វិធីបង្កើនក្តីសុខដល់ អ្នកម្តាយមានគភ៌

រឹតតែ​អាយុ​គភ៌​កើនឡើង​ច្រើន​ប៉ុនណា​ ភាព​ប្រែប្រួល​ទាំងឡាយ​នៅក្នុង​ខ្លួន​របស់​អ្នកម្តាយ​ក៏​រឹតតែ​មាន​ច្រើនឡើង​ប៉ុន​នោះ​ដែរ​ ដែល​មើលឃើញ​បាន​ច្បាស់​ៗនោះ​គឺ​ រូបរាង​ដែល​កាន់តែ​ធាត់​ឡើង​ ជាពិសេស​ផ្នែក​ពោះ​ដែល​ប៉ោង​ធំឡើង​ ដោយសារតែ​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំធាត់​ឡើង​ហ្នឹងឯង​។ក្រៅពី​រាងកាយ​ហើយ​ ផ្លូវចិត្ត​របស់​អ្នកម្តាយ​មានគភ៌​ ក៏​ជាផ្នែក​មួយទៀត​ដែល​ត្រូវ​ប្រឈម​នឹង​ការប្រែប្រួល​ច្រើន​ដូចគ្នា​ដែរ​ គ្រាន់តែ​ជា​ការប្រែប្រួល​ដែល​បង្កប់​ជ្រៅ​នៅ​ខាងក្នុង​ គ្មាន​រណា​អាច​ដឹង​ ឬប៉ះពាល់​បាន​ឡើយ​។

កម្លាំងចិត្ត​ពី​ប៉ា​សាង​សេចក្តី​សុខ​ដល់​ម៉ាក់​ និង​កូន​
អ្នកម្តាយ​នឹង​មាន​អារម្មណ៍​សប្បាយរីករាយ​ក្នុងចិត្ត​ មាន​សេចក្តី​សុខ​ និង​ភ័យខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​នា​ពេល​អនាគត​ ទើប​អារម្មណ៍​របស់​អ្នក​វឹល​វិល​ឡូកឡំ​ចូលគ្នា​អស់​ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​ភាគច្រើន​មាន​អារម្មណ៍​ទន់ជ្រាយ​ មួម៉ៅ​ និង​ឆាប់​តូចចិត្ត​ជាង​ប្រក្រតី​។
អ្វី​ដែល​អ្នកម្តាយ​ត្រូវការ​ជាទីបំផុត​ ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​ទាំង​ខាង​រាងកាយ​ ទាំង​ខាង​អារម្មណ៍​នោះ​ គឺ​ ការ​ឃុំគ្រង​ការពារ​ ការ​ផ្តល់​កម្លាំង​ចិត្ត​ ការ​មើលថែ​ទាំ​យកចិត្ត​ទុកដាក់​ជាពិសេស​ពី​មនុស្ស​ដែល​មាន​ភាព​សំខាន់​បំផុត​នោះ​ គឺ​ស្វាមី​របស់​ខ្លួន​ហ្នឹងឯង​។
មិន​ពិបាក​ទេ​ គ្រាន់តែ​នៅ​ជិត​ដឹត​ក្បែរ​ មើលថែ​នាំជជែក​លេង​ និង​បញ្ជូន​សេចក្តី​ស្រឡាញ់​តាមរយៈ​ដៃ​ទាំងពីរ​ ដោយ​ការ​គក់ច្របាច់​ធ្វើ​ម៉ាស្សា​ឱ្យ​ភរិយា​ ឱប​ត្រកង​កូនតូច​តាមរយៈ​អ្នកម្តាយ​ ដោយ​ក្តី​ស្រឡាញ់​តែ​ម្យ៉ាង​គត់​។
ការ​គក់ច្របាច់​ធ្វើ​ម៉ាស្សា​ដោយ​ក្តី​ស្រឡាញ់​យ៉ាង​ថ្នាក់ថ្នម​នេះ​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកម្តាយ​មាន​គភ៌​ពោរពេញ​ដោយ​សេចក្តី​សុខ​ទាំង​កាយ​ទាំង​ចិត្ត​នោះ​ទេ​ តែ​វា​ថែមទាំង​ជា​ការ​បញ្ជូន​អារម្មណ៍​ដ៏​សែន​ល្អ​ប្រសើរ​បំផុត​មួយ​ឱ្យ​ជ្រួតជ្រាប​ឆ្លង​ចូល​ទៅ​រក​កូនតូច​ដែល​នៅក្នុង​គភ៌​ទៀតផង​។

