ការមើល​ថែទាំ​សុខភាព​ប្រអប់មាត់​សម្រាប់​ស្ត្រី​មានគភ៌

ការ​មាន​សុខភាព​ដែល​ល្អ​ក្នុងអំឡុងពេល​មានគភ៌​ គឺជា​រឿង​មួយ​ដែល​អនាគត​អ្នកម្តាយ​គ្រប់រូប​ចង់បាន​…។ ស្ត្រី​មានគភ៌​គ្រប់រូប​អាច​នឹង​មាន​ក្តី​កង្វល់​ចំពោះ​ការ​ប្រែ​ប្រួល​ផ្សេង​ៗរបស់​រាងកាយ​ និង​តែង​ខំប្រឹង​មើលថែ​ទាំ​សុខភាព​គភ៌​ និង​កូន​នៅក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អ​ តែ​យ៉ាងណាក៏ដោយ​ចូរ​អ្នក​កុំ​ភ្លេច​ពី​សុខភាព​ប្រអប់មាត់​របស់​ខ្លួន​ឱ្យ​សោះ​ ព្រោះ​វា​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​នៅក្នុង​ផ្ទៃ​។1. ការប្រែប្រួល​របស់​អ័រម៉ូន​ក្នុងអំឡុងពេល​មានគភ៌​មានផល​ជំរុញ​ធ្វើ​ឱ្យ​កើតរោគ​រលាក​អញ្ចាញធ្មេញ​កាន់តែ​ងាយ​ជាង​អំឡុង​ពេល​ប្រក្រតី​។ ការ​មាន​កំណកកំបោរ​ច្រើន​អាច​ធ្វើ​ឱ្យ​កើត​រោគ​ធ្មេញ​ពុក​ រលាក​ ហើម​អញ្ចាញធ្មេញ​ និង​មាន​ចេញឈាម​ទៀតផង​។
2. មាន​របាយការណ៍​មួយ​បញ្ជាក់​ថា​ មេរោគ​បាក់តេរី​ដែល​ធ្វើ​ឱ្យ​កើត​សភាវ​រលាក​អញ្ចាញ​ធ្មេញ​នៅ​លើ​ស្ត្រី​មានគភ៌​នោះ​ អាច​ឆ្លង​ចូល​ទៅ​ក្នុង​លោហិត​ និង​ជំរុញ​ឱ្យ​មាន​អ័រម៉ូន​ Prostaglandin​ E2​ កើនឡើង​ ដែល​អ័រម៉ូន​នេះ​នឹង​កើតមាន​នៅពេល​ជិត​គ្រប់​កំណត់​ឆ្លងទន្លេ​ ដូច្នេះហើយ​ទើប​គេ​តែង​ប្រទះឃើញ​នៅ​លើ​ស្ត្រី​មានគភ៌​ជិត​គ្រប់ខែ​តែង​មាន​សភាវ​រលាក​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ​ ដែល​អាច​បណ្ដាល​ឱ្យ​ឆ្លងទន្លេ​មុនពេលកំណត់​ ហើយនិង​ទារក​កើតមក​មាន​ទម្ងន់​ខ្លួន​តិច​។
3. អាការ​ក្អួតចង្អោរ​បណ្តាល​មក​ពី​ការ​ចាញ់​កូន​ញឹកញាប់​ ធ្វើ​ឱ្យ​មាន​អាស៊ីត​ចេញពី​ក្រពះ​អាហារ​ហូរ​បញ្ច្រាស់​មក​ក្នុង​ប្រអប់មាត់​ បើ​មិន​លាង​ជាតិ​អាស៊ីត​នោះ​ចេញ​ជាបន្ទាន់​ទេ​ អាច​ធ្វើ​ឱ្យ​អវយវៈ​ក្នុង​ប្រអប់មាត់​សឹក​រេច​បាន​។
4. ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ជូរ​ញឹកញាប់​ ក៏​មានផល​ប៉ះពាល់​ធ្វើ​ឱ្យ​ធ្មេញ​សឹក​ពុក​បាន​ដែរ​។
5. ស្ត្រី​មានគភ៌​ច្រើនតែ​បរិភោគ​បាន​តិច​ តែ​ច្រើនដង​។ ការ​បរិភោគ​ញឹកញាប់​ បរិភោគ​បង្អែម​ និង​អាហារ​ដែល​ជាប់​ធ្មេញ​ នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ពុក​ធ្មេញ​។
6. សម្រាប់​ទារក​ ធ្មេញទឹកដោះ​នឹង​ចាប់ផ្តើម​ដុះ​តាំងពី​មាន​អាយុ​នៅក្នុង​គភ៌​មាតា​បាន​ 4-6សប្តាហ៍​។ ការ​កកើត​ធ្មេញ​ ត្រូវការ​សារធាតុ​អាហារ​ច្រើន​ប្រភេទ​ ដូចគ្នានឹង​ការ​រីក​លូតលាស់​របស់​រាងកាយ​ដែរ​ ជាពិសេស​សារធាតុ​រ៉ែ​ពពួក​កាល់ស្យូម​ ផូស្វ័រ​ ដែល​វា​នឹង​ទៅ​ស្រោប​ធ្មេញ​ធ្វើ​ឱ្យ​សាច់ធ្មេញ​មាន​ភាពរឹងមាំ​។

