៩ ខែ​នៃ​ការប្រែប្រួល

នៅពេល​អ្នកម្តាយ​ចាប់ផ្តើម​មានគភ៌​នឹង​ចាប់ផ្តើម​មើលឃើញ​ការ​ប្រែប្រួល​តាំងពី​សប្តាហ៍​ដំបូង​ រាងកាយ​របស់​អ្នកម្តាយ​នឹង​បញ្ជូន​សញ្ញា​ប្រាប់​ពី​អា​ការ​ផ្សេង​ៗឱ្យ​បានដឹង​ ហើយ​សញ្ជាតិញ្ញាណ​នោះ​ អ្នកម្តាយ​ខ្លួនឯង​ក៏​អាច​សម្របសម្រួល​សភាព​រាងកាយ​ត្រៀម​ទប់ទល់​នឹង​កូនតូច​នៅក្នុង​ផ្ទៃ​បាន​ដែរ​។ ការប្រែប្រួល​នៃ​សភាព​រាងកាយ​របស់​អ្នកម្តាយ​មានគភ៌​ ទោះជា​មិន​បាន​ត្រៀមខ្លួន​ជាមុន​មែន​ តែ​អ្នកម្តាយ​អាច​សម្រួល​សភាព​បាន​ដោយ​អត្តនោម័តិ​ ទោះជា​មិនបាន​ទាំងអស់​ក៏ដោយ​ តែ​ក៏អាច​សម្រួល​សភាព​បាន​ដោយ​ធម្មជាតិ​ដែរ​។ ឥឡូវ​យើង​នាំគ្នា​មក​មើល​ថា​ នៅក្នុង​ខែ​នី​មួយ​ៗដែល​មានកូន​តូច​នៅក្នុង​គភ៌​ តើ​រាងកាយ​របស់​អ្នកម្តាយ​មានការ​ប្រែប្រួល​យ៉ាងណា​ខ្លះ​?

ខែទី១​ : បាត់​រដូវ​ តែ​ក៏​មិន​ប្រាកដ​ទាំងអស់​ដែរ​សម្រាប់​ស្ត្រី​ខ្លះ​ដែល​រដូវ​មក​មិន​ទៀងទាត់​ តែ​អ្នក​អាច​ត្រួតពិនិត្យ​មើល​ថា​មានគភ៌​ ឬគ្មាន​តាមរយៈ​ការពិនិត្យ​ទឹកនោម​ ដោយ​ឈុត​ឧបករណ៍​សម្រាប់​ពិនិត្យ​ ឬតាមរយៈ​លោកគ្រូពេទ្យ​ក៏បាន​ បន្ទាប់ពី​បាត់​រដូវ2សប្តាហ៍​។ ក្រៅពី​នេះ​ អ្នក​អាច​មាន​អាការ​ក្អួតចង្អោរ​ និង​ឈឺ​សុដន់​ទៀតផង​។

ខែទី២​ : មាន​អារម្មណ៍​ចង់​ក្អួតចង្អោរ​ វិលមុខ​ និង​មាន​អារម្មណ៍​ចង់​ក្អួត​ខ្លាំង​ជាងខែ​ដំបូង​ទៅទៀត​ ឆាប់​ហត់​ បត់ជើងតូច​ញឹកញាប់​ ឈឺ​សុដន់​ ធុំក្លិន​អ្វី​ប្លែក​មិនបាន​ និង​មាន​អារម្មណ៍​ឆាប់​ប្រែប្រួល​។ល។

ខែទី៣​ : អាការ​នៅតែ​ដូច​កាលពី​ខែទី1​ និង​ខែ​ទី2​ ដដែល​ អាការ​ចាញ់កូន​អាច​ថយ​ចុះ​ តែ​នៅតែ​ឆាប់​ខឹងឆេវ​ឆាវ​មួម៉ៅ​ដដែល​ និង​ចាប់ផ្តើម​មាន​បញ្ហា​ទល់​លាម​កខ្លះ​ៗហើយ​ ព្រោះ​ការ​រំកិល​ខ្លួន​របស់​លាមក​នៅក្នុង​ពោះវៀនធំ​ដំណើរការ​យឺត​ដូច្នេះ​គួរ​ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ស្រស់​ឱ្យ​បាន​ច្រើន​។

ខែទី៤​ : ពោះ​ចាប់ផ្តើម​រីក​កាន់តែ​ធំឡើង​ មាន​អារម្មណ៍​នឹក​ឃ្លាន​ញឹកញាប់​ អារម្មណ៍​ឆេវឆាវ​ឆាប់​មួម៉ៅ​ថយ​ចុះ​។

ខែទី៥​ : សុដន់​ឡើង​ធំ​ អាច​មាន​ទឹក​ដោះ​ថ្លា​ៗហូរចេញ​មក​ ចាប់ផ្តើម​ជួបនឹង​បញ្ហា​ផ្សេង​ៗ ដូចជា​ មាន​ធ្លាក់​-សច្រើន​ ឈឺខ្នង​ ឬមាន​ឈាម​ចេញ​តាម​ជើងធ្មេញ​។

ខែទី៦ : អំឡុង​ពេលនេះ​ ពោះ​នឹង​កាន់តែ​ធំឡើង​ហើយ​ទម្ងន់​ខ្លួន​ក៏​កាន់តែ​កើនឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​ ក្បាលដោះ​នឹង​ទល់​ឡើង​ ចេញ​ញើស​ច្រើន​ និង​មាន​អារម្មណ៍​ថា​ក្តៅ​ ដូច្នេះ​គួរ​ទទួលទានទឹក​ស្អាត​ឱ្យ​បាន​ច្រើន​។

ខែទី៧ : ចាប់ផ្តើម​មាន​អារម្មណ៍​ក្តៅ​ផ្សា​នៅ​ម្តុំ​ចុង​ដង្ហើម​ បន្ទាប់ពី​ទទួលទាន​អាហារ​ឆ្អែត​ មាន​អារម្មណ៍​ថា​អាហារ​មិនសូវ​រំលាយ​ ប្រគ្រីវកាច់​នៅ​លើ​ជើង​ក្បាលពោះ​របស់​អ្នកម្តាយ​ខ្លះ​ចាប់ផ្តើម​ឡើង​សង្វារ​។

ខែទី៨​ : អុី​កអៀ​កខ្លាំង​ ពេលខ្លះ​ដកដង្ហើម​មិនសូវ​បាន​ពេញលេញ​ ព្រោះ​កូន​ខ្លួន​កាន់តែ​ធំឡើង​រហូត​ទៅ​ប្រជ្រៀត​នឹង​អវយវៈ​ផ្សេងទៀត​នៅក្នុង​ពោះ​អ្នកម្តាយ​ និង​បត់ជើងតូច​កាន់តែ​ញឹក​ឡើង​។

ខែទី៩ : មាន​អា​រម្ម​ណ៍​ធ្ងន់​ៗខាងក្រោម​ពោះ​(ថ្ងាស​) អាច​មាន​អាការ​ឈឺពោះ​តឿន​ប្រាប់​ឱ្យ​ដឹងមុន​ រមាស់​ និង​តឹង​ៗនៅ​លើ​ស្បែក​ក្បាលពោះ​ ដៃជើង​ហើម​ ហត់​ល្វើយ​ ចង់តែ​គេង​សម្រាក​ និង​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​នេះ​ អ្នកម្តាយ​ត្រូវ​ត្រៀមខ្លួន​ជួប​មុខ​កូនសម្លាញ់​ហើយ​៕

Advertisement