តើមែនឬដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

បច្ចុប្បន្ន​ ខាង​វេជ្ជ​សាស្រ្ត​បាន​ពិសោធ​ និង​បាន​ទទួលស្គាល់​ហើយ​ថា​ ទារក​នៅក្នុង​ផ្ទៃ​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ដឹង​អ្វី​ៗដែល​នៅ​ជុំវិញ​ខ្លួន​គេ​បាន​តាំងពី​នៅក្នុង​គភ៌​របស់​ម្ដា​យម្លេ៉ះ​ ដោយ​កម្រិត​នៃ​ការបាន​ដឹង​នោះ​ នឹង​អភិវឌ្ឍ​ជា​សន្សឹម​ៗតាម​អាយុ​គភ៌​ ហើយ​ការបាន​ដឹង​ចម្បង​ៗដែល​ទារក​អាច​ទទួល​បាន​នោះ​គឺ​ ពន្លឺ​ សំឡេង​ ការ​ធ្វើ​ចលនា​ និង​ការ​ប៉ះ​ពាល់​ផ្សេង​ៗ។

ការបាន​ដឹងពី​ពន្លឺ​
ពេល​ទារក​នៅក្នុង​គភ៌​ដែល​មាន​អាយុ​ 29​សប្ដាហ៍​ ទារក​នឹងអាច​បើកភ្នែក​ និង​មើលឃើញ​ជញ្ជាំង​ស្បូន​ដែល​ឱបក្រសោប​ខ្លួន​គេ​។ តមក​ នៅពេល​អាយុ​គភ៌​ច្រើនឡើង​ជា​រឿយ​ៗ ជញ្ជាំង​ស្បូន​ក៏​នឹង​ស្ដើង​ទៅ​ជា​រឿយ​ៗដែរ​ ពន្លឺ​ពី​ខាងក្រៅ​ក៏អាច​ឆ្លងកាត់​ចូល​មក​ខាងក្នុង​ស្បូន​បាន​។ ពន្លឺ​ដែល​ឆ្លុះ​ភ្លឺ​ចូល​មក​ នឹង​ជំរុញ​ការ​ទទួលដឹង​របស់​ទារក​ ធ្វើ​ឱ្យ​ទារក​បាន​ស្គាល់​ពី​ភាព​ផ្សេង​គ្នា​រវាង​ពេលថ្ងៃ​ និង​ពេលយប់​ ដែល​ព័ត៌មាន​នេះ​កើតឡើង​ពី​ការ​ពិសោធ​ខាង​វេជ្ជ​សាស្រ្ត​ ដោយ​ការសាកល្បង​បញ្ចាំង​ពន្លឺភ្លើង​ចូល​ទៅ​បរិវេណ​ស្បូន​ បន្ទាប់ពី​នោះ​ក៏​ប្រើ​អេកូ​សាស្រ្ត​ឆ្លុះ​ពិសោធ​មើល​ប្រតិកម្ម​របស់​ទារក​នៅក្នុង​គភ៌​ និង​បាន​រក​ឃើញថា​ ពេល​បញ្ចាំង​ពន្លឺ​ចូល​ទៅ​ ទារក​បាន​លើកដៃ​ឡើង​បាំង​ថ្ងាស​ក្នុង​លក្ខណៈ​បាំង​ពន្លឺ​ និង​កម្រិត​ការ​លោត​របស់​បេះដូង​ទារក​ក៏​កើនឡើង​ខ្ពស់​ជាង​ប្រក្រតី​ដែរ​។