ការណែនាំ​សម្រាប់​ស្ត្រី​មានគភ៌​
1. ដុសធ្មេញ​ និង​ប្រើ​ខ្សែអំបោះ​ខាត់​ធ្មេញ​រៀងរាល់ថ្ងៃ​ យ៉ាងហោចណាស់​ 1ថ្ងៃ​ 2ដង​ ព្យាយាម​ដុសខាត់​ឱ្យ​ស្អាត​ទាំង​ក្នុង​ប្រឡោះ​ធ្មេញ​ និង​ម្តុំ​ជើង​អញ្ចាញធ្មេញ​ និង​គួរ​ខ្ពុរមាត់​ ឬដុសធ្មេញ​រៀងរាល់​លើក​ ក្រោយពេល​បរិភោគ​អាហារ​រួច​។
2. បើ​មាន​អាការ​ចាញ់កូន​ ក្អួតចង្អោរ​ គួរ​ខ្ពុរមាត់​ដោយ​ទឹក​ស្អាត​ ឬទឹក​ថ្នាំ​ខ្ពុរ​មា​ត់​ផ្លួ​អរ៉ា​យ ដើម្បី​កាត់បន្ថយ​បរិមាណ​អាស៊ីត​ដែល​ចេញពី​ក្រពះ​ និង​ហាម​ដុសធ្មេញ​រយៈពេល​ 30នាទី​បន្ទាប់ពី​ក្អួត​ ព្រោះ​អាស៊ីត​ដែល​ចេញ​មក​នោះ​ វា​ធ្វើ​ឱ្យ​ស្រទាប់​ធ្មេញ​ខាងលើ​ទន់​ផុយ​ បើសិន​ដុស​ធ្មេញ​ភ្លាម​ៗនឹង​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​សឹក​អស់​(គួរ​ខ្ពុរមាត់​សិន​ មុន​នឹង​ដុសធ្មេញ​)។
3. បរិភោគ​អាហារ​ឱ្យ​គ្រប់​ 5ប្រភេទ​ក្រុម​ ដើម្បី​សុខភាព​របស់​ម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​។ កាល់ស្យូម​ជា​សារធាតុ​អាហារ​សំខាន់​ក្នុង​ការ​សាង​ធ្មេញ​របស់​ទារក​ ដោយ​ទារក​នឹង​បាន​ទទួល​កាល់ស្យូម​តាមរយៈ​ឈាម​របស់​ម្តាយ​ ដូច្នេះ​ម្តាយ​គួរ​បរិភោគ​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​។
4. គួរ​ចៀសវាង​អា​ហារ​ផ្អែម​ៗ ឬអាហារ​ណា​ដែល​ស្អឹត​ជាប់​ធ្មេញ​ ដើម្បី​ការពារ​កុំឱ្យ​ធ្មេញ​ពុក​។
5. គួរ​ទៅ​ត្រួតពិនិត្យ​ធ្មេញ​រៀងរាល់​ 6ខែ​ម្តង​ហើយ​បើ​មាន​អាការ​ឈឺ​ ហើម​ ឬមាន​រលាក​អញ្ចាញធ្មេញ​ គួរតែ​ទៅ​ទទួលការ​ព្យាបាល​ជា​បន្ទាន់​ ព្រោះ​សុខភាព​ក្នុង​ប្រអប់មាត់​របស់​មាតា​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​។
មេរោគ​បាក់តេរី​នៅក្នុង​ប្រអប់មាត់​របស់​ស្ត្រី​មានគភ៌​អាច​បញ្ជូន​តទៅ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដូច្នេះ​ការ​មាន​សុខភាព​ប្រអប់មាត់​ល្អ​ គ្មាន​ធ្មេញ​ពុក​ ឬរលាក​អញ្ចាញធ្មេញ​ នឹង​ជួយ​កាត់បន្ថយ​បរិមាណ​មេរោគ​បាក់តេរី​ដល់​ទារក​បាន​៕

Advertisement