តើស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯងនិងកូនក្នុងផ្ទៃ?

ចង់​ក្លាយជា​នារី​ដែល​មើល​មកឃើញ​ស្អាត​ មាន​មន្ត​ស្នេហ៏​តាំងពី​ក្បាល​ដល់​ចុងជើង​ ចូរ​កុំ​មើល​រំលង​ស្បែកជើង​ដែល​យើង​ត្រូវ​ពាក់​ដើរ​រាល់​ថ្ងៃ​នោះ​ឱ្យ​សោះ​ ជាពិសេស​ក្នុងអំឡុងពេល​មានគភ៌​ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ដែល​កាន់តែ​កើន​ជា​រឿយ​ៗ រហូតដល់​គួរ​ឱ្យ​អាណិត​។ ដូច្នេះហើយ​ទើប​ការ​ជ្រើសរើស​ស្បែកជើង​របស់​អ្នកមាន​ផ្ទៃពោះ​ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ជើង​ និង​មាន​សុវត្ថិភាព​នោះ​ គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ។

ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ទៅ​ធ្វើការងារ​ក្រៅ​ផ្ទះ​
. ស្រ្តី​មានគភ៌​គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​ដែល​គ្មាន​កែង​ខ្ពស់​ ដើម្បី​ការពារ​ទាំង​ការ​រអិលដួល​ និង​ការ​ឈឺខ្នង​ចង្កេះ​ផង​ ។
. ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​ ដែល​អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ស្រ្តី​មានគភ៌​ និង​ទប់ទល់​ការ​ប៉ះទង្គិច​បាន​យ៉ាង​ល្អ​។
. កុំ​ជ្រើសរើស​យក​ ឬពាក់​ស្បែកជើង​តាម​លេខ​ដែល​ខ្លួន​ធ្លាប់​ពាក់​ដោយ​មិន​បាន​ល ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល​នៅពេល​មានគភ៌​ និង​ពេល​ពាក់​ហើយ​ គួរ​ទុក​ឱ្យ​នៅសល់​ចន្លោះ​រវាង​ចុង​ម្រាមជើង​ និង​ចុង​ស្បែកជើង​ប្រវែង​ 1សង់ទីម៉ែត្រ​។
. ពិនិត្យមើល​បាត​ស្បែកជើង​ណា​ដែល​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ និង​ជ្រើសរើស​យក​ពណ៌​ណា​ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ធ្វើការ​ និង​មើលទៅ​ឃើញ​រាង​ផ្លូវការ​បន្តិច​។
. បើ​ត្រូវ​ឈរ​ធ្វើការ​យូរ​ គួរ​ពាក់​ស្បែកជើង​ដែល​មាន​បាត​រាបស្មើ​ ស្បែ​កទន់​ៗ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង​ និង​បាតជើង​។
. ឈាន​ចូល​ដល់​ត្រីមាស​ទី3​ នៃ​ការ​មានគភ៌​ គួរ​ចៀសវាង​ស្បែកជើង​ណា​ដែល​ពិបាក​ពាក់​នៅពេល​ធ្វើការ​ ដូចជា​ ស្បែកជើង​ដែល​មាន​ខ្សែចង​ ខ្សែរឹត​បន្តឹង​ ឬមាន​ក្បាល​គន្លឹះ​ដែល​ធ្វើ​ឱ្យ​ត្រូវ​ឱន​-ងើប​ៗនៅពេល​ពាក់​ចូល​ ឬពេល​ដោះចេញ​ជាដើម​។

ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ពាក់​ធ្វើការ​នៅផ្ទះ​
. ក្នុងអំឡុងពេល​មានគភ៌​ ជើង​នឹង​ហើម​ ហើយ​ធំជាង​ប្រក្រតី​ ដូច្នេះ​គួរ​ជ្រើសរើស​ប្រើ​ស្បែកជើង​ណា​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ ហើយ​ស្រាល​ ពាក់​ហើយ​សប្បាយ​ស្រួល​ជើង​ ដូចជា​ស្បែកជើង​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ឬស្បែកជើងផ្ទាត់​ជាដើម​។
. ជ្រើសរើស​បែប​ ឬម៉ូដ​ណា​ដែល​សមគ្នា​នឹង​រូបរាង​បាតជើង​របស់​ខ្លួន​បំផុត​ ដូចជា​កន្លែង​ធំ​បំផុត​របស់​ស្បែកជើង​ និង​បាតជើង​របស់​យើង​គួរតែ​ឱ្យ​មាន​ទំហំ​ប៉ុនគ្នា​។
. ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​បាត​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ មិន​ងាយ​រអិល​ បាត​ខាងក្នុង​ទន់​ ទទួលរង​នឹង​ការ​ប៉ះ​ ឬបុក​បាន​ ដើម្បី​កាត់បន្ថយ​ការ​ឈឺជង្គង់​ និង​ឈឺ​-កជើង​ជាដើម​។
. ជា​ធម្មតា​បាតជើង​របស់​មនុស្សយើង​ច្រើនតែ​មាន​ទំហំ​ខុសគ្នា​បន្តិច​ ដូច្នេះ​គួរ​វាស់​បាតជើង​ទាំងសងខាង​ជាមុន​សិន​ មុននឹង​ទិញ​ និង​ត្រូវ​រើស​យក​តាមខ្នាត​ជើង​ដែល​ធំ​។
. ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​ភាពយឺត​យារ​ ពង្រីក​ខ្លួន​តាម​រូបរាង​បាតជើង​របស់​យើង​បាន​ល្អ​។ មិន​ត្រូវ​ទិញ​ស្បែកជើង​ណា​ដែល​រឹប​ណែន​ដោយសារតែ​គិតថា​ ពាក់​យូរ​ទៅ​ វា​គង់តែ​យារ​នោះ​ទេ​។
. តម​ពាក់​ស្បែកជើងកែងចោត​ ព្រោះ​អាច​ប្រថុយប្រថាន​នឹង​ការ​ជំពប់​ជើង​ដួល​ និង​ធ្វើ​ឱ្យ​ឈឺខ្នង​ទៀតផង​។
. បើ​ចង់ឱ្យ​ល្អ​មែនទែន​ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​សុខភាព​ ដែល​ផលិត​ឡើង​ដើម្បី​ទ្រ​ទម្ងន់​របស់​ជើង​ និង​បាតជើង​របស់​ស្រ្តី​មានគភ៌​ជាពិសេស​ទើប​ជា​ការ​ប្រសើរ​។
. ពេលវេលា​ដ៏​សមស្រប​បំផុត​ដែល​អ្នកមាន​ផ្ទៃពោះ​គួរ​ទិញ​ស្បែកជើង​ គឺ​ពេលថ្ងៃ​រសៀល​ ព្រោះ​ពេលនេះ​ជើង​របស់​ស្រ្តី​មានគភ៌​នឹង​ហើម​ ហើយ​រីក​ធំជាង​ពេល​ធម្មតា​៕

Advertisement