ការបាន​ដឹង​ផ្នែក​សំឡេង​
ទារក​ដែល​នៅក្នុង​គភ៌​មាន​អាយុ​ 16សប្ដាហ៍​ ចាប់ផ្ដើម​បានឮ​សំ​ឡេង​ផ្សេង​ៗហើយ​ ទាំង​សំឡេង​បេះដូង​លោត​របស់​ម្ដាយ​ សំឡេង​ការ​ហូរ​វិល​របស់​ចរន្តឈាម​រត់​ ឬសូម្បីតែ​សំឡេង​ដែល​លាន់ឮ​មក​ពី​ខាងក្រៅ​ស្បូន​ ដូចជា​ សំឡេង​ជជែកគ្នា​របស់​ឪពុកម្ដាយ​ សំឡេង​ភ្លេង​ ឬសំឡេង​ឮខ្លាំង​ៗពី​ខ្សែភាពយន្ត​ដែល​ម្ដាយ​កំពុង​មើល​ទៀតផង​។ ធ្លាប់​មាន​ឧទាហរណ៍​ពេល​ដែល​ស្រ្តី​មានគភ៌​ទៅ​មើល​ខ្សែភាពយន្ត​ដែល​មាន​ឆាក​ត្រូវ​មាន​សំឡេង​ឮខ្លាំង​ៗ ឬសំឡេង​ស្រែ​កឮៗ​ ទារក​នៅក្នុង​គភ៌​នឹង​រើ​ទធាក់ជើង​ឡើង​ ព្រោះ​ទារក​ក្នុង​គភ៌​បាន​តបស្នង​នឹង​សំឡេង​ដែលគេ​បានឮ​នោះ​ រួម​ទាំង​សំឡេង​និយាយ​របស់​ឪពុកម្ដាយ​ផង​ដែរ​។ មានការ​ពិសោធ​ និង​អះអាង​លទ្ធផល​រួចហើយ​ អំពី​អ្នក​វិទ្យាសាស្រ្ត​ថា​ បើ​ឪពុកម្ដាយ​បាន​និយាយលេង​ជាមួយ​កូន​តាំងពី​នៅក្នុង​គភ៌​យ៉ាង​ជាប់លាប់​ នៅពេល​កូន​ប្រសូត​ចេញ​មក​ ទារក​នឹងអាច​ចងចាំ​សំឡេង​ឪពុក​ និង​ម្ដាយ​បាន​ភ្លាម​តែម្ដង​ និង​អាច​ឆ្លើយតប​ដោយ​ការ​ព្យាយាម​បែរ​ទៅ​រក​ប្រភព​សំឡេង​របស់​ឪពុក​ និង​ម្ដាយ​ ដោយ​ទារក​នឹង​មាន​ប្រតិកម្ម​ និង​ញែក​សំឡេង​របស់​ឪពុកម្ដាយ​ ពី​សំឡេង​របស់​អ្នក​ដទៃ​បា​នភ្លាមៗ​ក្រោយពី​ប្រសូត​ចេញ​មក​ និង​អាច​ចងចាំ​ឪពុកម្ដាយ​បាន​ក្នុងអំឡុងពេល​ 4ថ្ងៃ​បន្ទាប់ពី​ប្រសូត​ចេញ​មក​ ទោះជា​ខ្សែភ្នែក​អាច​មើលឃើញ​ក្នុងរយៈ​ចម្ងាយ​ត្រឹមតែ​ 1អុិ​ញក្ដី​។
ក្រៅពីនោះ​ បើសិនជា​ក្នុងអំឡុងពេល​ដែល​តាំង​គភ៌​ ស្រ្តីជា​ម្ដាយ​បាន​ចាក់​បទភ្លេង​ដែល​មាន​បរិយាកាស​បែប​កក់ក្ដៅ​ស្រទន់​ មាន​អារម្មណ៍​ត្រជាក់​ ដូចជា​ ភ្លេង​ក្លា​សស៊ិ​ក ព្រម​ជាមួយ​នឹង​ការ​និយាយ​ជាមួយ​កូន​យ៉ាង​ជាប់លាប់​ផង​នោះ​ ពេល​កូន​ប្រសូត​ចេញ​មក​ និង​ស្រែកយំ​ ការ​ចាក​បទភ្លេង​ដដែល​ដែល​ធ្លាប់​បាន​បើក​ឱ្យ​កូន​ស្ដាប់​ បែរជា​មានផល​ធ្វើ​ឱ្យ​ទារក​មាន​អារម្មណ៍​ស្ងប់​ទៅវិញ​បាន​យ៉ាង​គួរ​ឱ្យ​ចម្លែក​ចិត្ត​។ ទាំងអស់​នេះ​ ដោយសារតែ​ទារក​អាច​ចងចាំ​សំឡេង​បទភ្លេង​ដែលគេ​ធ្លាប់​បានឮ​កាលពី​ពេល​នៅក្នុង​គភ៌​ ដែល​សភាវ​នេះ​ ទារក​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ និង​ស្ងប់ស្ងាត់​ទៅវិញ​។

ការបាន​ដឹងពី​ការ​ប៉ះពាល់​ និង​ការ​ធ្វើ​ចលនា
​ដោយសារតែ​ទារក​កាលពី​ពេល​នៅក្នុង​គភ៌​ត្រូវ​អណ្ដែត​ទៅមក​ និង​រឹតតែ​ស្រ្តីជា​ម្ដាយ​ធ្វើ​ចលនា​ផង​នោះ​ រាងកាយ​របស់​ទារក​នៅក្នុង​គភ៌​ក៏​នឹង​មាន​ចលនា​ទៅមក​ដូចគ្នា​ដែរ​។ ការ​មាន​ចលនា​ក្នុង​លក្ខណៈ​អណ្ដែត​ទៅមក​នេះ​ ទារក​នឹង​ប៉ះពាល់​ជាមួយ​ស្រទាប់​ផ្នែក​ខាងក្នុង​របស់​ស្បូន​គ្រប់ពេល​ ដែល​មានផល​ល្អ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​ទទួលអារម្មណ៍​របស់​ទារក​។ ក្រៅ​ពីនេះ​ ទារក​នៅ​បាន​ស្គាល់​ពី​ការសម្រប​ខ្លួន​ និង​ស្គាល់​ពី​ការ​រក្សា​លំនឹង​របស់​រាងកាយ​ទៀតផង​។
ដូច្នេះ​យើង​ឃើញថា​ ទារក​នៅក្នុង​គភ៌​មាន​សមត្ថភាព​ក្នុង​ការ​ទទួលដឹង​ និង​ចងចាំ​អា​រម្ម​ណ៍​ផ្សេង​ៗពី​សភាព​ជុំវិញ​ខ្លួន​បាន​ ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​គួរ​ប្រយ័ត្ន​ប្រយែង​ឱ្យ​ខ្លាំង​ជាមួយ​សភាព​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ក្នុង​អំឡុង​ពេល​តាំង​គភ៌​ ព្រោះ​រឿង​ទាំងអស់​នោះ​ អាច​ហុច​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌​បាន​។ បើ​យើង​ចេះ​នាំ​យក​រឿង​ទាំងអស់​នេះ​មក​កែច្នៃ​ប្រើ​ ដើម្បី​បង្កើន​ការ​រៀន​យល់ដឹង​របស់​ទារក​ក្នុង​គភ៌​ផង​នោះ​ វា​នឹង​ធ្វើ​ឱ្យ​កើត​ផលល្អៗ​ចំពោះ​កូន​មិនខាន​៕

Advertisement