វិធី​បង្កើន​សេចក្តី​សុខ​ដល់​អ្នកម្តាយ​មានគភ៌​
បើ​នៅ​មិនទាន់​ដឹង​ថា​ នឹង​ចាប់ផ្តើម​យ៉ាងណា​នោះ​ ឡា​រ៉ែ​ន មាន​វិធី7យ៉ាង​ក្នុង​ការ​បង្កើន​សេចក្តី​សុខ​ដល់​អ្នកម្តាយ​មានគភ៌​ ដោយ​បាតដៃ​ទាំងពីរ​របស់​លោកប៉ា​មក​ជម្រាប​ជូន​។
1.​ ឱ្យ​អ្នកម្តាយ​យកដៃ​ច្រាន​ជញ្ជាំង​ក្នុង​ឥរិយាបទ​ឈរ​ ទប់ខ្លួន​ឱ្យ​នឹង​ បន្ទាប់ពី​នោះ​មក​ឱ្យ​លោកប៉ា​ប្រើ​បាតដៃ​សង្កត់​លើ​បរិវេណ​ចង្កេះ​ រហូត​មកដល់​ទួល​ត្រគាក​ទាំងសងខាង​។ ការ​ធ្វើបែប​នេះ​នឹង​ជួយ​បន្ធូរ​ភាព​តានតឹង​នៅ​ម្តុំ​ត្រគាក​បាន​យ៉ាង​ល្អ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នកម្តាយ​មាន​អារម្មណ៍​ថា​ស្រាលខ្លួន​សប្បាយ​ទៀតផង​។
2. កា​រម៉ាស្សាលុ​ញនៅ​បរិវេណ​ខ្នង​ស្មា​របស់​អ្នកម្តាយ​ ក្រៅពី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​របស់​សាច់ដុំ​ហើយ​នោះ​ការ​ប៉ះពាល់​ពី​លោកប៉ា​នៅ​បាន​ជួយ​បន្ធូរ​ក្តី​កង្វល់​ និង​ភាព​ភ័យខ្លាច​ក្នុងចិត្ត​អ្នកម្តាយ​បាន​ទៀតផង​។
3. ប្រើ​ចុង​ម្រាម​ចង្អុលដៃ​ទាំងពីរ​របស់​លោក​ប៉ា​សង្កត់​ធ្វើ​ម៉ាស្សា​យឺត​ៗត្រង់​គល់​ច្រមុះ​ចន្លោះ​ភ្នែក​ទាំងពីរ​របស់​អ្នក​ម្តាយ​ថ្នម​ៗ នឹង​ជួយ​ឱ្យ​ផ្លូវ​ចេញចូល​របស់​ខ្យល់​ដង្ហើម​ស្រឡះ​ស្រួល​ មិន​តឹងណែន​។
4​. ការ​ត្រាំ​ជើង​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ច្របាច់​ធ្វើ​ម៉ាស្សា​ប្រអប់ជើង​ដែល​ជា​បណ្តុំ​រួម​របស់​សរសៃប្រសាទ​ជាច្រើន​នោះ​ នឹង​ជួយ​ឱ្យ​អ្នកម្តាយ​កើតមាន​អារម្មណ៍​ស្រួល​សប្បាយខ្លួន​សាយភាយ​ពេញទាំង​រាងកាយ​ តែ​ក្នុង​ពេល​មានគភ៌​ បើ​ឱ្យ​អ្នកម្តាយ​ច្របាច់​ម៉ាស្សា​ប្រអប់ជើង​ខ្លួនឯង​ ប្រហែលជា​មិនសូវ​ពេញដៃ​ប៉ុន្មាន​ទេ​ ដូច្នេះ​ត្រូវ​ពឹង​លើ​ដៃ​ទាំងពីរ​របស់​លោកប៉ា​ហ្នឹងឯង​។
5.​ ត្រឹមតែ​លោកប៉ា​ឱប​ប្រគង​អ្នកម្តាយ​ពី​ផ្នែក​ខាងក្រោយ​ ក៏អាច​ជំរុញ​ថាមពល​ដ៏​រឹងមាំ​ក្នុង​រាងកាយ​អ្នកម្តាយ​នៅ​ថ្ងៃ​ដែល​មាន​អារម្មណ៍​ថា​ភ័យខ្លាច​ ឱ្យ​ត្រៀមខ្លួន​ជាស្រេច​គ្រប់​ស្ថានការណ៍​បាន​ទៅ​ហើយ​។
6. បន្ទាប់មក​ ប្រើ​បាតដៃ​ទាំងសងខាង​របស់​លោកប៉ា​ សង្កត់​ថ្នម​ៗលើ​ពោះ​អ្នកម្តាយ​ លោក​ប៉ា​អាច​ប៉ះពាល់​ និង​បញ្ជូន​ថាមពល​នៃ​ក្តី​ស្រឡាញ់​ទៅ​ឱ្យ​ទាំង​អ្នកម្តាយ​ ទាំង​កូនតូច​ដែល​នៅក្នុង​ផ្ទៃ​ ដោយ​កូនតូច​នឹង​បានដឹង​ពី​ការ​ប៉ះពាល់​ដ៏​កក់ក្តៅ​នៃ​រង្វង់​ដៃ​ឱប​របស់​ប៉ាតា​មរ​យៈ​ពោះ​ម៉ាក់​។
7. ការ​ធ្វើ​ម៉ាស្សា​ម្រាមដៃ​ និង​បរិវេណ​បាតដៃ​ ក្រៅពី​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​បរិវេណ​ក្បាល​ និង​ខ្នង​ហើយ​ នៅ​បាន​ជួយ​ឱ្យ​កើត​ភាព​ស្រស់ស្រាយ​ ស្វាហាប់​ទៀតផង​។មិន​គួរ​ឱ្យ​ជឿ​សោះ​មែនទេ​ថា​ ការ​ប៉ះពាល់​ គក់​ច្របាច់​ធ្វើ​ម៉ាស្សា​ដោយដៃ​ទាំងពីរ​របស់​លោកប៉ា​តែ​ប៉ុណ្ណឹង​ អាច​ផ្តល់​នូវ​អារម្មណ៍​ដ៏​កក់ក្តៅ​ និង​កម្លាំង​ចិត្ត​ដល់​អ្នកម្តាយ​និង​កូនតូច​បាន​។ បើ​មិន​ជឿ​ សូម​សាកល្បង​ធ្វើ​លមើល​ទៅ​មើល៍​៕

Advertisement