អាច​បណ្ដាលមកពី​អាការ​ឈឺពោះ​ការ​លើកជើង​របស់​កូនតូច​ អាច​ធ្វើ​ឱ្យ​កូន​បាន​បញ្ចេញ​ខ្យល់​ហ្គាស​ចេញ​មក​តាម​រន្ធ​ទ្វារធំ​ ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើនពេក​ ដែល​ការ​លើកជើង​ឡើង​នេះ​អាច​ធ្វើ​ឱ្យ​កូន​មាន​អាការ​ធូរស្រាល​ និង​ស្រួលខ្លួន​ឡើង​។ បើ​កូនតូច​លើកជើង​ឡើង​ដោយសារតែ​អាការ​ឈឺពោះ​ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើន​នោះ​ ចូរ​អ្នកម្ដាយ​សាក​ស្ទាបអង្អែល​ក្បាលពោះ​របស់​កូន​ និង​សង្កត់​ចុះ​តិច​ៗ ថ្នម​ៗ ហើយ​លុញ​ជា​រាង​រង្វង់​មូល​(ដូច​ទ្រនិចនាឡិកា​ដើរ​) ឬចាប់​កូន​ដាក់​ឱ្យ​គេង​ផ្កាប់​ ដើម្បី​បណ្ដេញ​ខ្យល់​ចេញ​ក៏បាន​។ ទង្វើ​ទាំង2​ យ៉ាងនេះ​នឹង​ធ្វើ​ឱ្យ​ខ្យល់​ចេញពី​ក្នុង​ពោះ​កូន​បាន​ស្រួល​ និង​ធ្វើ​ឱ្យ​កូនតូច​បាន​ធូរស្រាល​ពី​អាការ​ឈឺពោះ​បាន​ច្រើន​ទៀតផង​។

3. អាការ​ឈឺពោះ​បែប​ខ្លាំងក្លា​ដូចជា​ ពោះវៀន​ព័ន្ធ​គ្នា​ ឬមាន​ដំបៅ​នៅក្នុង​ក្រពះ​ ចូរ​សង្កេតមើល​អាការ​ ដូចជា​ ស្រែកយំ​យ៉ាង​ខ្លាំង​ បន្ទោបង់​មក​មាន​ឈាម​ ឬមួល​ គ្រុនក្ដៅ​ខ្លួន​ ក្អួត​ ស្រែកយំ​ខ្លាំង​ឡើង​ជា​រឿយ​ៗ… បើ​ឃើញ​មាន​អាការ​បែបនេះ​ ចូរ​អ្នកម្ដាយ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ​។

តែ​ភាគច្រើន​ ការដែល​ក្មេង​តូច​ចូលចិត្ត​លើកជើង​ទាំង2ខាង​ឡើង​មកដល់​ទ្រូង​ គឺ​គ្រាន់តែ​ជា​ប្រឡែង​លេង​ជាមួយ​ខ្លួនឯង​ ដើម្បី​សប្បាយរីករាយ​ និង​ជា​ទម្លាប់​ ឬភាព​ស៊ាំ​ធ្លាប់​តាំងពី​ពេល​នៅក្នុង​ពោះ​ម្ដាយ​ប៉ុណ្ណោះ​ឯង​… មាន​ភាគតិច​ណាស់​ដែល​បង្ហាញ​ពី​អាការ​ឈឺពោះ​ ហើយ​លើកជើង​ទាំង2ឡើង​នោះ​៕

Advertisement